« សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
សំណួរអំពីសាសនាចក្រ និងដំណឹងល្អ
សាសនាចក្រតែមួយដែលពិត ហើយសកម្ម
ទិដ្ឋភាពទូទៅ
ចាប់តាំងពីការចាប់ផ្ដើមនៃការស្ដារឡើងវិញនៃដំណឹងល្អរហូតដល់បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំសាសនាចក្របានបញ្ជាក់ថា មនុស្សទាំងអស់គឺជាបុត្រាបុត្រីរបស់ព្រះ ។ ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ និងចង់ប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មិនបានទាមទារថាមានតែខ្លួនប៉ុណ្ណោះដែលល្អ និងពិតនោះទេ ។ មានមនុស្សរាប់មិនអស់នៅទូទាំងពិភពលោកនេះ ដែលជាគំរូនៃសេចក្តីសុចរិត និងមានសុច្ឆន្ទៈ ។ ហើយគោលការណ៍ពិត និងល្អៗទាំងឡាយ អាចរកឃើញនៅក្នុងសាសនា និងប្រព័ន្ធខាងសីលធម៌ផ្សេងៗនៅទូទាំងពិភពលោក ។ យើងម្នាក់ៗមានសិទ្ធិជឿ និងថ្វាយបង្គំតាមសម្បជញ្ញៈរបស់យើងម្នាក់ៗដែលដឹកនាំយើង ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:១១ ) ។
ក្នុងពេលជាមួយគ្នានេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានបេសកកម្មពិសេសមួយពីព្រះ ដើម្បីផ្តល់នូវភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពលោក ។ ព្រះអម្ចាស់ ទ្រង់ផ្ទាល់បានប្រកាសថាសាសនាចក្រនេះគឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣០ ) ។ សារលិខិតនៃដំណឹងល្អដែលយើងចែកចាយរួមមានសេចក្ដីពិតដែលបានស្ដារឡើងវិញដ៏មានតម្លៃ ដែលមិនអាចរកបាននៅកន្លែងណាផ្សេងទៀតអំពីព្រះ និងទំនាក់ទំនងរបស់យើងចំពោះទ្រង់ឡើយ ។ សាសនាចក្រក៏មានសិទ្ធិអំណាចបព្វជិតភាពមកពីព្រះដើម្បីចាត់ចែងពិធីបរិសុទ្ធទាំងឡាយ ដែលយើងចូលក្នុងទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយទ្រង់ដែរ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយជឿ ហើយថ្លែងទីបន្ទាល់ថា ការរស់នៅតាមដំណឹងល្អដែលបានស្ដារឡើងវិញ នាំមកនូវអំណរដ៏យូរអង្វែង ព្យាបាលផលវិបាកនៃអំពើបាប ហើយរៀបចំបុត្រាបុត្រីរបស់ព្រះឲ្យរស់ឡើងវិញក្នុងវត្តមានរបស់ទ្រង់ ។
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានទស្សនៈយ៉ាងណាចំពោះទំនៀមទម្លាប់របស់សាសនាផ្សេងទៀត ?
យើងជឿថា ព្រះបំផុសគំនិតដល់មនុស្សល្អៗនៃសេចក្តីជំនឿ និងការជឿទាំងអស់ ។ នៅឆ្នាំ១៩៧៨ គណៈប្រធានទីមួយរបស់សាសនាចក្របានប្រកាសថា « អ្នកដឹកនាំខាងសាសនាដ៏អស្ចារ្យនៃពិភពលោកនេះដូចជា មហាម៉ាត់, ខុងជឺ, ពួកអ្នកកែទម្រង់ ព្រមទាំងអ្នកទស្សនវិទូនានារួមមាន សូក្រាត, ផ្លាតូ និងអ្នកដទៃផ្សេងទៀត បានទទួលផ្នែកមួយនៃពន្លឺរបស់ព្រះ ។ ព្រះបានប្រទានសេចក្ដីពិតខាងសីលធម៌ដល់ថ្នាក់ដឹកនាំទាំងនេះ ដើម្បីបំភ្លឺដល់ជាតិសាសន៍ទាំងមូល ហើយនាំមកនូវការយល់ដឹងមួយក្នុងកម្រិតខ្ពស់ដល់បុគ្គលម្នាក់ៗ ។ យើងចូលរួមជាមួយបុគ្គលដែលមានជំនឿ និងសុច្ឆន្ទៈទូទាំងពិភពលោក ដើម្បីពង្រឹងសហគមន៍ ថែទាំអ្នកដែលខ្វះខាត និងធ្វើការងាររបស់ព្រះនៅក្នុងពិភពលោកនេះ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យតម្លៃលើ « អ្វីណាមួយ ដែលប្រកបដោយគុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ » នៅក្នុងព្រះវិហារផ្សេង និងប្រពៃណីរបស់សាសនានៅទូទាំងពិភពលោក ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា « យើងនិយាយដោយស្មារតីនៃសេចក្តីស្រឡាញ់ នាំមកជាមួយអ្នកនូវអ្វីៗទាំងអស់ដែលអ្នកមានសេចក្តីល្អ និងសេចក្តីពិត ទោះជាអ្នកបានទទួលពីប្រភពណាក៏ដោយហើយមក និងអនុញ្ញាតឲ្យយើងមើលថាតើយើងអាចបន្ថែមវាទៅដែរឬទេ » ។
តើវាមានន័យដូចម្តេចដែលថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » នោះ ?
