« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ មីនា
លោកុប្បត្តិ ៣៧–៤១
« ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប »
នៅពេលអ្នកអាន លោកុប្បត្តិ ៣៧–៤១ សូមអធិស្ឋានថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យអ្នកមើលឃើញរបៀបដែលវគ្គបទគម្ពីរខាងវិញ្ញាណទាក់ទងទៅនឹងជីវិតរបស់អ្នក ។ សូមកត់ត្រារាល់ការយល់ដឹងដែលអ្នកទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ពេលខ្លះរឿងអាក្រក់កើតឡើងចំពោះមនុស្សល្អ ។ ឆាកជីវិតបានបង្រៀនយើងយ៉ាងច្បាស់ពីមេរៀននោះ ក៏ដូចជាជីវិតរបស់យ៉ូសែប ជាកូនប្រុសរបស់យ៉ាកុបផងដែរ ។ លោកគឺជាអ្នកស្នងមរតកសេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយជីដូនជីតារបស់លោក ប៉ុន្តែត្រូវបានពួកបងៗរបស់លោកស្អប់ ហើយលក់ឲ្យធ្វើជាទាសករ ។ លោកបានបដិសេធមិនព្រមបន្ទាបសេចក្តីថ្លៃថ្នូររបស់លោក នៅពេលភរិយារបស់ប៉ូទីផារ បានមកជិត ហើយក៏ត្រូវបញ្ជូនដាក់គុក ។ វាហាក់ដូចជា លោកកាន់តែស្មោះត្រង់ លោកក៏កាន់តែប្រឈមមុខនឹងភាពលំបាក ។ ប៉ុន្តែភាពមិនអនុគ្រោះទាំងនេះពុំមែនជាសញ្ញានៃការមិនពេញចិត្តរបស់ព្រះឡើយ ។ ផ្ទុយទៅវិញ តាមរយៈអ្វីៗទាំងនេះ « ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ » ( លោកុប្បត្តិ ៣៩:៣ ) ។ ជីវិតរបស់យ៉ូសែប គឺជាការបង្ហាញនៃសេចក្តីពិតដ៏សំខាន់នេះ ៖ ព្រះនឹងមិនដែលបោះបង់យើងចោលឡើយ ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា « ការដើរតាមព្រះអង្គសង្គ្រោះនឹងមិនដកចេញការសាកល្បងទាំងអស់របស់អ្នកឡើយ ។ យ៉ាងណាក៏ដោយ ការដើរតាមទ្រង់នឹងដកចេញរនាំងដែលរារាំងអ្នកពីជំនួយ ដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់អ្នក ។ ព្រះនឹងគង់ជាមួយអ្នក » ( « A Yearning for Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២២ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
លោកុប្បត្តិ ៣៧:១–២៨; ៣៩; ៤១:៩–៤៥
« ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប » ក្នុងគ្រាដែលលោកជួបការលំបាក ។
វាកើតឡើងម្តងហើយ ម្តងទៀត សំណាងល្អហាក់ដូចជាចេះតែកន្លងហួសយ៉ូសែប ប៉ុន្តែព្រះអម្ចាស់មិនដែលកន្លងហួសពី យ៉ូសែប ឡើយ ។ នៅពេលអ្នកអានដំណើររឿងរបស់យ៉ូសែប សូមពិចារណាសំណួរដូចជា ៖ តើយ៉ូសែបបានធ្វើអ្វីដើម្បីបន្តនៅជាប់នឹងព្រះអម្ចាស់ អំឡុងពេលដែលលោកជួបប្រទះនូវឧបសគ្គ ? តើព្រះអម្ចាស់ « គង់នៅជាមួយនឹងយ៉ូសែប » យ៉ាងដូចម្តេច ?( លោកុប្បត្តិ ៣៩:២–៣, ២១, ២៣ ) ។
អ្នកក៏អាចសួរសំណួរស្រដៀងគ្នាអំពីជីវិតរបស់អ្នកផងដែរ ។ តើភស្តុតាងអ្វីដែលអ្នកបានឃើញថា ព្រះអម្ចាស់មិនដែលបោះបង់ចោលអ្នកក្នុងគ្រាអ្នកជួបឧបសគ្គ ? សូមពិចារណាអំពីរបៀបដែលអ្នកអាចចែកចាយបទពិសោធន៍របស់អ្នកជាមួយសមាជិកក្រុមគ្រួសារ និងតំណនៅអនាគតរបស់អ្នក ? ( សូមមើល នីហ្វៃទី១ ៥:១៤ ) ។ តើអ្នកអាចធ្វើអ្វីឥឡូវនេះដើម្បីរៀបចំខ្លួនរបស់អ្នកដើម្បីរក្សាមានភាពស្មោះត្រង់ នៅពេលអ្នកប្រឈមមុខទៅនឹងឧបសគ្គនៅពេលអនាគត ?
