មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ការលះបង់របស់ព្រះអង្គសង្គ្រោះរបស់យើង និងផ្លូវតែមួយគត់របស់យើងដើម្បីត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ
ប្រសិនបើបងប្អូនធ្លាប់បែកពីនរណាម្នាក់ដែលបងប្អូនស្រឡាញ់ នោះបងប្អូននឹងយល់—ក្នុងកម្រិតណាមួយថា—ហេតុអ្វីព្រះជាព្រះវរបិតាចង់ឲ្យយើងត្រឡប់ទៅ ហើយរស់នៅជាមួយទ្រង់អស់កល្បជានិច្ចវិញ ។ ព្រះស្រឡាញ់យើង ហើយទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។ ព្រះយេស៊ូវបានយាងមកផែនដីដើម្បីនាំយើងត្រឡប់ទៅកាន់ព្រះវិញ ។
ព្រះយេស៊ូវបានសម្រេចរឿងនេះតាមរយៈការឈឺចាប់ និងការលះបង់របស់ទ្រង់—ដែលព្រះគម្ពីរហៅថាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវបានយកឈ្នះលើផលវិបាកទាំងអស់នៃការធ្លាក់របស់លោកអ័ដាម ៖ ដោយមានទាំងការឈឺចាប់ និងទុក្ខវេទនា ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផងដែរ ។ ទ្រង់បានរៀបចំផ្លូវសម្រាប់យើងមិនត្រឹមតែត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយដូចជាព្រះផងដែរ ។ ក្នុងន័យនោះ ព្រះយេស៊ូវអាចនាំយើងឲ្យខិតទៅជិតព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ជាងពេលណាៗទាំងអស់ ។
ដើម្បីសិក្សាអំពីព្រឹត្តិការណ៍ដែលទាក់ទងនឹងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ សូមពិនិត្យមើលប្រធានបទ« ការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ » ឡើងវិញ ។
ផ្នែកទី ១
យើងត្រូវការព្រះអង្គសង្គ្រោះ—ព្រះយេស៊ូវគ្រីស្ទ
ដើម្បីយល់អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងតាមរយៈដង្វាយធួនរបស់ទ្រង់ វាអាចជួយក្នុងការពិចារណាអំពីមូលហេតុដែលយើងត្រូវការការសង្គ្រោះ ។ តើព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងពីអ្វី ? ម្យ៉ាងវិញទៀត តើអ្វីដែលបណ្ដាលឲ្យមានការបែកគ្នារវាងយើង និងព្រះ ?
ព្រះទ្រង់ជាព្រះដ៏ល្អឥតខ្ចោះ មានអំណាចគ្រប់យ៉ាង និងអមតៈ ។ យើងមិនល្អឥតខ្ចោះ ទន់ខ្សោយ និងត្រូវស្លាប់ ។ នេះជាកំហុសរបស់យើងមួយផ្នែក—គឺជាលទ្ធផលមួយនៃអំពើបាប និងជម្រើសមិនល្អរបស់យើង ។ ប៉ុន្តែវាក៏ជាលទ្ធផលនៃការរស់នៅក្នុងពិភពដែលបានធ្លាក់ចុះផងដែរ ។ ( សម្រាប់ព័ត៌មានបន្ថែមអំពីប្រធានបទនោះ សូមមើល « ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា » ។ ការសិក្សាអំពីការធ្លាក់នឹងជួយបងប្អូនឲ្យយល់អំពីគោលបំណង និងតម្រូវការនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែពេញលេញ ) ។
តាមរយៈដង្វាយរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទអាចសម្អាតយើងចេញពីអំពើបាប ហើយលើកយើងចេញពីការស្លាប់បាន ។ ទ្រង់អាចផ្តល់ឲ្យយើង « លើសកម្លាំង [ របស់យើង ] ធ្វើបាន » ។ ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសដោយព្រះមុនពេលលោកិយត្រូវបានបង្កើតឡើង ដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ( សូមមើល ម៉ូសេ ៤:១–២; អ័ប្រាហាំ ៣:២៦–២៧ ) ។ តាមពិតទ្រង់គឺជាអង្គតែម្នាក់គត់ដែលអាចធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
បើមាននរណាម្នាក់សួរបងប្អូនថា « ហេតុអ្វីខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ? » តើបងប្អូននឹងនិយាយថាម៉េច ? សូមអានអំពីរបៀបដែលប្រធាន ដាល្លិន អេក អូក បានឆ្លើយទៅនឹងសំណួរស្រដៀងគ្នាមួយនៅក្នុងសារលិខិតរបស់លោកថា « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » បន្ទាប់មកសូមពិចារណាកត់ត្រានូវអារម្មណ៍របស់បងប្អូនអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់បងប្អូន ។
