« ថ្ងៃទី ២១–២៧ ខែ កក្កដា ៖ ដ្បិតទីណា ‹ ត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញដែរ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ២១–២៧ ខែ កក្កដា ៖ ដ្បិតទីណា « ត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញដែរ »
គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣
នៅខែ មីនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានហៅ អ៊ីសាយ កស ឲ្យធ្វើជាទីប្រឹក្សាម្នាក់ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុងគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ( ឥឡូវនេះហៅថា គណៈប្រធានទីមួយ ) ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១ គឺជាវិវរណៈមួយដល់បងប្រុស កស អំពីការហៅថ្មីរបស់គាត់ ។ ប៉ុន្តែ អ៊ីសាយ កស មិនបានបម្រើដោយស្មោះត្រង់ទេ ដូច្នេះ ហ្វ្រែឌើរិក ជី វិលលាម្ស ក៏ត្រូវបានហៅឲ្យជំនួសគាត់ ។ ឈ្មោះរបស់បងប្រុស វិលលាម្ស បានជំនួសឈ្មោះរបស់បងប្រុស កស នៅក្នុងវិវរណៈនេះ ។
ការណ៍នោះមើលទៅហាក់ដូចជាសេចក្ដីលម្អិតតូចមួយ ប៉ុន្ដែវាបង្កប់នូវសេចក្ដីពិតដ៏សំខាន់មួយ ៖ វិវរណៈភាគច្រើននៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ត្រូវបានថ្លែងទៅកាន់មនុស្សជាក់លាក់ ប៉ុន្ដែយើងតែងអាចស្វែងរករបៀបដើម្បីអនុវត្តវាចំពោះខ្លួនយើងជានិច្ច ( សូមមើល នីហ្វៃទី១ ១៩:២៣ ) ។ នៅពេលយើងអានការប្រឹក្សារបស់ព្រះអម្ចាស់ទៅកាន់ ហ្វ្រែឌើរិក ជី វិលលាម្ស ឲ្យ « ចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រ » យើងអាចគិតពីមនុស្សដែលយើងអាចពង្រឹង ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:៥ ) ។ នៅពេលយើងអានការអញ្ជើញរបស់ព្រះអម្ចាស់ទៅកាន់សមាជិកនៃសហក្រុមឲ្យ « ភ្ជាប់ខ្លួនដោយនូវសេចក្ដីសញ្ញានេះ » យើងអាចគិតពីសេចក្តីសញ្ញារបស់យើងផ្ទាល់ ។ ហើយយើងអាចអានសេចក្តីសន្យារបស់ទ្រង់ « យើង … ជាប់សន្យាកាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលយើងមានព្រះបន្ទូល » ដូចជាទ្រង់កំពុងមានព្រះបន្ទូលមកកាន់យើង ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១០, ១៥ ) ។ យើងអាចធ្វើបែបនេះបានដោយសារ ដូចដែលព្រះអម្ចាស់បានប្រកាសថា « អ្វីក៏ដោយដែលយើងមានព្រះបន្ទូលដល់មនុស្សម្នាក់ នោះយើងមានព្រះបន្ទូលដល់មនុស្សទាំងអស់ » ( ខទី ៥ ) ។
សូមមើល « Newel K. Whitney and the United Firm » « Jesse Gause: Counselor to the Prophet » នៅក្នុង Revelations in Context ទំព័រ ១៤២–១៤៧, ១៥៥–១៥៧ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨១:៤–៥; ៨២:១៨–១៩
« អ្នកនឹងប្រព្រឹត្តល្អបំផុតចំពោះមនុស្សទូទៅ » ។
នៅក្នុងវគ្គបទគម្ពីរជាច្រើននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣ ព្រះអម្ចាស់បានអញ្ជើញយើងឲ្យជួយអ្នកដែលខ្វះខាតនៅជុំវិញយើង ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរ នៅពេលដែលបងប្អូនរកវាឃើញ ។ ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដែលពិពណ៌នាច្បាស់បំផុតគឺនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៤–៥ ។ នេះគឺជាសំណួរមួយ ចំនួនដើម្បីជួយបងប្អូនឲ្យគិតពិចារណាអំពីខគម្ពីរទាំងនេះ ៖
-
តើមានរបៀបណាខ្លះដែលបុគ្គលម្នាក់អាច « ទន់ខ្សោយ » នោះ ? តើ « ជួយ » ពួកគេមានន័យដូចម្តេច ? តើនៅពេលណាដែលការបម្រើរបស់នរណាម្នាក់ដែលមានលក្ខណៈដូចជាព្រះគ្រីស្ទបានជួយខ្ញុំ នៅពេលខ្ញុំមានអារម្មណ៍ទន់ខ្សោយ ?