សូមមើលផងដែរ យ៉ូហាន ១៤:១៨; រ៉ូម ៨:២៨; អាលម៉ា ៣៦:៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–៨; ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ។
លោកុប្បត្តិ ៣៧:៥–១១; ៤០; ៤១:១–៣៨
ប្រសិនបើខ្ញុំស្មោះត្រង់ ព្រះអម្ចាស់នឹងដឹកនាំ ហើយបំផុសគំនិតខ្ញុំ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « វិវរណៈត្រូវបានប្រទានតាមវិធីខុសៗគ្នា រួមទាំងឧទាហរណ៍ សុបិន ការនិមិត្ត ការសន្ទនាជាមួយសារទូតស្ថានសួគ៌ និងការបំផុសគំនិត » ( « The Spirit of Revelation » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។ ព្រះអម្ចាស់បានប្រើសុបិនដើម្បីបង្ហាញសេចក្តីពិតទៅយ៉ូសែប នាយពិសេសថ្វាយពែង និងអ្នកដុតនំរបស់ផារ៉ោន ហើយនិងផារ៉ោន ។ ព្រះអម្ចាស់ក៏បានបើកសម្តែងទៅកាន់យ៉ូសែប ពីរបៀបដើម្បីបកស្រាយសុបិនទាំងនេះផងដែរ ។ តើអ្នកអាចរៀនអ្វីចេញពី លោកុប្បត្តិ ៣៧:៥–១១; ៤០:៥–៨; ៤១:១៤–២៥, ៣៧–៣៨ អំពីការទទួល និងការយល់ពីវិវរណៈមកពីព្រះអម្ចាស់ ? ឧទារហណ៍ តើអ្នកអាចរៀនអ្វីចេញពីគំរូរបស់យ៉ូសែប នៅពេលដែលវិវរណៈហាក់ដូចជាពិបាកយល់? ( សូមមើល លោកុប្បត្តិ ៤០:៨; ៤១:១៦ ) ។
សូមពិចារណាអំពីរបៀបដែលព្រះអម្ចាស់បើកសម្តែងព្រះទ័យរបស់ទ្រង់ចំពោះអ្នក ។ តើអ្នកអាចធ្វើអ្វីដើម្បីធ្វើតាមវិវរណៈដែលព្រះអម្ចាស់បានប្រទានដល់អ្នក ? តើអ្នកអាចស្វែងរកការណែនាំបន្ថែមពីទ្រង់យ៉ាងដូចម្តេច ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦; មីឈែល ក្រេហ្គ « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៩–២១ ។
ដោយមានជំនួយពីព្រះអម្ចាស់ នោះខ្ញុំអាចគេចចេញពីការល្បួង ។
នៅពេលអ្នកត្រូវបានល្បួង នោះគំរូរបស់យ៉ូសែប អាចផ្តល់ជាការលើកទឹកចិត្ត និងកម្លាំងដល់អ្នក ។ នៅពេលអ្នកអានអំពីបទពិសោធន៍របស់លោកនៅក្នុង លោកុប្បត្តិ ៣៩ សូមកត់សម្គាល់នូវអ្វីដែលយ៉ូសែប បានធ្វើដើម្បីតទល់ទៅនឹងការល្បួង ។ ឧទាហរណ៍ ៖
-
លោក « មិនព្រម » នឹងការជំរុញពីភរិយារបស់ប៉ូទីផារ ( ខទី ៨ ) ។
-
លោកបានដឹងថា ការមានអំពើបាបនឹងធ្វើឲ្យព្រះអន់ព្រះទ័យ និងមនុស្សដទៃទៀតអន់ចិត្ត ( ខទី ៨–៩ ) ។
-
លោក « មិនព្រមស្តាប់តាម » ការល្បួង ទោះវាបន្ត« រាល់ថ្ងៃ » ( ខទី ១០ ) ។
-
លោក « រលាស់អាវចោល… រត់ចេញទៅក្រៅទៅ » ( ខទី ១២ ) ។
ដោយមានគំរូរបស់ យ៉ូសែប នៅក្នុងចិត្ត សូមធ្វើការដាក់ផែនការដើម្បីចៀសវាង និងតទល់នឹងការល្បួង ។ ឧទាហរណ៍ អ្នកអាចគិតពីការល្បួងដែលអ្នកជួបប្រទះ សរសេរស្ថានភាពដើម្បីចៀសវាង ហើយដាក់ផែនការដើម្បីពឹងលើព្រះវរបិតាសួគ៌ នៅពេលការល្បួងកើតឡើង ( សូមមើល នីហ្វៃទី ២ ៤:១៨, ២៧–៣៣ ) ។
ការល្បួង ៖
ស្ថានភាពដើម្បីចៀសវាង ៖
ផែនការឆ្លើយតប ៖
ដំណើររឿងនៃភាពរឹងមាំរបស់ យ៉ូសែប នៅពេលប្រឈមមុខនឹងការល្បួង បានកើតឡើងមុន ផ្ទុយស្រឡះពីដំណើររឿងបងប្រុសរបស់លោក យូដា ដែលមាននៅក្នុង លោកុប្បត្តិ ៣៨ ។ ។ តើ ជំពូកទី ៣៧, ៣៨ និង ៣៩ដែលបានកើតឡើងជាមួយគ្នា បង្រៀនអ្នកអ្វីខ្លះអំពីបរិសុទ្ធភាព ?
