យើង គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
សាសនាចក្រពុំគ្រាន់តែជាអគារ និងរចនាសម្ព័ន្ធសាសនាទេ តែសាសនាចក្រគឺជាយើងទាំងអស់គ្នាដែលជាសមាជិក ដោយមានព្រះគ្រីស្ទជាព្រះសិរសា ហើយព្យាការីជាអ្នកថ្លែងព្រះបន្ទូលរបស់ទ្រង់ ។
បន្ទាប់ពីទទួលបានការអញ្ជើញឲ្យ « ចូរតាមខ្ញុំទៅមើល »១ ខ្ញុំបានចូលរួមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាលើកដំបូងនៅអាយុ ២៦ ឆ្នាំ ។ ខ្ញុំទើបតែបែកពីស្វាមីដំបូងរបស់ខ្ញុំថ្មីៗ ។ ខ្ញុំមានកូនប្រុសអាយុបីឆ្នាំម្នាក់ ។ ខ្ញុំមានអារម្មណ៍ថាទន់ខ្សោយ និងភ័យខ្លាច ។ នៅពេលខ្ញុំចូលទៅក្នុងអគារ ខ្ញុំមានពេញដោយភាពកក់ក្ដៅពេលខ្ញុំឃើញសេចក្ដីជំនឿ និងអំណររបស់មនុស្សនៅជុំវិញខ្ញុំ ។ វាគឺជា « ទីជ្រកកោនពីព្យុះសង្ឃរា » ដ៏ពិត ។២ បីសប្ដាហ៍ក្រោយមក ខ្ញុំបានចុះសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹកជាមួយព្រះវរបិតាសួគ៌ ហើយបានចាប់ផ្ដើមដំណើរជាសិស្សរបស់ព្រះគ្រីស្ទ ទោះបីជាជីវិតខ្ញុំមិនល្អឥតខ្ចោះក្នុងដំណើរនោះក្ដី ។
សម្រាប់ខ្ញុំ ដើម្បីទទួលពរជ័យដ៏អស់កល្បទាំងនោះ គឺត្រូវមានធាតុរូបវន្ត និងធាតុខាងវិញ្ញាណជាច្រើនត្រូវតែផ្ដុំគ្នា ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញ និងផ្សព្វផ្សាយ សាលាប្រជុំត្រូវបានសាងសង់ និងថែទាំ រចនាសម្ព័ន្ធសាសនាពីព្យាការីទៅកាន់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ហើយសាខាមួយមានពេញដោយសមាជិកនៃសេចក្ដីសញ្ញា ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីឱបក្រសោបខ្ញុំ និងកូនប្រុសរបស់ខ្ញុំ ពេលពួកយើងមកកាន់ព្រះអង្គសង្គ្រោះ ដើម្បី « ចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ »៣ និងមាននូវឱកាសបម្រើ ។៤
ចាប់តាំងពីដើមមក ព្រះបានព្យាយាមប្រមូលផ្ដុំ និងរៀបចំបុត្រាបុត្រីរបស់ទ្រង់៥ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់ [ យើង ] » ។៦ ដោយមានព្រះរាជបំណងនោះក្នុងព្រះទ័យ នោះទ្រង់បានណែនាំយើងឲ្យសង់កន្លែងថ្វាយបង្គំ៧ជាកន្លែងដែលយើងទទួលបានចំណេះដឹង និងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ធ្វើ និងរក្សាសេចក្ដីសញ្ញាដែលភ្ជាប់យើងទៅនឹងព្រះយេស៊ូវគ្រីស្ទ៨ទទួលបាននូវ « អំណាចនៃព្រះ »៩ហើយជួបជុំគ្នាជាញឹកញាប់ដើម្បីចងចាំព្រះយេស៊ូវ និងដើម្បីពង្រឹងគ្នាទៅវិញទៅមកនៅក្នុងទ្រង់ ។១០ អង្គការសាសនាចក្រ និងអគារទាំងឡាយកើតមានសម្រាប់ជាប្រយោជន៍ខាងវិញ្ញាណរបស់យើង ។ « សាសនាចក្រ… គឺជារន្ទាដែលយើងប្រើសម្រាប់កសាងក្រុមគ្រួសារដ៏អស់កល្បជានិច្ច » ។១១
ពេលកំពុងនិយាយនឹងមិត្តម្នាក់ដែលមានការលំបាក ខ្ញុំបានសួរគាត់ថាតើគាត់រស់រានខាងហិរញ្ញវត្ថុដោយរបៀបណា ។ គាត់បានតបទាំងទឹកភ្នែកថា ប៊ីស្សពបានជួយគាត់ដោយប្រើមូលនិធិដង្វាយតមអាហារ ។ គាត់បានបន្ថែមថា « ខ្ញុំមិនដឹងថា តើគ្រួសារខ្ញុំ និងខ្ញុំនឹងទៅជាយ៉ាងណានោះទេ បើពុំមានសាសនាចក្រនោះ » ។ ខ្ញុំបានតបថា « សាសនាចក្រគឺជា សមាជិក នោះឯង ។ ពួកគេស្ម័គ្រចិត្ត ហើយរីករាយក្នុងការបង់ដង្វាយតមអាហារដើម្បីជួយដល់ពួកយើងណាដែលខ្វះខាត ។ អ្នកកំពុងទទួលបានផលផ្លែនៃសេចក្ដីជំនឿ និងការប្ដេជ្ញាចិត្តរបស់ពួកគាត់ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ » ។
ឱ! សិស្សព្រះគ្រីស្ទអើយ ! ចូរយើងកុំមើលស្រាលកិច្ចការដ៏អស្ចារ្យរបស់ព្រះអម្ចាស់ដែលកំពុងធ្វើតាមរយៈ យើង ដែលជាសាសនាចក្ររបស់ទ្រង់ឡើយ ទោះបីជាយើងមានភាពទន់ខ្សោយក្ដី ។ ពេលខ្លះ យើងគឺជាអ្នកផ្ដល់ឲ្យ ហើយពេលខ្លះ យើងជាអ្នកទទួល ប៉ុន្តែយើងទាំងអស់គ្នាគឺជាគ្រួសារតែមួយក្នុងព្រះគ្រីស្ទ ។ សាសនាចក្ររបស់ទ្រង់គឺជារចនាសម្ព័ន្ធដែលទ្រង់បានប្រទានឲ្យដើម្បីដឹកនាំ និងប្រទានពរយើង នៅពេលយើងថ្វាយបង្គំទ្រង់ និងបម្រើគ្នាទៅវិញទៅមក ។
បងប្អូនស្ត្រីខ្លះបានសុំទោសខ្ញុំ ព្រោះគាត់គិតថាពួកគាត់អសកម្មនៅក្នុងសមាគមសង្គ្រោះ ដោយសារពួកគាត់កំពុងបម្រើក្នុងអង្គការបឋមសិក្សា ឬថ្នាក់យុវនារី ។ បងប្អូនស្ត្រីទាំងនោះគឺជាក្រុមដ៏សកម្មបំផុតមួយក្នុងចំណោមសមាជិកសមាគមសង្គ្រោះ ព្រោះពួកគាត់កំពុងជួយពង្រឹងសេចក្ដីជំនឿរបស់កូនៗ និងយុវវ័យដ៏មានតម្លៃរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។