-
តាមន័យធៀប តើអ្វីទៅដែលអាចបណ្ដាលឲ្យដៃរបស់បុគ្គលម្នាក់ « រោយ » ? តើខ្ញុំអាច « លើក » ដៃទាំងនោះតាមរបៀបណា ?
-
តើ « ក្បាលជង្គង់ដែលញ័រ » អាចមានន័យយ៉ាងណា ? តើក្បាលជង្គង់នោះត្រូវបានពង្រឹងដោយរបៀបណា ?
តើព្រះអង្គសង្គ្រោះធ្វើកិច្ចការទាំងនេះសម្រាប់បងប្អូនដោយរបៀបណា ?
ប្រហែលការសិក្សាខគម្ពីរនេះរំឭកដល់បងប្អូនអំពីនរណាមា្នក់ ដែលបងប្អូនអាច « ជួយ » « លើក » ឬ « ចម្រើនកម្លាំង » បាន ។ តើបងប្អូននឹងធ្វើអ្វីខ្លះ ដើម្បីផ្ដល់ការងារបម្រើដល់បុគ្គលនោះ ?
តើបងប្អូនរៀនអ្វីខ្លះទៀតអំពីការបម្រើដល់អ្នកដទៃនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១៨–១៩ ? បងប្អូនក៏អាចមើលវីដេអូ « Teachings of Thomas S. Monson: Rescuing Those in Need » ( បណ្ណាល័យដំណឹងល្អ ) ផងដែរ ។ តើសមាជិកវួដរបស់ប៊ីស្សព ម៉នសុន ជាគំរូអំពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនដោយរបៀបណា ?
សូមមើលផងដែរ យ៉ាកុប ២:១៧–១៩; ម៉ូសាយ ១៨:៨–៩; « Works of God » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:៣
ព្រះអង្គសង្គ្រោះបានប្រទានឲ្យខ្ញុំជាច្រើន ហើយតម្រូវជាច្រើនពីខ្ញុំ
ការអានខគម្ពីរនេះអាចជំរុញបងប្អូនឲ្យពិនិត្យឡើងវិញនូវអ្វីដែលព្រះបានប្រទានដល់បងប្អូន—ទាំងពរជ័យខាងរូបកាយ និងខាងវិញ្ញាណ ។ សូមចាំការណ៍នេះក្នុងចិត្តនៅពេលបងប្អូនអាន កណ្ឌទី ៨២ ដែលនៅសេសសល់ ។ តើបងប្អូនមានអារម្មណ៍ថាព្រះតម្រូវអ្វីខ្លះពីបងប្អូន ?
សូមមើលផងដែរ ៖ « ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » ទំនុកតម្កើង ល.រ. ១៣៤ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:៨–១០
បទបញ្ញត្តិទាំងឡាយគឺជាភស្ដុតាងនៃសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង ។
ប្រសិនបើបងប្អូន ឬនរណាម្នាក់ដែលបងប្អូនស្គាល់ធ្លាប់បានឆ្ងល់អំពីមូលហេតុ ដែលព្រះអម្ចាស់ប្រទានបទបញ្ញត្តិជាច្រើននោះ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:៨–១០ អាចជួយបាន ។ តើការយល់ដឹងអ្វីខ្លះមកពីខគម្ពីរទាំងនេះអាចជួយបងប្អូនឲ្យពន្យល់ដល់នរណាម្នាក់ អំពីមូលហេតុដែលបងប្អូនជ្រើសរើសធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ? តើបងប្អូនអាចប្រៀបធៀបបទបញ្ញត្តិទាំងឡាយទៅនឹងអ្វីដែលអាចជួយបានអ្វីខ្លះ ? បងប្អូនអាចស្វែងរកការយល់ដឹងបន្ថែមនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៧–៣៨; ១៣០:២០–២១ និងវីដេអូ « Blessed and Happy Are Those Who Keep the Commandments of God » ( បណ្ណាល័យដំណឹងល្អ ) ។ តើបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនបងប្អូនឲ្យមើលឃើញបទបញ្ញត្តិទាំងឡាយថាជាពរជ័យ ?
