បណ្ណាល័យ
ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ


« ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ព្រះគ្រីស្ទ​កំពុង​បង្រៀន​ប្រជាជន

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ

« ហើយ​ទ្រង់​នឹង​ត្រូវ​បាន​ហៅ​ថា​ ព្រះយេស៊ូវ​គ្រីស្ទ​ព្រះរាជ​បុត្រា​នៃ​ព្រះ » ។ ( ម៉ូសាយ ៣:៨ )

បុត្រ​វិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះវរបិតា​សួគ៌ គឺ​ជា​ព្រះរាជ​បុត្រា​ច្បង​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ មុន​កំណើត​លើ​ផែនដី​របស់​ទ្រង់ ព្រះយេស៊ូវត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ព្រះបរមងារ​ជាច្រើន ដូចជា​ព្រះ​យេហូវ៉ា​ដ៏​មហិមា និង​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ។ ព្រះ វរបិតា​បាន​បញ្ជូន​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​មករស់​នៅ​លើ​ផែនដី ហើយ​ប្រទាន​ព្រះ​អង្គ​ជា​​ពលិកម្ម​ធួន​ដ៏​គ្មាន​ទី​បញ្ចប់ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រោសលោះ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះ ។ ក្នុង​អំឡុង​ពេល​ជីវិត​រមែងស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ហើយ​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់ ។ ចេញពី​ដំណើររឿង​ព្រះគម្ពីរ​នៃ​ព្រះជន្ម​របស់​ទ្រង់ យើង​រៀន​ថា​ទ្រង់​បាន​គោរព​ប្រតិបត្តិ​ព្រះវរបិតា​របស់​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាបាល​អ្នក​ឈឺ និងបាន​រង​ទុក្ខ បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​អស់​អ្នក​ដែល​រង​ទុក្ខ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ប្រែ​ចិត្ត ហើយ​បាន​ធ្វើ​ឲ្យ​ការ​អភ័យទោស​អាច​កើត​ឡើង​បាន ។ ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ទាំង​អស់​ដើម្បី​ធ្វើ​តាម ។

តើ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្វី ?

ព្រះវរបិតា​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​សំណព្វ​​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​កាន់​ផែនដី​ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ និង​ជា​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក ។ តាមរយៈ​បទពិសោធន៍​ក្នុងជីវិត​រមែងស្លាប់​របស់​ទ្រង់ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ នោះ​ទ្រង់​បាន​ដឹង និង​យល់​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​អ្វី​ដែល​យើង​ម្នាក់ៗ​ជួប​ប្រទះ​នៅ​លើ​ផែនដីនេះ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង​ដើម្បី​ធ្វើ​តាម ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ព្រះយេស៊ូវ​គ្រីស្ទ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖, ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ព្រះយេស៊ូ​គ្រីស្ទ, ការ​រស់​ឡើង​វិញ

ផ្នែក​ទី ១

ព្រះយេស៊ូវ​គ្រីស្ទ​តែងតែ​ធ្វើ​តាម​ព្រះរាជ​បំណងរបស់​ព្រះវរបិតា​របស់​ទ្រង់​ជានិច្ច

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ព្រឹត្ដិការណ៍​ដ៏​អព្ភូតហេតុ​នៅ​ជុំវិញ​ការប្រសូត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​យ៉ាង​ល្អ​នៅ​ក្នុង​ព្រះ​គម្ពីរ ( សូម​មើល​ឧទាហរណ៍ លូកា ២:១-១៩ ) ។ ទាក់ទង​ទៅនឹង​កុមារភាព​របស់​ទ្រង់ ព្រះគម្ពីរ​បាន​ចែកចាយ​តែ « ឯ​ព្រះឱរស ក៏​កាន់​តែ​មាន​វ័យ​ចម្រើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរពេញ ហើយ​ព្រះគុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង » ហើយថា « ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៤០, ៥២ ) ។

