« កូនសោទាំងឡាយនៃបព្វជិតភាព » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
កូនសោទាំងឡាយនៃបព្វជិតភាព
សិទ្ធិអំណាចក្នុងការដឹកនាំកិច្ចការរបស់ព្រះ
ជារៀងរាល់ថ្ងៃបងប្អូនប្រហែលជាមានបទពិសោធន៍ក្នុងការបើកទ្វារដោយប្រើប្រាស់កូនសោ ។ ការកាន់កូនសោអាចជានិមិត្តសញ្ញានៃមនុស្សដែលមានសិទ្ធិអំណាច និងសិទ្ធចូលប្រើប្រាស់ ។ កូនសោទាំងឡាយនៃបព្វជិតភាពដែលកាន់ដោយពួកអ្នកបម្រើរបស់ព្រះអម្ចាស់បានអនុញ្ញាតឲ្យពួកគេដឹកនាំពីរបៀបដែលអំណាច និងសិទ្ធិអំណាចនៃបព្វជិតភាពត្រូវបានប្រើក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ព្រះយេស៊ូវគ្រីស្ទកាន់កូនសោបព្វជិតភាពទាំងអស់ដែលទាក់ទងទៅនឹងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានប្រទានកូនសោទាំងអស់ដែលទាក់ទងទៅនឹងនគរនៃព្រះនៅលើផែនដីដល់ពួកសាវករបស់ទ្រង់ម្នាក់ៗ ។ ប្រធានសាសនាចក្រគឺជាបុគ្គលតែម្នាក់គត់ដែលត្រូវបានផ្តល់សិទ្ធអំណាចឲ្យអនុវត្តកូនសោនៃបព្វជិតភាពទាំងអស់នោះ ។
ប្រធានព្រះវិហារបរិសុទ្ធ ប្រធានបេសកកម្ម ប្រធានស្តេក ប៊ីស្សព និងប្រធានកូរ៉ុម ក៏កាន់កូនសោទាំងឡាយនៃបព្វជិតភាពផងដែរ ដែលអនុញ្ញាតឲ្យពួកគេធ្វើជាអធិបតី និងដឹកនាំកិច្ចការដែលពួកគេត្រូវបានតែងតាំងឲ្យធ្វើ ។ ដោយសារតែកូនសោទាំងឡាយនៃបព្វជិតភាព យើងអាចទទួលបាននូវពិធីបរិសុទ្ធ សេចក្ដីសញ្ញា ពរជ័យ និងអំណាចដែលយើងត្រូវការដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌របស់យើង និងព្រះអង្គសង្រ្គោះរបស់យើង ហើយប្រែក្លាយដូចទ្រង់ទាំងទ្វេ ។
ផ្នែកទី ១
សារទូតពីស្ថានសួគ៌បានស្តារឡើងវិញនូវកូនសោទាំងឡាយនៃបព្វជិតភាពនៅក្នុងសម័យយើង
ក្នុងអំឡុងពេលការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានប្រទាន « កូនសោទាំងឡាយនៃនគរស្ថានសួគ៌ » ដល់ ពេត្រុស យ៉ាកុប និង យ៉ូហាន ( សូមមើល ម៉ាថាយ ១៦:១៨-១៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៧:៥–៧ ) ។ ជាមួយនឹងការសុគតរបស់ព្រះយេស៊ូគ្រីស្ទ និងពួកសាវករបស់ទ្រង់ បព្វជិតភាព និងកូនសោនៃបព្វជិតភាពបានបាត់បង់ពីផែនដីអស់ជាច្រើនសតវត្ស ។
នៅឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បានត្រឡប់មកផែនដីវិញ ហើយបានស្ដារបព្វជិតភាពអើរ៉ុន និងកូនសោទាំឡាយរបស់វាទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៧-៧២ ) ។ មិនយូរប៉ុន្មានក្រោយមក ពេត្រុស យ៉ាកុប និង យ៉ូហានបានស្ដារបព្វជិតភាពម៉ិលគីស្សាដែក និងកូនសោទាំងឡាយរបស់វាឡើងវិញ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១២-១៣ ) ។
សារទូតពីស្ថានសួគ៌ផ្សេងទៀតរួមមាន ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បានបង្ហាញខ្លួនទៅកាន់ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ និងបានប្រគល់សិទ្ធិអំណាចបន្ថែមទៀតដើម្បីអនុវត្តកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១១-១៦ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ប្រៀបធៀប គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១–១៦ ជាមួយ ម៉ាថាយ ១៧:១–៩ ។ តើបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ស្រដៀងគ្នាទៅនឹងបទពិសោធន៍របស់ ពេត្រុស យ៉ាកុប និង យ៉ូហាន នៅលើភ្នំប្រែរូបដោយរបៀបណា ?
