« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ ៖ ‹ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៧–១៣ ខែ មីនា ។ លោកុប្បត្តិ ៣៧–៤១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ មីនា
លោកុប្បត្តិ ៣៧–៤១
« ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប »
តើសេចក្តីពិតនៅក្នុង លោកុប្បត្តិ ៣៧-៤១ អ្វីខ្លះដែលកុមារនៅក្នុងថ្នាក់រៀនរបស់បងប្អូនត្រូវការដើម្បីយល់បានកាន់តែប្រសើរ ? សូមយកចិត្តទុកដាក់ទៅលើការបំផុសគំនិតដែលកើតមានចំពោះបងប្អូន នៅពេលបងប្អូនរៀបចំខ្លួនដើម្បីបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យកុមារគូររូបពីអ្វីមួយដែលពួកគេបានរៀនអំពីដំណឹងល្អនៅគេហដ្ឋាន ឬនៅព្រះវិហារ ។ សូមឲ្យកុមារចែកចាយនិងរៀបរាប់អំពីគំនូររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចមានចិត្តល្អចំពោះក្រុមគ្រួសាររបស់ខ្ញុំ ។
បងប្រុសរបស់យ៉ូសែបច្រណែននឹងលោក ហើយប្រព្រឹត្តចំពោះលោកដោយចិត្តព្រៃផ្សៃ ។ តើបងប្អូនអាចជួយកុមារឲ្យយល់អំពីសារៈសំខាន់នៃការមានសន្តានចិត្តល្អចំពោះអ្នកដទៃជាពិសេសចំពោះសមាជិកគ្រួសាររបស់យើងយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីប្រាប់ពីដំណើររឿងរបស់យ៉ូសែប និងបងប្រុសៗរបស់លោកនៅក្នុង លោកុប្បត្តិ ៣៧ បងប្អូនអាចប្រើរូបភាពនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឬ « យ៉ូសែបនៅស្រុកអេស៊ីព្ទ ( នៅក្នុង ដំណើររឿងក្នុងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមឲ្យកុមារចែកចាយព៌ត័មានលម្អិតនូវអ្វីដែលពួកគេដឹងអំពីដំណើររឿងនេះ ។ សួរសំណួរដល់ពួកគេដូចជា « តើបងប្រុសៗរបស់យ៉ូសែបមានសន្តានចិត្តអាក្រក់ចំពោះលោកដូចម្តេចខ្លះ ? » សូមជួយកុមារឲ្យគិតអំពីដំណើររឿងដែលបងប្រុសៗអាចនឹងធ្វើដើម្បី បង្ហាញសេចក្តីស្រឡាញ់ចំពោះយ៉ូសែប ។ តើយើងគួរធ្វើអ្វី នៅពេលយើងមានអារម្មណ៍ខឹងចំពោះសមាជិកគ្រួសាររបស់យើង ?
-
សូមបង្ហាញរូបភាពក្រុមគ្រួសារមួយ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១១២ ) ឬ អញ្ជើញកុមារគូររូបភាពរបស់គ្រួសារពួកគេ ។ ចូរសុំឲ្យពួកគេចែកចាយអំពីរបៀបដែលពួកគេអាចមានសន្តានចិត្តល្អ ចំពោះសមាជិកគ្រួសាររបស់ពួកគេ ។
-
សូមច្រៀងជាមួយគ្នានូវបទចម្រៀងអំពីក្រុមគ្រួសាររបស់យើង ដូចជាបទ « ក្រុមគ្រួសាររីករាយ» ( សៀវភៅចម្រៀងកុមារទំព័រ ១០៤ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យគ្រួសាររបស់យើងរីករាយ ?