នៅពេល​ព្រះយេស៊ូវ​មាន​ព្រះជន្ម ១២ ព្រះវស្សា ទ្រង់​បាន​ធ្វើដំណើរ​ជាមួយ​គ្រួសារ​របស់​ទ្រង់​ទៅកាន់​ក្រុង​យេរូសាឡិម ដើម្បីរម្លឹ្កកដល់​ពិធីបុណ្យ​រំលង ។ នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ទៅ​កាន់​ស្រុក​ណាសារ៉ែត ​វិញ ម៉ារា និង​យ៉ូសែប​បាន​ដឹង​ថា​ព្រះយេស៊ូវ​មិន​ស្ថិត​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ពួក​គេ​ទេ ។ នៅ​ទី​បំផុត​ពួក​គេ​បាន​រក​ឃើញ​ទ្រង់​នៅឯ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុង​យេរូសាឡិម ដោយ​កំពុង​បង្រៀន​មនុស្ស និង​ឆ្លើយ​សំណួរ​របស់​ពួក​គេ ( សូមមើល ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ លូកា ២:៤៦ [ នៅក្នុង លូកា ២:៤៦, លេខ​យោង  ] ) ។ នៅពេល​ម៉ារា​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អវត្តមាន​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា « អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី ? » ( លូកា ២:៤៦ ) ។ ទោះ​ជា​នៅ​ក្នុង​យុវវ័យ​ក្ដី ក៏​ព្រះយេស៊ូវ​បាន​ផ្ដោត​ទៅលើ​ការ​ធ្វើ​កិច្ចការ​​របស់​ព្រះវរបិតា​របស់​ទ្រង់​ដែរ ។

ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​ស្រឡាញ់ ហើយ​បាន​បម្រើ​ព្រះ​ជា​ព្រះវរបិតា ។ ទ្រង់​បាន​មាន​បន្ទូលថា « ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ( យ៉ូហាន ៦:៣៨ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ​ដូច​គ្នា ។ ទ្រង់​បាន​សន្យា​ថា « អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ » គឺ​ជា​អ្នក​ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌ ( ម៉ាថាយ ៧:២១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន យ៉ូហាន ៨:២៥-៣០ កន្លែង​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ពន្យល់​ថា « ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ [ ព្រះវរបិតា ] ជា​ដរាប » ( ខទី ២៩ ) ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាន់តែ​យល់ និង​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះវរបិតា​ក្នុង​ជីវិត​របស់​អ្នក ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ឲ្យ​អាន និង​ជញ្ជឹងគិត​អំពី​សំណួរ​ដែល​បាន​លើក​ឡើង​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​នេះ ៖

    « តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​របស់​ទ្រង់ បទបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់ មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះសូរសៀង​របស់​ទ្រង់​មាន​អាទិភាព​លើស​សំឡេង​ដទៃ​ទៀតដែរ​ឬ​ទេ ? តើ​បងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ មាន​អាទិភាព​ជាង​មហិច្ឆិតា​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើ​បងប្អូន ស្ម័គ្រចិត្ត ដើម្បី​ដាក់​ឆន្ទៈ​របស់​ខ្លួន​ទៅ​ក្នុង​ព្រះហឫទ័យទ្រង់​ដែរ​ឬ​ទេ ? »

    តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​តែងតែ​ធ្វើ​តាម​ព្រះហឫទ័យរបស់​ព្រះបិតា​តាម​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​មួយ​សម្រាប់​មនុស្ស​ទាំងអស់