សមាគមសង្គ្រោះពុំកំណត់ត្រឹមជាបន្ទប់មួយក្នុងអគារ មេរៀនសាលាថ្ងៃអាទិត្យ សកម្មភាពមួយ ឬគណៈប្រធាននៅកម្រិតមូលដ្ឋាន ឬទូទៅនោះទេ ។ សមាគមសង្គ្រោះគឺជាស្ត្រីនៃសេចក្ដីសញ្ញានៅក្នុងសាសនាចក្រ គឺជា យើង—យើងម្នាក់ៗ និង យើងទាំងអស់គ្នា ។ វាគឺជា « សហគមន៍ពិភពលោកនៃក្ដីមេត្តា និងការបម្រើ » របស់យើង ។១២ មិនថាកន្លែងណាក៏ដោយដែលយើងទៅ យើងតែងតែជាផ្នែកមួយនៃសមាគមសង្គ្រោះ នៅពេលយើងព្យាយាមបំពេញនូវគោលបំណងដ៏ទេវភាព គឺដើម្បីឲ្យស្ដ្រីសម្រេចនូវកិច្ចការរបស់ព្រះតាមរបៀបជាបុគ្គល និងជាក្រុម១៣តាមរយៈការផ្ដល់ឲ្យនូវភាពធូរស្បើយ ដែលជា « ការស្បើយពីភាពក្រីក្រ ការធូរស្រាលពីជំងឺ ការស្បើយពីការសង្ស័យ ការស្បើយពីភាពល្ងង់ខ្លៅ—ការស្បើយពីអ្វីៗដែលរារាំង … អំណរ និងភាពរីកចម្រើន » ។១៤
ភាពជាកម្មសិទិ្ធស្រដៀងគ្នានេះ មាននៅក្នុងកូរ៉ុមអែលឌើរ និងអង្គការផ្សេងៗទៀតរបស់សាសនាចក្រ សម្រាប់សមាជិកគ្រប់វ័យ រួមទាំងកុមារ និងយុវវ័យរបស់យើងផងដែរ ។ សាសនាចក្រពុំគ្រាន់តែជាអគារ និងរចនាសម្ព័ន្ធសាសនាទេ តែសាសនាចក្រគឺជា យើងទាំងអស់គ្នា ដែលជាសមាជិក ។ យើង គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានព្រះគ្រីស្ទជាព្រះសិរសា ហើយព្យាការីជាអ្នកថ្លែងព្រះបន្ទូលរបស់ទ្រង់ ។ ព្រះអម្ចាស់បានមានបន្ទូលដូច្នេះ ៖
« មើលចុះ នេះហើយជាគោលលទ្ធិរបស់យើង—គឺអស់អ្នកណាដែលប្រែចិត្ត ហើយមករកយើង នោះមានឈ្មោះថាជាសាសនាចក្ររបស់យើងហើយ ។ …
« ហើយ…អស់អ្នកណាដែលជារបស់ផងសាសនាចក្រយើង ហើយកាន់ខ្ជាប់នៅក្នុងសាសនាចក្ររបស់យើងដរាបដល់ចុងបំផុត អ្នកនោះហើយ ដែលយើងនឹងតាំងឡើងលើថ្មដារបស់យើង » ។១៥
បងប្អូនស្រីប្រុស ចូរយើងដឹងថា យើងមានអភ័យឯកសិទ្ធិប៉ុណ្ណាដើម្បីធ្វើជាសមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ជាកន្លែងដែលយើងអាចរួបរួមសេចក្ដីជំនឿ ដួងចិត្ត កម្លាំង គំនិត និងដៃរបស់យើងសម្រាប់ទ្រង់ ដើម្បីសម្ដែងអព្ភូតហេតុដ៏អស្ចារ្យរបស់ទ្រង់ ។ « ដ្បិតរូបកាយ [ នៃសាសនាចក្ររបស់ព្រះគ្រីស្ទ ] មិនមែនសុទ្ធតែមានអវយវៈតែមួយទេ គឺមានច្រើនវិញ » ។១៦
ក្មេងប្រុសជំទង់ម្នាក់បានប្រាប់ម្ដាយគាត់ថា « កាលខ្ញុំនៅតូច រាល់ពេលខ្ញុំបង់ដង្វាយមួយភាគក្នុងដប់ចំនួនមួយដុល្លារ ខ្ញុំបានគិតថាដង្វាយ មួយ ដុល្លារនោះ អាចយកទៅសង់សាលាប្រជុំ ទាំងមូល បាន ។ តើនោះល្ងង់ណាស់មែនទេ ? »
ម្ដាយបានតបទាំងប៉ះដួងចិត្តថា « គួរឲ្យស្រឡាញ់ណាស់ ! តើកូនបានស្រមៃឃើញសាលាប្រជុំទាំងនោះនៅក្នុងគំនិតរបស់កូនឬទេ ? »
