« បទបញ្ញត្តិទាំងឡាយ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
បទបញ្ញត្តិទាំងឡាយ
សេចក្ដីពិតដ៏ទេវភាពដើម្បីដឹកនាំយើងនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ព្រះ
តើបងប្អូនធ្លាប់កត់សម្គាល់ទេថាតើមានស្លាកសញ្ញាប៉ុន្មាន ដែលបានដាក់នៅតាមថ្នល់ និងផ្លូវល្បឿនលឿន ? ស្លាកសញ្ញាមួយចំនួនផ្តល់នូវការណែនាំដើម្បីជួយអ្នកបើកបរធ្វើដំណើរទៅកាន់កន្លែងដែលពួកគេចង់ទៅ ។ ស្លាកសញ្ញាផ្សេងទៀតគឺសម្រាប់សុវត្ថិភាពដោយបង្ហាញពីការកំណត់ល្បឿន ឬសារព្រមានអំពីលក្ខខណ្ឌផ្លូវនានា ។ ប្រសិនបើអ្នកបើកបរសម្រេចចិត្តមិនអើពើនឹងស្លាកសញ្ញាលើដងផ្លូវទាំងនេះ នោះពួកគេអាចធ្វើឲ្យខ្លួនឯង និងអ្នកផ្សេងទៀតមានគ្រោះថ្នាក់បាន ។ បទបញ្ញត្តិទាំងឡាយរបស់ព្រះវរបិតាសួគ៌គឺស្រដៀងគ្នានឹងស្លាកសញ្ញាតាមដងផ្លូវដែរ ។ នៅពេលដែលគោរពតាម នោះព្រះបញ្ញត្តិទាំងនោះដឹកនាំបងប្អូននៅលើផ្លូវដែលនាំទៅកាន់ទីវត្តមានរបស់ព្រះ ។ បទបញ្ញត្តិទាំងនោះណែនាំបងប្អូនអំពីរបៀបស្វែងរកសេចក្ដីសុខសាន្ត និងអំណរនៅក្នុងជីវិតនេះ ។ បទបញ្ញត្តិទាំងឡាយរបស់ព្រះក៏អាចជួយបងប្អូនឲ្យចៀសវាងនូវគ្រោះថ្នាក់ខាងវិញ្ញាណ និងខាងសាច់ឈាមជាច្រើននៅក្នុងលោកិយនេះផងដែរ ។
បទបញ្ញត្តិទាំងឡាយគឺជាភស្តុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះបងប្អូន ។ ការជ្រើសរើសដើម្បីរក្សាព្រះបញ្ញត្តិទាំងឡាយនាំមកនូវពរជ័យ និងអំណរក្នុងជីវិតរបស់បងប្អូន ។ ការគោរពប្រត្តិបតិតាមបទបញ្ញត្តិទាំងឡាយក៏នឹងរៀបចំបងប្អូនឲ្យត្រឡប់ទៅរស់នៅជាមួយនឹងព្រះវិញជារៀងរហូតផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:៨–១០ ) ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « សេចក្តីស្រឡាញ់ដ៏លើសលប់ និងឥតខ្ចោះរបស់ព្រះបង្ហាញនៅក្នុងគ្រប់ពរជ័យទាំងអស់នៃផែនការដំណឹងល្អរបស់ទ្រង់ រួមទាំងការពិតដែលថាពរជ័យដ៏វិសេសបំផុតរបស់ទ្រង់ត្រូវបានបម្រុងទុកសម្រាប់អស់អ្នកទាំងឡាយណាដែលគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។
ផ្នែកទី ១