សាសនាចក្រនេះត្រូវបានដឹកនាំដោយព្រះយេស៊ូវគ្រីស្ទ ដែលបង្ហាញព្រះហឫទ័យទ្រង់នៅជំនាន់របស់យើងដល់ពួកព្យាការីដែលនៅរស់ និងថ្នាក់ដឹកនាំដែលបំផុសគំនិតផ្សេងៗទៀត ។ វិវរណៈដែលមានជាបន្តពីព្រះអង្គសង្គ្រោះអនុញ្ញាតឲ្យសាសនាចក្រស្របនឹងស្ថានសួគ៌ ហើយក៏លូតលាស់ និងរីកចម្រើន—ដើម្បីធ្វើជាទាំងសាសនាចក្រពិត និងដែលសកម្ម ។ អ្វីៗដែលមានជីវិតទាំងអស់រីកចម្រើន និងផ្លាស់ប្តូរ ។ ដូចជាប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ៖ « យើងទាំងអស់គ្នាគឺជាសាក្សីនៃការស្ដារឡើងវិញ ជាបន្តបន្ទាប់ ។ ប្រសិនបើបងប្អូនគិតថា សាសនាចក្រត្រូវបានស្ដារឡើងវិញពេញលេញហើយនោះ នោះបងប្អូនទើបតែឃើញការចាប់ផ្ដើមប៉ុណ្ណោះ ។ មានអ្វីៗជាច្រើនដែលនឹងកើតឡើង » ។
ដំណឹងល្អដែលបានស្ដារឡើងវិញដែលមាននៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ផ្ដល់នូវចំណេះដឹង និងសេចក្ដីពិតដែលមិនអាចរកបាននៅកន្លែងណាផ្សេងទៀតឡើយ ។ វាផ្តល់បុគ្គលម្នាក់ៗនូវទទួលបានអំណាចនៃការញែកជាបរិសុទ្ធតាមរយៈព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងនៃគ្រួសាររបស់ព្រះតាមរយៈពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាព ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣០ ព្រះអម្ចាស់បានប្រកាសថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជា « សាសនាចក្រតែមួយ ដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល ដែលយើងជាព្រះអម្ចាស់ សព្វព្រះហឫទ័យណាស់ ដោយនិយាយដល់សាសនាចក្រទាំងស្រុង ហើយមិនមែននីមួយៗទេ » ។
តើយើងត្រូវធ្វើជាសមាជិកនៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីបានសង្រ្គោះដែរឬទេ ?
