សន្និសីទទូទៅ
ការ​ធ្វើ​តាម​ព្រះយេស៊ូវ ៖ ជា​អ្នកដែល​ផ្សះផ្សា​គេ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


13:36

ការ​ធ្វើ​តាម​ព្រះយេស៊ូវ ៖ ជា​អ្នកដែល​ផ្សះផ្សា​គេ

អ្នកដែលផ្សះផ្សាគេ​គឺ​ជា​អ្នក​ដែល​មិន​ប្រឆាំង ពួកគេ​គឺ​ជា​អ្នក​បញ្ចុះបញ្ចូល​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ កាល​ដែល​យើង​ជួបប្រទះ​នឹង​ស្ថានភាព​ជ្រួលច្របល់ ការទាស់ទែងគ្នា រឿងរ៉ាវ​ជាច្រើន ការរងទុក្ខ​ដ៏ខ្លាំងក្លា នោះ​ដួងចិត្ត​របស់​យើង​ពេញ​ទៅ​ដោយ​ការដឹងគុណ​ដែលកាត់ថ្លៃមិន​បាន​ចំពោះ​ព្រះអង្គសង្គ្រោះ​របស់​យើង និង​ពរជ័យ​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ស្រឡាញ់​ទ្រង់ និងយើង​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​យើង​អធិស្ឋាន​ថា​យើង​នឹង​ដើរ​តាម​ទ្រង់​ជា​ដរាប ។

គ្រោះថ្នាក់​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម

ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​អ៊ីនធឺណិត​គឺ​ជា​ពរជ័យ​មួយ ហើយ​ក៏​ជា​គ្រោះថ្នាក់​មួយ​ដែរ ជា​ពិសេស​សម្រាប់​ជំនាន់​របស់​យើង ។

នៅក្នុង​ពិភព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ព័ត៌មាន​លឿន​ដូច​ផ្លេកបន្ទោរ នោះ​សំឡេង​របស់​មនុស្ស​ម្នាក់​អាច​ត្រូវ​គេ​យក​ទៅ​ចែកចាយ​បាន​យ៉ាង​លឿន​ជា​ទី​បំផុត ។ មិន​ថា​សំឡេង​នោះ ​ពិត ឬ​មិន​ពិត យុត្តិធម៌ ឬ​អយុត្តិធម៌ ល្អ ឬ​អាក្រក់​នោះ​ទេ ​សំឡេង​នោះ​ត្រូវ​បានផ្សាយ​ចេញ​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក ។

ជានិច្ចកាល គំនិត​ល្អៗ និង​កិច្ចការល្អ​ទាំងឡាយ​ដែល​ចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ ហើយ​ស្ងប់ស្ងាត់​ជានិច្ច ដែល​ផ្ទុយ​ស្រឡះ​ពី​ពាក្យ​សម្តី​ប្រមាថ​មើលងាយ និង​កំហឹង គឺ​តែង​ត្រូវ​បាន​លាន់​ឮ មក​ដល់​ត្រចៀក​របស់​យើង មិន​ថា​រឿង​នោះ​ជា រឿង​នយោបាយ មនុស្ស​នៅ​លើ​សារព័ត៌មាន ឬ​យោបល់​លើ​ជំងឺ​រាតត្បាត​ជា​សកល​នោះ​ទេ ។ គ្មាន​អ្នក​ណា​ម្នាក់ ឬ​គ្មាន​ប្រធានបទ​ណា​មួយ ដែល​ស៊ាំ​ដល់​បាតុភូត​សង្គម​នៃ​សំឡេង​ដ៏​ខ្លាំង​ក្លា​បែប​នេះ​ឡើយ រួម​ទាំង​ប្រធានបទ​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់​ផងដែរ ។‏

ការក្លាយ​ជា​អ្នកដែល​ផ្សះផ្សា​គេ

ទេសនកថា​នៅលើ​ភ្នំ​គឺជា​សារលិខិត​សម្រាប់​មនុស្ស​ទាំងអស់ ប៉ុន្តែ​ប្រទាន​ទៅកាន់​ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ជាពិសេស អស់​អ្នក​ដែល​បាន​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​របៀប​ដើម្បី​រស់នៅ​ក្នុង​សម័យ និង​នៅ​ពេល​បច្ចុប្បន្ន​នៅក្នុង​ពិភព​លោក​ដែល​មិន​ឲ្យ​តម្លៃ​គ្នា​នេះ ។ « មាន​ពរ​ហើយ​អស់​អ្នក​ដែល​ផ្សះផ្សា​គេ » ទ្រង់​បាន​ប្រកាស « ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ » ។​

ដោយ​ខែល​នៃ​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​កា្លយ​ទៅជា​អ្នក​ដែល​ផ្សះផ្សា​គេ អាច​រំលត់ ដែល​មាន​ន័យថា​ស្ងប់ស្ងាត់ ត្រជាក់ ឬ​ពន្លត់ អស់​ទាំង​ព្រួញ​ឆេះ​—ទាំងឡាយ​របស់​មារសត្រូវ ។