សូមមើលផងដែរ កូរិនថូសទី១ ១០:១៣; នីហ្វៃទី ១ ១៥:២៣–២៤; នីហ្វៃទី ៣ ១៨:១៧–១៨ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
លោកុប្បត្តិ ៣៧ ។ប្រសិនបើអ្នកជាប្អូនប្រុសម្នាក់របស់យ៉ូសែប តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីរារាំងមិនឲ្យមានការច្រណែនធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយលោកចុះទន់ខ្សោយ ? តើវានឹងជួយយើងដើម្បី « និយាយ…ដោយស្រួល » ជាមួយគ្នាយ៉ាងដូចម្តេចខ្លះ ? ( ខទី ៤ ) ។
-
លោកុប្បត្តិ ៣៩ ។វីដេអូ « The Refiner’s Fire » និង « After the Storm » ( ChurchofJesusChrist.org ) ទាក់ទងនឹងបទពិសោធន៍នៃមនុស្សដែលបានទទួលកម្លាំងតាមរយៈការងាកទៅរកព្រះអម្ចាស់អំឡុងពេលជួបឧបសគ្គ ។ ប្រហែលជាអ្នកអាចមើលវីដេអូណាមួយនៃវីដេអូទាំងនោះ ហើយនិយាយអំពីអ្វី ដែលយ៉ូសែបអាចនឹងនិយាយ ប្រសិនបើលោកត្រូវធ្វើវីដេអូអំពីបទពិសោធន៍របស់លោក ។ អ្នកអាចច្រៀងជាមួយគ្នានូវបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ហើយសូមរកមើលដំបូន្មានដែលក្រុមគ្រួសាររបស់អ្នកអាចចែកចាយជាមួយយ៉ូសែប កាលដែលលោកប្រឈមមុខនឹងឧបសគ្គរបស់លោក ។
-
លោកុប្បត្តិ ៣៩:៧–១២ ។ការអានអំពីខគម្ពីរទាំងនេះអាចផ្តល់ឲ្យនូវឱកាសដើម្បីពិភាក្សាអំពីក្រិត្យវិន័យនៃច្បាប់បរិសុទ្ធភាពជាមួយក្រុមគ្រួសាររបស់អ្នក ។ ទាំងនេះគឺជាធនធានមួយចំនួនដែលអាចជួយជាមួយការពិភាក្សាទាំងនេះ ៖ យ៉ាកុប ២:២៨; អាលម៉ា ៣៩:៣–៩; « ភាពបរិសុទ្ធខាងផ្លូវភេទ » ( នៅក្នុង ដើម្បី កម្លាំងនៃយុវជន [ ឆ្នាំ ២០១១ ] ទំព័រ ២៦–២៨ ) « Sexual Intimacy Is Sacred and Beautiful » ( នៅក្នុង Help for Parents [ ឆ្នាំ ២០១៩ ], AddressingPornography.ChurchofJesusChrist.org ) ។
-
លោកុប្បត្តិ ៤១:១៥–៥៧ ។តើយើងរៀនអ្វីខ្លះ មកពីខគម្ពីរទាំងនេះអំពីរបៀបដែលព្រះអម្ចាស់ប្រទានពរជ័យដល់ប្រជាជនអេស៊ីព្ទ តាមរយៈយ៉ូសែប ? តើយើងអាចរៀនអ្វីខ្លះអំពីការរៀបចំសម្រាប់ភាពអាសន្ននៅពេលអនាគត ? សូមពិភាក្សាពីអ្វីដែលអ្នកអាចធ្វើដើម្បីរៀបចំខ្លួនជាក្រុមគ្រួសារបានកាន់តែប្រសើរ ? សម្រាប់ជាគំនិត សូមមើល Gospel Topics Emergency Preparedness, topics.ChurchofJesusChrist.org.
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានស្នើ ៖ « ព្រះយេស៊ូវជាសម្លាញ់យើង » សៀវភៅចម្រៀងកុមារ ទំព័រ ៣៧ ។