« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ ៖ ‹ ព្រះទ្រង់សម្រេចជាការល្អវិញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០» ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ មីនា
លោកុប្បត្តិ ៤២–៥០
« ព្រះទ្រង់សម្រេចជាការល្អវិញ »
ការអានព្រះគម្ពីរអញ្ជើញឲ្យមានព្រះវិញ្ញាណ ។ សូមស្តាប់តាមការបំផុសរបស់ទ្រង់កាលដែលអ្នកអាន ទោះបីជាវាហាក់បីមិនទាក់ទងដោយផ្ទាល់នឹងអ្វីដែលអ្នកកំពុងអានក្តី ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ប្រហែលជា ២២ ឆ្នាំហើយ ចាប់តាំងពីយ៉ូសែប ត្រូវបានពួកបងៗរបស់លោកបានលក់ទៅស្រុកអេស៊ីព្ទ ។ លោកបានឆ្លងកាត់ឧបសគ្គជាច្រើន រួមទាំងការចោទប្រកាន់ខុសឆ្គង និងជាប់គុក ។ នៅទីបំផុត នៅពេលលោកបានជួបពួកបងៗ ម្តងទៀត យ៉ូសែបក្លាយជាអ្នកគ្រប់គ្រងស្រុកអេស៊ីព្ទទាំងមូលទីពីរ មានតែផារ៉ោន ប៉ុណ្ណោះដែលធំជាងលោក ។ ហើយដោយគិតពីអ្វីដែលពួកគេបានធ្វើចំពោះយ៉ូសែប លោកអាចសងសឹកពួកបងៗបានយ៉ាងងាយ ដែលហាក់ដូចជាអាចយល់បាន ។ តែយ៉ូសែបបានអភ័យទោសឲ្យពួកបងៗរបស់លោក ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានជួយពួកគេមើលឃើញពីគោលបំណងដ៏ទេវភាពនៅក្នុងការរងទុក្ខរបស់លោកថែមទៀតផង ។ « ព្រះទ្រង់សម្រេចជាការល្អវិញ » ( លោកុប្បត្តិ ៥០:២០ ) លោកបានប្រាប់ពួកបងៗ ដោយសារការណ៍នេះបានធ្វើឲ្យលោកស្ថិតក្នុងតួនាទីមួយដើម្បីសង្រ្គោះ « ពួកផ្ទះឪពុកទាំងអស់ » ( លោកុប្បត្តិ ៤៧:១២ ) ពីគ្រោះទុរភិក្ស ។
តាមរបៀបជាច្រើន ដំណើរជីវិតរបស់យ៉ូសែប គឺប្រហាក់ប្រហែលនឹងព្រះយេស៊ូវ គ្រីស្ទ ។ ទោះបីជាអំពើបាបរបស់យើងបានបណ្តាលឲ្យទ្រង់រងទុក្ខដ៏ធំក្តី ក៏ព្រះអង្គសង្រ្គោះប្រទានការអភ័យទោស ដោយរំដោះយើងទាំងអស់គ្នាចេញពីវាសនាមួយ ដែលអាក្រក់ជាងគ្រោះទុរភិក្សទៅទៀត ។ ទោះបីជាយើងត្រូវទទួលការអភ័យទោស ឬពង្រីកវា—ដល់ពេលមួយយើងត្រូវការធ្វើទាំងពីរ—គំរូរបស់យ៉ូសែប បង្ហាញផ្លូវយើងឲ្យទៅរកព្រះអង្គសង្រ្គោះ ជាប្រភពពិតនៃការព្យាបាល និងការផ្សះផ្សារ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
« ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាទុកអ្នករាល់គ្នា » ។
