កុំខ្លាចឡើយ ៖ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ !
សូមចាប់ផ្ដើមស្វែងរកសុភមង្គល តាមរយៈការឱបក្រសោបយកការណ៍ល្អ ដែលយើងមានរួចហើយ មកពីអង្គផ្ដល់អំណោយដ៏ល្អគ្រប់យ៉ាង គឺព្រះគ្រីស្ទ ។
ខ្ញុំសូមថ្លែងសុន្ទរកថានៅថ្ងៃនេះទៅកាន់មនុស្សវ័យក្មេងក្នុងសាសនាចក្រនេះ មានន័យថាសម្រាប់អស់អ្នកដែលមានអាយុស្របាលប្រធាន រ័សុល អិម ណិលសុន ឬក្មេងជាងនេះ ។ ខ្ញុំកម្រប្រើរូបភាពណាស់ ប៉ុន្ដែខ្ញុំមិនអាចបដិសេធរូបភាពនេះ បានទេ ។
cri de coeur ( គ្រី ឌឹ ឃ័រ )នេះគឺមកពីមិត្តអាយុប្រាំបីឆ្នាំរបស់ខ្ញុំ ឈ្មោះម៉ារីន អាណុល ។ ខ្ញុំនឹងបកប្រែអក្សរអេស៊ីព្ទបុរាណរបស់នាងឲ្យបងប្អូនស្ដាប់ ៖
ជូនចំពោះប៊ីស្សព
សនិសីតតូតៅ
គួរឲ្យធុញណាស់ ហេតុអ្វី
យើងតូវ
មើលវា ? ប្រាប់ខ្ញុំមកថាហេតុអ្វី
ដោរសេចតីម៉ោះម៉ាក ពីម៉ារីន
អាណុល ។១
មែនហើយ ម៉ារីន សុន្ទរកថាដែលខ្ញុំនឹងថ្លែងនេះ ប្រាកដជាធ្វើឲ្យចៅធុញទៀតហើយ ។ ប៉ុន្ដែពេលចៅសរសេរសំបុត្ររអ៊ូរទាំទៅប៊ីស្សព ចៅត្រូវប្រាប់គាត់ថា ឈ្មោះខ្ញុំគឺ « ខៀរ៉ុន ។ អែលឌើរ ផាទ្រីក ខៀរ៉ុន » ។
អស់រយៈពេលជិតពីរឆ្នាំហើយ ដែលជំងឺរាតត្បាតដូចគ្រោះកាចក្នុងព្រះគម្ពីរប៊ីប បានគ្របដណ្ដប់ផែនដីយើង ហើយខណៈដែលគ្រោះកាចនោះបញ្ឈប់អ្វីៗស្ទើរតែទាំងអស់ក្នុងសង្គម តែជាក់ស្ដែង វាមិនបានបញ្ឈប់អំពើឃោរឃៅ អំពើហិង្សា និងការឈ្លានពានដ៏ព្រៃផ្សៃខាងនយោបាយ—ជាតិ ឬអន្តរជាតិនោះទេ ។ មិនតែប៉ុណ្ណោះ យើងនៅតែប្រឈមមុខនឹងបញ្ហាក្នុងសង្គម និងខាងវប្បធម៌ដ៏យូរ រាប់ទាំងការខ្វះខាតផ្នែកសេដ្ឋកិច្ច ការបំផ្លាញបរិស្ថាន ភាពអគតិចំពោះពូជសាសន៍ និងអ្វីៗជាច្រើនទៀត ។
គ្រាចលាចល និងងងឹតងងល់ខ្លាំងបែបនោះ អាចបំបាក់ទឹកចិត្តយុវវ័យពួកយើង ជាអ្នកដែលយើងចង់ឃើញថាពួកគេមានសុទិដ្ឋិនិយម និងចិត្តសាទរចំពោះជីវិតនាពេលអនាគត ។ គេនិយាយថា « អំណាចរបស់យុវវ័យគឺជាទ្រព្យរួមសម្រាប់ពិភពលោកនេះទាំងមូល ។ យុវវ័យ … នេះហើយ … ជាអ្នកស្នង … សង្គមយើងនៅពេលខាងមុខ » ។២ លើសពីនេះ កូនចៅរបស់យើងគឺជាអ្នកបន្ដវេនយើង ដែលជោគវាសនារបស់សាសនាចក្រនេះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ។
