បណ្ណាល័យ
អព្ភូតហេតុ​ទាំងឡាយ


« អព្ភូតហេតុ​ទាំងឡាយ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ព្រះយេស៊ូវគ្រីស្ទ​ព្យាបាល​បុរស​ម្នាក់

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

អព្ភូតហេតុ​ទាំងឡាយ

ការ​បង្ហាញ​ពី​អំណាច និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បងប្អូន​ជឿ​ថា ព្រះ​មាន ពិត ហើយ​ថា​ទ្រង់​ស្គាល់​បងប្អូន ? តើ​បងប្អូន​អាច​គិត​ពី​គ្រា​ដែល​បងប្អូន​បាន​ដឹង​ថា​ទ្រង់​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បងប្អូន​បាន​ទេ ? ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀនថា « អធិស្ឋាន​ដោយ​កែវភ្នែក​ចង់​មើល​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ហើយនឹង​ពិភពលោក​ជុំវិញ​បងប្អូន » ។ អព្ភូតហេតុ​តំណាង​ឲ្យ​គ្រា​ដែល​ព្រះ​ធ្វើ​ការ​ដោយ​អំណាច​របស់​ទ្រង់​ជំនួស​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ។

នៅ​ក្នុង​ព្រះគម្ពីរ​យើង​បាន​រៀន​អំពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រះយេហូវ៉ា​បាន​ធ្វើ​ឡើង​សម្រាប់​ប្រជាជន​របស់​ទ្រង់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ យើង​ក៏​បាន​រៀន​អំពី​អព្ភូតហេតុ​ដែល​ធ្វើ​ឡើង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។ ប៉ុន្តែ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​គឺ​ដង្វាយធួន​របស់​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​បាន​ប្រោស​មនុស្ស​ឲ្យ​រួច​ផុត​ពី​អំពើ​បាប ហើយ​បាន​រស់​ឡើង​វិញ​ពី​សេចក្តី​ស្លាប់ ។ សព្វ​ថ្ងៃនេះ​យើង​អាច​ឃើញ​ស្នាព្រះហស្ដ និង​អព្ភូតហេតុ​របស់​ទ្រង់ ទាំង​ធំ​ទាំង​តូច នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ហើយ​ដឹងថា « ព្រះយេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំងអស់ ៖ ហើយ​ព្រះហឫទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ចការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន » ( ទំនុកតម្កើង ១៤៥:៩ ) ។

តើ​អ្វី​ជា​អព្ភូតហេតុ ?

អព្ភូតហេតុ​គឺ​ជា​ការ​បើកសម្តែង​នូវ​អំណាច​ដ៏​ទេវភាព ។ អព្ភូតហេតុ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ចការ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទាំង​ក្នុង​សម័យ​បុរាណ និង​សព្វ​ថ្ងៃ​នេះ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ អព្ភូតហេតុ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ការអធិស្ឋាន, សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ, ពរជ័យ​បព្វជិតភាព

