បណ្ណាល័យ
សិទ្ធិ​ជ្រើសរើស


« សិទ្ធិ​ជ្រើសរើស » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ស្ត្រី​កំពុង​ឈរ​នៅ​មុខ​ផ្លូវ​បំបែក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

សិទ្ធិ​ជ្រើសរើស

អំណោយទាន​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួនឯង

ពីមុន​បងប្អូន​កើតមក បងប្អូន​បាន​រស់​នៅ​ជា​បុត្រា ឬ​បុត្រី​ជា​វិញ្ញាណ​របស់​ព្រះ ។ បងប្អូន​បាន​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ឲ្យ​បងប្អូន​រីក​ចម្រើន ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​អំណោយទាន​នៃ​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌ ដែល​មាន​ន័យ​ថា​បងប្អូន​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​តាម​ព្រះ និង​ផែនការ​របស់​ទ្រង់ ឬ​ក៏​មិន​ធ្វើ​តាម ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៧៨ ) ។ គោលការណ៍​នៃ​សិទ្ធ​ជ្រើសរើស​ផ្ដល់​អំណាច​ដល់​បងប្អូន​ដើម្បី​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួនឯង ( នីហ្វៃទី២ ២:១៦ ) ។ វា​ក៏​មាន​ន័យ​ថា បងប្អូន​ទទួល​ខុស​ត្រូវ​ចំពោះ​ជម្រើស​របស់​បងប្អូន​ផងដែរ ( សូមមើល ហេលេមិន ១៤:២៩–៣១ ) ។

នៅ​ក្នុង​ជីវិត​មុន​​ជីវិត​លើ​ផែនដី​ សាតាំង « បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស » ( ម៉ូសេ ៤:៣ ) ហើយ​ពួក​ពល​បរិវា​មួយ​ចំនួន​បាន​ដើរ​តាម​វា ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៩:៣៥–៣៦ ) ។ ការ​ពិត​ដែល​បងប្អូន​មាន​វត្តមាន​នៅ​ទីនេះ​លើ​ផែនដី មាន​ន័យ​ថា​បងប្អូន​បាន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​ដើម្បី​ទទួល​យក​ផែនការ​របស់​ព្រះ ហើយ​ដើរ​តាម​ទ្រង់ ( សូមមើល អ័ប្រាហាំ ៣:២៤–២៦, ២៨ ) ។ តាម​រយៈ​ការ​ណែនាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះ​នឹង​ពង្រឹង​បងប្អូន​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ក្នុង​ការ​ប្រើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ដើម្បី​ធ្វើ​តាម​ទ្រង់ ។ នៅ​ពេល​បងប្អូន​ជ្រើស​រើស​ធ្វើ​ជា​មនុស្ស​សុចរិត បងប្អូន​នឹង​រក​ឃើញ​សេចក្ដី​សុខសាន្ត និង​អំណរ​កាន់​តែ​ប្រសើរ​ឡើង ហើយ​នៅ​ទីបំផុត​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

តើ​សិទ្ធិ​ជ្រើសរើស​ជាអ្វី ?

ព្រះ​បាន​ប្រទាន​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​នូវ​សមត្ថភាព និង​អភ័យ​ឯកសិទ្ធិ​​ក្នុង​ការ « ធ្វើ​សកម្មភាព​ដោយខ្លួន​ឯង​ ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ » ( នីហ្វៃទី២ ២:២៦ ) ។ នេះ​មាន​ន័យ​ថា​យើង​អាច​ជ្រើស​រើស​ថា​តើ​ត្រូវ​គោរព​តាម​បញ្ញត្តិ​របស់​ព្រះ​ឬ​អត់ ។ យើង​នឹង​ទទួល​នូវ​លទ្ធផល—ល្អ ឬ​អាក្រក់–សម្រាប់​ជម្រើស​របស់​យើង ។ ព្រះ​បាន​ពិពណ៌នា​អំណោយទាន​នេះ​ថា​ជា « សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:៧៨ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ សិទ្ធិ​ជ្រើសរើស និង​ការទទួលខុសត្រូវ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ, ​ជីវិត​មុន​ជីវិត​លើ​ផែនដី, ជីវិត​រមែងស្លាប់, ការគោរព​ប្រតិបត្តិ 