គិតពីស្ថានភាពបច្ចុប្បន្ន យើងអាចយល់បាន បើយុវវ័យពុំសូវមានឧត្តមគតិនិយមដូចមុនទៀត ។ បណ្ឌិត ឡូរី សានតូស ដែលជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យ យ៉េល បានបង្កើតថ្នាក់មួយនាពេលថ្មីៗនេះ ឈ្មោះថា ចិត្តវិទ្យា និងជីវិតល្អ ។ « ឆ្នាំទីមួយដែលថ្នាក់នេះបើក នោះសឹងតែ [ មួយភាគបួន ] នៃស្ថាប័នសិស្សថ្នាក់បរិញ្ញាបត្រ [ ទាំងមូល ] បានចុះឈ្មោះចូលរៀន » ។៣ បន្ទាប់មក មនុស្សជាង ៦៤ លាននាក់បានចូលស្ដាប់ផតខាសរបស់គាត់ ។ ពេលសរសេរអំពីបាតុភូតនេះ អ្នកសារព័ត៌មានម្នាក់កត់សម្គាល់ថា តើឈឺចាប់ប៉ុណ្ណា ដែលឃើញសិស្សវ័យក្មេងឆ្លាតវៃជាច្រើននាក់—និងមជ្ឈិមវ័យផងដែរ— « ចង់បានអ្វីមួយដែលពួកគេបានបាត់បង់ » ឬ ចង់បានអ្វីមួយដែលពួកគេមិនធ្លាប់មានខ្លាំងណាស់ ។៤
ថ្ងៃនេះខ្ញុំសូមអង្វរដល់យុវវ័យឪពុកម្ដាយ និងមជ្ឈិមវ័យ ដែលផ្ដល់ដំបូន្មានពួកគេថា ឲ្យចាប់ផ្ដើមស្វែងរកសុភមង្គល តាមរយៈការឱបក្រសោបយកការណ៍ល្អ និងសុភមង្គលដែលយើងមានរួចហើយ មកពីអង្គផ្ដល់អំណោយដ៏ល្អគ្រប់យ៉ាងគឺព្រះគ្រីស្ទ ។៥ នៅគ្រានេះ មានមនុស្សជាច្រើនក្នុងពិភពលោកកំពុងសួរសំណួរចេញពីចិត្ត យើងគួរតែឆ្លើយជាមួយនឹង « ដំណឹងល្អ »៦ នៃព្រះសិក្ខាបទរបស់ព្រះយេស៊ូវគ្រីស្ទ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើកកម្ពស់បេសកកម្ម និងសារលិខិតរបស់ព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ហើយផ្ដល់នូវរបៀបដ៏សំខាន់អស់កល្ប ដើម្បីស្វែងរកការណ៍ល្អផង និងធ្វើការណ៍ល្អនៅគ្រាដ៏ចាំបាច់បែបនេះផង ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា យុវវ័យជំនាន់នេះមានសមត្ថភាពដើម្បី « ជះឥទ្ធិពល [ សម្រាប់ការណ៍ល្អ ] ក្នុងពិភពលោកនេះខ្លាំងជាងជំនាន់ណាៗទាំងអស់ » ។៧ យើងទាំងអស់គ្នា គួរតែ « [ ច្រៀង ] នូវចម្រៀងនៃសេចក្ដីស្រឡាញ់ដ៏ប្រោសលោះ »៨ប៉ុន្ដែត្រូវមានការលត់ដំ— « ភាពជាសិស្ស »—ជាអ្នកការពារទប់ទល់នឹងឥរិយាបថអវិជ្ជមាន និងទម្លាប់ដ៏បំផ្លិចបំផ្លាញ ដែលវារារាំងយើង ពេលយើងព្យាយាមច្រៀងចម្រៀងនៃសេចក្ដីសង្គ្រោះដ៏អស់កល្បនោះ ។
