មេរៀននៅឯអណ្ដូងទឹក
យើងអាចងាកទៅរកព្រះអង្គសង្គ្រោះដើម្បីទទួលបានកម្លាំង និងការព្យាបាល ដែលនឹងជួយយើងឲ្យបំពេញអ្វីៗដែលយើងត្រូវបានចាត់ឲ្យធ្វើនៅទីនេះ ។
ខ្ញុំមានអំណរអ្វីម្ល៉េះ ដើម្បីជួបជុំនឹងបងប្អូនម្នាក់ៗនៅក្នុងសម័យប្រជុំស្ត្រីក្នុងសន្និសីទទូទៅនេះ !
ខ្ញុំបានធំដឹងក្ដីនៅភាគខាងលិចនៃទីក្រុងនូវ យ៉ក ហើយបានចូលរួមក្នុងសាខាតូចមួយដែលមានចម្ងាយប្រមាណជា ៣២ គីឡូម៉ែត្រពីផ្ទះរបស់យើង ។ កាល ខ្ញុំ អង្គុយក្នុងថ្នាក់សាលាថ្ងៃ អាទិត្យនៅបន្ទប់ក្រោម ដីនៃសាលាប្រជុំជួលដ៏ចំណាស់ជាមួយនឹងមិត្ត តែម្នាក់របស់ខ្ញុំឈ្មោះ ផាទី ចូ ខ្ញុំពុំធ្លាប់ស្រមៃថា ខ្ញុំនឹងបានចូលរួមនឹងស្ត្រីរាប់លាននាក់នៅក្នុងពិភពលោកបែបនេះឡើយ ។
កាលពីប្រាំឆ្នាំមុន ស្វាមីខ្ញុំ ឈ្មោះ ប្រ៊ូស មានជំងឺធ្ងន់ ពេលយើងកំពុងបម្រើជាមួយនឹងពួកបរិសុទ្ធដែលបានចាត់តាំងនៅតំបន់អ៊ឺរ៉ុបខាងកើត ។ យើងបានត្រឡប់មកផ្ទះវិញ ហើយគាត់បានទទួលមរណភាពនៅប៉ុន្មានសប្ដាហ៍ក្រោយមក ។ ជីវិតខ្ញុំបានផ្លាស់ប្ដូរមួយរំពេច ។ ខ្ញុំមានទុក្ខ និងមានអារម្មណ៍ទន់ជ្រាយ ហើយឈឺចាប់ ។ ខ្ញុំបានទូលអង្វរព្រះអម្ចាស់ឲ្យដឹកនាំផ្លូវខ្ញុំ ៖ « តើទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វីខ្លះ ? »
ប៉ុន្មានសប្ដាហ៍ក្រោយមក ខ្ញុំបើកមើលសំបុត្រ ស្រាប់តែមានរូបថតតូចមួយក្នុងកាតាឡុកធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ។ ពេលខ្ញុំមើលជិត ខ្ញុំបានដឹងថា វាគឺជាគំនូររបស់វិចិត្រករម្នាក់អំពីស្ត្រីសាសន៍សាម៉ារី និងព្រះយេស៊ូវនៅឯអណ្ដូងទឹក ។ នៅគ្រានោះ ព្រះវិញ្ញាណបានថ្លែងមកខ្ញុំយ៉ាងច្បាស់ថា « រឿងនោះគឺជាអ្វីដែលអ្នកគួរតែធ្វើ » ។ ព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់បានអញ្ជើញខ្ញុំឲ្យមក និងរៀនពីព្រះអង្គសង្រ្គោះ ។
ខ្ញុំសូមចែកចាយនឹងបងប្អូននូវមេរៀនចំនួនបីដែលខ្ញុំកំពុងរៀន កាលខ្ញុំបន្តផឹក « ទឹករស់ » មកពីអណ្ដូងរបស់ទ្រង់ ។១
ទីមួយ ៖ ស្ថានភាពបច្ចុប្បន្ន និងអតីតកាលរបស់យើងពុំកំណត់ពីអនាគតរបស់យើងឡើយ