គាត់បានឆ្លើយថា « បាទ ! » « អគារទាំងនោះស្រស់ស្អាតណាស់ ហើយមានរាប់លានឯណោះ ! »១៧
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរយើងមានសេចក្ដីជំនឿដូចជាកូនក្មេង ហើយរីករាយចុះ ពេលដឹងថា សូម្បីតែការខំប្រឹងប្រែងដ៏តូចបំផុតរបស់យើង ក៏កំពុងធ្វើឲ្យមានការផ្លាស់ប្ដូរដ៏អស្ចារ្យនៅក្នុងនគររបស់ព្រះដែរ ។
គោលបំណងរបស់យើងក្នុងនគររបស់ទ្រង់ គួរតែជាការនាំគ្នាទៅរកព្រះគ្រីស្ទ ។ ព្រះអង្គសង្គ្រោះបានផ្ដល់ការអញ្ជើញនេះទៅកាន់សាសន៍នីហ្វៃ ដូចដែលយើងអាននៅក្នុងព្រះគម្ពីរ ៖
« តើនៅក្នុងចំណោមអ្នករាល់គ្នាមានអ្នកណាឈឺទេ ? ចូរនាំអ្នកទាំងនោះមកទីនេះចុះ ។ តើមាននរណា … រងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា ដ្បិតយើងមានចិត្តអាណិតអាសូរដល់ពួកអ្នករាល់គ្នា ចិត្តយើងពោរពេញទៅដោយសេចក្ដីមេត្តាករុណា ។
« … យើងឃើញថា សេចក្តីជំនឿរបស់អ្នករាល់គ្នាល្មមគ្រប់គ្រាន់ដើម្បីឲ្យយើងប្រោសអ្នកឲ្យបានជាហើយ » ។១៨
តើយើងទាំងអស់គ្នាគ្មានទុក្ខលំបាក ដែលអាចនាំទៅកាន់ព្រះបាទារបស់ព្រះអង្គសង្គ្រោះទេឬអី ? ខណៈដែលពួកយើងមួយចំនួនមានឧបសគ្គផ្នែករាងកាយ មនុស្សជាច្រើនប្រយុទ្ធប្រឆាំងនឹងវិបត្តិផ្លូវចិត្ត ឯអ្នកផ្សេងទៀតតស៊ូដើម្បីបណ្ដុះទំនាក់ទំនងសង្គម ហើយយើងទាំងអស់គ្នាស្វែករកការសម្រាក ពេលយើងជួបឧបសគ្គខាងវិញ្ញាណ ។ យើង ទាំងអស់គ្នា រងទុក្ខដោយហេតុផ្សេងៗ ។
យើងអានថា « ហ្វូងមនុស្សទាំងអស់ ក៏ដើរឆ្ពោះទៅមុខព្រមគ្នាជាមួយនឹងអ្នកឈឺរបស់គេ និង … អស់ទាំងអ្នក ដែលរងទុក្ខដោយជំងឺណាក៏ដោយ ហើយទ្រង់ បាន ប្រោសឲ្យជាសះស្បើយ គ្រប់ៗគ្នា នៅពេលពួកគេត្រូវបាននាំមករកទ្រង់ ។
« ទាំងអ្នកដែលបានធ្វើឲ្យបានជាទាំងអស់ និងអ្នកដែលមានសុខភាពល្អបានក្រាបចំពោះព្រះបាទាទ្រង់ ហើយបានថ្វាយបង្គំទ្រង់ » ។១៩
ពីក្មេងប្រុសម្នាក់ដែលថ្វាយដង្វាយមួយភាគក្នុងដប់ដោយសេចក្ដីជំនឿ ទៅដល់ម្ដាយមេម៉ាយម្នាក់ដែលត្រូវការព្រះគុណដ៏មានអំណាចរបស់ព្រះអម្ចាស់ ទៅដល់ឪពុកដែលតស៊ូដើម្បីផ្គត់ផ្គង់គ្រួសារ ទៅដល់បុព្វការីជនរបស់យើងដែលត្រូវការពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ហើយមកដល់យើងម្នាក់ៗដែលរំឭកសេចក្ដីសញ្ញាជាមួយព្រះជារៀងរាល់សប្ដាហ៍ គឺយើងត្រូវការគ្នាទៅវិញទៅមក ហើយយើងអាចនាំគ្នាទៅរកការព្យាបាលដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះបាន ។