-
សូមឲ្យកុមារផាត់ពណ៌ទំព័រសកម្មភាពសប្ដាហ៍នេះនៅក្នុងចន្លោះដែលបានផ្តល់ឲ្យសូមគូររូបនៃសមាជិកគ្រួសារដែលកំពុងធ្វើល្អ ។
លោកុប្បត្តិ ៣៧:១៨–២៨; ៣៩:២០-២៣
ព្រះអាចជួយខ្ញុំនៅពេលមានរឿងមិនល្អកើតឡើង ។
មានរឿងមិនល្អជាច្រើនកើតឡើងចំពោះយ៉ូសែប ប៉ុន្តែលោកបានជ្រើសរើស រក្សាបទបញ្ញត្តិ ហើយព្រះអម្ចាស់គង់នៅជាមួយលោក ។ កុមារតូចៗអាចរៀនអំពីដំណើររឿងដែលថា ព្រះចង់ជួយពួកគេក្នុងអំឡុងពេលគ្រាលំបាកនៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយរូបភាពព្រះអង្គសង្គ្រោះកំពុងជួយអស់អ្នកដែលប្រឈមមុខនឹងឧបសគ្គ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៤០–៤៣ ) ។ សូមអញ្ជើញកុមារចែកចាយរបៀបដែលព្រះអង្គសង្គ្រោះកំពុងជួយមនុស្ស ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះអម្ចាស់អាចជួយយើង នៅពេលដែលមានរឿងអាក្រក់កើតឡើងចំពោះយើង ។
-
សូមច្រៀងចម្រៀងអំពីសេចក្តីស្រឡាញ់និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គសង្រ្គោះ ចំពោះយើងដូចជាបទ « ព្រះយេស៊ូវជាសម្លាញ់យើង » ( សៀវភៅចម្រៀងកុមារទំព័រ ៣៧ ) ។ សូមចែកចាយបទពិសោន៍ នៅពេលបងប្អូនមានអារម្មណ៍ទទួលសេចក្តីស្រឡាញ់របស់ព្រះក្នុងអំឡុងគ្រាលំបាក ។ សូមបង្ហាញរូបភាពនៃព្រះយេស៊ូវ ហើយអញ្ជើញកុមារឲ្យចែកចាយអំពីអារម្មណ៍ដែលពួកគេមានចំពោះទ្រង់ ។
ព្រះអាចព្រមានខ្ញុំអំពីគ្រោះថ្នាក់ ។
ព្រះបានជួយយ៉ូសែបឲ្យមានការយល់ដឹងថាសុបិនរបស់ផារ៉ោនគឺជាការព្រមានឲ្យរៀបចំសម្រាប់គ្រាលំបាកដែលនឹងមកនាពេលអនាគត ។ សូមជួយកុមារយល់ថា ព្រះអាចព្រមានពួកគេអំពីគ្រោះថ្នាក់ រួមទាំងគ្រោះថ្នាក់ខាងវិញ្ញាណដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពង្រាយរូបភាពអាហារនៅជុំវិញបន្ទប់ ហើយឲ្យកុមារប្រមូលវា ហើយ « ប្រមូលទុក » នៅក្នុងប្រអប់មួយ ។ សូមប្រើសកម្មភាពនេះដើម្បីប្រាប់កុមារអំពីរបៀបដែលព្រះ បានព្រមាន ផារ៉ោនឲ្យរៀបចំសម្រាប់ពេលវេលាដែលគ្មានអាហារ ( សូមមើល លោកុប្បត្តិ ៤១:១៥-៣៦, ៤៧-៥៧ ) ។ ចូរឲ្យកុមារគូររូបអំពីអ្វីៗនៅក្នុងសុបិនរបស់ផារ៉ោន ហើយបន្ទាប់មកប្រើប្រាស់រូបភាពរបស់ពួកគេដើម្បីបង្រៀនក្រុមគ្រួសារពួកគេនៅឯគេហដ្ឋាន ។
-