រូបភាព
យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ

នៅ​ជិត​ការ​ចាប់​ផ្ដើម​នៃ​ការងារ​បម្រើ​ជា​សាធារណៈ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​យាង​មក​រក យ៉ូហាន បាទីស្ទ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទន្លេ​យ័រដាន់ ។ ទោះបី​ជា​ទ្រង់​មិន​ដែល​ធ្វើ​បាប​ក៏​ដោយ ក៏​ព្រះយេស៊ូវ​បាន​ពន្យល់​ថា​ទ្រង់​ត្រូវ​តែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក « ដើម្បី​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ។ នៅពេល​ព្រះយេស៊ូវ​ចេញ​ពី​ទឹក ព្រះ​បន្ទូល​របស់​ព្រះ​ជា​ព្រះវរបិតា​បាន​មាន​បន្ទូល​ថា « នេះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មកលើ​ព្រះយេស៊ូវ ដូច​ដែល​បាន​បង្ហាញ​ដោយ​សញ្ញា​នៃ​សត្វព្រាប ។ ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដឹកនាំ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ។ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់ នោះ​ទ្រង់​បាន​តម​អាហារ​អស់​រយៈ​ពេល ៤០ ថ្ងៃ និង ៤០ យប់ ដើម្បី​ទូល​ជាមួយនឹង​ព្រះ ( សូមមើល ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៤:២ [ នៅក្នុង ម៉ាថាយ ៤:២, លេខយោង  ] ) ។ ក្រោយ​មក​សាតាំង​បាន​មក​ល្បួង​ទ្រង់ ។ ប៉ុន្ដែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទប់ទល់​យ៉ាង​ម៉ឺងម៉ាត់​នឹង​ការល្បួង​ទាំងនោះ ។ ជីវិត​គ្មាន​បាប​របស់​ទ្រង់​បាន​រៀបចំ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ធួន​ចំពោះ​អំពើ​បាប​ទាំងអស់​របស់​បុត្រាបុត្រី​របស់​ព្រះ ។ ក្នុង​នាមជា​អង្គ​ដ៏​ល្អ​ឥតខ្ចោះ​តែមួយ​គត់​ក្នុង​ចំណោម​បុត្រ​របស់​ព្រះ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ម្នាក់ៗ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះ ( សូមមើល ពេត្រុស ទី១ ២:២១–២២ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន ម៉ាថាយ ៤:១-១១ រួម​ទាំង​លេខយោង​នៃ​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​សាតាំង​ព្យាយាម​ល្បួង​ព្រះយេស៊ូវ ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​មកពី​គំរូ​របស់​ព្រះគ្រីស្ទ​សម្រាប់​ការ​ដោះ​ស្រាយ​ជាមួយនឹង​ការ​ល្បួង ? តើ​ការ​តម​អាហារ ការ​អធិស្ឋាន និង​ចំណេះ​ដឹង​អំពី​ព្រះគម្ពីរ​អាច​រៀបចំ​ឲ្យ​អ្នក​យក​ឈ្នះ​ការ​ល្បួង​បាន​ដោយ​របៀបណា ?

  • ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្រៀន​ពួកសិស្ស​សាសន៍​នីហ្វៃ​ដប់​ពីរ​នាក់​អំពី​តួនាទី​របស់​ពួកគេ​ក្នុង​នាម​ជា​ចៅក្រម​របស់​ប្រជាជន ។ សូម​អាន នីហ្វៃទី៣ ២៧:២៧ ដើម្បី​មើល​បទបញ្ញត្តិ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។ ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទាំងអស់​ដើម្បី​ឲ្យ​បាន​ដូច​ជា​ទ្រង់ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​ឲ្យ​សមាជិក​ក្រុម​របស់​អ្នក​ពិចារណា​អំពី​មូលហេតុ​ដែល​ចាំបាច់​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ដក​ពិសោធន៍​នូវ​ការ​ល្បួង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង ហេព្រើរ ២:១៧-១៨; ៤:១៥-១៦ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឆ្លងកាត់​ការល្បួង​ដូច​ដែល​យើង​ឆ្លងកាត់​សព្វថ្ងៃនេះ ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់ ហើយ​បម្រើ​គ្នា​ទៅវិញ​ទៅមក