ផ្នែកទី ១

បងប្អូន​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើស​ដែល​បងប្អូន​ធ្វើ​នៅក្នុង​ជីវិត​នេះ

រូបភាព
ស្រ្តី​ម្នាក់​កំពុង​ដើរ​នៅលើ​ផ្លូវ

បងប្អូន​ធ្វើ​ការ​ជ្រើស​រើស​រាប់​រយ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​អ្វីៗ​ដែល​បងប្អូនគិត និយាយ និង​ធ្វើ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​មួយ​ចំនួន​របស់​យើង « នឹង​មិន​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ក្នុង​គ្រោងការណ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ​ទេ ហើយ​ខ្លះ​ទៀត​នឹង​ធ្វើឲ្យ​មាន​ភាពខុសគ្នា ទាំង​ស្រុង » ។ ដោយ​មាន​ជំនួយ​ពី​ព្រះ បងប្អូន​អាច​ដឹង​ថា​ជម្រើស​មួយ​ណា​សំខាន់​បំផុត ។

មូលហេតុ​មួយ​ដែល​ព្រះ​បញ្ជូន​បុត្រាបុត្រី​របស់​ទ្រង់​មក​ផែនដី​គឺ​ដើម្បី « សាកល្បង​ពួក​គេ … បើ​សិន​ជា​ពួក​គេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ នឹង​បញ្ជា​ដល់​ពួក​គេ »​( អ័ប្រាហាំ ៣:២៥ ) ។ នៅ​ក្នុង​លោក​នេះ បងប្អូន​ប្រឈម​មុខ​នឹង « ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ » ( នីហ្វៃទី២ ២:១១ ) ឱកាស​រាប់​មិន​អស់​ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន ។ ថ្ងៃណាមួយ​បងប្អូន​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​គំនិត ពាក្យសម្ដី និង​ទង្វើ​របស់​បងប្អូន ( សូមមើល ម៉ូសាយ ៤:៣០ ) ។ របៀប​ដែល​បងប្អូន​ប្រើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​របស់​បងប្អូន​នឹង​ដុសខាត់​បទពិសោធន៍​របស់​បងប្អូន​ក្នុង​ជីវិត​នេះ និង​នៅបរលោក ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់ថា ៖ « នៅក្នុង​រូបភាព​ដ៏ធំ​នៃ​ការបង្ក​បង្កើត​របស់​ព្រះ​ទាំងអស់ មាន​អ្វី​ដែល​ធ្វើ​សកម្មភាព និង​ទទួល​សកម្មភាព​ផង ( សូមមើល នីហ្វៃទី២ ២:១៣–១៤ ) ។ … ដោយ​ទទួល​បាន​សិទ្ធិ​ជ្រើសរើស បងប្អូន និងខ្ញុំ​គឺជា​ភ្នាក់ងារ ហើយ​ជាចម្បង​យើង​ត្រូវធ្វើ​សកម្មភាព​មិនមែន​គ្រាន់តែ​ទទួលរង​នូវ​សកម្មភាព​នោះទេ » ។ តើ​សេចក្ដី​ថ្លែងការណ៍​នេះ​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​បុត្រាបុត្រី​របស់​ព្រះ និង​ការបង្ក​បង្កើត​ផ្សេង​ទៀត​របស់​ព្រះ​ដោយ​របៀបណា ? ហេតុអ្វី​បងប្អូន​គិត​ថា​គោលការណ៍​នៃ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​គឺ​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​បុត្រាបុត្រី​របស់​ទ្រង់ ?