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងជឿថា ព្រះបានរៀបចំផ្លូវសម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ដើម្បីទទួលបានសេចក្ដីសង្គ្រោះតាមរយៈដង្វាយធួននៃព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ មនុស្សទាំងអស់នឹងត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការនិមិត្តដ៏រុងរឿងមួយដែលបានបង្ហាញដល់ព្យាការី យ៉ូសែប ស្ម៊ីធ បង្រៀនបន្ថែមទៀតថា ស្ទើរតែគ្រប់បុត្រាបុត្រីរបស់ព្រះទាំងអស់នឹងទទួលបាននគរនៃសិរីល្អមួយជាមរតកបន្ទាប់ពីការរស់ឡើងវិញ ។
ការបង្រៀនទាំងនេះបញ្ជាក់ពីព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះដែលពេញដោយក្តីស្រឡាញ់របស់យើងក្នុងការសង្គ្រោះ និងព្រះរាជបំណងដ៏ជ្រាលជ្រៅរបស់ទ្រង់ដើម្បីធ្វើដូច្នេះ ។ ព្រះទ្រង់ប្រទានដល់យើងនូវអ្វីទាំងអស់ដែលទ្រង់មាន ។ ប៉ុន្តែយើងត្រូវតែទទួលយកពរជ័យទាំងនេះ ។ ដើម្បីទទួលបានភាពតម្កើងឡើង ភាពពេញលេញនៃសិរីល្អដែលព្រះប្រទានឲ្យយើង យើងត្រូវធ្វើសេចក្តីសញ្ញាជាមួយទ្រង់ ទទួលយកព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ខិតខំរស់នៅតាមការបង្រៀន និងគំរូរបស់ព្រះយេស៊ូវ ហើយប្រែចិត្តដោយរាបទាបពីអំពើបាបរបស់យើង នៅពេលមានកំហុស ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានសិទ្ធិអំណាចពីព្រះដើម្បីផ្តល់សេចក្តីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលរៀបចំយើងទទួលសិរីល្អកម្រិតខ្ពស់បំផុតនៅក្នុងនគរសេឡេស្ទាលរបស់ព្រះ ។
ជាការពិតណាស់ បុត្រាបុត្រីរបស់ព្រះភាគច្រើនទូទាំងប្រវត្តិសាស្ត្រនៃពិភពលោក មិនធ្លាប់ជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទទេ ។ តាមពិត មនុស្សភាគច្រើនដែលធ្លាប់រស់នៅលើផែនដីមិនបានឮអំពីព្រះយេស៊ូវគ្រីស្ទទេ ។ ប៉ុន្តែមានមនុស្សល្អរាប់មិនអស់—នៅគ្រប់សម័យកាល សាសនា និងវប្បធម៌នៃពិភពលោក—អ្នកធ្វើជាគំរូនៃភាពជាព្រះក្នុងជីវិតរបស់ពួកគេ ។ មនុស្សម្នាក់ៗនឹងមានឱកាសមួយក្នុងជីវិតនេះ ឬក្នុងជីវិតក្រោយ ដើម្បីទទួលការបង្រៀនពីភាពពេញលេញនៃដំណឹងល្អ ហើយទទួលយក ឬបដិសេធពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៃដំណឹងល្អ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៣០–៣៥, ៥៧–៥៩ ) ។
ហេតុអ្វីបានជាសាសនាចក្រមិនទទួលពិធីបុណ្យជ្រមុជទឹករបស់ពួកគ្រីស្ទានដទៃទៀត ?
មិនយូរប៉ុន្មានបន្ទាប់ពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ត្រូវបានរៀបចំឡើងនៅឆ្នាំ១៨៣០ អ្នកត្រៀមចូលជាសមាជិក ដែលបានទទួលបុណ្យជ្រមុជទឹកពីមុន បានងឿងឆ្ងល់ថា តើពួកគេត្រូវការទទួលបុណ្យជ្រមុជទឹកម្តងទៀតនៅក្នុងសាសនាចក្រដែលទើបបានស្ដារឡើងវិញថ្មីៗនេះឬអត់ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានបើកសម្តែងតាមរយៈ យ៉ូសែប ស្ម៊ីធ ថា ចាំបាច់ត្រូវទទួលបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចបព្វជិតភាព ដែលទ្រង់បានស្ដារឡើងវិញ ។ ខណៈពេលដែលសាសនាចក្រគោរពនូវបំណងដ៏សុចរិតរបស់ពួកគ្រីស្ទានដទៃទៀតក្នុងពិធីបុណ្យជ្រមុជទឹកពីមុនរបស់ពួកគេ យើងធ្វើតាមការបង្រៀននេះនៅសព្វថ្ងៃនេះ ។
តើព្រះមាន « ប្រជាជនដ៏ជម្រើស » ដែរឬទេ ?