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វិន​ម្នាក់

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា​មាន​ព្រះបញ្ញត្តិ​ដ៏​អស្ចារ្យ​ធំ​ពីរ ។ ព្រះបញ្ញត្តិ​ទី​មួយ​នៃ​ព្រះបញ្ញត្តិ​ទាំងនេះ​គឺ​ឲ្យ​ស្រឡាញ់​ព្រះ​ដោយ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​របស់​យើង​ទាំង​អស់​គ្នា ។ ទីពីរ​គឺ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ។ ( សូមមើល ម៉ាថាយ ២២:៣៦–៣៩ ) ។ ព្រះយេស៊ូវ​បាន​បង្រៀន​សេចក្ដី​ពិត​ទាំង​នេះ​ជា​ញឹកញាប់​នៅ​ក្នុង​ទេសនកថា និង​រឿងប្រៀបធៀប​ទាំងឡាយ ( ឧទាហរណ៍​សូម​មើល ម៉ាថាយ ២៥:៣១-៤៦; លូកា ១០:២៥-៣៧ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​តែងតែ​ជា​គំរូ​មួយ​អំពី​របៀប​ធ្វើ​តាម​ព្រះ ហើយ​ស្រឡាញ់​អ្នក​ដទៃ​ជានិច្ច ។ ទ្រង់​ផ្ទាល់​បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​របស់​ទ្រង់​ចំពោះ​អ្នក​ដទៃ​នៅ​ពេល​ដែល​ទ្រង់​បាន​បម្រើ​ដោយ​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​បុត្រាបុត្រី​របស់​ព្រះ ព្យាបាល​អ្នក​ឈឺ និង​សម្តែង​នូវ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន ( សូម​មើល ម៉ាថាយ ១១:៤–៥; ម៉ូសាយ ៣:៥-៦ ) ។

ផ្នែក​សំខាន់​មួយ​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែងស្លាប់​របស់​ព្រះគ្រីស្ទ គឺ​ដើម្បី​បង្កើត​សាសនាចក្រ​របស់​ទ្រង់​ឡើង ។ ក្នុង​ការ​ធ្វើ​ដូច្នេះ ទ្រង់​បាន​ហៅ​ពួក​សិស្ស​ដប់​ពីរ​នាក់ បាន​ផ្តល់​សិទ្ធអំណាច​ដល់​ពួក​គេ​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ ហើយ​បាន​ផ្ដល់​អំណាច​ដល់​ពួក​គេ​ដើម្បី​ព្យាបាល​អ្នក​ឈឺ ( សូម​មើល ម៉ាថាយ ១០:១–៨ ) ។ សិស្ស​ទាំង​នេះ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​បន្ទាប់​ពី​ទ្រង់​បាន​សុគត ហើយ​រស់​ឡើង​វិញ​នៅ​ពេល​ដែល​ពួក​គេ​បាន​បង្រៀន​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ហើយ​បាន​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល កិច្ចការ ២:២២-២៤, ៣៧-៤៧ ) ។ ការ​ប្រើ​អំណាច​បព្វជិតភាព​ដើម្បី​ព្យាបាល នោះ​ពួក​គេ​បាន​បម្រើ​ដល់​អ្នក​ដទៃ ហើយ​បាន​បង្កើត​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល កិច្ចការ ៣:១-១១ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ព្រះបញ្ញត្តិ​ធំ​ទីពីរ​គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​យើង​ដែរ ។ ប្រធាន​រ័សុល អិម ណិលសុន បាន​បង្រៀនថា ៖ « ក្នុង​នាមជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​ធ្វើជា​គំរូ​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ—ជាពិសេស នៅពេល​យើង​មាន​ទស្សនៈ​ខុសគ្នា ។ វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់ អ្នកដើរតាម​ដ៏ពិត របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​មើល​ថា តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា » ។ តើ​ការ​ចងចាំ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច​ពេល​វា​ពិបាក​ដើម្បី​ស្រឡាញ់​អ្នក​ដទៃ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ៖