  • សូម​ពិចារណា​អំពី​ការ​អាន​នូវ​អ្វី​ដែល លីហៃ បាន​បង្រៀន​កូន​ប្រុស​របស់​គាត់ យ៉ាកុប អំពី​សារៈសំខាន់​នៃ​សិទ្ធិ​ជ្រើសរើស​នៅ​ក្នុង នីហ្វៃទី២ ២:២៦–២៩ ។ តើ​បងប្អូន​នឹង​ពិពណ៌នា​អំពី​បទពិសោធន៍​នៃ​សេរីភាព និង​ការ​ជាប់​ឃុំ​ឃាំង​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ​ដោយ​របៀបណា ? តើ​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​របៀប​ដើម្បី « ជ្រើសរើស​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច » ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ទស្សនា​វីដេអូ « The Ten Virgins » ( ១:៤០ ) ឬ​អាន​រួមគ្នា​អំពី​រឿង​ប្រៀបប្រដូច​អំពី​ស្រ្តីព្រហ្មចារី​ដប់នាក់​នៅក្នុង ម៉ាថាយ ២៥:១–១៣ ។ ពិភាក្សា​អំពី​អ្វី​ដែល​រឿង​ប្រៀបប្រដូច​នេះ​បង្រៀន​អំពី​សិទ្ធិ​ជ្រើសរើស ។ និយាយ​អំពី​របៀប​ដែល​បងប្អូន​អាច​ជ្រើសរើស ដើម្បី​ត្រៀមខ្លួន​ទៅ​ជួប​ព្រះអង្គសង្គ្រោះ ។

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជ្រើសរើស​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​នៅក្នុង​គ្រប់ការណ៍​ទាំងអស់

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​វ័យ​ក្មេង​កំពុង​បង្រៀន​ពួក​បុរសៗ

នៅ​ពេល​ដែល​ព្រះយេស៊ូវ​មាន​ព្រះជន្ម ១២ ឆ្នាំ ម៉ារា និង យ៉ូសែប បាន​ដឹង​ថា​ទ្រង់​មិន​នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ទេ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ត្រឡប់​ពី​ក្រុង​យេរូសាឡិម​មក​ផ្ទះវិញ ។ ពួក​គេ​បាន​រក​ឃើញ​ទ្រង់​នៅ​ព្រះវិហារ​បរិសុទ្ធ​កំពុង​ឆ្លើយ​សំណួរ​ពី​អស់​អ្នក​ដែល​សិក្សា​ក្រឹត្យវិន័យ​របស់​ព្រះ ។ ម៉ារា បាន​សួរ​ព្រះយេស៊ូវ​ថា​តើ​ទ្រង់​បាន​ដឹង​ថា​ពួកគេ​បាន​ស្វែងរក​ទ្រង់​ដែរ​ឬ​ទេ ។ ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​ថា « តើ​មិន [ ជ្រាប ] ថា​គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី ? » ( លូកា ២:៤៩ ) ។ ព្រះយេស៊ូវ​តែងតែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ព្រះវាជ​បំណង​របស់​ព្រះវរបិតា​របស់​ទ្រង់ ( សូមមើល លូកា ២២:៤២; នីហ្វៃទី៣ ១១:១១; ២៧:១៣ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការ​ប្រើ​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌ ដើម្បី​ជ្រើសរើស​សេចក្ដី​សុចរិត​ជាជាង​ប្រយោជន៍​ផ្ទាល់ខ្លួន និង​អំពើ​បាប ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រឈម​មុខ​នឹង​ការ​ល្បួង​ក្នុង​អំឡុង​ពេលនៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដូច​យើង​ដែរ ( សូមមើល ហេព្រើរ ៤:១៥; ម៉ូសាយ ៣:៧; អាលម៉ា ៧:១១ ) ។ សូម​អាន ម៉ាថាយ ៤:១–១១ ។ តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ​មកពី​ការ​ឆ្លើយ​តប​របស់​ព្រះយេស៊ូវ​នៅ​ពេល​សាតាំង​បាន​ព្យាយាម​ឲ្យ​ទ្រង់​ជ្រើស​រើស​ដោយ​មិន​ទៀង​ត្រង់ ?