បងប្អូនស្រី ខ្ញុំដឹងថា បងប្អូនភាគច្រើនមានអារម្មណ៍ដូចជាខ្ញុំ មិនប្រាកដថាត្រូវប្រឈមនឹងឧបសគ្គដ៏ពិបាក ហើយការបាត់បង់ដោយរបៀបណា—ជាការបាត់បង់ ដែលជីវិតពុំទទួលបានអ្វីដែលសង្ឃឹមទុក បានអធិស្ឋានសូម និងបានដាក់ផែនការ ។
មិនថាយើងមានស្ថានភាពបែបបណាទេ ជីវិតរបស់យើងពិសិដ្ឋ មានអត្ថន័យ និងមានគោលបំណង ។ យើងម្នាក់ៗគឺជាបុត្រីសំណព្វនៃព្រះ ដែលបានកើតមកដោយមានភាពជាព្រះនៅក្នុងព្រលឹងយើង ។
ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាត និងព្យាបាលយើងតាមរយៈពលិកម្មធួនរបស់ទ្រង់ ជួយយើងឲ្យបំពេញគោលបំណងនៅលើផែនដី ទោះជាការសម្រេចចិត្តរបស់សមាជិកគ្រួសារ ស្ថានភាពអាពាហ៍ពិពាហ៍ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ឬស្ថានភាពផ្សេងទៀតរបស់យើងយ៉ាងណាក្ដី ។
សូមពិចារណាអំពីស្ត្រីនៅឯអណ្ដូងទឹកនោះ ។ តើជីវិតរបស់នាងមានសភាពយ៉ាងណា ? ព្រះយេស៊ូវបានញាណដឹងថា នាងធ្លាប់មានប្ដីប្រាំនាក់ ហើយបច្ចុប្បន្នពុំបានរៀបការនឹងបុរសដែលនាងកំពុងរស់នៅជាមួយឡើយ ។ តែទោះជាស្ថានភាពជីវិតនាងលំបាកក្ដី ព្រះអង្គសង្គ្រោះ ប្រកាសជាសាធារណៈដល់នាងថា ទ្រង់គឺជាព្រះមែស៊ី ។ ទ្រង់មានព្រះបន្ទូលថា « ខ្ញុំនេះហើយ ដែលនិយាយនឹងនាង » ។២
នាងបានក្លាយជាសាក្សីដ៏មានអានុភាពប្រកាសទៅកាន់ប្រជាជនក្នុងក្រុងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ « នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះ » ។៣
ស្ថានភាពបច្ចុប្បន្ន និងអតីតកាលរបស់នាងពុំបានកំណត់ពីអនាគតរបស់នាងឡើយ ។ ក៏ដូចនាងដែរ យើងអាចជ្រើសរើសងាកទៅរកព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ដើម្បីទទួលបានកម្លាំង និងការព្យាបាល ដែលនឹងជួយយើងឲ្យបំពេញអ្វីៗដែលយើងត្រូវបានចាត់ឲ្យធ្វើនៅទីនេះ ។
ទីពីរ ៖ អំណាចគឺមាននៅក្នុងខ្លួន យើង
ក្នុងខគម្ពីរដែលយើងស្គាល់នៅគោលលទ្ធិ និងសេចក្តីសញ្ញា ព្រះអម្ចាស់លើកទឹកចិត្តស្ដ្រី និងបុរសឲ្យ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្តរបស់ខ្លួន ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន ដ្បិតអំណាចគឺមាននៅក្នុងខ្លួនគេ៤
បងប្អូនស្រី អំណាចគឺមាននៅក្នុងយើង ដើម្បីនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន !
ប្រធានណិលសុន បានបានថ្លែងទីបន្ទាល់ថា « ស្ត្រី និងបុរសគ្រប់រូបដែលចុះសេចក្ដីសញ្ញាជាមួយព្រះ ហើយរក្សាសេចក្ដីសញ្ញាទាំងនោះ និងចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាពដោយសក្ដិសម អាចទទួលព្រះចេស្ដារបស់ព្រះដោយផ្ទាល់ » ។៥
ខ្ញុំបានដឹងថា ពេលយើងខិតខំគោរពសេចក្ដីសញ្ញាពិសិដ្ឋដែលបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក និងក្នុងព្រះវិហារបរិសុទ្ធ នោះព្រះអម្ចាស់នឹងប្រទានពរយើងនូវ « ព្រះចេស្ដានៃការព្យាបាល និងភាពរឹងមាំរបស់ទ្រង់ព្រមទាំង « ការយល់ដឹងខាងវិញ្ញាណ និងការភ្ញាក់ដឹងខ្លួនខាងវិញ្ញាណដែល [ យើង ] ពុំធ្លាប់មានពីមុនមក » ។៦
ទីបី ៖ « ចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៍ដ៏ធំធេងឡើង »៧
នៅក្នុងទេសនកថានៅលើភ្នំ ព្រះយេស៊ូវបានបង្រៀនពួកសិស្សថា « អ្នករាល់គ្នាជាអំបិលនៃផែនដី »៨ហើយ « អ្នករាល់គ្នាជា ពន្លឺនៃលោកីយ៍ » ។៩ ក្រោយមក ទ្រង់បានប្រៀបធៀបការរីកចម្រើននៃនគរស្ថានសួគ៌ទៅនឹងដំបែ « ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់ » ។១០
-
អំបិល
-
ដំបែ
-
ពន្លឺ
វត្ថុនីមួយៗទាំងនេះជះឥទ្ធិពលដល់អ្វីៗដែលនៅជុំវិញវា ទោះជាក្នុងចំនួនតិចក្ដី ។ ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យប្រើព្រះចេស្ដារបស់ទ្រង់ធ្វើជាអំបិល ដំបែ និង ពន្លឺ ។
អំបិល
វាគួរឲ្យភ្ញាក់ផ្អើលដែលអំបិលបន្តិចធ្វើឲ្យរសជាតិអាហារដែលយើងទទួលទានខុសប្លែកគ្នាយ៉ាងខ្លាំង ។ អំបិលគឺជាគ្រឿងផ្សំម្យ៉ាងដែលមិនសូវមានតម្លៃ ហើយសាមញ្ញ ។
នៅក្នុងគម្ពីរ ពង្សាវតារក្សត្រទី២ យើងបានអានអំពី« ក្មេងស្រីម្នាក់ »១១ដែលពួកស៊ីរីបានចាប់ខ្លួន ហើយបានក្លាយជាអ្នកបម្រើប្រពន្ធរបស់ណាម៉ាន់ ជាមេទ័ពពួកស៊ីរី ។ នាងបានធ្វើ ជាអំបិល នាងនៅក្មេង គ្មានឋានៈខាងលោកិយ ហើយជីវិតនាងជាទាសករនៅប្រទេសក្រៅ វាពុំមែនជាអ្វីដែលនាងសង្ឃឹមចង់បាននោះឡើយ ។
ទោះជាយ៉ាងណាក្តី នាងនិយាយពាក្យពីរប្រយោគដោយព្រះចេស្តានៃព្រះ ថ្លែងទីបន្ទាល់ទៅភរិយារបស់ ណាម៉ាន់ថា « បើចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ » ។១២
ពាក្យសម្ដីដោយជំនឿរបស់នាងត្រូវបានគេប្រាប់ទៅណាម៉ាន់ គាត់ក៏បានធ្វើតាមពាក្យនាង វាជួយគាត់ទទួលបានការព្យាបាលទាំងខាងរូបកាយ និងខាងវិញ្ញាណ ។
ជាញឹកញាប់យើងផ្តោតលើពួកអ្នកបម្រើដែលបានបញ្ចុះបញ្ចូលណាម៉ាន់ឲ្យទៅងូតទឹកនៅក្នុងទន្លេយ័រដាន់ តាមដែលព្យាការីអេលីសេបានណែនាំ ប៉ុន្តែណាម៉ាន់នឹងទៅមិនដល់ផ្ទះរបស់អេលីសេទេ បើគ្មាន « ក្មេងស្រីម្នាក់ » នោះ ។
ក្មួយៗអាចនៅក្មេង ឬមានអារម្មណ៍ថាខ្លួនឯងមិនសំខាន់ ប៉ុន្តែក្មួយៗអាចធ្វើ ជាអំបិលនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍របស់ក្មួយៗបាន ។
ដំបែ
