« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ ៖ ‹ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា
លោកុប្បត្តិ ២៨–៣៣
« ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ »
កាលអ្នកអាន លោកុប្បត្តិ ២៨–៣៣ សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនចេញពីគំរូរបស់យ៉ាកុប និងក្រុមគ្រួសាររបស់លោក ។ សូមសរសេរចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ជំពូកទី ២៨ និង ៣២ នៃលោកុប្បត្តិប្រាប់ពីបទពិសោធន៍ខាងវិញ្ញាណពីរដែលព្យាការី យ៉ាកុប មាន ។ បទពិសោធន៍ទាំងពីរបានកើតឡើងនៅក្នុងទីរហោស្ថាន ប៉ុន្តែក្រោមកាលៈទេសៈខុសគ្នា ។ បទពិសោធន៍ទីមួយ យ៉ាកុប បានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ម្តាយដើម្បីទៅរកប្រពន្ធ នៅតាមផ្លូវ បានដេកនៅលើថ្មជាខ្នើយ ។ លោកប្រហែលជាមិនបានរំពឹងទុកថានឹងរកឃើញព្រះអម្ចាស់នៅក្នុងកន្លែងស្ងាត់ជ្រងំនោះទេ ប៉ុន្តែព្រះបានបង្ហាញព្រះអង្គទ្រង់ទៅកាន់យ៉ាកុប នៅក្នុងសុបិនដែលធ្វើឲ្យជីវិតមានការផ្លាស់ប្តូរ ហើយយ៉ាកុប បានប្រកាសថា « ពិតប្រាកដជាព្រះយេហូវ៉ា ទ្រង់គង់នៅទីនេះ តែអញមិនបានដឹងទេ » ( លោកុប្បត្តិ ២៨:១៦ ) ។ ជាច្រើនឆ្នាំ ក្រោយមក យ៉ាកុប បានចូលទៅក្នុងទីរហោស្ថានម្តងទៀត ។ លើកនេះលោកកំពុងធ្វើដំណើរត្រឡប់ទៅស្រុកកាណាន វិញ ដោយប្រឈមមុខនឹងការជួបជុំគ្នាដ៏មានគ្រោះថ្នាក់ដល់ស្លាប់ ជាមួយអេសាវ បងប្រុសរបស់លោកដែលកំពុងខឹង ។ ប៉ុន្តែ យ៉ាកុប បានដឹងថា នៅពេលលោកត្រូវការពរជ័យ លោកអាចស្វែងរកព្រះអម្ចាស់ ទោះបីជានៅក្នុងទីរហោស្ថានក៏ដោយ ( សូមមើល លោកុប្បត្តិ ៣២ ) ។
អ្នកអាចឃើញខ្លួនអ្នក នៅទីរហោស្ថានរបស់អ្នកស្វែងរកពរជ័យពីព្រះ ។ ទីរហោស្ថានរបស់អ្នកអាចជាទំនាក់ទំនងមិនល្អក្នុងគ្រួសារ ដូចជា យ៉ាកុប មាន ។ ប្រហែលជាអ្នកមានអារម្មណ៍ឃ្លាតឆ្ងាយពីព្រះ ឬមានអារម្មណ៍ថា អ្នកត្រូវការពរជ័យ ។ ពេលខ្លះពរជ័យទទួលបានដោយពុំបានរំពឹងទុក ពេលខ្លះទៀត ទទួលបានដោយការពុះពារ ។ អ្វីក៏ដោយដែលអ្នកត្រូវការ អ្នកអាចទទួលបាន សូម្បីតែនៅទីរហោស្ថានរបស់អ្នកក៏ដោយ « ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ » ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំត្រូវបានសន្យានូវពរជ័យរបស់អ័ប្រាហាំ នៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅតាមផ្លូវទៅខារ៉ាន ដើម្បីទៅរកប្រពន្ធ យ៉ាកុប បានសុបិនឃើញកាំជណ្តើរមួយបញ្ឈរចេញពីផែនដីទៅកាន់ស្ថានសួគ៌ ដោយមានព្រះសណ្ឋិតនៅលើនោះ ។ នៅក្នុងសុបិន ព្រះបានរំឭកជាមួយយ៉ាកុប នូវសេចក្តីសញ្ញាដូចគ្នាដែលទ្រង់បានធ្វើជាមួយអ័ប្រាហាំ និង អ៊ីសាក ( សូមមើល លោកុប្បត្តិ ២៨:១០–១៧; សូមមើលផងដែរ លោកុប្បត្តិ ១២:២–៣; ២៦:១–៤ ) ។ ប្រធាន ម៉ារីអន ជី. រ៉ូមនី បានចែកចាយគំនិតនេះអំពីអ្វីដែលកាំជណ្តើរនេះអាចតំណាងឲ្យ ៖ « យ៉ាកុប បានដឹងថា សេចក្តីសញ្ញាដែលគាត់បានធ្វើជាមួយព្រះអម្ចាស់នៅទីនោះ គឺជាកាំជណ្តើរដែលលោកខ្លួនឯងត្រូវឡើងដើម្បីទទួលបានពរជ័យដែលបានសន្យា—ពរជ័យដែលនឹងធ្វើឲ្យលោកអាចចូលទៅកាន់ស្ថានសួគ៌ និងអាចទំនាក់ទំនងជាមួយព្រះអម្ចាស់ ។ … ព្រះវិហារបរិសុទ្ធគឺសម្រាប់យើងទាំងអស់គ្នា តើ បេត-អែល មានន័យយ៉ាងណាចំពោះយ៉ាកុប » ( « Temples—The Gates to Heaven » Ensign ខែ មីនា ឆ្នាំ ១៩៧១ ទំព័រ ១៦ ) ។
តើមានពាក្យ និងឃ្លាណាផ្សេងទៀតទេនៅក្នុង លោកុប្បត្តិ ២៨:១០–២២ បានស្នើដល់អ្នកនូវទំនាក់ទំនងរវាងបទពិសោធន៍របស់យ៉ាកុប និងពរជ័យនៃព្រះវិហារបរិសុទ្ធ ? នៅពេលអ្នកអានខគម្ពីរទាំងនេះ សូមគិតអំពីសេចក្តីសញ្ញាដែលអ្នកបានធ្វើ តើអ្នកមានចំណាប់អារម្មណ៍អ្វីខ្លះ ?