    « សូម​កុំ​ចុះចាញ់​ឲ្យ​សោះ—ប៉ុន្តែ​ទោះ​ជា​ព្រលឹង​បងប្អូន​រង​របួស​ធ្ងន់ ទោះ​ជា​វា​មាន​ប្រភព​មក​ពី​ណា ទោះជា​កន្លែង​ណា ឬ​ពេល​ណា​ដែល​វា​កើត​ឡើង និង​ទោះ​ជា​រយៈ​ពេល​ខ្លី ឬ​វែង​ក្ដី បងប្អូន​នឹង​មិន​ត្រូវ​វិនាស​ខាង​វិញ្ញាណ​ឡើយ ។ បងប្អូន​ត្រូវ​រស់រាន​ខាង​វិញ្ញាណ និង​រីកចម្រើន​ក្នុង​សេចក្ដីជំនឿ​ព្រមទាំង​ទុកចិត្ត​លើ​ព្រះ ។

    « ព្រះ​ពុំ​បាន​បង្កើត​វិញ្ញាណ​របស់​យើង​ដោយ​មិន​ឲ្យ​ពឹងផ្អែក​លើ​ទ្រង់​នោះ​ទេ ។ តាមរយៈ​អំណោយទាន​មិន​អាច​គណនា​បាន​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​នៃ​យើង​ពុំ​គ្រាន់តែ​សង្គ្រោះ​យើង​ចេញពី​សេចក្ដីស្លាប់ និង​ប្រទាន​ការអភ័យទោស​ដល់​អំពើបាប​របស់​យើង​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែមទាំង​ត្រៀម​ព្រះកាយ​ដើម្បី​សង្គ្រោះ​យើង​ពី​ទុក្ខព្រួយ និង​ការឈឺចាប់​នៃ​ព្រលឹង​ដែល​រង​របួស​របស់​យើង​ថែមទៀត​ផង » ។

    ពិភាក្សា​អំពី​អំណាច​ដែល​យើង​មាន​ដោយ​សារ​តែ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ព្យាបាល ។ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ពិចារណា​អំពី​ការ​ចែកចាយ​បទពិសោធន៍​បើ​សមរម្យ នៅគ្រាដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​អំណាចនៃការ​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​របស់​ពួកគេ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៤

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដើម្បី​ប្រោស​លោះ​បុត្រាបុត្រី​របស់​ព្រះ

រូបភាព
ព្រះយេស៊ូវ​លុតជង្គង់

ព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន អ័ប៊ីណាដៃ បាន​ព្យាករ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ត្រូវ​គេ​ចំអក​ឡកឡឺយ វាយ បណ្ដេញ​ចេញ ត្រូវ​ឆ្កាង ហើយ​ធ្វើ​គត—ទាំង​អស់​ដើម្បី​ឲ្យ​ទ្រង់​អាច​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ១៥:១-៧ ) ។ តម្រូវការ​ដ៏​ធំ​បំផុត​នៅ​ក្នុង​លោកិយ​សព្វ​ថ្ងៃ​នេះ​គឺ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​រៀន និង​យល់​ពី​បេសកកម្មនៃជីវិត​រមែងស្លាប់​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង អំពី​របៀប​ដែល​ទ្រង់​បាន​រង​ទុក្ខ និង​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង​ដើម្បី​យើង​អាច​បាន​សង្គ្រោះ ។

ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ប្រវត្តិសាស្ត្រ​ផែនដី​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអម្ចាស់ ។ នៅ​ពេល​ដែល​ពិធី​បុណ្យរំលង​របស់​ជនជាតិ​យូដា​បាន​មកដល់ នោះ​ព្រះយេស៊ូវ​បាន​នាំ​ពួក​សិស្ស​របស់​ទ្រង់​ទៅ​កាន់​គែតសេម៉ានី ជា​សួន​ច្បារ​នៃ​ដើម​អូលីវ​នៅ​ខាងលើ ឬ​នៅ​ជិត​ភ្នំ​អូលីវ​ដែល​នៅ​ខាង​ក្រៅ​ជញ្ជាំង​ក្រុង​យេរូសាឡិម ។ នៅ​ទីនេះ​ហើយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អធិស្ឋាន ហើយ​បាន​ចាប់​ផ្ដើម​លើក​ដាក់​លើ​ព្រះអង្ក​ទ្រង់​នូវ​អ្វីៗ​ទាំង​អស់​ដែល​បាន​ទាមទារ​សម្រាប់​ការ​ប្រោសលោះ​របស់​យើង ។ ស្តេច​បេនយ៉ាមីន​បាន​ព្យាករ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មាន​អារម្មណ៍​នៃ « ការ​ឈឺ​ចាប់​នៃ​រាងកាយ សេចក្ដី​ស្រេកឃ្លាន និង​ការ​នឿយហត់ » និង « សេចក្ដី​បារម្ភ​របស់​ព្រះ​អង្គ​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​ទ្រង់ » ( ម៉ូសាយ ៣:៧ ) ។ យើង​មិន​អាច​យល់​ពី​កម្រិត និង​វិសាល​ភាព​នៃ​ការ​ឈឺ​ចាប់​របស់​ទ្រង់​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី​បាន​ទេ ប៉ុន្តែ​ការ​ឈឺ​ចាប់​នេះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​ស្រក់​ញើស « ​ជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី » ( លូកា ២២:៤៤ សូម​មើល​ផង​ដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៨ ) ។