ការ​សន្យា​របស់​ទ្រង់​គឺ​ថា យើង​នឹង​ត្រូវ​បាន​ហៅ​ថា​ជា « កូន​របស់​ព្រះ » ពេល​យើង​ធ្វើ​ចំណែក​របស់​យើង ។ មនុស្យ​គ្រប់រូប​នៅលើ​ផែនដី​នេះ​គឺជា​« ពូជពង្ស »​​របស់​ព្រះ ប៉ុន្តែ​ការ​ហៅ​ថា​ជា « កូន​របស់​ព្រះ »​មាន​​ន័យ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត ។ នៅពេល​យើង​មក​រក​ព្រះគ្រីស្ទ ហើយ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ នោះ​យើង​ក្លាយ​ទៅជា​« ពូជ​របស់​ទ្រង់ » និង « គ្រង​នគរ​នៃ​ព្រះ​ទុកជា​មរតក » « កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ ជា​បុត្រា និង​បុត្រី​របស់​ទ្រង់ » ។

តើ​អ្នក​ដែលផ្សះផ្សា​គេ​អាច​ធ្វើ​ឲ្យ​ព្រួញ​ភ្លើង​ស្ងប់​និង​រលត់​ទៅ​ដោយ​របៀប​ណា ? ប្រាកដ​ណាស់​គឺ មិនមែន​រុញរា​នៅ​ចំពោះ​មុខ​អ្នក​ដែល​ទិតៀន​យើង​នោះ​ទេ ។ ប៉ុន្តែ យើង​នៅ​តែ​ជឿជាក់​លើ​ជំនឿ​របស់​យើង ហើយ​ចែកចាយ​ជំនឿ​របស់​យើង​ជាមួយ​នឹង​ជំហរ​ដ៏​រឹងមាំ ប៉ុន្តែ​​ត្រូវ​គ្មាន​កំហឹង ឬគ្មាន​ការនិន្ទាគ្នាជាប់​ជានិច្ច ។

ថ្មីៗ​នេះ​បន្ទាប់​ពី​ការមើល​ឃើញ​នូវ​ការ​បញ្ចេញ​មតិ​រិះគន់​យ៉ាងខ្លាំង​ទៅ​លើ​សាសនាចក្រ លោក​ឪពុក អេម៉ុស ស៊ី ប្រោន ដែល​ជា​អ្នកដឹកនាំ​សិទ្ធិ​មនុស្ស​ម្នាក់ និង​ជា​គ្រូគង្វាល​នៃ​ព្រះវិហារ​បាទីស្ទ​ទីបី​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ បាន​ឆ្លើយ​ថា ៖

« ខ្ញុំ​គោរព​បទពិសោធន៍ និង​ទស្សនៈ​របស់​បុគ្គល​ម្នាក់ៗ​ដែល​សរសេរ​ពាក្យ​ទាំងអស់​នោះ ។ ខ្ញុំ​មើលមិន​ឃើញ​ដូច​លោក​ឃើញ​នោះ​ទេ » ។

ខ្ញុំ​រាប់​ថា​វា​ជា​អំណរ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​បាន​ស្គាល់​ថ្នាក់​ដឹកនាំ[ នៃ​សាសនាចក្រ ]​ទាំង​នេះ រួម​ទាំង​ប្រធាន រ័សុល អិម ណិលសុន ផង​ដែរ ។ តាម​ការវិនិច្ឆ័យ​របស់​ខ្ញុំ ពួកលោក​គឺ​ជា​តំណាង​នៃ​ភាព​ជា​អ្នកដឹកនាំ​ដ៏​ល្អបំផុត​ដែល​មាន​នៅក្នុង​ប្រទេស​របស់​យើង » ។

ប្រធាន​ ណិលសុន ​ជា​មួយនឹង​គ្រូគង្វាល ប្រោន

បន្ទាប់មក​លោក​បាន​បន្ថែម​ថា ៖​« យើង​អាច​ត្អូញត្អែរ​អំពី​រឿង​ទាំងនោះ ។ យើង​អាច​បដិសេធ​មិន​ទទួល​ស្គាល់​អំពើ​ល្អ​ទាំងអស់​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ ។… ប៉ុន្តែ វិធី​ទាំងនេះ​នឹង​មិន​អាច​ផ្សះផ្សា​ការបែកបាក់​ជាតិ​សាសន៍​របស់​យើងបានឡើយ ។… ដូច​ព្រះយេស៊ូវ​បាន​បង្រៀន យើង​មិន​អាច​លុប​បំបាត់​អំពើ​អាក្រក់​ដោយ​បន្ថែម​អំពើ​អាក្រក់​ទៀត​នោះ​ទេ។ យើង​ស្រឡាញ់​ដោយ​ចិត្ត​សប្បុរស ហើយ​រស់នៅ​ដោយ​មាន​ក្តីមេត្តា សូម្បី​តែ​ចំពោះ​អ្នក​ដែល​យើង​គិត​ថា​ជា​សត្រូវ​របស់​យើង​ក៏​ដោយ » ។