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥ ។ តើព្រះកំពុងរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈកូនសោទាំងឡាយនៃបព្វជិតភាពដែលទ្រង់បានប្រទានដល់អ្នកបម្រើរបស់ទ្រង់ដោយរបៀបណា ? តើអ្នករៀបចំខ្លួនឯង និងមនុស្សដទៃសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដោយវិធីណាខ្លះ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់អំពីសិទ្ធិអំណាចដែល ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បានប្រគល់ដល់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមជាមួយសមាជិកក្រុមរបស់អ្នក ៖
-
« ម៉ូសេបានប្រគល់កូនសោទាំងឡាយនៃការប្រមូលផ្ដុំអ៊ីស្រាអែល …
-
« អេលីយ៉ាស កូនសោទាំងឡាយនៃសេចក្ដីសញ្ញារបស់អ័ប្រាហាំ
-
« ហើយ អេលីយ៉ា កូនសោទាំងឡាយនៃសិទ្ធិអំណាចនៃការផ្សារភ្ជាប់ ។
-
« យ៉ូសែប ស្ម៊ីធ បានប្រគល់កូនសោទាំងឡាយនៃបព្វជិតភាពដែលបានស្ដារឡើងវិញទាំងអស់ទៅឲ្យពួកសាវក ដែលបានហៅនៅក្នុងសម័យរបស់លោក ។ បន្ដពីមួយទៅមួយ កូនសោទាំងនេះត្រូវបានផ្ទេរតាមរយៈជំនាន់នានាទៅកាន់ថ្នាក់ដឹកនាំបច្ចុប្បន្នរបស់សាសនាចក្រ ។ សព្វថ្ងៃនេះ ប្រធាននៃសាសនាចក្រកាន់នូវគ្រប់កូនសោទាំងអស់ដែលធ្លាប់កាន់ដោយ ‹ អ្នកអស់ទាំងនោះ ដែលបានទទួលគ្រាកាន់កាប់ត្រួតត្រា នៅគ្រាណាមួយក៏ដោយ ចាប់តាំងពីដើមកំណើតមនុស្សមកម្ល៉េះ › [ គោលលទ្ធិ និងសេចក្តីសញ្ញា ១១២:៣១ ] » ។
ហេតុអ្វីប្រធាននៃសាសនាចក្រចាំបាច់កាន់កូនសោទាំងឡាយនៃបព្វជិតភាពដូចគ្នានឹង កូនសោទាំងឡាយនៃបព្វជិតភាពដែលបានផ្ដល់ឲ្យ យ៉ូសែប ស្ម៊ីធ ?
-
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « Keys of the Priesthood » Ensign ខែ តុលា ឆ្នាំ ២០០៥ ទំព័រ ៤០–៤៤
-
ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Where Are the Keys and Authority of the Priesthood? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩–៣២
ផ្នែកទី ២
យើងគាំទ្រអស់អ្នកទាំងឡាយដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « គោលការណ៍គ្រឹះ ការគ្រប់គ្រង និងគោលលទ្ធិនៃសាសនាចក្រត្រូវបានដាក់នៅក្នុងកូនសោទាំងឡាយនៃនគរ » ។ នេះមានន័យថាកូនសោទាំងឡាយនៃបព្វជិតភាពដែលកាន់ដោយប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានអនុញ្ញាតឲ្យលោកចាត់ចែងការប្រព្រឹត្តិទាំងឡាយ និងពរទាំងឡាយមកលើសាសនាចក្រ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៦៥-៦៧ ) ។
សមាជិកសាសនាចក្រជាញឹកញាប់មានឱកាសក្នុងសន្និសីទ និងការប្រជុំសាក្រាម៉ង់ដើម្បីគាំទ្រដល់ថ្នាក់ដឹកនាំសាសនាចក្រទូទៅ និងក្នុងមូលដ្ឋាន ដោយរួមទាំងអស់អ្នកដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាពផងដែរ ។ ការគាំទ្របង្ហាញពីទំនុកចិត្តរបស់យើងចំពោះពួកគេ និងឆន្ទៈរបស់យើងក្នុងការគាំទ្រ ជួយ និងអធិស្ឋានសម្រាប់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៦:២ ) ។ យើងក៏អាចទទួលបានការការពារខាងវិញ្ញាណនៅពេលយើងធ្វើតាម និងគាំទ្រអស់អ្នកដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាពផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤៣:១-៧ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:២-៦ ដើម្បីរៀនសេចក្ដីពិតសំខាន់ៗអំពីកូនសោដែលកាន់ដោយសមាជិកនៃគណៈប្រធានទីមួយ ។ តើកូនសោទាំងឡាយនៃនគរ ទាក់ទងនឹងវិវរណៈដែលព្រះប្រទានដល់សាសនាចក្រដោយរបៀបណា ? តើអ្វីនឹងកើតឡើងប្រសិនបើយើងយកចិត្តទុកដាក់លើវិវរណៈដែលព្រះប្រទានឲ្យយើងតាមរយៈអ្នកដែលកាន់កូនសោទាំងឡាយនៃនគរនោះ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ជាមួយសមាជិកក្រុម សូមពិភាក្សាអំពីសេចក្ដីពិតដែលថាអស់អ្នកដែលបម្រើនៅក្នុងសាសនាចក្រ—បុរស និងស្រ្តី—ត្រូវបានហៅនៅក្រោមការដឹកនាំរបស់នរណាម្នាក់ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:១១ ) ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « អ្នកណាក៏ដោយដែលមានតំណែង ឬ ការហៅមួយដែលទទួលបានពីអ្នកកាន់កូនសោបព្វជិតភាព អនុវត្តសិទ្ធិអំណាចបព្វជិតភាពក្នុងការធ្វើកាតព្វកិច្ចរបស់ខ្លួន » ។ តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាពរជ័យរបស់ព្រះជួយអ្នកបន្ទាប់ពីអ្នកត្រូវបានញែកចេញដើម្បីបម្រើនៅក្នុងការហៅក្នុងសាសនាចក្រ ?
ស្វែងយល់បន្ថែមទៀត
-
គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៤–៦; ៣៥:២៥; ៤៣:២–៦, ១២; ១០៧:១៨–១៩, ២១–២២; ១២៤:១២៧-១២៨, ១៤៣; មាត្រានៃសេចក្តីជំនឿ ១:៥
-
ដាល្លិន អេក អូក « The Melchizedek Priesthood and the Keys » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦៩–៧២
-
ហិនរី ប៊ី អាវរិង « Faith and Keys »Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ២៦–២៩