សូមគិតអំពីបទបញ្ញត្តិមួយចំនួនដែលព្រះបានប្រទានដល់បងប្អូន ។ តើបទបញ្ញត្តិទាំងនេះបានបង្រៀនបងប្អូនអ្វីខ្លះអំពីទ្រង់ និងព្រះឆន្ទៈរបស់ទ្រង់ ? ( សូមមើល ខទី ៨ ) ។ តើជីវិតរបស់បងប្អូនបានទទួលឥទ្ធិពលពីការគោរពតាមបទបញ្ញត្តិទាំងនេះដោយរបៀបណា ?
តើបងប្អូនរៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញពី ខទី ១០ ? តើបងប្អូនគិតថាវាមានន័យយ៉ាងណាសម្រាប់ព្រះអម្ចាស់ក្នុងការ « ជាប់ » សន្យា ? ( សូមមើផងដែរ ខទី ១៥ ) ។
តើព្រះអម្ចាស់បានគោរពសេចក្តីសន្យារបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ? តើបងប្អូនអាចនិយាយអ្វីទៅកាន់នរណាម្នាក់ដែលមិនមានអារម្មណ៍ថាត្រូវគោរពតាមបទបញ្ញត្តិទាំងឡាយ ដោយសារពួកគេមិនបានទទួលពរជ័យដែលពួកគេបានសង្ឃឹមចង់បាននោះ ? តើបងប្អូនរកឃើញការយល់ដឹងដែលមានប្រយោជន៍នៅក្នុងសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « ទំនាក់ទំនងរបស់យើងជាមួយព្រះ » ? ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧៨–៨០ ) ។
សូមមើលផងដែរ Topics and Questions « Commandments » នៅលើបណ្ណាល័យដំណឹងល្អ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១០
ព្រះអម្ចាស់ប្រទានពរជ័យដល់យើងតាមវិធីដ៏អស្ចារ្យរបស់ទ្រង់
ស៊ីស្ទើរ វឺជីញ៉ា អេច ភៀស ជាអតីតសមាជិកនៃគណៈប្រធានយុវនារីទូទៅ បានមានប្រសាសន៍អំពីស្រ្តីម្នាក់ ដែលបានព្រួយបារម្ភអំពីកូនៗដ៏មានះរបស់គាត់ ដែលធ្វើការជ្រើសរើសមិនសុចរិត ។ ដោយសឹងតែភ័យស្លន់ស្លោ គាត់បានព្យាយាមគ្រប់យ៉ាងដែលគាត់អាចគិតឃើញ ដើម្បីស្វែងរកពរជ័យពីព្រះអម្ចាស់ជំនួសឲ្យពួកគេ ។ បន្ថែមពីលើការអធិស្ឋានដ៏ក្លៀវក្លា គាត់បានដាក់គោលដៅដ៏ធំមួយអំពីការចូលរួមព្រះវិហារបរិសុទ្ធឲ្យបានកាន់តែច្រើន ហើយមានអារម្មណ៍ជឿជាក់ថា ព្រះអម្ចាស់នឹងឲ្យតម្លៃលើពលិកម្មដ៏សំខាន់នេះ តាមរយៈការផ្លាស់ប្តូរដួងចិត្តកូនៗរបស់គាត់ ។ ស្ត្រីរូបនេះបានថ្លែងថា ៖
« បន្ទាប់ពីការចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធអស់ដប់ឆ្នាំ ហើយការអធិស្ឋានដ៏ខ្ជាប់ខ្ជួន ខ្ញុំសោកស្តាយដោយអាចនិយាយថា ការជ្រើសរើសរបស់កូនខ្ញុំមិនបានផ្លាស់ប្តូរទេ ។…