លោក​ឪពុក​ ប្រោន គឺជា​អ្នកដែល​ផ្សះផ្សា​មួយ​រូប ។ លោក​បាន​ធ្វើ​ឲ្យ​ព្រួញ​ភ្លើង​នោះ​រលត់​ដោយ​ស្ងប់ស្ងាត់​និង​ដោយ​ត្រជាក់ ។ អ្នកដែលផ្សះផ្សាគេ​គឺ​ជា​អ្នក​ដែល​មិន​ប្រឆាំង ពួកគេ​គឺ​ជា​អ្នក​បញ្ចុះបញ្ចូល​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។

តើ​អ្វី​ទៅ​ដែល​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង​ពី​ខាងក្នុង ដើម្បី​ធ្វើ​ឲ្យ​ព្រួញ​ភ្លើង​នោះ​ត្រជាក់ ស្ងប់ស្ងាត់ និង​រលត់​ដែល​បាញ់​ឆ្ពោះ​ទៅរក​សេចក្តីពិត​ដែល​យើង​ស្រឡាញ់ ? កម្លាំង​នោះ​ចេញ​មកពី​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តី​ជំនឿ​របស់​យើង​ទៅលើព្រះបន្ទូល​របស់​ទ្រង់ ។

« អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ …ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ។

« … ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួកហោរា​ដែល​នៅមុន​អ្នករាល់​គ្នា​បែប​ដូច្នោះ​ដែរ » ។

សារសំខាន់​នៃ​សិទ្ធជ្រើសរើស

គោលការណ៍​សំខាន់​ពីរ​ដែល​ដឹកនាំ​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការ​ធ្វើ​ជា​អ្នកដែល​ផ្សះផ្សា​គេ ។

ទីមួយ ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ជាមួយនឹង​សមត្ថភាព​ជ្រើសរើស​ផ្លូវ​សម្រាប់​ខ្លួនឯង ។១០ សិទ្ធិ​ជ្រើសរើស​នេះ​គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​របស់​ព្រះ ។

ទីពីរ ជាមួយ​នឹង​សិទ្ធិ​ជ្រើសរើស​នេះ ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទុយ​នៅ​គ្រប់​​រឿង​សព្វសារពើ ។១១ យើង​« ភ្លក់​នូវ​សេចក្តី​ល្វីង​ជូរចត់ ប្រយោជន៍​ឲ្យ [ យើង ] អាច​ចេះ​ឲ្យ​តម្លៃ​ដល់​របស់​ល្អ » ។១២ ការ​ផ្ទុយ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​នោះ​ទេ ។ យើង​រៀន​ដើម្បី​បែងចែក​ការណ៍ល្អ និង​ការណ៍អាក្រក់ ។

យើង​រីករាយ​នឹង​ពរជ័យ​នៃ​សិទ្ធិ​ជ្រើសរើស ហើយទទួល​ស្គាល់​ថា​មាន​មនុស្ស​ជាច្រើន​មិន​ជឿ​អ្វី​ដែល​យើង​ជឿ ។ តាមពិត មនុស្ស​តិចតួច​ណាស់​នៅក្នុង​ថ្ងៃ​ចុងក្រោយ ដែល​នឹង​ជ្រើសរើស​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​គិត និង​ធ្វើ ។១៣

ដោយសារ​តែ​វេទិកា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ​សំឡេង​ដែល​មិន​ជឿមួយ​​អាច​ផ្សាយ​ចេញ​ជា​សំឡេង​អវិជ្ជមាន​ជាច្រើន​១៤ ប៉ុន្តែ​ទោះ​ជា​មាន​សំឡេង​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ជ្រើសរើស​វិថីនៃ​អ្នកដែល​ផ្សះផ្សា​គេដែរ ។

អ្នក​ដឹកនាំ​របស់​ព្រះអម្ចាស់

មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​មាន​គោលបំណង​ខាង​លោកិយ ដូច​ជា​ផ្នែក​នយោបាយ អាជីវកម្ម និង​អ្នកដឹកនាំ​វប្បធម៌​នានា ។

ប៉ុន្តែ យើង​មាន​ការទទួល​ខុសត្រូវ​របស់​យើង​ខុសៗ​គ្នា ។ យើង​មិន​ត្រូវ​បាន​គេ​ជ្រើសរើស ឬ​រើស​ចេញពី​កម្មវិធី​ណាមួយ​នោះទេ ។ ដោយ​គ្មាន​ការរៀបចំ​ពី​អ្នក​ជំនាញ​ណា​ម្នាក់​យើង​ត្រូវ​បាន​ហៅ និង​តែងតាំង​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ទូទាំង​ពិភពលោក រហូត​ដល់​ដង្ហើម​ចុងក្រោយ​របស់​យើង ។ យើង​ខិតខំ​ផ្តល់​ពរ​ដល់​អ្នក​ឈឺ អ្នក​ឯកោ អ្នក​បាក់​ទឹក​ចិត្ត និង​អ្នក​ក្រ ហើយ​ដើម្បី​ពង្រឹង​នគរ​របស់​ព្រះ ។ យើង​ស្វែងយល់​ដើម្បី​ដឹង​ពី​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ និង​ដើម្បី​ប្រកាស​ព្រះរាជបំណង​នោះ ជាពិសេស​ទៅដល់​អស់អ្នក​ដែល​ស្វែងរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។១៥

