បណ្ណាល័យ
តួនាទី​របស់​ពួក​ព្យាការី


« តួនាទី​របស់​ពួក​ព្យាការី » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )

សន្និសីទ​ទូទៅ

សំណួរ​អំពី​សាសនាចក្រ និង​ដំណឹងល្អ

តួនាទី​របស់​ពួក​ព្យាការី

ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​អាច​ទាញ​យើង​ឲ្យខិត​ទៅជិត​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​យើង​អនុវត្ត​គោលការណ៍​ត្រឹមត្រូវ ។ ការយល់​ដឹង​ពី​របៀប​ទទួល​បាន​វិវរណៈ​ពេល​ស្វែងរក​ចម្លើយ​គឺ​មាន​សារៈសំខាន់ ។ សូមមើល​ប្រធានបទ « ទទួល​ស្គាល់​ថា​វិវរណៈ​គឺជា​ដំណើរការ​មួយ » ដើម្បី​រុករក​គន្លឹះ​បន្ថែម​ក្នុងការ​ឆ្លើយ​សំណួរ ។

ទិដ្ឋភាព​ទូទៅ

ចាប់តាំងពី​សម័យ​បុរាណ ព្រះ​បានហៅ​ពួកព្យាការី​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រកាស​ព្រះបន្ទូល​របស់​ទ្រង់ ។ ព្រះ​រៀបចំ ហៅ និង​ដឹកនាំ​ពួកព្យាការី​ដើម្បី​សម្រេច​គោលបំណង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ ព្រះគម្ពីរ​មាន​ការបង្រៀន​របស់​ព្យាការី​ជាច្រើន​ដូចជា ម៉ូសេ អេសាយ អេលីយ៉ា និង​នីហ្វៃ ។ ព្យាការី​ម្នាក់ៗ​បាន​មាន​ប្រសាសន៍​ទៅកាន់​ប្រជាជន​ជា​ភាសា ពេលវេលា និង​ទីកន្លែង​របស់​ពួកលោក​ផ្ទាល់ ដោយ​ផ្ដល់​នូវ​ការដឹកនាំ​ដ៏​បំផុសគំនិត និង​ការព្រមាន​ទាន់​ពេលវេលា ។

ព្រះ​បន្ត​ហៅ​ពួក​ព្យាការី​នៅ​សម័យ​របស់​យើង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួល​សិទ្ធិអំណាច​ពី​ព្រះ​ដើម្បី​ចាត់ចែង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ហើយ​ស្ដារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។ លោក​ក៏​បានទទួល​វិវរណៈ​ដែល​បញ្ជាក់​ពី​សេចក្តីពិត​សំខាន់ៗ​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ផងដែរ ។ ការបន្ត​តំណែង​របស់​លោក​ក្នុងនាម​ជា​ប្រធាន​សាសនាចក្រ គឺ​មាន​សិទ្ធិអំណាច​ដូចគ្នា​ក្នុងការ​ទទួល​វិវរណៈ ដើម្បី​បន្ថែម​ចំណេះដឹង​អំពី​ដំណឹងល្អ និង​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ គោលការណ៍​នៃ​វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់​នេះ គឺជា​លក្ខណៈ​សំខាន់​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ ។

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក៏​គាំទ្រ​ប្រធាន​នៃ​សាសនាចក្រ និង​ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ជា​ព្យាការី ជា​អ្នក​មើល​ឆុត និង ជា​អ្នក​ទទួល​វិវរណៈ​ផងដែរ ។ ការបង្រៀន​របស់​សាសនាចក្រ​ត្រូវ​បានប្រកាស​ដោយ​សំឡេង​ដ៏​រួបរួម​របស់​ព្យាការី​ដែល​នៅ​រស់​ទាំងនេះ ។ គោលលទ្ធិ​ត្រូវ​បានប្រកាស និង​បកស្រាយ​ដោយ​ប្រធាន​សាសនាចក្រ ហើយ​គាំទ្រ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ធ្វើ​សកម្មភាព​ជា​មតិ​តែមួយ តាម​គំរូ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៧–៣១ ។