ពួកយើងម្នាក់ៗគឺជាបុត្រាបុត្រីជាទីស្រឡាញ់របស់ព្រះ ។ ព្រះគម្ពីរបង្រៀនថា ព្រះធ្វើសេចក្តីសញ្ញាជាមួយបុត្រាបុត្រីរបស់ទ្រង់ ដើម្បីអញ្ជើញពួកគេឲ្យចូលរួមក្នុងទំនាក់ទំនងដែលចងភ្ជាប់ជាមួយទ្រង់ ។ ចេញពីព្រះគម្ពីរប៊ីប យើងរៀនថា ព្រះបានបង្កើតសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងអ័ប្រាហាំ ដោយប្រកាសថា តាមរយៈក្រុមគ្រួសាររបស់អ័ប្រាហាំ ពិភពលោកទាំងមូលនឹងទទួលបានពរ ( សូមមើល លោកុប្បត្តិ ១៧:១–៧; ២២:១៧–១៨ ) ។ សេចក្តីសញ្ញានេះបានបន្តជាមួយនឹងកូនចៅនៃអ៊ីស្រាអែល ដែលជាកូនចៅរបស់អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ២៨:១០–១៥ ) ។ ទោះបីជាមនុស្សនៅសម័យផ្សេងៗគ្នាក្នុងប្រវត្តិសាស្ត្របានយល់អំពីសេចក្ដីសញ្ញានេះត្រូវបានកំណត់ចំពោះពូជពង្សជាក់លាក់មួយក៏ដោយ ព្រះអម្ចាស់បានបើកសម្តែងដល់ពួកសាវករបស់ទ្រង់ថា « ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ » ។
ការស្ដារឡើងវិញនៃដំណឹងល្អតាមរយៈ យ៉ូសែប ស្ម៊ីធ គឺជាការបន្តនៃសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចរបស់ព្រះនៅថ្ងៃចុងក្រោយ ។ នរណាម្នាក់ដែលជ្រើសរើសធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ដោយសិទ្ធិអំណាចត្រឹមត្រូវគឺជាផ្នែកនៃរាស្រ្តនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ ដូចជាព្រះបានប្រាប់អ័ប្រាហាំថា « ចំពោះមនុស្សជាច្រើនដែលទទួលដំណឹងល្អនេះ នោះនឹងត្រូវបាន … រាប់ថាជាពូជអ្នក » ។ ជាលទ្ធផលនៃការជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ពួកគេបានក្លាយជា « ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ [ ដែលបានរក្សាទុក ] » ។
តើសាសនាចក្រមានទស្សនៈយ៉ាងណាចំពោះសេរីភាពខាងសាសនា ?
ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ អាស្រ័យទៅលើសមត្ថភាពរបស់យើងក្នុងការជ្រើសរើសសម្រាប់ខ្លួនយើង ដោយធ្វើឲ្យសេរីភាពខាងសាសនាក្លាយជាគោលការណ៍ដ៏សំខាន់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយបានឲ្យតម្លៃដល់សេរីភាពខាងសាសនាចាប់តាំងពីថ្ងៃដំបូងនៃសាសនាចក្រ ។ បទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ជាជនរងគ្រោះនៃការបៀតបៀន និងអំពើហិង្សាបានបង្រៀនលោកឲ្យក្រោកឈរឡើងដើម្បីការពារសេរីភាពខាងសាសនា មិនត្រឹមតែសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សទាំងអស់ផងដែរ ។ លោកបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យ « [ រុញច្រាន ] ចេញពីយើងនូវរាល់អារម្មណ៍នៃការរើសអើង និងភាពពុំអាចអត់ទ្រាំបានចំពោះមនោសញ្ចេតនាសាសនារបស់មនុស្ស » ។ លោកបានបង្រៀនថា « សិទ្ធិមិនអាចកាត់ផ្ដាច់បានរបស់មនុស្សក្នុងការគិតតាមដែលខ្លួនពេញចិត្ត [ និង ] ថ្វាយបង្គំតាមដែលខ្លួនពេញចិត្ត » គឺជា « ក្រឹត្យវិន័យទីមួយនៃអ្វីៗទាំងអស់ដែលពិសិដ្ឋ » ។
ថ្នាក់ដឹកនាំសាសនាចក្រសព្វថ្ងៃនេះបញ្ជាក់ពីសារៈសំខាន់នៃការអនុញ្ញាតឲ្យមនុស្សទាំងអស់ « ថ្វាយបង្គំតាមរបៀបណា នៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា » ។ ថ្លែងទៅកាន់មនុស្សពីគ្រប់ជំនឿទាំងអស់ ប្រធាន ដាល្លិន អេក អូក លើកទឹកចិត្តថា ៖ « ដោយសេចក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក ដែលព្រះបញ្ញត្តិដ៏ទេវភាពបានបង្រៀន នោះយើងត្រូវស្វែងរករបៀបដើម្បីរៀនពីគ្នាទៅវិញទៅមក និងដើម្បីពង្រឹងការតាំងចិត្តជារួមដែលឲ្យយើងរួបរួមគ្នា និងជំរុញឲ្យមានសង្គមនៃពហុនិយមមានស្ថិរភាព ។ យើងគួរដើរប្រកៀកស្មាគ្នានៅលើមាគ៌ានៃសេរីភាពខាងសាសនាសម្រាប់ទាំងអស់គ្នា ខណៈដែលនៅតែអនុវត្តសេរីភាពនោះដើម្បីបន្តការជឿដោយឡែករបស់យើង » ។