« សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ការទុកចិត្តលើព្រះចេស្តា ព្រះបញ្ញាញាណ និងសេចក្តីស្រឡាញ់របស់ទ្រង់
ជាធម្មតាទេដែលពេលខ្លះមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ថប់បារម្ភ ហើយថែមទាំងវង្វេងនោះ ។ ការងាកទៅរកព្រះយេស៊ូវគ្រីស្ទជានិច្ចជាកាលគឺជាដំណោះស្រាយចំពោះអារម្មណ៍បែបនេះ ។ នៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងពឹងផ្អែកទាំងស្រុងទៅលើទ្រង់—ដោយទុកចិត្តលើព្រះចេស្ដា ព្រះបញ្ញាញាណ និងសេចក្តីស្រឡាញ់ដ៏និរន្តរ៍របស់ទ្រង់ ។ យើងជឿថា ទោះបីជាយើងមិនយល់អ្វីៗទាំងអស់តែទ្រង់ជ្រាបដឹងគ្រប់យ៉ាង ។ ដោយសារទ្រង់ធ្លាប់ដកបទពិសោធន៍រាល់់ការឈឺចាប់ ទុក្ខវេទនា និងជំងឺគ្រប់បែបយ៉ាងរបស់យើង នោះទ្រង់ញាណដឹងអំពីរបៀបដែលទ្រង់អាចជួយយើងឲ្យយកឈ្នះលើការលំបាកប្រចាំថ្ងៃរបស់យើងបាន ។ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។
ផ្នែកទី ១
ការពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យយកឈ្នះលើឧបសគ្គនានា
ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « បើមានសេចក្តីជំនឿ ដូចគ្រាប់ពូជមួយយ៉ាងល្អិត…គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ » ( ម៉ាថាយ ១៧:២០ ) ។ គ្រាប់ពូជមួយគ្រាប់ដ៏តូច អាចដុះទៅជាដើមឈើធំមួយ ។
ដូច្នេះតើបងប្អូនអាចបង្កើនសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះអង្គសង្គ្រោះដោយរបៀបណា ? ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា « ការបង្កើនសេចក្តីជំនឿ និងការទុកចិត្តរបស់បងប្អូនទៅលើ [ ព្រះយេស៊ូវគ្រីស្ទ ] តម្រូវឲ្យមានការខិតខំប្រឹងប្រែង » ។ លោកបានមានប្រសាសន៍ថា « ព្រះអម្ចាស់មិនតម្រូវឲ្យមានសេចក្ដីជំនឿឥតខ្ចោះ ដើម្បីឲ្យយើងមានអំណាចឥតខ្ចោះរបស់ទ្រង់នោះទេ ។ ប៉ុន្តែទ្រង់បានបង្គាប់ឲ្យយើងជឿ » ។ ការជឿលើព្រះយេស៊ូវគ្រីស្ទជួយបងប្អូនឲ្យមានអារម្មណ៍ជំរុញចិត្ដនៅក្នុងការសិក្សាព្រះគម្ពីរ និងពាក្យរបស់ព្យាការីសម័យចុងក្រោយ និងអធិស្ឋានសម្រាប់ការណែនាំមកពីព្រះ ។ ពេលបងប្អូនរៀនអំពីព្រះយេស៊ូវគ្រីស្ទ ហើយមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងព្រះវិញ្ញាណរបស់ទ្រង់ នោះសេចក្ដីជំនឿរបស់បងប្អូនលើទ្រង់នឹងរីកចម្រើនឡើង ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
សូមមើលវីដេអូ « Exercise Faith in Christ » ( ១:៤៣ ) ។ តើអែលឌើរ ដេវីឌ អេ បែដណា បង្រៀនអ្វីខ្លះអំពីការប្រព្រឹត្តដោយសេចក្ដីជំនឿ ? តើបងប្អូននឹងធ្វើអ្វីខ្លះដើម្បីអនុវត្តសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះយេស៊ូវ ?
-
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមិនកើតឡើងយ៉ាងងាយស្រួលទេ ហើយបងប្អូននឹងមិនតែងតែអនុវត្តសេចក្ដីជំនឿរបស់បងប្អូនឲ្យល្អឥតខ្ចោះនោះដែរ ។ សូមគិតអំពីបទពិសោធន៍របស់សាវកពេត្រុសនៅក្នុង ម៉ាថាយ ១៤:២៥–៣៣ ។ តើព្រះយេស៊ូវគ្រីស្ទអាចជួយបងប្អូនដោយរបៀបណា ពេលបងប្អូនអនុវត្តសេចក្តីជំនឿបន្តិចបន្តួចលើទ្រង់ ?