ទោះបីជា​យើង​ចង់​ឲ្យ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ទទួល​បាន​ការ​សរសើរ​ពី​មនុស្ស​គ្រប់​គ្នា​ក្តី ក៏​ព្រះបន្ធូល​របស់​ព្រះអម្ចាស់​តាម​រយៈ​ព្យាការី​ទាំងឡាយ​របស់​ទ្រង់​ជា​ញឹកញាប់​ផ្ទុយ​ពី​ការ​គិត និង​និន្នាការ​របស់​ពិភពលោក​នេះ​ដែរ ។ វា​តែងតែ​បែប​នេះ​តាំងពី​ដើម​រៀងមក ។១៦

ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​សាវក​របស់​ទ្រង់ថា ៖

« បើ​សិន​ជា​លោកីយ៍ [ ស្អប់ ] អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន ។ …

« …​គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​… ពីព្រោះ គេ​មិន​ស្គាល់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ » ។១៧

ការមើលថែ​ដល់​មនុស្ស​គ្រប់រូប

យើង​ពិត​ជា​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជិត​ខាង​របស់​យើង​គ្រប់​រូប មិន​ថា​ពួកគេ​ជឿ ឬ​មិន​ជឿ​ដូច​យើង​នោះ​ទេ ។ ព្រះយេស៊ូវ​បានបង្រៀន​យើង​នៅក្នុង​រឿង​ប្រៀបប្រដូច​មួយ​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ​ម្នាក់​ថា អស់អ្នក​ដែល​មាន​ជំនឿ​ផ្សេងៗ​គ្នា គួរតែ​ឈោង​ទៅ​ជួយ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ខ្វះខាត ធ្វើ​ជា​អ្នកផ្សះផ្សា​គេ ស្វែងរក​សេចក្តី​ល្អ និង​បុព្វហេតុ​ថ្លៃថ្នូរ ។

នៅក្នុង​ខែ​កុម្ភៈ ចំណងជើង ព័ត៌មាន​មួយ​នៅក្នុង​ការចេញផ្សាយ​នៃ Arizona Republic បាន​សរសេរ​ថា​« ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មិន​ប្រឆាំង​នឹង​ច្បាប់​ដែល​បាន​អនុម័ត​លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នក​កែ​ភេទ​នៅ​ក្នុង​រដ្ឋ​អារីហ្សូណា​ឡើយ » ។១៨

ក្នុងនាម​យើង​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺ​យើង « រីករាយ​ដែល​បាន​ក្លាយ​ជា​ចំណែកមួយ​របស់​សម្ព័ន្ធ​នៃ​សេចក្ដី​ជំនឿ អាជីវកម្ម ក្រុម LGBTQ និង​អ្នកដឹកនាំ​សហគមន៍ ដែល​បាន​ធ្វើ​ការ​រួម​គ្នា​នៅក្នុង​ស្មារតី​នៃ​ការទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក » ។១៩

ប្រធាន រ័សុល អិម ណិលសុន ធ្លាប់​បាន​សួរ​ដោយ​ការត្រិះរិះ​ថា « តើ​យើង​អាច​ពិភាក្សា​គ្នា​ដោយ​មិន​ចាំបាច់​ទាស់ទែងគ្នា​បានដែរ​ឬទេ ? »២០

យើង​ខំ​ធ្វើ​ជា « អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​សុខសាន្ត » ។២១

ពេលវេលា​មិន​ឆ្លើយតប

ការ​វាយ​ប្រហារ​មួយ​ចំនួន​មក​លើ​ព្រះអង្គសង្គ្រោះ​គឺ​​អាក្រក់ខ្លាំង​ណាស់ តែ​ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​អ្វី​សោះ​ឡើយ ។ « ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ … កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង … បាន​ចំអក​មើលងាយ​ព្រះយេស៊ូវ »​ប៉ុន្តែ ទ្រង់​« មិន​ព្រម​ឆ្លើយ​[ ពួកគេ ] សោះ » ។២២ មាន​ពេលខ្លះ​ការធ្វើ​ជា​អ្នកដែលផ្សះផ្សា​គេ គឺមាន​ន័យថា យើងទប់ទល់​នឹង​កំហឹង ដោយ​នៅ​ស្ងៀម​ជាមួយនឹង​សេចក្តី​ថ្លៃថ្នូរ ។២៣

វា​ជារឿងឈឺចាប់​ខ្លាំងណាស់សម្រាប់​យើង​ទាំងអស់គ្នា នៅពេល​ពាក្យ​គំរោះគំរើយ ឬ​មិន​សមរម្យ​អំពី​សាសនាចក្រ អ្នក​ដើរតាម​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បាន​​និយាយ ឬ​បោះពុម្ព​ផ្សាយចេញពី​អ្នក​ដែល​ធ្លាប់​ឈរ​ជាមួយ​យើង ទទួល​ទាន​សាក្រាម៉ង់​ជាមួយ​យើង ហើយ​ថ្លែង​ទីបន្ទាល់​ជាមួយ​យើង​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ ។២៤

យើង​ដឹង​ថា រឿងនេះ​ក៏​បាន​កើតឡើង​ផងដែរ ក្នុង​អំឡុងពេល​ការងារបម្រើ​របស់​ព្រះអង្គសង្គ្រោះ ។