ទោះជាយើង « នៅកន្លែងល្អ »៩ក្ដី ក៏យើងអាចជួបរឿងបែបនោះពីមួយពេលទៅមួយពេលដែលគំនិតទុទិដ្ឋិនិយម មើលឃើញតែរឿងអាក្រក់ៗជានិច្ច ។ បងប្អូនស្គាល់ពាក្យស្លោកពួកគេថា « រឿងតែងតែអាក្រក់ ពីមុនពេលវាកើតឡើង » ។ ឱ នោះជាទស្សនវិស័យដ៏គ្រោះថ្នាក់មួយ ហើយជីវិតពិតជាអណោចអធមណាស់ ! មែនហើយ ពេលខ្លះយើងអាចចង់រត់ចេញឲ្យឆ្ងាយពីស្ថានភាពរបស់យើង ប៉ុន្ដែតាមពិតយើងមិនគួរបោះបង់អត្តសញ្ញាណខ្លួនឯងទេ—យើងជាបុត្រាបុត្រីរបស់ព្រះដ៏មានព្រះជន្មរស់ ដែលស្រឡាញ់យើង ហើយតែងតែត្រៀមចាំអភ័យទោសឲ្យយើង និងមិនបោះបង់យើងចោលឡើយ ។ បងប្អូនគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ទ្រង់ ។ បងប្អូនគឺជាបុត្ររបស់ទ្រង់ដែលទ្រង់បានប្រទានដល់បងប្អូននូវព្យាការី និងការសន្យា អំណោយទានខាងវិញ្ញាណ និងវិវរណៈ អព្ភូតហេតុ និងសារលិខិត ព្រមទាំងពួកទេវតាជាច្រើននៅទាំងសងខាងនៃវាំងនន ។១០
ទ្រង់ក៏បានប្រទានដល់បងប្អូននូវសាសនាចក្រមួយ ដែលពង្រឹងដល់ក្រុមគ្រួសារក្នុងជីវិតរមែងស្លាប់នេះ ហើយផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ចផងដែរ ។ សាសនាចក្រមានជាង ៣១,០០០ វួដ និងសាខា ដែលមានមនុស្សមកជួបជុំគ្នា ច្រៀង ហើយតមអាហារ និងអធិស្ឋានឲ្យគ្នាទៅវិញទៅមក ហើយផ្ដល់ជំនួយដល់ជនទ័លក្រ ។ នេះគឺជាកន្លែងដែលមនុស្សគ្រប់គ្នាត្រូវបានហៅឈ្មោះ រាប់អាន និងផ្ដល់ការងារបម្រើ និងជាកន្លែងដែលមិត្ត និងអ្នកជិតខាងស្ម័គ្រចិត្តបម្រើគ្នាទៅវិញទៅមកនៅក្នុងការហៅ ទាំងកិច្ចការខាងសាសនា ទៅដល់កាតព្វកិច្ចថែទាំសម្អាតអគារ ។ យុវមជ្ឈិមវ័យ—និងគូស្វាមីភរិយាវ័យចំណាស់ជាច្រើនផងដែរ—បម្រើបេសកកម្ម ចំណាយប្រាក់ផ្ទាល់ខ្លួនអស់រាប់ពាន់ យល់ព្រមទៅបម្រើនៅកន្លែងដែលគេត្រូវហៅឲ្យទៅ ហើយសមាជិកទាំងក្មេងទាំងចាស់ទៅព្រះវិហារបរិសុទ្ធធ្វើពិធីបរិសុទ្ធដ៏ពិសិដ្ឋ ដើម្បីផ្សារភ្ជាប់គ្រួសារមនុស្សជាមួយគ្នា—ជាសកម្មភាពដ៏អង់អាចមួយក្នុងពិភពលោកដែលបែកខ្ញែកគ្នានេះ ប៉ុន្ដែវាប្រកាសថា ការបែកខ្ញែកបែបនោះ គ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ។ ទាំងនេះជាមូលហេតុពីរបី ដែលយើងអាចផ្ដល់ឲ្យ ព្រោះតែ « សេចក្តីសង្ឃឹមរបស់ [ យើង ] រាល់គ្នា » ។១១
ពិតណាស់ នៅជំនាន់របស់យើង ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទជួបប្រទះនឹងបញ្ហាដ៏ពិបាកៗជាច្រើន ។ ថ្នាក់ដឹកនាំរបស់សាសនាចក្រនេះ កំពុងខំអស់ពីសមត្ថភាពស្វែងរកការដឹកនាំពីព្រះអម្ចាស់ ដើម្បីដោះស្រាយចំពោះបញ្ហាទាំងអស់នោះ ។ បើបញ្ហាមួយចំនួន ពុំបាន ដោះស្រាយបានល្អទេ នោះប្រហែលជាវា