-
ព្យាការីអាលម៉ា នៅក្នុងព្រះគម្ពីរមរមនបានបង្រៀនថា ប្រសិនបើយើងដាំគ្រាប់ពូជនៃដំណឹងល្អនៅក្នុងចិត្តរបស់យើង ហើយចិញ្ចឹមវាដោយសេចក្ដីជំនឿរបស់យើង នោះយើងអាចលូតលាស់បន្តិចម្ដងៗនូវទីបន្ទាល់ដ៏រឹងមាំរបស់យើងអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សិក្សា អាលម៉ា ៣២:២១–៤៣ ហើយគិតអំពីរបៀបដែលបងប្អូនអាចអនុវត្តន៍សេចក្តីជំនឿដើម្បីពង្រីកទីបន្ទាល់ផ្ទាល់ខ្លួនរបស់បងប្អូន ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
បងប្អូនប្រហែលជាចង់ធ្វើលំហាត់ប្រាណរាងកាយមួយចំនួនជាមួយគ្នា ហើយនិយាយអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណសម្រាប់រាងកាយ ។ បន្ទាប់មកអានផ្នែកខ្លះនៃសន្ទរកថារបស់អែលឌើរ ចូន ប៉ាប្លូ វីឡា « Exercising Our Spiritual Muscles »ចេញពីសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៩ និងពិភាក្សាអំពីអត្ថន័យនៃការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
ស្វែងយល់បន្ថែមទៀត
-
រ័សុល អិម ណិលសុន « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤
-
Teachings of Presidents of the Church: Gordon B. Hinckley( ឆ្នាំ ២០១៦ ) ទំព័រ ៣៣៣–៣៤២
កណ្ឌទី ២
សេចក្តីជំនឿគឺជាគោលការណ៍នៃអំណាច ។
តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ យើងអាចទាញយកអំណាចរបស់ព្រះបានដោយធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើអ្វីដែលព្រះបានសុំឲ្យយើងធ្វើ ។ សេចក្ដីជំនឿពិតអាចនាំមកនូវអព្ភូតហេតុស្របតាមបំណងរបស់ព្រះ ។ ដោយសេចក្ដីជំនឿយើងទទួលបានកម្លាំងដើម្បីធ្វើកិច្ចការលំបាកនានា ហើយរីកចម្រើនខាងវិញ្ញាណ ។ យើងក៏អាចដោះស្រាយតម្រូវការខាងសាច់ឈាម និងកាលៈទេសៈដ៏លំបាករបស់យើងបានប្រសើរជាងមុននៅពេលយើងជឿលើព្រះអម្ចាស់ ហើយទុកចិត្តលើការសន្យារបស់ទ្រង់ ។ ការអធិស្ឋានដ៏ស្មោះគឺជាវិធីដើម្បីទទួលបានអំណាចរបស់ព្រះ—យើងសូមដោយសេចក្ដីជំនឿចំពោះព្រះដ៏ជាជំនួយ និងការណែនាំដែលយើងត្រូវការ ( សូមមើល អេណុស ១:១៥ ) ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
សូមអាន ម៉ាកុស ៥:២១–៤២ ។ តើសេចក្តីជំនឿមានតួនាទីយ៉ាងណាចំពោះអព្ភូតហេតុទាំងនេះ ? តើកំណត់ត្រានេះបង្ហាញអំពីរបៀបដែលសេចក្តីជំនឿរបស់បងប្អូនអាចត្រូវបានសាកល្បងយ៉ាងដូចម្ដេច ?