ផ្នែក​ទី ១

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​នៃ​អព្ភូតហេតុ

ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់

អព្ភូតហេតុ​តែង​តែ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​ព្រះ​ក្នុង​ចំណោម​បុត្រាបុត្រី​របស់​ទ្រង់ ។ ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​រួម​បញ្ចូល​ដំណើរ​រឿង​ជា​ច្រើន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ពី​អំណាច​ដ៏​ទេវភាព​ជំនួស​ឲ្យ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។ អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ថ្ងៃ​នេះ​ដឹង​ថា​ព្រះហស្ដ​របស់​ព្រះ​នៅ​តែ​បន្ត​ធ្វើ​កិច្ចការ​តាម​របៀប​ដ៏​អស្ចារ្យ​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ និង​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ផងដែរ ។ ព្រះ​បាន​ប្រកាស​ថា « ដ្បិត​មើល​ចុះ យើង​ជា​ព្រះ ហើយ​យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំង​ឡាយ ហើយ​យើង​នឹង​បង្ហាញ​ដល់​មនុស្ស​លោក​ថា យើង​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​យើង​មិន​ធ្វើ​កិច្ចការ​ណា​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ឡើយ លើក​លែង​តែ​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ពួក​គេ​តែប៉ុណ្ណោះ » ( នីហ្វៃទី២ ២៧:២៣ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • នៅពេល​សិស្ស​ពីរ​នាក់​របស់ យ៉ូហាន បាទីស្ទ បាន​សួរ​ព្រះយេស៊ូវ​ថា « តើ​ទ្រង់​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត ? » ព្រះយេស៊ូវ​បាន​លើក​ឧទាហរណ៍​ដើម្បី​បង្ហាញ​ថា​ទ្រង់​ជា​នរណា ( សូម​មើល ម៉ាថាយ ១១:៣-៦ ) ។ ហេតុអ្វី​បាន​ជា​ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​ថា​ទ្រង់​ជា​នរណា ? សូម​ពិចារណា​ផង​ដែរ​អំពី​អ្វី​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​នៅក្នុង យ៉ូហាន ៥:៣៦ ។ តើ​អ្វី​ជា​គោលបំណង​នៃ « កិច្ចការ » ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ?

  • អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​បង្រៀនថា « ព្រះអម្ចាស់​ធ្វើ​នូវ​អព្ភូតហេតុ​ដើម្បី​រំឭក​យើង​ពី​ព្រះចេស្តា​របស់​ទ្រង់ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ឥទ្ធិពល​ទ្រង់​ពី​ស្ថានសួគ៌​មកកាន់​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ព្រះទ័យ​របស់​ទ្រង់​ដើម្បី​បង្រៀន​អំពី​អ្វី​ដែល​មាន​តម្លៃ​បំផុត » ។ តើ​អព្ភូតហេតុ​ណា​ខ្លះ​ដែល​អ្នក​ចូលចិត្ត​ជាងគេ​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​ព្រះគម្ពីរ ? តើ​បទពិសោធន៍​ទាំងនេះ​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទ្រង់ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​សមាជិក​ក្រុម​នីមួយៗ​ឲ្យ​ជ្រើស​រើស​ដំណើររឿង​មួយ​ក្នុង​ចំណោម​ដំណើរ​រឿង​ដូច​ខាង​ក្រោម​អំពី​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ កំណត់អត្តសញ្ញាណ « អ្នក​ណា អ្វី នៅ​កន្លែងណា នៅពេលណា និង ហេតុអ្វី »​នៃ​អព្ភូតហេតុ ដែល​បាន​រៀបរាប់​នៅក្នុង​វគ្គបទគម្ពីរ​ដែល​បាន​ជ្រើស​រើស​នេះ ។ ពិភាក្សា​អំពី​ភាព​ស្រដៀងគ្នា និង​ភាព​ខុសគ្នា​រវាង​ព្រឹត្តិការណ៍​ទាំងនេះ ។ តើ​ដំណើររឿង​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​របស់​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​របៀបណា ?

    • ការព្យាបាល​បុរស​ខ្វាក់ភ្នែក​ពីរនាក់ ( សូម​មើល ម៉ាថាយ ៩:២៧–៣១ )

    • ការ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ( សូម​មើល លូកា ៧:១១-១៦ )

    • ការព្យាបាល​បុរស​ខ្វាក់​ពី​កំណើត​ម្នាក់ ( សូម​មើល យ៉ូហាន ៩ )

    • ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើងវិញ ( សូម​មើល យ៉ូហាន ១១:១–៤៥ )

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

អព្ភូតហេតុ​ទាំងឡាយ​កើត​មាន​ឡើង​តាមរយៈ​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ​ព្យាបាល​ស្ត្រី​ម្នាក់