ព្រះអម្ចាស់​បានហៅ​មនុស្ស​រមែង​ស្លាប់​ឲ្យ​ធ្វើ​ជា​ព្យាការី​របស់​ទ្រង់ ។ ដូចជា​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​ដែរ ពួកលោក​ឆ្លងកាត់​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ ប៉ុន្តែ​ព្រះអម្ចាស់​ធ្វើការ​តាមរយៈ​ពួកលោក​ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់ ។ ទ្រង់​បានបញ្ជា​ឲ្យ​សាសនាចក្រ​ស្តាប់តាម​ដំបូន្មាន​របស់​ពួកលោក « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង » ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ ទ្រង់​សន្យា​ថា​នឹង « កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី [ យើង ] ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់ញ័រ ដើម្បី​សេចក្ដីល្អ​ដល់ [ យើង ] ។

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ទាក់ទង ៖

ការស្វែងយល់​ពី​សំណួរ​របស់​អ្នក

ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​ខ្ញុំ ដើម្បី​ស្ដាប់​ពួក​ព្យាការី ?

ព្រះយេស៊ូវគ្រីស្ទ​បានស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ​ដើម្បី​ជួយ​ទ្រង់​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ៖ ទ្រង់​មាន​ព្រះ​រាជបំណង​ចង់​បង្រៀន​ពី​ពរជ័យ​នៃ​សេចក្ដីសញ្ញា សម្រួល​នូវ​ការអភ័យទោស​ចំពោះ​អំពើបាប និង​ប្រទាន​ជំនួយ​តាមរយៈ​ការសាកល្បង​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ បង្រួបបង្រួម​ពិភពលោក​ដែល​បែងចែក​ជុំវិញ​ការបង្រៀន និង​គំរូ​របស់​ទ្រង់ ហើយ​ភ្ជាប់​គ្រប់​ជំនាន់​នៃ​គ្រួសារ​មនុស្សលោក​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង ។

ព្រះអម្ចាស់​ហៅ​ពួក​ព្យាការី ហើយ​ប្រទាន​សិទ្ធិអំណាច​ដល់​ពួកលោក​ដើម្បី​ដឹកនាំ​កិច្ចការ​នេះ ។ ទ្រង់​ប្រទាន​វិវរណៈ​ដល់​ពួកលោក ដើម្បី​ជួយ​ពួកលោក​ដឹង​ពី​អ្វី​ដែល​ត្រូវ​គូសបញ្ជាក់ និង​របៀប​ដើម្បី​ជំរុញ​កិច្ចការ​របស់​ព្រះ​ទៅ​មុខ ។ ទោះ​ជា​ពួកព្យាការី​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ហើយ​មាន​ទេពកោសល្យ និង​ទស្សនៈ​ខុសៗ​គ្នា​ក៏​ដោយ ពួកលោក​ស្វែងរក និង​ទទួល​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ដោយ​រាបសា​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដែរ ។

ការស្វែងរក​ការយល់ដឹង និង​ការបញ្ជាក់​អំពី​ការហៅ​ដ៏​ទេវភាព​របស់​ពួកព្យាការី តាមរយៈ​ការអនុវត្ត​ការបង្រៀន​របស់​ពួកលោក​ដោយ​ស្មោះត្រង់ គឺជា​ធាតុផ្សំ​នៃ​ភាព​ជា​សិស្ស ។ ការធ្វើតាម​ពួក​ព្យាការី​អាច​តម្រូវ​ឲ្យ​មាន « សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ » ដោយសារ​យើង​ប្រហែលជា​មិន​តែងតែ​យល់​អំពី​ព្រះ​រាជបំណង​ដ៏​ទេវភាព​នៃ​វិវរណៈ និង​ការបង្រៀន​ដែល​បង្ហាញ​ដល់​ព្យាការី​ម្នាក់​ជានិច្ច​នោះ​ទេ ។ ទោះបីជា​យើង​អាច​មាន​សំណួរ​ក៏ដោយ ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ធ្វើ​តាម​ការដឹកនាំ​របស់​ពួក​អ្នកបម្រើ​របស់​ទ្រង់​ដោយ​សេចក្តីជំនឿ​លើ​ចំណេះដឹង​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