នៅពេលអ្នកអាន លោកុប្បត្តិ ២៩:១–១៨ សូមពិចារណាពីរបៀបដែលអាពាហ៍ពិពាហ៍របស់ រ៉ាជែល មានសារៈសំខាន់ចំពោះសេចក្តីសញ្ញាដែលព្រះបានរំឭកជាមួយយ៉ាកុប នៅឯបេត-អែល ( « ដំណាក់នៃព្រះ » សូមមើល លោកុប្បត្តិ ២៨:១០–១៩ ) ។ សូមគិតពីបទពិសោធន៍នេះនៅក្នុងចិត្តនៅពេលអ្នកបន្តអានអំពីជីវិតរបស់យ៉ាកុប នៅក្នុង លោកុប្បត្តិ ២៩–៣៣ ។ តើដំណាក់នៃព្រះអម្ចាស់នាំឲ្យអ្នកកាន់តែខិតជិតព្រះអម្ចាស់យ៉ាងដូចម្តេច ?
សូមមើលផងដែរ យ៉ុន ហាន់ ឆន « Don’t Look Around, Look Up! » Liahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩០–៩២ ) ។
ព្រះអម្ចាស់នឹកចាំខ្ញុំពេលខ្ញុំមានទុក្ខលំបាក ។
ទោះបីជា រ៉ាជែល និង លេអា បានរស់នៅក្នុងគ្រាមួយ និងវប្បធម៌ខុសគ្នាពីយើងក្តី ក៏យើងទាំងអស់គ្នាអាចយល់នូវអារម្មណ៍របស់ពួកគេដែលពួកគេមានផងដែរ ។ នៅពេលអ្នកអាន លោកុប្បត្តិ ២៩:៣១–៣៥ និង ៣០:១–២៤ សូមរកមើលពាក្យ និងឃ្លាដែលពិពណ៌នាសេចក្តីមេត្តារបស់ព្រះចំពោះ រ៉ាជែល និង លេអា ។ សូមពិចារណាពីរបៀបដែលព្រះបាន « ទតមើលសេចក្តីទុក្ខលំបាក [ របស់អ្នក ] » ហើយ « នឹកចាំ » អ្នក « លោកុប្បត្តិ ២៩:៣២; ៣០:២២ ) ។
វាក៏សំខាន់ដើម្បីនឹកចាំផងដែរថា ទោះបីជាព្រះស្តាប់ឮយើង នៅក្នុងព្រះប្រាជ្ញារបស់ទ្រង់ ក៏ទ្រង់មិនតែងតែប្រទានអ្វីដែលយើងសុំជានិច្ចនោះទេ ។ សូមពិចារណាសិក្សាសារលិខិតរបស់អែលឌើរ ប្រ៊ូក ភី ហែល៍ « Answers to Prayer » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១១–១៤ ) ដើម្បីរៀនអំពីវិធីខុសៗគ្នាដែលព្រះវរបិតាសួគ៌ឆ្លើយតបមកយើង ។
ចំពោះព័ត៌មានបន្ថែមទៀតអំពីប្រវត្តិវប្បធម៌នៃដំណើររឿងនេះ សូមមើល សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្ស ៖ លោកុប្បត្តិ–សាំយ៉ូអែលទី ២ ( ឆ្នាំ ២០០៣ ) ទំព័រ ៨៦-៨៨ ។
ព្រះអង្គសង្រ្គោះអាចជួយយើងយកឈ្នះការមិនចុះសម្រុងនៅក្នុងគ្រួសាររបស់យើង ។
នៅពេលយ៉ាកុប បានត្រឡប់ទៅកាន់ស្រុកកាណានវិញ លោកបាន « ភ័យខ្លាចជាខ្លាំង ហើយមានសេចក្តីថប់ព្រួយក្នុងទ្រូង » អំពីរបៀបដែលអេសាវ នឹងទទួលលោក ( លោកុប្បត្តិ ៣២:៧ ) ។ នៅពេលអ្នកអាននៅក្នុង លោកុប្បត្តិ ៣២–៣៣ អំពីការជួបរបស់យ៉ាកុប ជាមួយអេសាវ និងអារម្មណ៍របស់លោកដែលដឹកនាំទៅរកការភ័យខ្លាចនេះ នោះអ្នកអាចសញ្ជឹងគិតអំពីទំនាក់ទំនងក្នុងក្រុមគ្រួសាររបស់អ្នក—ប្រហែលជាការដែលត្រូវការនូវការព្យាបាល ។ ប្រហែលជាដំណើររឿងនេះអាចបំផុសគំនិតអ្នកឲ្យឈោងទៅជួយនរណាម្នាក់ ។ សំណួរដូចនេះ អាចជួយដឹកនាំការអានរបស់អ្នក ៖
-
តើយ៉ាកុបបានរៀបចំខ្លួនដើម្បីជួបអេសាវ យ៉ាងដូចម្តេច ?