គឺជាផ្នែកមួយនៃឈើឆ្កាង ដែលព្រះយេស៊ូវបានមានបន្ទូលនោះ ដែលយើងត្រូវតែផ្ទុកដើម្បីដើរតាមទ្រង់ ។១២ ច្បាស់ណាស់ ដោយសារតែមានគ្រាដ៏ងងឹត និងបញ្ហាដ៏ពិបាក នោះព្រះបានសន្យាថា ទ្រង់នឹងដឹកនាំព្យាការីនៅវេលាថ្ងៃដោយពពក ហើយនៅវេលាយប់ដោយបង្គោលភ្លើង ផ្ដល់ដំបងដែក បើកផ្លូវដ៏តូចចង្អៀតទៅកាន់ផ្លូវត្រង់ ហើយលើសពីនោះ ទ្រង់ប្រទានដល់យើងនូវអំណាចដើម្បីបញ្ចប់ដំណើរនេះ ។១៣
ដូច្នេះ សូមមេត្តាបន្ដនៅសកម្មក្នុងសាសនាចក្រនេះ ទោះជាបងប្អូនមិនចូលចិត្តចំពោះអ្វីមួយចំនួនក៏ដោយ ។ សូមបង្ហាញពន្លឺ របស់ទ្រង់ហើយឲ្យទៀន របស់បងប្អូនទៅដើម្បីបុព្វហេតុនេះ ។១៤ បទចម្រៀងនៅក្នុងអង្គការបឋមសិក្សានេះនិយាយពិតជាត្រូវ ៖ ព្រះយេស៊ូវ ពិតជា « [ ចង់ឲ្យបងប្អូន ] ធ្វើជាពន្លឺ » មែន ។១៥
នៅពេលអ្នកដឹកនាំសាសន៍យូដា លោកយ៉ៃរ៉ុស បានអង្វរព្រះយេស៊ូវឲ្យព្យាបាលកូនស្រីអាយុ ១២ ឆ្នាំរបស់លោក ដែលហៀបនឹងស្លាប់នៅឯផ្ទះ ខណៈនោះព្រះអង្គសង្គ្រោះនៅកណ្ដាលហ្វូងមនុស្សកកកុញ មានអ្នកបម្រើម្នាក់បានមកប្រាប់ឪពុកដ៏អន្ទះសារូបនេះថា « កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត » ។
« ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ » ។១៦
ហើយនាងក៏បានព្យាបាល ។ ហើយបងប្អូននឹងបានរស់ដែរ ! « កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។
ដោយសារបងប្អូនម្នាក់ៗដែលជាអ្នកស្ដាប់មានតម្លៃយ៉ាងខ្លាំងចំពោះព្រះ និងសាសនាចក្រនេះ ខ្ញុំសូមបញ្ចប់ដោយការប្រកាសដ៏ពិសេសនេះក្នុងនាមជាសាវក ។ មុនពេលបងប្អូនបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បងប្អូនបានមានពន្លឺនៃព្រះគ្រីស្ទនៅក្នុងព្រលឹងរបស់បងប្អូនរួចហើយ១៧ ជា « ពន្លឺដែលនៅក្នុងគ្រប់ទាំងអស់ ដែលផ្ដល់ជីវិតដល់គ្រប់ទាំងអស់ … »១៨ ហើយជាឥទ្ធិពលសម្រាប់ការណ៍ល្អនៅក្នុងចិត្តរបស់មនុស្សគ្រប់រូប ដែលធ្លាប់បានរស់នៅ ឬនឹងរស់នៅ ។ ពន្លឺនោះត្រូវបានប្រទានមកដើម្បីការពារ និងបង្រៀនបងប្អូន ។ សារលិខិតដ៏សំខាន់នោះគឺថា ជីវិតគឺជាអំណោយទានដ៏មានតម្លៃបំផុតមួយ ជាអំណោយនឹងទទួលបានអស់កល្បជានិច្ច តាមតែរយៈដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ ក្នុងនាមជាពន្លឺ ហើយជាជីវិតនៃពិភពលោក១៩ព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះបានយាងមក ដើម្បីប្រទានជីវិតដល់យើងដោយយកឈ្នះលើសេចក្ដីស្លាប់ ។