នៅពេល​យើង​ស្តាប់​តាម​ប្រសាសន៍​របស់​ព្យាការី យើង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​គង់​នៅ​ក្នុង​ជីវិត​របស់​យើង ។ យើង​ចូលរួម​ជាមួយ​សហគមន៍​នៃ​ភាព​ជា​សិស្ស​នៅ​ជុំវិញ​ពិភពលោក​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បានតាំងចិត្ត​ក្នុង​ស្ថាបនា​នគរ​នៃ​ព្រះ​នៅលើ​ផែនដី ។ នៅពេល​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី នោះ​យើង​ទទួល​បាន​ពរជ័យ​នៃ​អំណាច​ដ៏​ទេវភាព និង​សេចក្តីសុខសាន្ត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បានសន្យា​ចំពោះ​អ្នក​ដែល​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​នៃ​ដំណឹងល្អ ។

តើ​ខ្ញុំ​អាច​ទទួល​បាន​សាក្សី​ថា ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​ដោយ​របៀបណា ?

ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ស្តាប់ ហើយ​ទុកចិត្ត​លើ​ពួកព្យាការី​របស់​ទ្រង់ ។ នៅពេល​យើង​ស្វែងរក​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​យើង​អាច​ទទួលបាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​ថា ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ។

យើង​អាច​អនុវត្ត​ដំបូន្មាន​របស់​ព្យាការី​អាលម៉ា ។ « ធ្វើ​ការពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ » លោក​បាន​លើក​ទឹកចិត្ត​ដល់​សាសន៍​សូរាំ « ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ » ។

អាលម៉ា​បន្ត​ពន្យល់ ៖ « យើង​នឹង​ប្រៀបធៀប​ព្រះ​បន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ​គ្រាប់ ។ ឥឡូវ​នេះ បើសិន​ជា​អ្នក​រាល់​គ្នា​ទុក​កន្លែង​មួយ សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ​អាច​ដុះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក មើល​ចុះ បើ​សិន​ជា​គ្រាប់​ពូជ​នោះ​ជា​គ្រាប់​ពិត ឬ​ជា​គ្រាប់​ល្អ » ហើយ « បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​បោះ​វា​ចោល​ដោយ​ការ​ឥត​ជំនឿ​របស់​អ្នក … គ្រាប់​ពូជ​នោះ​នឹង​ចាប់ផ្ដើម​រីកឡើង​នៅក្នុង​ទ្រូង​របស់​អ្នក » ហើយ​អ្នក​នឹង​និយាយ​ថា « គ្រាប់​នោះ​រីក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថា នេះ​ច្បាស់​ជា​គ្រាប់​ពូជ​ល្អ ឬ​ក៏ ព្រះ​បន្ទូលនោះ​ល្អ ព្រោះ​វា​ចាប់​ផ្ដើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែន​ហើយ វា​ចាប់​ផ្ដើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែន​ហើយ វា​ចាប់​ផ្ដើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ » ។

ដូច​ដែល​អាលម៉ា​បាន​បង្រៀន យើង​អាច​ពិសោធន៍​លើ​សម្តី​របស់​ពួកព្យាការី​បាន ។ ឧទាហរណ៍ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន យើង​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ដើម្បី​ធ្វើ​ការណាត់ជួប​ជា​ទៀងទាត់​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​អាច​រង់ចាំមើល​ពរជ័យ​ដែល​ព្យាការី​បានសន្យា ។ ការស្គាល់​ពី​ពរជ័យ​ទាំងនេះ​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ចំពោះ​ប្រសាសន៍​របស់​ព្យាការី​ដែល​ដែល​នៅ​រស់ ។

ការបណ្ដុះ​គ្រាប់​ពូជ​ដោយ​សេចក្ដីជំនឿ​របស់​យើង​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ប៉ុន្តែ​យើង​អាច​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ដើម្បី​ទទួល​បាន​ការធានា​ខាងវិញ្ញាណ​ពី​ព្យាការី​ដែល​នៅរស់ ហើយ​ធ្វើ​តាម​ដំបូន្មាន​របស់​ពួកលោក​ដោយ​សេចក្ដីអត់ធន់ និង​សេចក្ដីជំនឿ ។

តើ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ល្អ​ឥតខ្ចោះ​ឬ ?

មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​រស់នៅ​ក្នុង​ព្រះជន្ម​ដ៏​ឥតខ្ចោះ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ខិតខំ​រស់នៅ​ដោយ​សុចរិត ហើយ​នាំ​មនុស្ស​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ប្រសាសន៍ និង​ទង្វើ​របស់​ពួកលោក ប៉ុន្តែ​ពួកលោក​ត្រូវ​ស្ថិតក្រោម​នូវ​ភាពទន់ខ្សោយ​របស់​មនុស្ស​លោក ។ ថ្នាក់ដឹកនាំ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​ឥតខ្ចោះ​នោះ​ទេ ។

ប៉ុន្តែ យើង​មិន​គួរ​បាត់បង់​ការយល់ដឹង​ពី​តួនាទី​សំខាន់​របស់​ពួកលោក​ឡើយ ។ ព្រះអម្ចាស់​ហៅ​សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​របស់​សាសនាចក្រ​ដើម្បី​ធ្វើជា « ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » និង​ដើម្បី​ធ្វើ​ជា​ពួកព្យាការី ជា​អ្នកមើល​ឆុត និង​ជា​អ្នក​ទទួល​វិវរណៈ​នៅ​សម័យ​របស់​យើង ។ ដូច​ជា​ព្យាការី​ពី​បុរាណ​ដែរ ពួកលោក​ទាក់ទង​ជាមួយ​ព្រះ ហើយ​បង្ហាញ​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ។ ពួកលោក​មាន​សិទ្ធិអំណាច​ដ៏​ទេវភាព​ដើម្បី​ដឹកនាំ​សាសនាចក្រ​តាមរយៈ​វិវរណៈ ការចាត់ចែង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ និង​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី ។ ការណ៍​នេះ​មិន​មាន​ន័យ​ថា ពួកលោក​ដឹង​អ្វីៗ​ទាំងអស់​នោះ​ទេ ។ ពួកលោក​ធ្វើការ​ស្របតាម​ពន្លឺ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកលោក ស្វែងរក​ចំណេះដឹង​បន្ថែម​តាមរយៈ​វិវរណៈ​ដែល​មាន​ជា​បន្ត ហើយ​ពឹងផ្អែក​លើ​អំណាច​ពង្រឹង​ពួកលោក​បានទទួល​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

ព្រះអម្ចាស់​តែងតែ​ធ្វើការ​តាមរយៈ​ពួកព្យាការី​ដែល​មាន​ជីវិត​រមែងស្លាប់ ទោះជា​ពួកលោក​មាន​ភាពទន់ខ្សោយ​ក៏​ដោយ ។ ដូចជា​យ៉ូណាស​ដែល​រត់គេច​ពី​ការហៅ​របស់​គាត់​ទៅក្រុង​នីនីវេ ពេត្រុស​បានកាត់​ត្រចៀក​របស់​ទាហាន ឬ យ៉ូសែប ស៊្មីធ បាន​ឲ្យ​សន្លឹក​ការបកប្រែ​ព្រះគម្ពីរ​មរមន​ទៅ ម៉ាទិន ហារិស ជួនកាល​ព្យាការី​ក៏​អាច​ធ្វើ​ខុស​ដែរ ។ ក្នុង​ករណី​បែប​នេះ ព្រះអម្ចាស់​កែតម្រូវ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​បន្ទាប់ពី​ពួកលោក​ប្រែចិត្ត ទ្រង់​ប្រទាន​ពរ​ពួកលោក​ឲ្យ​បំពេញ​កិច្ចការ​ដែល​ទ្រង់​បានហៅ​ពួកលោក​ឲ្យ​ធ្វើ ។