ព្រះបញ្ញត្តិគឺជាផ្នែកដ៏សំខាន់មួយនៃការរស់នៅតាមដំណឹងល្អ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថាព្រះបញ្ញត្តិដ៏ធំជាងគេបំផុត គឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃ ។ បទបញ្ញត្តិផ្សេងទៀតផ្តល់នូវការណែនាំអំពីរបៀបធ្វើកិច្ចការទាំងពីរនេះ ។ ( សូមមើល ម៉ាថាយ ២២:៣៧–៤០ ) ។
ព្រះគម្ពីរបង្ហាញថាព្រះបានបង្រៀននូវបទបញ្ញត្តិទាំងឡាយតាមរយៈព្យាការីចាប់តាំងពីសម័យលោកអ័ដាម និងនាងអេវ៉ាមកម៉្លេះ ( សូមមើល ម៉ូសេ ៥:៤–៥ ) ។ មនុស្សជាច្រើននៅទូទាំងពិភពលោកបានស្គាល់ក្រឹត្យវិន័យដប់ប្រការដែលព្រះយេហូវ៉ាបានបង្ហាញដល់ម៉ូសេ ( សូមមើល និក្ខមនំ ២០:៣–១៧ ) ។ ក្រឹត្យវិន័យដ៍ទេវភាពទាំងនេះត្រូវបានគូសបញ្ជាក់ឡើងវិញនៅក្នុងជំនាន់របស់យើង រួមជាមួយនឹងសេចក្តីពិតសំខាន់ៗផ្សេងទៀត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៩–២៩; ៥៩:៥–១៣ ) ។ ព្រះបញ្ញត្តិរបស់ព្រះហាមប្រាមអំពើអសីលធម៌ដូចជា ការមិនស្មោះត្រង់ ការក្បត់ និងអំពើឃាតកម្មជាដើម ។ ព្រះក៏បានប្រទានព្រះបញ្ញត្តិឲ្យធ្វើល្អ ដូចជាការអធិស្ឋាន សូមការអភ័យទោស និងថែទាំដល់អស់អ្នកដែលខ្វះខាត ។
ការគោរពតាមព្រះបញ្ញត្តិរបស់យើងគឺជាកាជំរុញចិត្តដ៏ល្អបំផុតដោយសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងមានការលំបាកក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ទ្រង់អញ្ជើញយើងឲ្យប្រែចិត្ត ហើយបែរទៅរកទ្រង់វិញ ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
សូមអាន ម៉ាថាយ ២២:៣៧–៤០ ។ ហេតុអ្វីបងប្អូនគិតថាព្រះយេស៊ូវមានបន្ទូលថា បទបញ្ញត្តិដ៏ធំជាងគេបំផុតគឺស្រឡាញ់ព្រះ ហើយស្រឡាញ់អ្នកដទៃ ? តើព្រះបញ្ញត្តិផ្សេងទៀតឆ្លុះបញ្ចាំងពីអត្ថន័យនៃព្រះបញ្ញត្តិទាំងពីរនេះតាមរបៀបណា ?
-
សូមស្រមៃថាមាននរណាម្នាក់បានលើកឡើងថា ការធ្វើតាមបទបញ្ញត្តិរបស់ព្រះនីមួយៗមិនសំខាន់ទេ ។ តើបងប្អូននឹងឆ្លើយតបដោយរបៀបណា ? តើបងប្អូនមានបទពិសោធន៍អ្វីខ្លះដែលធ្វើឲ្យការដឹងគុណរបស់បងប្អូនមានកាន់តែខ្លាំងឡើងចំពោះបទបញ្ញត្តិរបស់ព្រះ ?