សិស្ស​របស់​ព្រះយេស៊ូវ​មួយ​ចំនួន​ដែល​នៅ​ជាមួយ​ទ្រង់​អំឡុង​ពេល​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​បាន​តាំងចិត្ត​មិន​« [ តាម ]​ទ្រង់​ទៀត​ទេ » ។២៥ គួរ​ឲ្យ​សោកស្ដាយ ពុំមែន​មនុស្ស​ទាំងអស់​នឹង​នៅ​បន្ត​រឹងមាំ​នៅក្នុង​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការរគោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​នោះទេ ។២៦

ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​ដកខ្លួន​ចេញ​ពី​រង្វង់​នៃ​កំហឹង និង​ការឈ្លោះ​ទាស់ទែងគ្នា ។ នៅក្នុង​ឧទាហរណ៏​មួយ បន្ទាប់​ពី​ពួក​ផារិស៊ី​បាន​ប្រឈម​មុខ​នឹង​ព្រះយេស៊ូវ ហើយ​បាន​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស​ហើយ​បទគម្ពីរ​និយាយ​ថា ព្រះយេស៊ូវ​បាន​យាង​ថយ​ពី​ពួកគេ ២៧ហើយ​អព្ភូតហេតុ​បាន​កើត​ឡើង​ពេល « មាន​ទាំង​មនុស្ស​កកកុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ » ។២៨

ផ្តល់ពរ​ដល់​ជីវិត​អ្នកដទៃ

យើង​ក៏​អាច​ចាក​ចេញ​ពី​ការទាស់ទែងគ្នា​ដែរ ហើយ​ផ្តល់​ពរ​ដល់​ជីវិត​អ្នក​ដទៃ​ផង​ដែរ​២៩ខណៈ​ដែល​យើង​មិន​ដាក់​ខ្លួន​ឲ្យ​នៅ​ឯកោ​ឡើយ ។

នៅ​អិមប៊ូជី ម៉ាយី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដំបូងឡើយមាន​មនុស្សមួយ​ចំនួន​បាន​រិះគន់​សាសនាចក្រ ដោយ​មិន​យល់​ពី​ជំនឿ​របស់​យើង ឬ​ស្គាល់​សមាជិក​របស់​យើង​នោះទេ ។

មួយ​រយៈ​មុន ខេធី និង​ខ្ញុំ​បាន​ចូលរួម​ការ​បម្រើ​របស់​សាសនាចក្រ​ដ៏​ពិសេស​មួយ​នៅ អិមប៊ូជី ម៉ាយី ។ ក្មេងៗ​ស្លៀកពាក់​យ៉ាង​ស្អាត មានកែវភ្នែក​ភ្លឺថ្លា និង​ស្នាម​ញញឹម​យ៉ាង​ស្រស់ស្រាយ ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​និយាយ​ជាមួយ​ពួកគេ​អំពី​ការអប់រំ​របស់​ពួកគេ ប៉ុន្តែ​បាន​ដឹង​ថា​ក្មេងៗ​ភាគ​ច្រើន​មិន​បាន​ចូល​សាលារៀន​ទេ ។ ថ្នាក់​ដឹកនាំ​របស់​យើង ព្រម​ជាមួយ​នឹង​មូលនិធិ​មនុស្សធម៌​ក៏​បាន​រកឃើញ​វិធី​ដើម្បី​ជួយ ។៣០ ឥឡូវនេះ មាន​សិស្សានុសិស្ស​ជាង ៤០០ នាក់ ទាំង​—ក្មេងស្រី និង​ក្មេងប្រុស ទាំង​សមាជិក ក៏​ដូចជា​អ្នក​ដែល​មិន​មាន​ជំនឿ—​ដូច​យើង ត្រូវ​បាន​ទទួល​ស្វាគមន៍ និង​បង្រៀន​ដោយ​គ្រូ​ចំនួន ១៦ នាក់ ដែល​សុទ្ធតែ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

កាឡានហ្គា ម៉ូយ៉ា

កាឡានហ្គា ម៉ូយ៉ា​អាយុ ១៤ ឆ្នាំ​បាន​និយាយថា​« [ ដោយ​សារ​មាន​លុយ​តិចតួច ] ខ្ញុំ​បាន​ខាតពេល ៤ ឆ្នាំ​មិន​បាន​ចូល​សាលារៀន ។… ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​អ្វី​ដែល​សាសនាចក្រ​បាន​ធ្វើ ។… ឥឡូវ​ខ្ញុំ​អាច​ចេះ​អាន សរសេរ និង​និយាយា​ភាសា​បារាំង​បាន » ។៣១ និយាយ​អំពី​គំនិត​ផ្តួចផ្តើម​នេះ អភិបាលក្រុង​អិមប៊ូជី ម៉ាយី បាន​មាន​ប្រសាសន៍​ថា « សាសនាចក្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​បំផុសគំនិត​ខ្ញុំ ពីព្រោះ​ខណៈពេល​ដែល​សាសនា [ ផ្សេងទៀត ]​បាន​បែងចែក​គ្នា​រៀងៗខ្លួន … [ អ្នក​កំពុង​ធ្វើការ ] ជាមួយ [ អ្នកផ្សេងទៀត ] ដើម្បី​ជួយ​ដល់​សហគមន៏​ដែល​ខ្វះខាត » ។៣២

ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

រាល់ពេល​ដែល​ខ្ញុំ​អាន​នៅក្នុងយ៉ូហាន ជំពូកទី​១៣​ខ្ញុំ​នឹកឃើញ​ដល់​គំរូ​ដ៏ល្អ​ឥតខ្ចោះ​របស់​ព្រះអង្គសង្រ្គោះ ក្នុង​នាម​ជា​អ្នកផ្សះផ្សា​គេ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​លាង​ជើង​ឲ្យ​ពួក​សាវក ។ បន្ទាប់​មក យើង​អាន « នោះ​ទ្រង់​មាន​ព្រះហឫទ័យ​តប់ប្រមល់ »​៣៣ពេល​ទ្រង់​គិត​អំពី​មនុស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​រៀបចំ​ក្បត់​នឹង​ទ្រង់ ។ ខ្ញុំ​បាន​ព្យាយាម​នឹក​ស្រមៃ​អំពី​គំនិត និង​អារម្មណ៍​របស់​ព្រះអង្គសង្រ្គោះ​នៅពេល​ចាកចេញទៅ ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ដ៏​សោកសៅ​នោះ ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះបន្ទូល​អំពី​ព្រះហឫទ័យ​« តប់ប្រមល់ »​របស់​ទ្រង់ ឬ​អំពី​ការ​ក្បត់នោះឡើយ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកសាវក​ពី​សេចក្តី​ស្រឡាញ់ ព្រះបន្ទូល​របស់​ទ្រង់បាន​មាន​មក​អស់​ជាច្រើន​សតវត្ស​ ។

« ខ្ញុំ​ឲ្យ​សេចក្ដីបញ្ញត្តិ​មួយ​ថ្មី​ដល់​អ្នករាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់​គ្នា​ដែរ ។…

គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង​គឺ ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។៣៤

សូម​ឲ្យ​យើង​ស្រឡាញ់​ទ្រង់ ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។ សូម​ឲ្យ​យើង​ធ្វើ​ជា​អ្នក​ផ្សះផ្សាគេ ដែល​យើង​អាច​បាន​ហៅ​ថា​ជា « កូន​របស់​ព្រះ » ខ្ញុំ​សូម​អធិស្ឋាន នៅ​ក្នុង ព្រះនាម នៃ ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន៕

កំណត់​ចំណាំ

  1. ម៉ាថាយ ៥:៩ ។

  2. សូម​មើល អេភេសូរ ៦:១៦; គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៨ ។

  3. កិច្ចការ ១៧:២៨ ។

  4. ម៉ូសាយ ១៥:១១ ។

  5. ម៉ូសាយ ៥:៧ ។

  6. ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​ថា ៖​« អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ គួរ​តែ​ធ្វើជា​គំរូ​នៃ​ឥរិយាបទ​ថ្លៃថ្នូរ ។ យើង​ត្រូវ​ស្រឡាញ់​មនុស្ស​ទាំងអស់ ក្លាយ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ និង​បង្ហាញ​កង្វល់ចំពោះ​ជំនឿ​ដ៏​ស្មោះស​របស់​ពួកគេ ។ ទោះបីជា​យើង​អាច​មិន​យល់​ស្របក្តី តែ​យើង​ក៏​មិន​គួរ​បដិសេធ​នោះដែរ ។ ជំហរ និង​ការទំនាក់ទំនង​របស់​យើង​លើ​ប្រធានបទ​ចម្រូង​ចម្រាស​មិន​គួរ​មាន​ការទាស់ទែង​គ្នា​ឡើយ ។ (« Loving Others and Living with Differences » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤,ទំព័រ ២៧ )។

  7. « Amos C. Brown: Follow the LDS Church’s Example to Heal Divisions and Move Forward, » Salt Lake Tribuneថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ នៅលើ​ទំព័រ sltrib.com ។

  8. អែលឌើរ ឌែល ជី រិនឡាន់ បាន​មាន​ប្រសាសន៍ថា​« នៅពេល​សេចក្ដី​ស្រឡាញ់​នៃ​ព្រះគ្រីស្ទ​គ្រប​ដណ្ដប់​លើ​ជីវិត​របស់​យើង នោះ យើង​ឆ្លើយ​តប​ទៅនឹង​ការ​ខ្វែង​គំនិត​គ្នា​ដោយ​រាបសា ភាពអត់ធ្មត់ និង​សេចក្ដីសប្បុរស »​( « The Peace of Christ Abolishes Enmity »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ​ទំព័រ​៨៤) ។