វា​ជា​ការសំខាន់​ក្នុង​ការចងចាំ​ពី​របៀប​ដែល​គោលលទ្ធិ​នៃ​សាសនាចក្រ​ត្រូវ​បាន​បង្កើតឡើង ។ គោលលទ្ធិ​ត្រូវ​បានប្រកាស និង​បកស្រាយ​ដោយ​ប្រធាន​សាសនាចក្រ ហើយ​គាំទ្រ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ធ្វើ​សកម្មភាព​ជា​មតិ​តែមួយ តាម​គំរូ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៧–៣១ ។ « តម្រូវការ​នៃ​ការមូលមតិ​គ្នា​នេះ ផ្តល់​នូវ​ការត្រួតពិនិត្យ​លើ​ភាពលំអៀង និង​លក្ខណៈពិសេស​ផ្ទាល់ខ្លួន ។ វា​ធានា​ថា ព្រះ​គ្រប់​គ្រង​តាម​រយៈ​ព្រះវិញ្ញាណ មិន​មែន​មនុស្ស​តាមរយៈ​មតិ​ភាគច្រើន ឬ​ការសម្រុះ​សម្រួល​ឡើយ » ។ ការបង្រៀន​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់ៗ​អាច​តំណាង​ឲ្យ « លក្ខណៈ​ផ្ទាល់ខ្លួន ទោះ​បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន ជា​គំនិត វា​ពុំ​មាន​ន័យ​ថា ជា​ផ្លូវការ ឬ​សម្រាប់​សាសនាចក្រ​ទាំង​មូល​ទេ » ។

តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​ម្នាក់ៗ​អាច​នឹង​ទទួល​បាន​ការធានា​ផ្ទាល់ខ្លួន​ថា ពួកព្យាការី​ត្រូវបាន​ហៅ​ដោយ​ព្រះ ហើយ​ថា​ទ្រង់​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​តាមរយៈ​ពួកលោក ។

តើ​ការ​ដែល​ថា ព្យាការី​នឹង​មិន​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេង​ឡើយ មាន​អត្ថន័យ​ដូចម្តេច ?

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​នឹង​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ ឬ​នរណា​ផ្សេង​ទៀត​ដែល​ឈរ​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ ដឹកនាំ​អ្នក​ឲ្យ​វង្វេង​ចេញ​ឡើយ » ។ ពួកព្យាការី និង​សាវក​បានបញ្ជាក់​ជា​ថ្មី​នូវ​ការបង្រៀន​នេះ​នៅ​គ្រប់​ជំនាន់​ទាំងអស់ ។ គោលលទ្ធិ​ត្រូវ​បានប្រកាស និង​បកស្រាយ​ដោយ​ប្រធាន​សាសនាចក្រ ហើយ​គាំទ្រ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ធ្វើ​សកម្មភាព​ជា​មតិ​តែមួយ តាម​គំរូ​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២៧–៣១ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​ថា ភាពពេញលេញ​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ និង​សិទ្ធិអំណាច​នៃ​បព្វជិតភាព​នឹង​មិន​ត្រូវ​បាន​ដកចេញ​ពី​ផែនដី​ទៀត​ទេ ។ ការណ៍​នេះ​មាន​ន័យ​ថា ព្រះ​នឹង​ដឹកនាំ​ពួកព្យាការី​ជានិច្ច ដើម្បី​ធានា​ថា សាសនាចក្រ​បំពេញ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការរៀបចំ​បុត្រាបុត្រី​របស់​ទ្រង់​សម្រាប់​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទ្រង់​នឹង​បន្ត​បើកសម្ដែង​ព្រះទ័យ​របស់ទ្រង់​ចំពោះ​ពួក​ព្យាការី​មួយ​បន្ទាត់​ម្តងៗ បង្កើន​ការយល់ដឹង​របស់​យើង និង​ការលុប​បំបាត់​កំហុស ដែល​ជា​ផ្នែក​មួយ​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​ដែល​បាន​បើកសម្តែង ។

ហេតុអ្វី​បាន​ជា​កិច្ចការ​មួយចំនួន​ក្នុង​សាសនាចក្រ​ផ្លាស់ប្ដូរ​ទៅ​តាម​ពេលវេលា ?