« ប៉ុន្តែខ្ញុំជាអ្នកផ្លាស់ប្តូរ ។ ខ្ញុំជាស្រ្តីថ្មីម្នាក់ ។… ដួងចិត្តខ្ញុំទន់ភ្លន់ជាងមុន ។ ខ្ញុំពេញដោយក្ដីមេត្តា ។ ខ្ញុំពិតជាអាចធ្វើបានច្រើនជាងនេះ ហើយខ្ញុំគ្មានការភ័យខ្លាច ការថប់បារម្ភ កំហុស ការស្តីបន្ទោស និងការខ្លាចញញើតនោះទេ ។ ខ្ញុំបានលែងគិតអំពីពេលវេលាដ៏មានដែនកំណត់របស់ខ្ញុំ ហើយខ្ញុំអាចរង់ចាំព្រះអម្ចាស់បាន ។ ហើយខ្ញុំដកពិសោធន៍ការបើកសម្ដែងជាញឹកញាប់អំពីព្រះចេស្ដារបស់ព្រះអម្ចាស់ ។ ទ្រង់បញ្ជូនសេចក្ដីមេត្តាករុណា សារលិខិតតូចៗដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ និងកូនៗរបស់ខ្ញុំ ។ ការរំពឹងទុករបស់ខ្ញុំបានផ្លាស់ប្តូរ ។ ជំនួសឲ្យការរំពឹងថាកូនៗរបស់ខ្ញុំផ្លាស់ប្តូរ ខ្ញុំរំពឹងថាមានសេចក្តីមេត្តាកុរណាដ៏ទន់ភ្លន់ទាំងនេះជាញឹកញាប់ ហើយខ្ញុំមានអំណរគុណសម្រាប់សេចក្តីមេត្តាករុណាទាំងនេះ ។…
« ការអធិស្ឋានរបស់ខ្ញុំបានផ្លាស់ប្តូរ ។ ខ្ញុំបង្ហាញសេចក្តីស្រឡាញ់កាន់តែច្រើន និងកាន់តែមានអំណរគុណ ។… ព្រះអម្ចាស់ធ្វើការតាមវិធីដ៏អស្ចារ្យ ហើយខ្ញុំពិតជាពោរពេញដោយសេចក្តីសុខសាន្តដែលជួយផ្តល់ចំណេះដឹងដល់ខ្ញុំ » ( នៅក្នុង « Prayer: A Small and Simple Thing » At the Pulpit [ ឆ្នាំ ២០១៧ ] ទំព័រ ២៨៨–២៨៩ ) ។
« ពួកស្រីមេម៉ាយ និងកុមារកំព្រាគួរត្រូវបានផ្គត់ផ្គង់ » ។
នៅខែ មេសា ឆ្នាំ ១៨៣២ ដូចបានណែនាំដោយព្រះអម្ចាស់ យ៉ូសែប ស្ម៊ីធ បានធ្វើដំណើរជិត ៨០០ ម៉ែលស៍ដើម្បីទៅសួរសុខទុក្ខពួកបរិសុទ្ធ ដែលបានប្រជុំគ្នានៅរដ្ឋមិសសួរី ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៨:៩ ) ។ ពេលលោកនៅទីនោះ លោកបានទៅលេងសហគមន៍មួយដែលមានស្ត្រីមេម៉ាយជាច្រើននាក់ចិញ្ចឹមកូនៗតែម្នាក់ឯង ។ នៅក្នុងចំណោមពួកគេមាន ហ្វីប៊ី ភែក និង អាណា រ៉ូជើរ ដែលព្យាការីស្គាល់ពួកគេដោយផ្ទាល់ ។ នៅរដ្ឋមិសសួរីក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ ច្បាប់រដ្ឋបានផ្ដល់សិទ្ធិមានកម្រិតដល់ស្រីមេម៉ាយ ចំពោះទ្រព្យរបស់ស្វាមីដែលបានស្លាប់ទៅរបស់ពួកគេ ។ តើបងប្អូនរៀនអ្វីខ្លះមកពី កណ្ឌទី ៨៣ អំពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យអំពីស្រីមេម៉ាយ និងកុមារកំព្រា ? តើបងប្អូនស្គាល់នរណាម្នាក់ក្នុងស្ថានភាពនេះ ដែលនឹងទទួលប្រយោជន៍ពីសេចក្ដីស្រឡាញ់ ឬការថែទាំរបស់បងប្អូនដែរឬទេ ? តើមានរបៀបណាខ្លះដែលបងប្អូនអាចចែកចាយអ្វីដែលបងប្អូនមានជាមួយស្ត្រីមេម៉ាយ កុមារកំព្រា ម្តាយទោល និងអ្នកផ្សេងទៀតដែលត្រូវការជំនួយ ?