  9. ម៉ាថាយ ៥:១១–១២ ។

  10. សូម​មើល នីហ្វៃទី ២ ១០:២៣ ។

  11. នីហ្វៃ​ទី​២ ២:១១ ។

  12. ​ម៉ូសេ ៦:៥៥ ។

  13. សូម​មើល នីហ្វៃ ទី​១ ១៤:១២ ។

  14. ទិន្នន័យ​ថ្មីៗ​បង្ហាញ​ថា​មនុស្ស ៣ នាក់​ក្នុង​ចំណោម ៥ នាក់​ចែក​រំលែក​ចំណងជើង​សម្រាប់​រឿង​ដែល​ពួកគេ​មិន​ទាន់​បាន​អាន ( សូមមើល Caitlin Dewey, « 6 in 10 of You Will Share This Link without Reading It, a New, Depressing Study Says, » Washington Postថ្ងៃ​១៦​ខែ មិថុនា ឆ្នាំ ២០១៥ គេហទំព័រ, washingtonpost.com; Maksym Gabielkov និង​គេហទំព័រ​ផ្សេង​ទៀត « Social Clicks: What and Who Gets Read on Twitter? » [ ក្រដាស​បង្ហាញ​នៅ​សន្និសីទអន្តរជាតិ ACM Sigmetrics ឆ្នាំ ២០១៦ ស្តី​ពី​ការវាស់វែង និង​គំរូវិទ្យាសាស្ត្រ​កុំព្យូទ័រ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ ] គេហទំព៍រ dl.acm.org ) ។

  15. ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ ពេល​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ចាប់ផ្តើម​មិន​ស្រប​ជាមួយ​នឹង​ការបង្រៀន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ជានិច្ច​នោះ ។ នោះ​គឺ​ជា​ឱកាស​ដើម្បី​រៀនសូត្រ បន្ទាបខ្លួន នៅពេល​យើង​លុត​ជង្គង់​ចុះ​អធិស្ឋាន ។ យើង​បោះ​ជំហាន​ទៅមុខ​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះ ដោយ​ដឹង​ថា ជាមួយ​នឹង​ពេលវេលា នោះ​យើង​ទទួល​ការបញ្ជាក់​កាន់តែ​ច្បាស់​ខាង​វិញ្ញាណ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ។

  16. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១៤–១៦ ។

  17. យ៉ូហាន ១៥:១៨–២១; បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  18. សូម​មើល​« Bipartisan Bill Supported by Latter-day Saints Would Protect Gay and Transgender Arizonans » Arizona Republic​ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២២​នៅ​លើ​គេហទំព័រ​azcentral.com ។

  19. « Why the Church of Jesus Christ Supports a New Bipartisan Religious Freedom and Non-discrimination Bill in Arizona »ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​ឆ្នាំ ២០២២ ​គេហទំព័រnewsroom.ChurchofJesusChrist.org ។

  20. រ័សុល អិម ណិលសុន « Teach Us Tolerance and Love » Ensignខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៧០ ។

  21. មរ៉ូណៃ ៧:3 ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី​បាន​មាន​ប្រសាសន៍ថា ៖ « យើង​មិន​ត្រឹម​តែ​យើង​ត្រូវ​មាន​ការ​អត់ឱន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​បណ្តុះ​ស្មារតី​នៃ​ការ​ដឹងគុណ​ដែល​បញ្ជាក់​ចំពោះ​អ្នក​ដែល​មើល​មិន​ឃើញ​អ្វីៗ​ដូច​ដែល​យើង​ឃើញ​នោះ​ទេ ។ ទោះ​ក្នុង​វិធី​ណាមួយ យើង​មិន​ត្រូវ​សម្របសម្រួល​ទ្រឹស្ដី ការជឿជាក់ ចំណេះដឹង​របស់​យើង​អំពី​សេចក្តី​ពិតដ៏​នៅ​អស់កល្ប​ជានិច្ច ដូច​ដែល​បាន​បង្ហាញ​ដោយ​ព្រះ​នៃ​ស្ថានសួគ៌​ឡើយ ។ យើង​អាច​ផ្តល់​សាក្សី​ផ្ទាល់ខ្លួន​របស់​យើង​អំពី​ការ​ពិត ដោយ​ស្ងាត់​ស្ងៀម ដោយ​ស្មោះ​ត្រង់ ប៉ុន្តែ​មិន​មែន​ធ្វើ​ទៅ​ក្នុង​លក្ខណៈ​ដែល​ប្រមាថ​ដល់​អ្នក​ដទៃ​ឡើយ ។… យើង​ត្រូវ​រៀន​ឲ្យ​ស្រប​តាម​ការ​ដឹងគុណ និង​ការគោរព​ចំពោះ​អ្នកដទៃ​ដែល​ស្មោះ​ត្រង់​ក្នុង​ជំនឿ​របស់​ពួកគេ និង​ការ​ប្រតិបត្តិ​ដូច​យើង​ដែរ »​(« Out of Your Experience Here » )Brigham Young University devotional, Oct. 16, 1990], 6, speeches.byu.edu ) ។

  22. សូមមើល លូកា ២៣:៩-១១ ។

  23. អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៏​ថា ៖​« ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ យើង​ធ្វើ​តាម​គំរូ របស់​[ ទ្រង់ ] ។ យើង​មិន​ខ្មាសអៀន ឬ​វាយ​ប្រហារ​អ្នកដទៃ​ឡើយ ។ យើង​ព្យាយាម​ស្រឡាញ់​ព្រះ ហើយ​បម្រើ​ដល់​អ្នកដទៃ ។ យើង​ព្យាយាម​ធ្វើ​តាម​ព្រះ​បទបញ្ញត្តិ​របស់​ព្រះ​ដោយ​រីករាយ ហើយ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ »​( « Five Messages That All of God’s Children Need to Hear »Brigham Young University Education Week devotional, Aug. 17, 2021], 5, speeches.byu.edu) ។