បន្ទាប់​មក​ព្រះយេស៊ូវ​ត្រូវ​បាន​ក្បត់​ដោយ​សិស្ស​ម្នាក់​របស់​ទ្រង់ ត្រូវ​បាន​ចាប់​ខ្លួន សើច​ចំអក និង​ចោទ​ប្រកាន់​ខុស​ឆ្គង​ពី​ពួក​អ្នក​ដឹកនាំ​សាសនា​យូដា ។ ទ្រង់​ត្រូវ​បាន​គេ​ចាប់​ខ្លួន សួរ​ចម្លើយ និង​វាយ​ដំ​ដោយ​ជន​ជាតិ​រ៉ូម ។ ( សូមមើល ម៉ាថាយ ២៦:៤៧-៦៨; ២៧:១–៣១ ) ។ ពួក​ទាហាន​បាន​នាំ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ឆ្កាង​ទ្រង់ មាន​ន័យ​ថា​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់​ត្រូវ​បាន​ដំ​ដែកគោល​ទៅ​លើ​ឈើ​ឆ្កាង ( សូមមើល លូកា ២៣:៣៣-៣៨ ) ។ នៅ​ពេល​ដែល​ទ្រង់​ត្រូវ​បាន​លើក​ឡើង ហើយ​ព្យួរ​លើ​ឈើ​ឆ្កាង​នោះ ការ​ឈឺ​ចាប់ និង​ការរងទុក្ខ​ចំពោះ​អំពើ​បាប​របស់​យើង​បាន​បន្ត ។ ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​រួមបញ្ចូល​ទាំង​ការបង់ថ្លៃ​ដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង​ដើម្បី​យក​ឈ្នះ​លើ​ផល​ប៉ះពាល់​នៃ​អំពើ​បាប សម្រាប់​មនុស្ស​ទាំងអស់​ដែល​ប្រែចិត្ដ​ពីអំពើ​បាប​របស់​ពួកគេ ( សូមមើល អាលម៉ា ៥:៤៨; នីហ្វៃទី៣ ៩:២២; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១៧ ) ។