សូមមើលផងដែរ អេសាយ ១:១៧; យ៉ាកុប ១:២៧ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៣
ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះ « ដោយការចេញសំឡេង និងទាំងនៅក្នុងចិត្ត [ របស់ខ្ញុំ ] » ។
-
នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៣ ជាមួយកូនៗរបស់បងប្អូន សូមជួយពួកគេគិតពី « ទីសាធារណៈ » និង « ទីសម្ងាត់ » ផ្សេងៗដែលពួកគេអាចអធិស្ឋាន ។ បងប្អូនក៏អាចស្តាប់ ឬច្រៀងជាមួយពួកគេនូវទំនុកតម្កើងអំពីការអធិស្ឋាន ដូចជាបទ « ការអធិស្ឋានស្ងប់ស្ងាត់ » ( ទំនុកតម្កើង ល.រ. ៧៨ ) ។ សូមចែកចាយដល់គ្នាទៅវិញទៅមកនូវអ្វីមួយចេញមកពីទំនុកតម្កើង ដែលបង្រៀនសេចក្ដីពិតដ៏សំខាន់មួយអំពីការអធិស្ឋាន ។ បងប្អូនក៏អាចជជែកអំពីការនិយាយដោយការគោរពចំពោះព្រះវរបិតាសួគ៌ផងដែរ ។
-
ដើម្បីលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យអធិស្ឋាននៅក្នុងចិត្តរបស់ពួកគេ នោះបងប្អូនអាចឲ្យរូបបេះដូងក្រដាសទៅពួកគេ ហើយអញ្ជើញពួកគេឲ្យគូរ ឬសរសេរអ្វីមួយដែលពួកគេចង់អធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ជ្រាបដឹងពីអ្វីដែលយើងកំពុងគិត និងមានអារម្មណ៍ ហើយទ្រង់អាចស្តាប់ការអធិស្ឋានរបស់យើង ទោះបីជាយើងមិននិយាយវាខ្លាំងៗក៏ដោយ ។ បងប្អូនអាចនឹងចែកចាយជាមួយពួកគេនូវបទពិសោធន៍មួយ នៅពេលបងប្អូនអធិស្ឋាននៅក្នុងចិត្តរបស់បងប្អូន ហើយព្រះវរបិតាសួគ៌បានឮបងប្អូន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំជួយមនុស្សដែលខ្វះខាត
-
សូមគូររូបដៃ និងជង្គង់ជាមួយកូនៗរបស់បងប្អូន ហើយសុំឲ្យកូនៗរបស់បងប្អូនស្វែងរកផ្នែកនៃរាងកាយទាំងនេះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨១:៥ ។ តើព្រះអម្ចាស់បានបង្គាប់យើងឲ្យធ្វើអ្វីនៅក្នុងខគម្ពីរនេះ ? បងប្អូនអាចនឹងចែកចាយជាមួយគ្នានូវរបៀបមួយចំនួន ដែលមនុស្សបានពង្រឹងដល់បងប្អូននៅពេលបងប្អូនមានអារម្មណ៍ថា « ទន់ខ្សោយ » ឬ « ញ័រ » ។ វីដេអូ « Pass It On » នៅលើគេហទំព័រ ( ChurchofJesusChrist.org ) អាចផ្ដល់គំនិតជាច្រើនដល់កូនៗរបស់បងប្អូន អំពីរបៀបដែលពួកគេបម្រើដល់អ្នកដទៃ ។ បងប្អូនក៏អាចច្រៀងអំពីការបម្រើ ដូចជាបទ « តើខ្ញុំបានធ្វើល្អឬទេ ? » ( ទំនុកតម្កើង ល.រ. ១៣៨ )។ សូមពិចារណាជួយកូនៗរបស់បងប្អូនឲ្យដាក់ផែនការ ដើម្បីជួយយ៉ាងហោចណាស់មនុស្សម្នាក់ដែលខ្វះខាតនៅសប្តាហ៍នេះ ។