នៅពេលអ្នកអានអំពីយ៉ូសែប តើអ្នកបានសម្គាល់ឃើញភាពស្រដៀងគ្នាណាមួយរវាងដំណើររឿងរបស់លោក និងបេសកកម្មដ៏ធួននៃព្រះយេស៊ូវ គ្រីស្ទដែរឬទេ ? អ្នកអាចសញ្ជឹងគិតពីរបៀបដែលតួនាទីរបស់យ៉ូសែប នៅក្នុងក្រុមគ្រួសាររបស់លោកគឺ ស្រដៀងគ្នាទៅនឹងតួនាទីរបស់ព្រះអង្គសង្រ្គោះនៅក្នុងក្រុមគ្រួសាររបស់ព្រះ ។ តើភាពប្រហាក់ប្រហែលគ្នាអ្វីខ្លះដែលអ្នកមើលឃើញរវាងបទពិសោធន៍របស់យ៉ូសែប និងបេសកកម្មរបស់ព្រះអង្គសង្រ្គោះ ដែលត្រូវបានចាត់មកដើម្បី « ជួយសង្គ្រោះជីវិត [ យើង ] ដោយសេចក្តីប្រោសប្រាណយ៉ាងធំ » ។( លោកុប្បត្តិ ៤៥:៧ ) ។
ការអភ័យទោសនាំមកនូវការព្យាបាល ។
ការអានអំពីយ៉ូសែបដែលបានអភ័យទោសឲ្យពួកបងៗរបស់លោកចំពោះរឿងអាក្រក់ៗដែលពួកគេបានធ្វើចំពោះលោក អាចបំផុសគំនិតអ្នកឲ្យគិតអំពីនរណាម្នាក់ដែលអ្នកកំពុងពិបាកក្នុងការអភ័យទោសឬទេ ។ ឬប្រហែលការសាកល្បងដ៏លំបាកបំផុតនៃការអភ័យទោសគឺនៅក្នុងអនាគតរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ វាអាចជួយដើម្បីសញ្ជឹងគិតពីមូលហេតុដែលយ៉ូសែបអាចធ្វើការអភ័យទោស ។ តើមានតម្រុយអ្វីខ្លះអំពីបុគ្គលិកលក្ខណៈ និងឥរិយាបទរបស់យ៉ូសែប ដែលអ្នករកឃើញនៅក្នុង លោកុប្បត្តិ ៤៥; ៥០:១៥–២១ ? តើបទពិសោធន៍របស់លោកអាចជះឥទ្ធិពលយ៉ាងណាលើលោកឲ្យកាន់តែចេះអភ័យទោស ? តើគំរូរបស់យ៉ូសែប ផ្តល់យោបល់ដល់យើងពីរបៀបដែលអ្នកអាចកាន់តែចេះអភ័យទោសដោយមានជំនួយរបស់ព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ?
សូមសម្គាល់ផងដែរអំពីពរជ័យទាំងឡាយដែលបានប្រទានដល់ក្រុមគ្រួសាររបស់យ៉ូសែប ដោយសារតែការភ័យទោសរបស់លោក ។ តើពរជ័យអ្វីដែលអ្នកបានឃើញមកពី ការអភ័យទោស ? តើអ្នកបានទទួលអារម្មណ៍បំផុសគំនិតដើម្បីឈោងទៅជួយនរណាម្នាក់ដែលធ្វើខុសចំពោះអ្នកដែរឬទេ ?
សូមមើលផងដែរ លោកុប្បត្តិ ៣៣:១–៤; គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១; Larry J. Echo Hawk « Even as Christ Forgives You, So Also Do Ye » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១៥–១៦ ។
តើនិមិត្តរូបនៅក្នុងពរជ័យរបស់យ៉ាកុបមានអត្ថន័យយ៉ាងណា ?