បងប្អូនស្រីប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរយើងធ្វើតាមការអញ្ជើញរបស់ព្រះយេស៊ូវគ្រីស្ទដោយនាំខ្លួនយើង និងទុក្ខលំបាករបស់យើងមករកទ្រង់ ។ នៅពេលយើងមករកទ្រង់ និងនាំមនុស្សជាទីស្រឡាញ់របស់យើងមករកទ្រង់ នោះទ្រង់ទតឃើញសេចក្ដីជំនឿរបស់យើង ។ ទ្រង់នឹងធ្វើឲ្យពួកគេបានជា ហើយទ្រង់នឹងធ្វើឲ្យយើងបានជា ។
ក្នុងនាមជា « អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ដ »២០ យើងកំពុងព្យាយាមប្រែក្លាយជា « ចិត្តតែមួយ និងគំនិតតែមួយ »២១ ហើយបន្ទាបខ្លួន ចុះចូល សុភាពទន់ភ្លន់ រហ័សធ្វើតាមការល្អ ពោរពេញទៅដោយការទ្រាំទ្រ និងការអត់ធ្មត់ សង្កត់ចិត្តក្នុងកិច្ចការគ្រប់យ៉ាង មានចិត្តព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះឲ្យបានគ្រប់ពេលវេលា មានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស និងបានបរិបូរទៅដោយកិច្ចការល្អៗជានិច្ច ។២២ យើងកំពុងព្យាយាមប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ក្នុងនាមជាសាសនាចក្ររបស់ព្រះគ្រីស្ទ ថាយើងគឺជាមធ្យោបាយ ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ព្រះយេស៊ូវគ្រីស្ទនឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួននៅចន្លោះពេលនេះ និងពេលដែលទ្រង់យាងមកម្ដងទៀត » ។២៣
ព្រះអម្ចាស់បានមានបន្ទូលដូច្នេះ ៖
« មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ ។
« ហើយយើងប្រទានដល់អ្នក … នូវព្រះបញ្ញត្តិមួយថា អ្នកត្រូវជួបជុំគ្នា ហើយរៀបចំខ្លួន ហើយប្រុងប្រៀបខ្លួន ហើយញែកខ្លួនជាបរិសុទ្ធ មែនហើយ ចូរជម្រះចិត្តរបស់អ្នកឲ្យបានបរិសុទ្ធ ហើយលាងដៃរបស់អ្នក និងជើងរបស់អ្នកនៅចំពោះយើងចុះ ប្រយោជន៍ឲ្យយើងអាចធ្វើឲ្យអ្នកបានជ្រះស្អាត » ។២៤
សូមឲ្យពួកយើងឆ្លើយតបនឹងការអញ្ជើញដ៏ទេវភាពនេះ ហើយជួបជុំគ្នា រៀបចំ ប្រុងប្រៀបខ្លួន និងញែកខ្លួនយើងជាបរិសុទ្ធដោយក្ដីរីករាយ នេះគឺជាការអធិស្ឋានដោយរាបសារបស់ខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