តើបងប្អូនធ្លាប់ហូបនំប៉័ងដែលអត់ដាក់ដំបែដែរឬទេ ? តើបងប្អូននឹងពិពណ៌នាវារបៀបណា ? ក្រាស់ ? ធ្ងន់ ? ពិបាក ? ពេលដាក់ដំបែបន្តិច នោះសាច់នំប៉័ងក៏ដោរឡើងធ្វើឲ្យវាកាន់តែស្រាល ហើយទន់ ។
ពេលយើងយាងអញ្ជើញព្រះចេស្ដានៃព្រះមកក្នុងជីវិត នោះយើងអាចជំនួស « ទុក្ខធ្ងន់ » ១៣ដោយទស្សនវិស័យដ៏បំផុសគំនិត ដែលលើកស្ទួយដល់មនុស្សដទៃ ហើយឲ្យមនុស្សជាច្រើនទទួលការព្យាបាល ។
ព្រឹកថ្ងៃបុណ្យគ្រីស្ទម៉ាស់ មិត្តខ្ញុំម្នាក់ដេកនៅលើគ្រែទាំងភាពសោកសៅ ។ កូនៗអង្វរគាត់ឲ្យក្រោកឡើង ប៉ុន្តែគាត់ឈឺចាប់ណាស់ ព្រោះតែការលែងលះមិនទាន់ដាច់ស្រេចរបស់គាត់ ។ ពេលដេកយំលើគ្រែ នោះគាត់បានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទូលប្រាប់ទ្រង់ពីភាពអស់សង្ឃឹម ។
នៅពេលគាត់អធិស្ឋានចប់ ព្រះវិញ្ញាខ្សឹបប្រាប់គាត់ថា ព្រះស្គាល់ការឈឺចាប់របស់គាត់ ។ គាត់ទទួលអារម្មណ៍ដឹងពីក្ដីមេត្តារបស់ទ្រង់ចំពោះគាត់ ។ បទពិសោធន៍ដ៏ពិសិដ្ឋនេះ បញ្ជាក់ពីអារម្មណ៍គាត់ ហើយផ្ដល់សង្ឃឹមដល់គាត់ថា គាត់ពុំមានទុក្ខតែឯកឯងឡើយ ។ នៅព្រឹកនោះគាត់បានក្រោកឡើងចេញទៅក្រៅ សូន្យរូបទឹកកកលេងជាមួយនឹងកូនៗរបស់គាត់ ដោយក្តីរីករាយ និងអំណរ ជំនួសភាពសោកសៅ ។
ពន្លឺ
តើត្រូវមានពន្លឺខ្លាំងប៉ុណ្ណាដើម្បីចាក់ទម្លុះភាពងងឹតនៅក្នុងបន្ទប់មួយបាន ? រស្មីពន្លឺដ៏តូចមួយ ។ រស្មីពន្លឺនៅទីងងឹតមួយអាចចេញមកពីព្រះចេស្ដានៃព្រះនៅក្នុងខ្លួនរបស់បងប្អូន ។
ទោះជាបងប្អូនឯកោ ពេលព្យុះភ្លៀងជីវិតបក់បោកក្ដី ក៏បងប្អូនអាចបញ្ចេញពន្លឺនៅក្នុងភាពងងឹតនៃការយល់ខុស ការភាន់ច្រឡំ និងការឥតជំនឿដែរ ។ ពន្លឺនៃសេចក្ដីជំនឿលើព្រះគ្រីស្ទរបស់បងប្អូន អាចស្ថិតស្ថេររឹងមាំ ដើម្បីជួយនាំមនុស្សនៅជុំវិញខ្លួនទៅរកសុវត្ថិភាព និងភាពសុខសាន្ត ។
បងប្អូនស្រី ពេលយើងផ្ដល់អំបិលបន្ដិច ដំបែមួយស្លាបព្រា និងរស្មីពន្លឺ សាយភាយចេញទៅ នោះដួងចិត្តជាច្រើន អាចត្រូវបានផ្លាស់ប្ដូរ ហើយជីវិតជាច្រើនបានទទួលពរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះគឺជាអំបិលនៅក្នុងជីវិតរបស់យើង ព្រោះទ្រង់អញ្ជើញ យើងឲ្យភ្លក់នូវអំណរ និងសេចក្ដីស្រឡាញ់របស់ទ្រង់ ។១៤ ទ្រង់គឺជាដំបែ ពេលជីវិតរបស់យើងមានភាពលំបាក ព្រោះទ្រង់នាំយកសេចក្ដីសង្ឃឹមមកឲ្យយើង១៥និងលើកបន្ទុកយើងឡើង១៦ដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹម និងក្ដីស្រឡាញ់ដ៏ប្រោសលោះរបស់ទ្រង់ ។១៧ទ្រង់គឺជាពន្លឺរបស់យើង១៨ព្រោះទ្រង់បំភ្លឺផ្លូវយើងឲ្យត្រឡប់ទៅផ្ទះវិញ ។
ខ្ញុំសូមអធិស្ឋានសូមឲ្យយើងអាចមករកព្រះអង្គសង្គ្រោះ ដូចជាស្ត្រីនៅឯមាត់អណ្ដូងទឹកដែរ ហើយផឹកទឹករស់របស់ទ្រង់ ។ បន្ទាប់មក យើងអាចប្រកាសជាមួយសាសន៍សាម៉ារីថា « ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសម្ដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន » ។១៩ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។