ពរជ័យរបស់យ៉ាកុប ចំពោះកូនចៅរបស់លោក មានរូបភាពរស់រវើក ប៉ុន្តែអ្នកអានមួយចំនួនក៏ពិបាកយល់ដែរ ។ យើងមានអំណរគុណណាស់ចំពោះដំណឹងល្អដែលបានស្តារឡើងវិញដែលផ្តល់ឲ្យយើងនូវការយល់ដឹងបន្ថែម ។ នៅពេលអ្នកអាន ពរជ័យដែលប្រទានឲ្យយ៉ូសែប នៅក្នុង លោកុប្បត្តិ ៤៩:២២–២៦ សូមអានខគម្ពីរដូចខាងក្រោមផងដែរ ហើយសូមមើលការយល់ដឹងអ្វីខ្លះដែលវាបានផ្តល់ឲ្យ ៖ នីហ្វៃទី ១ ១៥:១២; នីហ្វៃទី ២ ៣:៤–៥; យ៉ាកុប ២:២៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤៤ ។
កាលដែលអ្នកអានអំពីពរជ័យរបស់ យូដា នៅក្នុង លោកុប្បត្តិ ៤៩:៨–១២ សូមចងចាំថា ទាំងស្តេចដាវីឌ និងព្រះយេស៊ូវ គ្រីស្ទ គឺជាដំណនៃយូដា ។ តើពាក្យពេចន៍ និងឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរនេះដែលរំឭកអ្នកអំពីព្រះអង្គសង្រ្គោះ ? នៅពេលអ្នកសិក្សាពីពរជ័យរបស់យូដា វាក៏មានអត្ថប្រយោជន៍ផងដែរ ដើម្បីអាន វិវរណៈ ៥:៥–៦, ៩; នីហ្វៃទី ១ ១៥:១៤–១៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៩; ១៣៣:៤៦–៥០ ។
ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីកូនប្រុសរបស់យ៉ាកុប និងពូជអំបូរអ៊ីស្រាអែល ដែលបានចាកចេញពីពូជអំបូរនេះ នោះមានដំណើររឿងពីកូនប្រុសម្នាក់ៗនៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។
លោកុប្បត្តិ ៥០:២៤–២៥; សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។
« មានអ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើង » ។
តាមរយៈសុបិនរបស់យ៉ូសែប ( សូមមើល លោកុប្បត្តិ ៣៧:៥–១១ ) និងការបកស្រាយរបស់លោកពីសុបិនរបស់អ្នកដទៃ ( សូមមើល លោកុប្បត្តិ ៤០–៤១ ) ព្រះអម្ចាស់បានបើកសម្តែងរឿងទាំងឡាយដែលអាចកើតឡើងរាប់ថ្ងៃ ឬរាប់ឆ្នាំនៅក្នុងពេលអនាគត ។ ប៉ុន្តែព្រះអម្ចាស់ក៏បានបើកសម្តែងផងដែរចំពោះយ៉ូសែប នូវអ្វីដែលនឹងកើតឡើងនៅក្នុងសតវត្សរ៍ខាងមុខផងដែរ ។ ជាពិសេស លោកបានរៀនអំពីបេសកកម្មរបស់ព្យាការីម៉ូសេ និងយ៉ូសែប ស្ម៊ីធ ។ នៅពេលអ្នកអានពាក្យសំដីរបស់យ៉ូសែប នៅក្នុង លោកុប្បត្តិ ៥០:២៤–២៥ និងនៅក្នុង ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុងសេចក្តីណែនាំ ដល់បទគម្ពីរទាំងឡាយ ) សូមសួរខ្លួនអ្នកថា តើការដឹងរឿងទាំងនេះអាចប្រទានពរជ័យដល់យ៉ូសែប និងកូនចៅនៃពួកអ៊ីស្រាអែលយ៉ាងដូចម្តេច ។ ហេតុអ្វីអ្នកគិតថា វាមានសារៈសំខាន់ចំពោះព្រះអម្ចាស់ដើម្បីស្តារការព្យាករណ៍នេះឡើងវិញ តាមរយៈយ៉ូសែប ស្ម៊ីធ ? (សូមមើលផងដែរ នីហ្វៃទី ២ ៣ ) ។