យើងត្រូវតែប្ដេជ្ញាចិត្តទាំងស្រុងចំពោះអំណោយនៃជីវិតនេះ ហើយផ្ដល់ជំនួយដល់អស់អ្នកដែលកំពុងចង់បោះបង់អំណោយដ៏ពិសិដ្ឋនេះចោល ។ ថ្នាក់ដឹកនាំ អ្នកផ្ដល់ប្រឹក្សា មិត្តភក្ដិ គ្រួសារ—សូមតាមមើលរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ការអស់សង្ឃឹម ឬអ្វីៗដែលបង្ហាញពីការធ្វើបាបខ្លួនឯង ។ សូមបងប្អូនស្ម័គ្រជួយ ។ សូមស្តាប់ ។ សូមធ្វើអន្ដរាគមន៍ តាមសមគួរ ។
ចំពោះយុវវ័យរបស់យើងដែលកំពុងមានបញ្ហាអើយ មិនថាប្អូនៗមានកង្វល់ ឬទុក្ខលំបាកយ៉ាងណាទេ សេចក្ដីស្លាប់ដោយការធ្វើអត្តឃាត ពុំមែនជាចម្លើយនោះទេ ។ វានឹងមិនបំបាត់ការឈឺចាប់ដែលប្អូនកំពុងមានអារម្មណ៍ ឬដែលប្អូនគិតថាប្អូនកំពុងបង្កនោះទេ ។ នៅក្នុងពិភពលោកមួយដែលត្រូវការពន្លឺយ៉ាងខ្លាំងក្រៃលែង សូម កុំ បន្ថយពន្លឺដ៏អស់កល្បដែលព្រះបានដាក់នៅក្នុងព្រលឹង របស់ប្អូន តាំងតែពីមុនប្អូនមកកាន់ពិភពលោកនេះឡើយ ។ សូមនិយាយប្រាប់នរណាម្នាក់ ។ សូមស្វែងរកជំនួយ ។ សូម កុំ បំផ្លាញជីវិតដែលព្រះគ្រីស្ទបានលះបង់ព្រះជន្ម ទ្រង់ ដើម្បីរក្សាជីវិតយើងនោះឡើយ ។ ប្អូនៗអាចរែកបញ្ហាជីវិតនៃជីវិតរមែងស្លាប់នេះបាន ដោយសារតែយើងនឹងជួយប្អូនៗឲ្យរែកវាបាន ។ ប្អូនរឹងមាំជាងអ្វីដែលប្អូនគិតទៅទៀត ។ ប្អូន មាន ជំនួយមកពីមនុស្សដទៃ ជាពិសេសមកពីព្រះ ។ ប្អូនមានអ្នកស្រឡាញ់ មានតម្លៃ ហើយប្អូនសំខាន់ ! ពួកយើងត្រូវការប្អូនៗ ! « កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។
មនុស្សម្នាក់ដែលបានជួបនឹងស្ថានភាពដ៏ពិបាកខ្លាំងជាងប្អូន និងខ្ញុំ បានអំពាវនាវថា « ចូរទៅមុខ [ មិត្តវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ ] ។ ចូរមានចិត្តក្លាហានចុះ … ហើយចូរទៅ ចូរទៅរកជ័យជម្នះ ! ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ » ។២០ យើងមានអ្វីៗជាច្រើនដែលយើងត្រូវរីករាយ ។ យើងមានគ្នាទៅវិញទៅមក ហើយយើងមានទ្រង់ ។ សូមកុំបដិសេធចំពោះយើងនូវឱកាសក្នុងការមានប្អូនៗ ខ្ញុំសូមអង្វរក្នុងព្រះនាមដ៏ពិសិដ្ឋ និងបរិសុទ្ធនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទជាម្ចាស់របស់យើង អាម៉ែន ៕