បន្ទាប់​ពី​ទ្រង់​សោយទីវង្គត​ទៅ ព្រះសព​របស់​ទ្រង់​ត្រូវ​បាន​គេ​ដាក់​ក្នុង​ផ្នូរ​មួយ ( សូមមើល យ៉ូហាន ១៩:៣៨-៤២ ) ។ នៅ​ថ្ងៃ​ទី​បី​បន្ទាប់​ពី​ព្រះអង្គ​ត្រូវគេ​ឆ្កាង​រួច ព្រះគ្រីស្ទ​ទ្រង់​បាន​លើក​ព្រះកាយ​របស់​ទ្រង់​ឡើង​វិញ ហើយ​បាន​ក្លាយ​ជា​បុគ្កល​ទី​មួយ​ដែល​បាន​រស់​ឡើង​វិញ ( សូម​មើល ម៉ាថាយ ២៨:១-៨ ) ។ មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ដំណឹង​ដ៏​រុងរឿង​នេះ ។ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើងវិញ វិញ្ញាណបុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​នឹង​រួបរួម​គ្នាជាមួយ​នឹង​រូបកាយ​របស់​ពួកគេ ហើយ​ទទួល​ពរជ័យ​នៃ​អមតៈភាព ( សូមមើល កូរិនថូស ទី១ ១៥:២១-២២; អាល់ម៉ា ១១:៤៤-៤៥ ) ។ គ្រាប់​ការណ៍​ទាំងអស់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស៊ូទ្រាំ​ក្នុង​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌​ទាំង​អស់ ( សូម​មើល នីហ្វៃទី១ ១៩:៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៤:៣ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • មុន​នឹង​ទៅ​កាន់​សួនច្បារ​គែតសេម៉ានី ព្រះយេស៊ូវ​គ្រីស្ទ​បាន​ណែនាំ​ពិធិបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់ ។ សូម​អាន ម៉ាថាយ ២៦:២៦–៣០ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជញ្ជឹងគិត​បន្ថែម​ទៀត​អំពី​ជីវិត និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ពេល​ដែល​អ្នក​បាន​ចូល​រួម​ក្នុង​ពិធីសាក្រាម៉ង់ ? តើ​បទពិសោធន៍​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ការ​ទទួលទាន​សាក្រាម៉ង់​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

    « ការ​យាង​ចុះ​មក​ផែនដី​ជា​បុត្រា​ស្ងួន​ភ្ញា​របស់​ព្រះវរបិតា​នៅ​ក្នុង​សាច់​ឈាម នោះ​ទ្រង់​ត្រូវ​បាន​គេ​ស្អប់ ចំអក ស្ដោះ​ទឹក​មាត់​ដាក់ និង​វាយ​នឹង​រំពាត់​យ៉ាង​ឃោរឃៅ ។ នៅ​ក្នុង​សួន​ច្បារ​គែតសាម៉ានី​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់នៅ រាល់ ការ​ឈឺចាប់ រាល់ អំពើ​បាប​ព្រមទាំង រាល់ ការ​បារម្ភ និង រាល់ ការ​រងទុក្ខ​ដែល​បងប្អូន និង​ខ្ញុំ​ព្រមទាំង​មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់​រស់​នៅ ឬ​នឹង​រស់​នៅ​បាន​ដក​ពិសោធន៍ ។ នៅ​ក្រោម​ទម្ងន់​នៃ​បន្ទុក​ដ៏​ឈឺចាប់ នោះ​ទ្រង់​បាន​ហូរ ព្រះ​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ។ ការ​រងទុក្ខ​ទាំង​នេះ​កាន់​តែ​មាន​ភាព​ខ្លាំង​ឡើង​នៅពេល​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង​នៅ​លើ​ឈើ​ឆ្កាង​ត្រង់​កាលវ៉ារី​យ៉ាង​ឃោរ​ឃៅ ។

    តាមរយះ​បទពិសោធន៍​ដ៏​ឈឺចាប់​ទាំង​នេះ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​នៅ​ពេល​ក្រោយ​មក—ដង្វាយធួន​ដ៏​និរន្ដរ​របស់​ទ្រង់—នោះ​ទ្រង់​បាន​ប្រទាន​អមតភាព​ដល់​មនុស្ស​គ្រប់​រូប ហើយ​បាន​បង់​ថ្លៃ​ជំនួស​យើង​ម្នាក់ៗ​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើបាប​យោង​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រែ​ចិត្ត​របស់​យើង » ។

    សូម​ពិភាក្សា​ជាមួយ​ក្រុម​ថា ហេតុ​អ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការ​រៀន​អំពី​ការ​ឈឺ​ចាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​សួនច្បារ​គែតសាម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង ការ​សុគត​របស់​ទ្រង់ និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់ ។ តើ​ការយល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បទពិសោធន៍​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ខិតជិត​ទ្រង់​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

បោះពុម្ព