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៣០ ព្រះអម្ចាស់​បាន​ប្រកាស​ថា​សាសនាចក្រ​នេះ​គឺជា « សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល » ។ ប៉ុន្តែ​អ្វីៗ​ដែល​មាន​ជីវិត​ទាំង​អស់​មាន​ការអភិវឌ្ឍ និង​ផ្លាស់ប្តូរ ។ ការអនុវត្ត​របស់​សាសនាចក្រ​នៅ​សព្វ​ថ្ងៃនេះ​គឺ​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ នេះ​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​សាសនាចក្រ ដែល​ត្រូវ​បានបង្កើត​ឡើង​លើ​គោលការណ៍​នៃ​វិវរណៈ​ដែល​មាន​ជា​បន្ត ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជឿ​ថា ព្រះ « បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន » ។

វិវរណៈ​ដែល​មាន​ជា​បន្ត​អាច​ពង្រីក ឬ​សម្រិតសម្រាង​ការយល់ដឹង​របស់​យើង នាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​ទំនៀមទម្លាប់​ខ្លះៗ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទីក្រុង​ស៊ីយ៉ូន​ដ៏​ប្រសើរ​បំផុត ។ សាសនាចក្រ​ទូទាំង​ពិភពលោក​កែតម្រូវ ដើម្បី​ឲ្យ​គោលនយោបាយ​របស់​ខ្លួន​អាច​បំពេញ​តម្រូវការ​នៃ​ពេលវេលា និង​ទីកន្លែង​ជាក់លាក់ ។ បន្ទាប់ពី​អ្វីៗ​ទាំងអស់ តម្រូវការ​របស់​ពួកបរិសុទ្ធ​នៅ​ព្រំដែន​អាមេរិក​ក្នុង​សតវត្ស​ទី ១៩ មាន​លក្ខណៈ​ជា​ច្រើន​ខុស​គ្នា​យ៉ាងខ្លាំង​ពី​សមាជិក​សាសនាចក្រ​រាប់លាន​នាក់​ដែល​បានខ្ចាត់ខ្ចាយ​ជុំវិញ​ពិភពលោក​នៅ​សព្វថ្ងៃ​នេះ ។

ការផ្លាស់ប្តូរ​ភាគច្រើន​ដែល​យើង​ដកពិសោធន៍​នៅក្នុង​សាសនាចក្រ​ទាក់ទង​នឹង​ការអនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ​ជាក់ស្តែង ដូចជា​របៀប​ដែល​យើង​ធ្វើ​ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់សម្រាក ឬ​ការធ្វើ​ការងារបម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​វួដ និង​សាខា​របស់​យើង ។ ពេល​ខ្លះ​វិវរណៈ​បាននាំ​ទៅ​រក​ការផ្លាស់ប្តូរ​ដ៏​សំខាន់​បន្ថែម​ទៀត​ក្នុង​ការបង្រៀន និង​ការអនុវត្ត​ក្នុង​សាសនាចក្រ ។ ឧទាហរណ៍​រួមមាន​នូវ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ដែល​នាំ​ទៅ​រក​ការបញ្ចប់​នៃ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន និង​ការផ្ដល់​បព្វជិតភាព និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​មនុស្ស​គ្រប់​រូប​ដោយ​មិន​គិត​ពី​ពូជសាសន៍​ឡើយ ។

តើ​ការបង្រៀន​របស់​ពួក​ព្យាការី​ដែល​នៅ​រស់​មាន​សារៈសំខាន់​ជាង​បទគម្ពីរ ឬ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពី​មុនៗ​ដែរ​ឬ​ទេ ?