  24. អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​មាន​ប្រសាសន៏​ថា ៖​« សមាជិក​សាសនាចក្រ​នឹង​រស់នៅ​ក្នុង​ស្ថានភាព​ស្រងែ និង​ស្រូវសាលី​នេះ​រហូត​ដល់​សហស្សវត្សរ៍ ។ ស្រងែ​ខ្លះ​ក្លែងបន្លំ​ជា​ស្រូវ​សាលី រួម​មាន​បុគ្គល​ដែល​មានចិត្ត​អន្ទះសា​ពីរបី​នាក់​ដែល​បង្រៀន​ពួកយើង​រាល់គ្នា​អំពី​គោលលទ្ធិ​សាសនាចក្រ ដែល​ពួកគេ​លែង​ជឿ​តទៅ​ទៀត​ហើយ​នោះ ។ ពួកគេ​រិះគន់​ការ​ប្រើប្រាស់​ធនធាន​របស់​សាសនាចក្រ ដែល​ពួកគេ​មិន​បាន​បរិច្ចាគ​ទៀត​ផងនោះ ។ ពួកគេ​ព្យាយាម​វាយឬក​ប្រឹក្សា​ដល់​បងប្អូន​ប្រុស​ដែល​ពួកគេ​លែង​គាំទ្រ​តទៅ ទៀតនោះ ។ ការប្រឈមមុខ​ដាក់គ្នា ការលើកលែង​តែខ្លួនឯង ពិតណាស់​ពួកគេ​ចាកចេញ​ពី​សាសនាចក្រ ប៉ុន្តែ​ពួកគេ​មិនអាច​ឈប់​រក​រឿង​សាសនាចក្រ​បានទេ »​( « Becometh As a Child » Ensignខែ​ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៦៨ ) ។

  25. យ៉ូហាន ៦:៦៦ ។

  26. « សេចក្តី​អំណរ​ខាង​អំពើ​បាប​ដែល​នៅ [ តែ ] មួយ​ភ្លែតនោះ​វិញ » ( សូម​មើល ហេព្រើរ ១១:២៤–២៦ ) ។

  27. សូម​មើល ម៉ាថាយ ១២:១–១៥ ។

  28. ម៉ាថាយ ១២:១៥ ។

  29. សូមមើល នីហ្វៃ​ទី​៣ ១១:២៩–៣០ ។

  30. ដោយ​បាន​ទទួល​ជំនួយ​មក​ពី​មូលនិធិ Don Bosco កម្មវិធី​សាលា​បាន​ទទួល​ជំនាញ​ដ៏មាន​តម្លៃ​ក្នុង​ការបង្រៀន និង​សម្ភារ​ផ្សេងៗ ។

  31. លោកស្រី មូលេកា ដែលជា​ម្តាយ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពេញចិត្ត​កម្មវិធី​នេះ​ណាស់ ពីព្រោះ​វា​បាន​ផ្តល់​ឱកាស​ដល់​កូនស្រី​ខ្ញុំ… ឱកាស​ដើម្បី … រៀន​អាន និង​សរសេរ និង​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង ។ ខ្ញុំ​មិន​អាច​បញ្ជូន​នាង​ទៅ​សាលារៀន​បាន​ទេ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​លក់​ម្សៅ​ពោត​នៅ​ផ្សារ​រក​ចំណូល​… គ្រប់​តែ​ការផ្គត់ផ្គង់​អាហារ​ប៉ុណ្ណោះ។ ខ្ញុំ​អរគុណ​សាសនាចក្រ​យ៉ាង​ខ្លាំង​ចំពោះ​ជំនួយ​នេះ » ។ ស៊ីស្ទើរ ម៉ូនិក ជា​គ្រូបង្រៀន​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​« កម្មវិធី​នេះ​គឺជា​ពរជ័យ​មួយ​សម្រាប់​កុមារ​ទាំងនេះ ។ នៅក្នុង​ថ្នាក់​របស់​ខ្ញុំ​…​ពួកគេ​ភាគ​ច្រើន​គឺជា​ក្មេងកំព្រា ។ ពួកគេ​ស្រឡាញ់​វា ចូល​រៀន​ជា​ទៀងទាត់ និង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួកគេ​( មតិយោបល់ និង​រូបថត​បាន​មកពី​អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ) ។

  32. អភិបាល​ក្រុង អ៊ីនថាំប៉ា​លូវីស្ស ដ័រ ឆាប់ផូដា ថ្លែងសុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​សាធារណៈ​មួយ​ទាក់​ទង​នឹង​គម្រោង​អក្ខរកម្ម Mbuji-Mayi ដែល​ផ្តួចផ្តើម​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ។

  33. យ៉ូហាន ១៣:២១ ។

  34. យ៉ូហាន ១៣:៣៤–៣៥ ។