  • នៅក្នុង​សុន្ទរកថា « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « តើ​ការឈ្នះ​លោកិយ​មាន​ន័យ​ដូចម្តេច ? វា​មាន​ន័យ​ថា ការយកឈ្នះ​លើ​ការល្បួង​ដែល​​នាំ​ឲ្យ​ខ្វល់ខ្វាយ​ច្រើន​ចំពោះ​របស់​ផង​លោកិយ ជាង​ការណ៍​ទាំងឡាយ​នៃ​ព្រះ​នោះ ។ វា​មាន​ន័យ​ថា ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ជាង​លើ​ទស្សនៈ​របស់​មនុស្ស ។ វា​មាន​ន័យ​ថា ការអរ​រីករាយ​នៅក្នុង​សេចក្តីពិត ការទប់ទល់​ការបោក​បញ្ឆោត ហើយ​ការប្រែ​ជា ‹ អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​រាបសា › [ នីហ្វៃទី២ ២៨:១៤ ] ។ វា​មាន​ន័យ​ថា ការជ្រើសរើស​មិនធ្វើ​អ្វី​ដែល​បណ្ដេញ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​មាន​ន័យ​ថា​ការ​មាន​ឆន្ទៈ​ក្នុង​ការ ‹ បោះបង់ចោល › សូម្បី​តែ​អំពើ​បាប​ដែល​យើង​ចូល​ចិត្ត​ក៏​ដោយ [ អាលម៉ា ២២:១៨ ] » ។ តើ​ការធ្វើ​តាម​គំរូ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ដឹកនាំ​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ឲ្យ​យកឈ្នះ​លើ​លោកិយ​ដោយ​របៀបណា ?

  • តើ​អ្វី​ខ្លះ​ដែល​អាច​រា​រាំង​បងប្អូន​ពី​ការធ្វើ​តាម​ព្រះឆន្ទះ​របស់​ព្រះវរបិតា ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​តាម​ទ្រង់​ឲ្យ​បាន​ពេញលេញ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ជាញឹកញាប់​ជម្រើស​របស់​យើង​គឺ​មិនមែន​រវាង​ត្រូវ និង​ខុស ឬ ល្អ និង​អាក្រក់​នោះ​ទេ ។ សូម​អាន​ជាមួយ​គ្នា​នូវ​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​របស់​ប្រធាន ដាល្លិន អេក អូក ថា ៖ « នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ជម្រើស​ផ្សេងៗ យើង​គួរ​ចងចាំ​ថា​វា​មិន​គ្រប់គ្រាន់​ទេ​ដែល​អ្វី​មួយ​ល្អ ។ ជម្រើស​ផ្សេងទៀត​គឺ​ប្រសើរ​ជាង ហើយ​នៅតែ​មាន​ជម្រើស​ផ្សេងៗ​ទៀត​ដែល​ល្អ​បំផុត ។ ទោះបី​ជា​ជម្រើស​ជាក់លាក់​មួយ​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ក៏​ដោយ ក៏​តម្លៃ​របស់​វា​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត » ។ និយាយ​អំពី​គោលការណ៍​មួយ​ចំនួន​ដែល​អាច​ជួយ​ណែនាំ​ឲ្យ​បងប្អូន​ធ្វើការ​ជ្រើសរើស​រវាង​ជម្រើស​ដែល​ល្អ ល្អជាង ឬ​ល្អបំផុត ។ តើ​បងប្អូន​អាច​រៀន​អ្វី​ខ្លះ​មកពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​ដែល​បងប្អូនធ្វើ​ការ​ជ្រើស​រើស​ទាំង​នោះ ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

សូមទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​បងប្អូន

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « យើង​ទាំងអស់គ្នា​មាន​សិទ្ធ​ជ្រើសរើស ។ … យើង​អាច​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​ក៏​អត់ ។ យើង​អាច​ជ្រើសរើស​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​ក៏​អត់ » ។ នៅ​ពេល​ដែល​បងប្អូន​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ជម្រើស​ដែល​បងប្អូន​ធ្វើ នោះ​បងប្អូន​បង្ហាញ​ថា​ផែនការ​របស់​ទ្រង់​មាន​អាទិភាព​ក្នុង​ជីវិត​របស់​បងប្អូន ។

ការ​ជ្រើស​រើស​ជឿ​គឺ​ជា​ជំហាន​មួយ​ក្នុង​ចំណោម​ជំហាន​ដំបូង​នៅក្នុង​ការ​ប្រើប្រាស់​សិទ្ធ​ជ្រើសរើស​របស់​បងប្អូន​ឲ្យ​បាន​ត្រឹម​ត្រូវ ។ ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បង្កើន​សេចក្តី​ជំនឿ និង​ទំនុកចិត្ត​លើ​ទ្រង់ ។ ព្រះគ្រីស្ទ​ក៏​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ជឿ​លើ​ពាក្យ​សម្ដី​របស់​ទ្រង់​ដែល​បាន​បង្ហាញ​តាម​រយៈ​ព្យាការី​របស់​ទ្រង់​ផង​ដែរ ខណៈ​ពេល​ដែល​ការ​ស្ដារ​ឡើង​វិញ​នូវ​ដំណឹងល្អ​របស់​ទ្រង់​នៅ​តែ​បន្ត ។ ពេល​បងប្អូន​ជ្រើស​រើស​មាន​សេចក្តី​ជំនឿ​ហើយ​ជឿ នោះ​បងប្អូន​នឹង​ទទួល​បាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ​កាន់​តែ​ច្រើន ហើយ​ស្វែង​រក​ភាព​ច្បាស់លាស់​នៅ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ។ បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុង​ការ​គោរព​នឹង​កើន​ឡើង ហើយ​បងប្អូន​នឹង​ជ្រើស​រើស​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា ៖ « បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នេះ ។ ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ហើយ​បន្ទាប់មក​រក្សា​សេចក្ដី​សញ្ញា​នោះ នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ដែល​មាន​សម្រាប់​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង » ។ តើ​ជម្រើស​អ្វី​ខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​រីក​ចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន នឹង ធ្វើ​ការ​ជ្រើស​រើស​អ្វី​ខ្លះ​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​នៅ​លើ​ផ្លូវ​នោះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​និយាយ​អំពី​បទពិសោធន៍​នៅពេល​ដែល​ជីវិត​មិន​បាន​ក្លាយ​ទៅជា​អ្វី​ដែល​ពួកគេ​បាន​រំពឹងទុក ។ និយាយ​អំពី​គំនិត និង​អារម្មណ៍ បទពិសោធន៍​បែប​នេះ​អាច​បង្កើត​បាន ។ សូម​ពិចារណា​អំពី​ការ​អាន អេសាយ ៥៥:៨–៩ ជាមួយ​គ្នា ហើយ​ពិភាក្សា​អំពី​មូលហេតុ​ដែល​គោលការណ៍​នៃ​ការ​អនុញ្ញាត​ឲ្យ​ព្រះ​ឈ្នះ​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត និង​ទំនុក​ចិត្ត ។

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេង​ទៀត​អំពី​សិទ្ធ​ជ្រើសរើស

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « The Three Rs of Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៧ ។

  2. ដេវីឌ អេ បែដណា « And Nothing Shall Offend Them » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩០ ។

  3. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ ។

  4. ដាល្លិន អេក អូក « Good, Better, Best » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–១០៥ ។

  5. រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២ ។

  6. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

បោះពុម្ព