ពួក​ព្យាការី​ដែល​នៅរស់ ព្រះគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពី​មុនៗ គឺ​សុទ្ធតែ​សំខាន់​ទាំងអស់ ។ គោលបំណង​ចម្បង​នៃ​ប្រភព​នៃ​សេចក្តីពិត​ទាំងបី​នេះ​គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​បេសកកម្ម​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​គួរតែ​ស្វែងយល់​ពី​តួនាទី​សំខាន់​ដែល​ប្រភព​នីមួយៗ​ដើរ​តួ និង​របៀប​ដែល​វា​ទាក់ទង​គ្នា​ទៅវិញ​ទៅមក ។

ព្រះគម្ពីរ​ទាំងឡាយ​គឺជា​ប្រភព​នៃ​សេចក្តីពិត​ដ៏​សំខាន់ ដែល​បានបើក​សម្តែង​ក្នុង​រយៈពេល​រាប់​ពាន់​ឆ្នាំ និង​នៅក្នុង​បរិបទ​វប្បធម៌​ជា​ច្រើន ។ វា​រក្សា​នូវ​សេចក្ដីពិត​សំខាន់ៗ​នៃ​ដំណឹងល្អ​ជានិច្ច​នៅ​ចំពោះមុខ​យើង ។ វា​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ហើយ​ផ្តល់​ឱកាស​ឲ្យ​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​យើង ។ ការបង្រៀន​របស់​ព្យាការី​ពី​មុនៗ​នៃ​ការស្ដារ​ឡើងវិញ​ផ្ដល់​នូវ​ធនធាន​ខាងវិញ្ញាណ​ស្រដៀង​គ្នា​នេះ​ដែរ ។ យើង​គួរ​ស្វែងរក​ដើម្បី​ស្វែងយល់​ពី​ព្រះគម្ពីរ​ទាំងឡាយ និង​ការបង្រៀន​របស់​ពួកព្យាការី​ពី​មុនៗ​ក្នុង​បរិបទ​ដែល​ការណ៍​នេះ​បានផ្ដល់​ឲ្យ និង​ឱបក្រសោប​យក​សេចក្ដីពិត​ដែល​បាន​បើកសម្ដែង​ដែល​វា​ចែកចាយ​ដោយ​អំណរគុណ ។

ពួកព្យាការី​ដែល​នៅ​រស់​កាន់​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​ដឹកនាំ​សាសនាចក្រ និង​ចាត់ចែង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​នៅ​សព្វ​ថ្ងៃ​នេះ ។ ពួកលោក​បន្ថែម​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះគ្រីស្ទ​ចំពោះ​អ្វី​ដែល​បានថ្លែង​ដោយ​ព្យាការី​ពី​មុនៗ ។ ពួកលោក​ជួយ​យើង​មើលឃើញ​ពី​របៀប​ដែល​សេចក្ដីពិត​នៃ​ដំណឹងល្អ​អនុវត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង ។ ពួកលោក​ទទួល​បាន​វិវរណៈ​ថ្មីៗ​សម្រាប់​សាសនាចក្រ ដោយ​កែសម្រួល​ការដឹកនាំ​ពី​មុនៗ​ទៅ​នឹង​កាលៈទេសៈ​បច្ចុប្បន្ន​តាម​ការណែនាំ​ដោយ​ព្រះអម្ចាស់ ។ ជួនកាល​ការបង្រៀន​របស់​ពួកលោក​បាន​ជំនួស​ការបង្រៀន​របស់​ពួកព្យាការី​ពី​មុនៗ ។ ជាញឹកញាប់ ប្រសាសន៍​របស់​ពួកលោក​ពង្រឹង​ការបង្រៀន​នៃ​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ពី​មុនៗ ។

ស្វែង​យល់​បន្ថែម​ទៀត

  • រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ៩៣–៩៦

  • នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ​ឧសភា ឆ្នាំ​២០១៨ ទំព័រ ២៤–២៧