-
សូមអាន ម៉ាកុស ១០:១៧–២២ ដោយស្វែងរករបៀបដែលកំលោះអ្នកមាន មានអារម្មណ៍អំពីបទបញ្ញត្តិទាំងឡាយ ។ តើបងប្អូនរៀនអ្វីខ្លះអំពីការគោរពតាមបទបញ្ញត្តិចេញពីការប្រាស្រ័យទាក់ទងរបស់លោកជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ? ប្រសិនបើបងប្អូនដាក់ខ្លួនរបស់បងប្អូននៅក្នុងស្ថានភាពរបស់កំលោះអ្នកមាននេះ តើបងប្អូនមានអារម្មណ៍ថាព្រះយេស៊ូវនឹងអញ្ជើញបងប្អូនឲ្យធ្វើការផ្លាស់ប្តូរអ្វីខ្លះ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមមើល « Why Does God Give Us Commandments? » ( ០:៣៩ ) ។ បន្ទាប់ពីបានមើលវីដេអូរួចហើយ បងប្អូនអាចធ្វើបញ្ជីនៃបទបញ្ញត្តិដែលបងប្អូនបានធ្វើតាម និងពរជ័យដែលបងប្អូនបានទទួលសម្រាប់ការស្តាប់បង្គាប់របស់បងប្អូន ។ បងប្អូនក៏អាចនិយាយអំពីមូលហេតុដែលវាមានសារៈសំខាន់ដើម្បីពិនិត្យមើលបទបញ្ញត្តិទាំងឡាយចេញពីទស្សនៈរបស់ព្រះផងដែរ ។
ស្វែងយល់បន្ថែមទៀត
-
សាស្តា ១២:១៣; ម៉ូសាយ ២:៤១; ១២:៣៣-៣៧; ១៣:១១–២៦; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១
-
អិល វិតនី ក្លេតុន « Whatsoever He Saith unto You, Do It » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៧–៩៩
-
« The Greatest Commandment » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
ផ្នែកទី ២
បទបញ្ញត្តិនាំយើងឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ទ្រង់ថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥; សូមមើលផងដែរ ខទី ២១ ) ។ ជំហាននីមួយៗនៃការគោរពប្រតិបត្តិតាមគឺជាការបង្ហាញនូវសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះ ហើយនាំបងប្អូនឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលបងប្អូនទទួលបុណ្យជ្រមុជទឹក នោះបងប្អូនបានចុះសេចក្តីសញ្ញា ឬសន្យាដើម្បីរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ ប៉ុន្តែពេលខ្លះបងប្អូនប្រហែលជាពិបាកក្នុងការធ្វើតាម ។ ដោយសារព្រះស្រឡាញ់បងប្អូន ទ្រង់អញ្ជើញបងប្អូនឲ្យប្រែចិត្តជាញឹកញាប់ ហើយងាកទៅរកទ្រង់វិញ ។ ប្រហែលជាមានពេលខ្លះដែលវាមិនច្បាស់ថាមូលហេតុអ្វីបានជាព្រះប្រទាននូវបទបញ្ញត្តិជាក់លាក់មួយនោះទេ ។ ក្នុងករណីនោះ ព្រះសព្វព្រះទ័យចង់ឲ្យបងប្អូនអនុវត្តសេចក្តីជំនឿលើទ្រង់ ។ គ្រប់ការណ៍ទាំងអស់នឹងបានផ្សំគ្នា សម្រាប់សេចក្ដីល្អ នៅពេលបងប្អូនទុកចិត្តលើព្រះ ហើយព្យាយាមគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០០:១៥ ) ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
ប្រធាន ហារ៉ូល ប៊ី លី បានថ្លែងថា ៖ « បទបញ្ញត្តិដែលសំខាន់ជាងគេបំផុតនៅក្នុងចំណោមបទបញ្ញត្តិទាំងឡាយរបស់ព្រះ គឺបទបញ្ញតិមួយដែលបងប្អូនមានការពិបាកបំផុតដើម្បីកាន់តាមបទបញ្ញត្តិនោះនៅសព្វថ្ងៃនេះឯង » ។ តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីផ្តោតទៅលើការព្យាយាមដើម្បីគោរពតាមបទបញ្ញត្តិនោះ ?
-
ពេលខ្លះការគោរពតាមបទបញ្ញត្តិអាចមានអារម្មណ៍ដូចជាការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ។ សូមអាន នីហ្វៃទី១ ៣:៧ ។ តើវគ្គបទគម្ពីរនេះអាចជួយយ៉ាងដូចម្ដេចប្រសិនបើបងប្អូនតស៊ូដើម្បីគោរពតាមបទបញ្ញត្តិមួយរបស់ព្រះ ដូចជាការបង់ដង្វាយមួយភាគដប់ ឬការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
បងប្អូនអាចប្រើវីដេអូ « Following God » ( ១:២៥ ) ដើម្បីពិភាក្សាអំពីរបៀបដែលការប្រែចិត្តជាទៀងទាត់គឺជាផ្នែកដ៏សំខាន់មួយនៃការព្យាយាមគោរពតាមបទបញ្ញត្តិរបស់ព្រះ ។
ស្វែងយល់បន្ថែមទៀត
-
ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័ ១៥–១៨
-
ខារូល អិម ស្ទីហ្វិនស៍ « If Ye Love Me, Keep My Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៨–១២០