-
តើអ្វីដែលលេចធ្លោចំពោះអ្នកអំពីការអធិស្ឋានរបស់យ៉ាកុប នៅក្នុង លោកុប្បត្តិ ៣២:៩–១២ ?
-
តើអ្នករៀនអ្វីអំពីការអភ័យទោសចេញពីគំរូរបស់អេសាវ ?
-
តើព្រះអង្គសង្រ្គោះអាចជួយយើងឲ្យព្យាបាលទំនាក់ទំនងក្នុងក្រុមគ្រួសារយ៉ាងដូចម្តេច ?
សូមមើលផងដែរ លូកា ១៥:១១–៣២; ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Liahona ខែ វិឆ្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៧–៧៩ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
លោកុប្បត្តិ ២៨–៣៣ ។សូមប្រើ « យ៉ាកុប និងគ្រួសាររបស់លោក » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ដើម្បីជួយកុមារយល់អំពីព្រឹត្តិការណ៍ចេញពីជំពូកទាំងនេះ ។ ប្រហែលជាសមាជិកគ្រួសារអាចឈប់បន្តិចនៅលើរូបភាពនីមួយៗ ហើយគូសបញ្ជាក់អំពីអ្វីដែលបានបង្រៀន ដូចជា សារៈសំខាន់នៃអាពាហ៍ពិពាហ៍ សេចក្តីសញ្ញា ការងារ និងការអភ័យទោស ។
-
លោកុប្បត្តិ ២៨:១០–២២ ។អ្នកអាចប្រើជណ្តើរ ( ឬរូបភាពមួយ ) ដើម្បីនិយាយអំពីរបៀបដែលសេចក្តីសញ្ញាគឺប្រៀបដូចជាជណ្តើរ ។ តើសេចក្តីសញ្ញាអ្វី ដែលយើងបានធ្វើ ហើយតើវានាំឲ្យយើងខិតកាន់តែជិតព្រះយ៉ាងដូចម្តេច ? សមាជិកគ្រួសារអាចរីករាយនឹងការគូរគំនូររូបអំពីសុបិនរបស់យ៉ាកុប ដែលបានពិពណ៌នានៅក្នុង លោកុប្បត្តិ ២៨:១០–២២ ។
ចម្រៀង « ឱ ! សូមនៅជិតព្រះអង្គ » ( ទំនុកតម្កើង ល.រ. ៤៩ ) ត្រូវបានបំផុសគំនិតដោយសុបិនរបស់យ៉ាកុប ។ ក្រុមគ្រួសាររបស់អ្នកអាចច្រៀងបទចម្រៀងនេះ ហើយពិភាក្សាអំពីអ្វីដែលខគម្ពីរនីមួយៗបង្រៀន ។
-
លោកុប្បត្តិ ៣២:២៤–៣២ ។អ្នកអាចមានសមាជិកគ្រួសារដែលចូលចិត្តការពុះពារ ។ ហេតុអ្វី « ការពុះពារ » ជាវិធីល្អដើម្បីពិពណ៌នាការស្វែងរកពរជ័យមកពីព្រះអម្ចាស់ ? តើ អេណុស ១:១–៥; អាលម៉ា ៨:៩–១០ ផ្ដល់យោបល់អំពីអត្ថន័យដល់ « ការពុះពារ…ចំពោះព្រះ ? »
-
លោកុប្បត្តិ ៣៣:១–១២ ។បន្ទាប់ពីមានអារម្មណ៍តានតឹងអស់ជាច្រើនឆ្នាំ យ៉ាកុប និងអេសាបានជួបជុំគ្នាវិញ ។ ប្រសិនបើ យ៉ាកុប និងអេសាវ អាចនិយាយមកកាន់យើងសព្វថ្ងៃនេះ តើពួកលោកអាចនឹងនិយាយអ្វីដើម្បីជួយយើង នៅពេលមានការឈ្លោះប្រកែកគ្នានៅក្នុងក្រុមគ្រួសាររបស់យើង ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « កូនចៅនៃព្រះអើយទ្រង់គង់ក្បែរអ្នក » ទំនុកតម្កើង ល.រ. ៤៥ ។