សូមបង្ហាញរូបភាពព្យាការី បច្ចុប្បន្ន ។ សូមប្រាប់កុមារអំពីការបង្រៀនឬការព្រមាន ដែលព្រះបានប្រទានដល់យើងតាមរយៈលោក ។ សូមពន្យល់ថាយើងនឹងទទួលពរ និងការការពារ នៅពេលយើងធ្វើតាមព្យាការី ។ សូមអញ្ជើញកុមារឲ្យធ្វើកាយវិការដែលពួកគេអាចធ្វើដើម្បីធ្វើតាមដំបូន្មានរបស់ព្យាការី ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
លោកុប្បត្តិ ៣៩:១–៣, ២០–២៣ ; ៤១:៣៨
ប្រសិនបើខ្ញុំ ស្មោះត្រង់ ព្រះនឹងជួយខ្ញុំអំឡុងគ្រាលំបាក ។
ទោះបីជាយ៉ូសែប បានជួបនឹងការសាកល្បងដ៏លំបាកជាច្រើនក្តីតែលោកនៅតែបន្តស្មោះត្រង់ « ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ » ( លោកុប្បត្តិ ៣៩:៣ ) ។ បទពិសោធន៍របស់លោកអាចជួយកុមារឲ្យមានអារម្មណ៍នៃទំនុកចិត្តថាព្រះនឹងជួយពួកគេអំឡុងគ្រាលំបាក ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារស្វែងរកពាក្យ ឬ ឃ្លា នៅក្នុង លោកុប្បត្តិ ៣៩:១–៣, ២០–២៣ ; ៤១:៣៨ ដែលបង្ហាញថា ព្រះបាននៅជាមួយយ៉ូសែប អំឡុងគ្រាលំបាករបស់លោក ។ ប្រសិនបើអាចធ្វើទៅបាន សូមអញ្ជើញកុមារឲ្យធ្វើទីសម្គាល់តូចមួយ បង្ហាញឃ្លាមួយដែលពួកគេរកឃើញ ។ សូមលើកទឹកចិត្តពួកគេឲ្យយកទីសម្គាល់របស់ពួកគេទៅផ្ទះ ដើម្បីរំឮកពួកគេថា ព្រះអម្ចាស់នឹងគង់នៅជាមួយពួកគេ អំឡុងគ្រាលំបាករបស់ពួកគេ ។
-
សូមអញ្ជើញឲ្យកុមារចែកចាយអំពីអ្វីដែលពួកគេបានគិតអំំពីឃ្លា « ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប » មានអត្ថន័យដូចម្តេច ( លោកុប្បត្តិ ៣៩:២ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ នៅពេលដែលពួកគេមានអារម្មណ៍ថា ព្រះអម្ចាស់គង់ជាមួយពួកគេ ឬ ក្រុមគ្រួសារពួកគេក្នុងអំឡុងពេលគ្រាលំបាក ។ សូមចែកចាយបទពិសោធន៍ស្រដៀងគ្នាមកពីជីវិតរបស់បងប្អូន ។
ខ្ញុំអាចរីករាយ នៅពេលដំណើររឿងល្អៗកើតឡើងចំពោះអ្នកដទៃ ។
ភាពច្រណែននាំឲ្យបងប្រុសៗរបស់យ៉ូសែបជ្រើសរើសធ្វើរឿងអាក្រក់ ។ ការជ្រើសរើសខុសរបស់ពួកគេធ្វើឲ្យយ៉ូសែបឈឺចាប់ និងធ្វើឲ្យឳពុកពួកគេខូចចិត្ត ។ ដំណើររឿងនេះអាចជួយកុមារឲ្យជ្រើសរើស យកភាពរីករាយ នៅពេលដែលអ្នកដទៃ បានទទួលពរពីព្រះអម្ចាស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យរំឮកក្នុង លោកុប្បត្តិ ៣៧:៣-១១ ហើយ គូររូបអាវក្រៅរបស់យ៉ូសែប និងសុបិនទាំងពីររបស់លោក ។ តើបងប្រុសៗរបស់យ៉ូសែប មានអារម្មណ៍បែបណាចំពោះយ៉ូសែប ? តើពួកគេឆ្លើយតបផ្សេងពីនេះដោយរបៀបណា ? សូមពិភាក្សាថា ហេតុអ្វីវាសំខាន់ដែលយើងត្រូវរីករាយ នៅពេលមានរឿងល្អៗកើតឡើងចំពោះមនុស្សដទៃ ។