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះយេស៊ូវ​បាន​សន្យា​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា « ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ » ( ម៉ាកុស ១៦:១៧-១៨ ) ។ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ទ្រង់​មាន​បន្ទូល​ថា « ហេតុ​ដូច្នេះ​ហើយ ដូច​ជា​យើង​បាន​ប្រាប់​ដល់​ពួក​សាវក​របស់​យើង​យ៉ាង​ណា នោះ​យើង​ក៏​ប្រាប់​ដល់​អ្នក​ម្ដង​ទៀត​ជា​យ៉ាង​នោះ​ដែរ ថា​មនុស្ស​គ្រប់​រូប​ណា​ដែល​ជឿ​ដល់​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ នោះ​ឈ្មោះ​ថា​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ហើយ … ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​ពួក​អ្នក​ដែល​ជឿ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៦៤-៦៥ ) ។ សម្រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ អព្ភូតហេតុ​គឺ​ជា​លទ្ធភាព​ដែល​នឹង​កើតឡើង​ពិត​ប្រាកដ​ណាស់ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​មាន​សេចក្តី​ជំនឿ​ជា​មុន​សិន ( សូម​មើល អេធើរ ១២:១២-១៨ ) ។

ប៉ុន្តែ​យើង​មិន​គួរ​ស្វែង​រក​អព្ភូតហេតុ​ទាំងឡាយ​​ដើម្បី​ធ្វើជា​វិធី​មួយ​ក្នុង​ការ​ស្ថាបនា ឬ​បង្ហាញ​ពី​សេចក្តី​ជំនឿ​របស់​យើង​នោះ​ទេ ។ ព្រះអម្ចាស់​ទ្រង់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ថា ៖ « សេចក្ដី​ជំនឿ​ពុំ​មែន​មាន​ឡើង​ដោយ​សារ​ទី​សំគាល់​ទាំង​ឡាយ​ឡើយ ប៉ុន្តែ​ទី​សំគាល់​ទាំង​ឡាយ​មក​តាម​ក្រោយ​អស់​អ្នក​ដែល​ជឿ​វិញ ។ មែន​ហើយ ទី​សំគាល់​ទាំង​ឡាយ​មាន​ឡើង​ដោយ​សារ​សេចក្ដី​ជំនឿ ពុំ​មែន​ដោយ​សារ​បំណង​របស់​មនុស្ស ឬ​តាម​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ ប៉ុន្តែ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៩-១០ ) ។ ព្យាការី​មរ៉ូណៃ​បាន​សរសេរ​ថា « ​អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ( អេធើរ ១២:៦ ) ។ ទីបន្ទាល់​មួយ​ដែល​ចាប់​ផ្តើម​ដោយ​ការមើល​ឃើញ​អព្ភូតហេតុ​មួយ​នឹង​មិន​នៅ​យូរឡើយ ប្រសិន​បើ​វា​មិន​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​សេចក្ដី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​ជា​បន្ត​បន្ទាប់​ទេនោះ ។

អព្ភូតហេតុ​មួយ​ចំនួន​កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់ ដូច​ជា​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​របស់​ព្រះ មាន​បទ​ពិសោធន៍​នូវ​ការ​ផ្លាស់​ប្ដូរ​ចិត្ត​ដ៏​ខ្លាំងក្លា ទទួល​បាន​ការ​អភ័យទោស​ពី​ព្រះអម្ចាស់ ឬ​ក៏​មាន​ពរ​ដោយ​សេចក្ដី​សុខ និង​កម្លាំង​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​មួយ ( សូម​មើល អាលម៉ា ៣៧:៦-៧ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​ពិចារណា​អំពី​អ្វី​ដែល​ទេវតា​បាន​ប្រាប់​នាង​ម៉ារា​ថា ៖ « ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។ តើ​អ្នក​ធ្លាប់​ប្រឈម​មុខ​នឹង​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​មិន​អាច​សម្រេច ឬ​ដោះ​ស្រាយ​បាន​ដែរ​ឬ​ទេ ? តើ​ការ​សិក្សា​អំពី​ដំណើរ​រឿង​ព្រះគម្ពីរ​អំពី​អព្ភូតហេតុ​ដែល​ធ្វើ​ឡើង​ដោយ​អំណាច​របស់​ព្រះ រៀបចំ​អ្នក​ឲ្យ​បែរ​ទៅ​រក​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​សេចក្ដី​ស្រឡាញ់ សេចក្តីមេត្តាករុណា និង​ព្រះឆន្ទះ​របស់​ទ្រង់​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​មាន​ប្រសាសន៍​អំពី​អព្ភូតហេតុ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ដែល​បើកសម្តែង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក​លោក​បាន​ចែកចាយ​ថា ៖