-
បងប្អូនក៏អាចប្រើរូបភាព ឬវីដេអូដើម្បីប្រាប់ពីដំណើររឿងសាមញ្ញៗអំពីព្រះយេស៊ូវគ្រីស្ទ ដែលបម្រើដល់អ្នកដទៃផងដែរ ( សូមមើលរូបភាពនៅក្នុងគម្រោងមេរៀននេះ សៀវភៅរូបភាពដំណឹងល្អ លេខ ៤១, ៤២, ៤៦, ៤៧, ៥៥ ឬខ្សែវីដេអូមួយមកពី វីដេអូព្រះគម្ពីរប៊ីប នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។ តើយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្ដីពីការជួយដល់មនុស្សដទៃយ៉ាងដូចម្ដេច ?
គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១០
ព្រះវរបិតាសួគ៌សន្យានូវពរជ័យជាច្រើន នៅពេលខ្ញុំព្យាយាមគោរពតាមទ្រង់ ។
-
បងប្អូន និងកូនៗរបស់បងប្អូនអាចមើលនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:៨–១០ សម្រាប់ចម្លើយចំពោះសំណួរ « ហេតុអ្វីព្រះវរបិតាសួគ៌ប្រទានព្រះបញ្ញត្តិដល់យើង ? » បងប្អូនអាចនឹងចង់ជួយកូនៗរបស់បងប្អូនគិតអំពីគំរូនៃព្រះបញ្ញត្តិរបស់ទ្រង់ ( សូមមើល ឧទាហរណ៍ និក្ខមនំ ២០:៤–១៧; ម៉ាថាយ ២២:៣៧–៣៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:៥–១៧ ) ។ វាអាចជាជំនួយមួយ ប្រសិនបើបងប្អូន និងកូនៗរបស់បងប្អូនរកឃើញ ឬគូររូបដើម្បីតំណាងឲ្យគំរូនៃព្រះបញ្ញត្តិទាំងឡាយនោះ ។ តើបទបញ្ញត្តិរបស់ព្រះវបិតាសួគ៌ បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងដោយរបៀបណា ?
-
ប្រហែលជាល្បែងសាមញ្ញមួយអាចនឹងជួយកូនៗរបស់បងប្អូនមើលឃើញបទបញ្ញត្តិរបស់ព្រះថាជាពរជ័យ មិនមែនជាបន្ទុកនោះទេ ។ មនុស្សម្នាក់អាចផ្តល់ការណែនាំដើម្បីជួយមនុស្សម្នាក់ទៀតដែលបិទភ្នែកធ្វើអ្វីមួយ ដូចជា ធ្វើនំសាំងវិច ឬគូររូបជាដើម ។ សូមគិតអំពីអ្វីមួយសប្បាយ និងច្នៃប្រឌិត ! បន្ទាប់មក សូមនិយាយអំពីរបៀបដែលបទបញ្ញត្តិរបស់ព្រះ គឺដូចជាការណែនាំនៅក្នុងល្បែងនេះដែរ ។