-
សូមឲ្យកុមារចែកចាយអំពីស្ថានភាពមួយចំនួនដែលមនុស្សមា្នក់ប្រហែលជាមានអារម្មណ៍ច្រណែននរណាម្នាក់ទៀត ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សដទៃ ដូចជាបទ « ចូរអ្នកស្រឡាញ់គ្នា » ( សៀវភៅចម្រៀងកុមារលេខ ៧៤ ) ។ សូមបញ្ជាក់ថា ព្រះវរបិតាសួគ៌ អាចជួយយើងឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់ជំនួសអារម្មណ៍ច្រណែនវិញបាន ។
ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះខ្ញុំអាចគេចចេញពីការល្បួង ។
កុមារដែលបងប្អូនបង្រៀនអាចបង្កើនភាពរឹងមាំ តាមរយៈគំរូរបស់យ៉ូសែបនៃការគេចចេញពីការល្បួង នៅពេលពួកគេប្រឈមមុខនឹងការល្បួងពេញមួយជីវិត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់យ៉ូសែប និងភរិយារបស់ប៉ូទីផារ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១១ ) ហើយចែកចាយដំណើររឿងនៅក្នុង លោកុប្បត្តិ ៣៩:៧–១២ ។ តើយ៉ូសែបទប់ទល់នឹងការល្បួងបានយ៉ាងដូចម្តេច ? ជួយកុមារស្វែងរកពាក្យនៅក្នុង លោកុប្បត្តិ ៣៩:៧–១២ ដែលឆ្លើយនឹងសំណួរនេះ—ឧទាហរណ៍ យ៉ូសែបបានដឹងថាការនៅជាមួយភរិយារបស់ប៉ូទីផារ នឹងក្លាយជា « មានបាបនៅចំពោះព្រះផង » ( ខទី៩ ) ។
-
សូមអញ្ជើញឲ្យកុមារគិតអំពីស្ថានភាពដែលកុមារអាយុស្របាលពួកគេអាចនឹងត្រូវបានល្បួងឲ្យជ្រើសរើសខុស ។ សូមឲ្យពួកគេសម្តែងពីរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់យ៉ូសែប នៅក្នុងស្ថានភាពនេះ—ឧទាហរណ៍ តើមានមធ្យោបាយណាខ្លះដែលយើងអាចចងចាំព្រះ នៅពេលដែលយើងត្រូវបានល្បួង ?
-
សូមបង្ហាញមេដែកពីរដែលតំណាងឲ្យព្រះ និងសាតាំង និងរបស់ធ្វើពីដែកតូចៗដូចជាឃ្នាបកៀបក្រដាសដែលតំណាងឲ្យយើង ។ សូមប្រើមេដែកដើម្បីចង្អុលបង្ហាញថា នៅពេលយើងខិតកាន់តែជិតព្រះ នោះឥទ្ធិពលរបស់ទ្រង់មានមកលើយើងកាន់តែខ្លាំងឡើង ហើយការពិតនេះវាដូចគ្នា នៅពេលយើងនឹងខិតកាន់តែជិតសាតាំងដែរ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីខិតកាន់តែជិតព្រះ ? តើព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងបានដូចម្តេចខ្លះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារចែកចាយអំពីរបៀបដើម្បីបំពេញប្រយោគខាងក្រោម ៖« ខ្ញុំអាចប្រែក្លាយដូចជាយ៉ូសែប តាមរយៈ » ។ សុំឲ្យពួកគេចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេនូវរបៀបបំពេញប្រយោគ ។