-
សូមអាន ឬមើលសុន្ទរកថារបស់អែលឌើរ ប្រ៊ែត អេច នែលសុន « Is There No Balm in Gilead? » តើអែលឌើរ នែលសុន ទទួលស្គាល់ពរជ័យដែលលោកបានទទួលដោយរបៀបណា ? សូមគិតអំពីរបៀបដែលបងប្អូនអាចស្វែងរកពរជ័យសូម្បីតែនៅអំឡុងគ្រាដ៏លំបាក ។ តើការធ្វើដូច្នេះអាចពង្រឹងសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមមើលវីដេអូ « Mountains to Climb » ( ៥:០៥ ) ។ បន្ទាប់មកបងប្អូនអាចធ្វើការជាមួយគ្នាដើម្បីបង្កើតបញ្ជីមួយអំពីរបៀបដែលព្រះយេស៊ូវ និងព្រះវរបិតាសួគ៌បានប្រទានពរដល់បងប្អូន ។ តើការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទបានជួយបងប្អូនឲ្យស៊ូទ្រាំ និងយកឈ្នះលើឧបសគ្គដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
ឌែនីស អ៊ី ស៊ីមិន្ស « But If Not … » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៣–៧៥
ផ្នែកទី ៣
ការទទួលបានសេចក្តីជំនឿត្រូវចំណាយពេល និងការអត់ធ្មត់
បងប្អូនទំនងជាធ្លាប់ឆ្លងកាត់ពេល ដែលបងប្អូនមានអារម្មណ៍ថា ការអធិស្ឋានរបស់បងប្អូនមិនបានឮ ឬឧបសគ្គរបស់បងប្អូនគឺច្រើនជាងអ្វីដែលបងប្អូនអាចដោះស្រាយបាន ។ ពេលមួយបុរសម្នាក់បានមកជួបព្រះយេស៊ូវគ្រីស្ទដោយមានស្ថានភាពបែបនេះ ។ កូនប្រុសរបស់គាត់ត្រូវការការព្យាបាល ហើយបុរសនោះបានសុំឲ្យព្រះយេស៊ូវប្រទានពរដល់គាត់ ។ នៅពេលដែលព្រះគ្រីស្ទបានពន្យល់ថា អ្វីៗទាំងអស់អាចធ្វើទៅបានចំពោះអស់អ្នកដែលជឿ បុរសនោះបានស្រែកថា « ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង » ។ ( សូមមើល ម៉ាកុស ៩:១៤–២៧ ) ។ គាត់មានសេចក្តីជំនឿគ្រប់គ្រាន់ដើម្បីទូលសូម ប៉ុន្តែគាត់បានដឹងថាសេចក្តីជំនឿរបស់គាត់មិនល្អឥតខ្ចោះទេ ។ នៅពេលបងប្អូនអធិស្ឋានសូមជំនួយដើម្បីបង្កើនសេចក្តីជំនឿរបស់បងប្អូន នោះបងប្អូនបង្ហាញថាបងប្អូនដឹងថាព្រះយេស៊ូវអាចជួយបងប្អូនបាន—ហើយទ្រង់នឹងជួយបងប្អូន ។
បទពិសោធន៍របស់មនុស្សគ្រប់រូបនៅក្នុងការស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺពិសេសតែមួយគត់ ។ បើមនុស្សដែលអ្នកស្រឡាញ់កំពុងពុះពារនឹងសេចក្តីជំនឿរបស់ពួកគេ សូមចងចាំថាត្រូវឆ្លើយតបដោយសេចក្ដីសប្បុរស និងសេចក្តីអាណិតអាសូរ ។ ប្រសិនបើពួកគេមករកបងប្អូនជាមួយនឹងសំណួរ បងប្អូនអាចស្តាប់ពួកគេដោយក្ដីស្រឡាញ់ និងអត់ធ្មត់ ហើយគាំទ្រពួកគេក្នុងការស្វែងរកសេចក្ដីពិតរបស់ពួកគេ ។ បងប្អូនក៏អាចជួយពួកគេស្វែងរកប្រភពដែលអាចទុកចិត្តបានដែលពួកគេអាចស្វែងរកចម្លើយបានផងដែរ ។ ហើយបងប្អូនអាចប្រាប់ពួកគេថាព្រះយេស៊ូវស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
ស្វែងយល់បន្ថែមទៀត
-
ម៉ាថាយ ៧:៧; នីហ្វៃទី១ ១៥:៧–១១; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨
-
« Act in Faith: The Stonemason » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org
-
ប្រសិនបើបងប្អូន ឬនរណាម្នាក់ដែលបងប្អូនស្រឡាញ់មានសំណួរអំពីដំណឹងល្អ ឬការបង្រៀនរបស់សាសនាចក្រ សូមមើលប្រធានបទ « Answering Gospel Questions » សម្រាប់គំនិតដើម្បីស្វែងរកចម្លើយ ។