តើយ៉ូសែប ស្ម៊ីធ បានបំពេញការព្យាករណ៍នេះ នៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០: ២៧–២៨, ៣០–៣៣ ? ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៧–២៣; ២០:៧–១២; ៣៩:១១; ១៣៥:៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
លោកុប្បត្តិ ៤២–៤៦ ។ក្រុមគ្រួសាររបស់អ្នកអាចរីករាយនឹងការសម្តែងពីដំណើររឿងរបស់យ៉ូសែប ជួបជុំជាមួយនឹងពួកបងៗរបស់លោក ។ ( « យ៉ូសែប និងគ្រោះទុរភិក្ស » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ អាចជួយបាន ) ។ សូមរីករាយជាមួយវា—សូមប្រើសំលៀកបំពាក់សម្រាប់តុបតែង និងគ្រឿងជំនួយ ប្រសិនបើអ្នកចង់ធ្វើ ។ សូមលើកទឹកចិត្តសមាជិកគ្រួសារឲ្យព្យាយាមយល់ពីសតិអារម្មណ៍ និងទស្សនៈវិស័យនៃតួអង្គ ។ អ្នកអាចផ្តោតយកចិត្តទុកដាក់ជាពិសេសនៅលើអារម្មណ៍របស់យ៉ូសែប ចំពោះពួកបងៗរបស់លោក ហើយថាតើពួកគេអាចមានអារម្មណ៍យ៉ាងណានៅពេលលោកបានអភ័យទោសឲ្យពួកគេ ។ ការណ៍នេះអាចដឹកនាំឲ្យមានការពិភាក្សាមួយអំពីរបៀបដែលការអភ័យទោសអាចប្រទានពរជ័យដល់ក្រុមគ្រួសាររបស់អ្នក ។
នៅពេលយ៉ូសែប បានជួបនឹងពួកបងៗរបស់លោកម្តងទៀត បន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ តើពួកគេមានការផ្លាស់ប្តូរអ្វីខ្លះចាប់តាំងពីលោកបានឃើញពួកគេជាលើកចុងក្រោយនោះ? តើយើងរៀនអ្វីខ្លះអំពីការប្រែចិត្តតាមរយៈបទពិសោធន៍នេះ ?
-
លោកុប្បត្តិ ៤៥:៣–១១; ៥០:១៩–២១ ។យ៉ូសែប បានដឹងថា ទោះបីជាបទពិសោធន៍របស់លោកនៅក្នុងស្រុកអេស៊ីព្ទ មានការលំបាក « ព្រះទ្រង់សម្រេចជាការល្អវិញ » ( លោកុប្បត្តិ ៥០:២០ ) ។ តើក្រុមគ្រួសាររបស់អ្នកបានដកពិសោធន៍ឧបសគ្គណាមួយដែលព្រះបានសម្រេចទៅជាពរជ័យវិញដែរឬ ទេ ?
ទំនុកតម្កើងអំពីភាពល្អរបស់ព្រះនៅអំឡុងពេលជួបឧបសគ្គ ( ដូចជា « គ្រឹះដ៏មាំមួន » [ ទំនុកតម្កើង ល.រ. ៣៧ ] អាចពង្រីកការពិភាក្សានេះ ។ តើបទពិសោធន៍លម្អិតអ្វីខ្លះរបស់យ៉ូសែប ដែលបង្ហាញពីអ្វីដែលទំនុកតម្កើងនេះបានបង្រៀន ?
-
លោកុប្បត្តិ ៤៩:៩–១១, ២៤–២៥ ។តើយើងរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលបង្រៀនយើងអំពីតួនាទី និងបេសកកម្មនៃព្រះយេស៊ូវ គ្រីស្ទ ? ( ដើម្បីជួយឲ្យយល់អំពីឃ្លាទាំងឡាយនៅក្នុងខគម្ពីរទាំងនេះ សូមមើលឯកសារអំពី លោកុប្បត្តិ ៤៩ នៅក្នុង « យោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន » ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានស្នើ ៖ « គ្រឹះដ៏មាំមួន » ទំនុកតម្កើង ល.រ ៣៧ ។