    « វា​គួរ​ឲ្យ​អស្ចារ្យ​បំផុត​ក្នុង​ការធ្វើ​ជា​សាក្សី​ចំពោះ​បុគ្គល​ម្នាក់​ដែល​ថ្លង់ ដែល​ត្រូវបាន​ធ្វើ​ឲ្យ​ស្តាប់ឮ​ម្ដង​ទៀត ។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា​ពរជ័យ​ដ៏​អស្ចារ្យ​នោះ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​ការ​ផ្សំ​គ្នា​ដ៏​អស្ចារ្យ​នៃ​ឆ្អឹង និង​ស្បែក និង​សរសៃ​ទាំងឡាយ​ដែល​អនុញ្ញាត​ឲ្យ​ត្រចៀក​របស់​យើង​ទទួល​បាន​ពិភព​ដ៏​ស្រស់​ស្អាត​នៃ​សំឡេង​នោះ​ទេ ។ តើយើង​មិន​គួរស្ញប់ស្ញែង​នឹងពរជ័យ​នៃ​ការស្ដាប់ឮ ហើយ​សរសើរ​តម្កើង​ដល់ព្រះ​ចំពោះ​អព្ភូតហេតុ​នោះទេ​ឬ សូម្បីតែ​នៅពេល​ដែល​ការស្ដាប់​ត្រូវបាន​ធ្វើឲ្យឮ​វិញ បន្ទាប់ពី​វាបាន​បាត់បង់​ទៅនោះ ?

    « តើវា​មិន​ដូចគ្នា​ទេឬ​សម្រាប់​ការវិល​ត្រឡប់​មកវិញ​នៃ​ការមើលឃើញ ឬ​ការនិយាយ​ស្តី​របស់​យើង ឬ​សូម្បីតែ​អព្ភូតហេតុ​ដ៏ធំ​បំផុត—គឺ​ការស្តារ​ឡើងវិញ​នៃ​ជីវិត ? ការបង្ក​បង្កើត​ដំបូង​របស់​ព្រះវរបិតា​គឺ​ជា​ពិភព​មួយ​ដែល​ពោរពេញ​ដោយ​ភាព​អស្ចារ្យ​ពិត​ប្រាកដ ។ ការ​ដែល​យើង​មាន​ជីវិត និង​អវយវៈ និង​ការមើល​ឃើញ និង​ការ​និយាយ​ស្តី​មុនគេ​នេះ តើ​ការណ៍​នេះ​មិនមែន​អព្ភូតហេតុ ដ៏ធំ​បំផុត ដែល​យើង​មាន​​ទេឬ​អី ? »

    តើ​ទស្សនៈ​អំពី​អព្ភូតហេតុ​ជាច្រើន​នៅក្នុង​ជីវិត​របស់​យើង​នេះ អាច​បង្កើន​ការដឹង​គុណ​របស់​យើង​ចំពោះ​អព្ភូតហេតុ​របស់​ព្រះ​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ស្វែងរក និង​រំពឹង​ទុក​អព្ភូតហេតុ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក

បុរស​ម្នាក់​កំពុង​ដើរ​នៅលើ​ឆ្នេរ​សមុទ្រ

នឹង​មាន​អព្ភូតហេតុ​ជានិច្ច ដរាប​ណា​មាន​មនុស្ស​ដែល​មាន​សេចក្តី​ជំនឿ ( សូម​មើល មរ៉ូណៃ ៧:២៧-២៩ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា យើង​គួរ​តែ « ស្វែងរក និង​រំពឹង​ថាមាន​អព្ភូតហេតុ » ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់ បងប្អូន នូវ​អព្ភូតហេតុ បើ បងប្អូន​ជឿ​លើ​ទ្រង់ ‹ ដោយ​ឥត​សង្ស័យ​អ្វី › [ មរមន ៩:២១ ] ។ សូម​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដើម្បី​ស្វែងរក​អព្ភូតហេតុ ។ សូម​អធិស្ឋាន​ទូល​សូម​ព្រះ​ឲ្យ​ជួយ​បងប្អូន​អនុវត្ត​សេចក្ដី​ជំនឿ​បែប​នោះ » ។

អព្ភូតហេតុ​ទាំងឡាយ​មាន​នៅ​ជុំវិញ​យើង​ជា​រៀង​រាល់​ថ្ងៃ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ពន្យល់​ថា ៖ « បងប្អូន​ជាច្រើន​នាក់​បាន​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ ច្រើន​ជាង​អ្វី​ដែល​បងប្អូន​ដឹង​ទៅ​ទៀត ។ អព្ភូតហេតុ​ទាំង​នោះ​អាច​មើល​ទៅ​តូចតាច បើ​សិន​ជា​ប្រៀបធៀប​ទៅ​រឿង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ។ ប៉ុន្តែ​ភាពអស្ចារ្យ​មិន​មែន​ជា​ធាតុ​ផ្សំ​នៃ​អព្ភូតហេតុ​នោះ​ទេ លើកលែង​តែ​វា​មក​ពី​ព្រះ​ប៉ុណ្ណោះ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​ពិចារណា​អំពី​ដំបូន្មាន​របស់​ប្រធាន ណិលសុន ។ តើ​ការ « ស្វែង​រក » អព្ភូតហេតុ​ក្នុង​ជីវិត​របស់​អ្នក​មាន​ន័យ​ដូចម្តេច ? តើ « កិច្ចការ​ខាង​វិញ្ញាណ »​ដែល​អ្នកត្រូវ​ធ្វើ​ដើម្បី « ស្វែង​រក​អព្ភូតហេតុ » មាន​អ្វីខ្លះ ? តើ​អ្នក​អាច​ទទួល​ពរ​តាមរយ​ការស្វែងរក​របៀប​ដែល​ព្រះ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

  • សូម​អាន មរមន ៩:៧–២១ ។ ប្រសិន​បើ​ទ្រង់​ពុំ​ផ្លាស់​ប្ដូរ​ឡើយ និង​បាន​ប្រទាន​នូវ​ចក្ខុវិស័យ ពរជ័យ និង​វិវរណៈ​លើ​បុត្រាបុត្រី​របស់​ទ្រង់​ពី​បុរាណ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ? តើ​អ្នក​ស្គាល់​អ្នក​ណា​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ថា « ទ្រង់​ពុំ​ឈប់​ធ្វើ​ជា​ព្រះ​ទេ ហើយ​ទ្រង់​ជា​ព្រះ​នៃ​អព្ភូតហេតុ »​ឬ​ទេ ? ( មរមន ៩:១៨ )

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • តាម​ដែល​សមរម្យ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​ពី​ពេលវេលា​មួយ​ដែល​ពួកគេ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​ប្រទាន​ពរជ័យ ឬ​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​ ។ សូម​ពិភាក្សា​អំពី​វិធី​ផ្សេងៗ​ដែល​អព្ភូតហេតុ​ទាំង​នេះ​បាន​កើត​ឡើង និង​គោល​បំណង​ផ្សេងៗ​ដែល​វា​បាន​បម្រើ ។

ស្វែង​យល់​បន្ថែម​ទៀត