-
ព្យាការី លីហៃ បានបង្រៀនថាយើងអាចរស់នៅជាមួយព្រះបានតែតាមរយៈ « បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណ » របស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ( នីហ្វៃទី២ ២:៨ ) ។ តើបងប្អូនធ្លាប់គិតអំពីគុណសម្បត្តិទាំងនោះដែរឬទេ ? តើលក្ខណៈអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលធ្វើឲ្យទ្រង់ជាអង្គ—តែម្នាក់គត់—ដែលអាចជាព្រះអង្គសង្គ្រោះរបស់យើងបាន ? សូមពិចារណានៅពេលដែលបងប្អូនអានវគ្គបទគម្ពីរទាំងនេះ ៖ ហេព្រើរ ៤:១៥; នីហ្វៃទី២ ២:៦–៩; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:២១–២៥ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ប្រហែលជាមេរៀនប្រើវត្ថុមួយអាចជួយបងប្អូនបង្ហាញថា តើយើងត្រូវការព្រះអង្គសង្រ្គោះខ្លាំងប៉ុណ្ណា ។ ឧទាហរណ៍ បងប្អូនអាចបង្កើតផ្លូវមួយដែលពោរពេញទៅដោយឧបសគ្គ និងការបិទផ្លូវ ហើយប្រៀបធៀបវាទៅនឹងជីវិតរបស់យើង ។ ឬប្រហែលជាបងប្អូនអាចចែកចាយបទពិសោធន៍នៅពេលបងប្អូនគ្មានជំនួយ ឬមានគ្រោះថ្នាក់ ហើយត្រូវការនរណាម្នាក់ដើម្បីសង្គ្រោះបងប្អូន ។ ( វីដេអូ « Where Justice, Love, and Mercy Meet » [ ៥:៣៦ ] ផ្តល់ជាឧទាហរណ៍ដ៏ល្អ ) ។ ការណ៍នេះអាចនាំឲ្យមានការសន្ទនាអំពីមូលហេតុដែលយើងទាំងអស់គ្នាត្រូវការព្រះយេស៊ូវគ្រីស្ទដើម្បីសង្គ្រោះយើង ។
ស្វែងយល់បន្ថែមទៀត
-
ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៧
-
« For God So Loved the World » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
-
« Blessings from Jesus » ប្រិយមិត្ត ខែ កុម្ភៈ ឆ្នាំ ២០២០ ទំព័រ ៨
ផ្នែកទី ២
ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្ដីស្លាប់សម្រាប់យើងទាំងអស់គ្នា
យ៉ាងហោចណាស់មានរឿងមួយដែលមនុស្សគ្រប់រូបនៅលើផែនដីមានដូចគ្នា ៖ គឺនៅទីបំផុតយើងទាំងអស់គ្នានឹងស្លាប់ ។ តាមរយៈម្តាយរបស់ទ្រង់ ម៉ារា ព្រះយេស៊ូវបានទទួលមរតកមួយគឺលទ្ធភាពដើម្បីសុគត ។ ប៉ុន្តែក្នុងនាមជាបុត្ររបស់ព្រះ ទ្រង់ក៏មានអំណាចឈ្នះលើសេចក្ដីស្លាប់ផងដែរ ។ ទ្រង់បានមានព្រះជន្មរស់ពីស្លាប់ ហើយដោយធ្វើដូច្នេះទ្រង់បានបំបែកច្រវ៉ាក់នៃសេចក្តីស្លាប់ដែលធ្វើឲ្យយើងទាំងអស់គ្នាជាប់ឃុំឃាំង ។ ដោយសារទ្រង់មានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញដែរ ហើយក៏ក្លាយទៅជាអមតៈ ( សូមមើល កូរិនថូស ទី១ ១៥:២០–២២ ) ។ នេះគឺជាវិធីមួយដែលយើងកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ ដែលមានរូបកាយដ៏រុងរឿងអមតៈ ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
នៅក្នុងព្រះគម្ពីរមរមន ការបង្រៀនរបស់ អាមូលេក អំពីការរស់ឡើងវិញបានផ្លាស់ប្ដូរជីវិតរបស់ ស៊ីអែសរ៉ុម ។ សូមអាន អាលម៉ា ១១:៤២–៤៦ ដើម្បីរៀនអំពីអ្វីដែល អាមូលេក បានប្រាប់គាត់ ហើយពិចារណាអំពីរបៀបដែលការយល់ដឹងអំពីសេចក្ដីពិតទាំងនេះអាចជះឥទ្ធិពលដល់ជីវិតរបស់បងប្អូន ។
-
បណ្ណាល័យដំណឹងល្អមានបណ្តុំនៃ វីដេអូបុណ្យអ៊ីស្ទើរដែលបង្រៀនអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសង្ឃឹម និងអំណរដែលទ្រង់ផ្តល់ឲ្យយើង ។ សូមពិចារណាមើលវីដេអូមួយ ឬច្រើនទាំងនេះ ។ តើបងប្អូនមានអារម្មណ៍យ៉ាងណាចំពោះព្រះយេស៊ូវគ្រីស្ទពេលបងប្អូនមើលវីដេអូទាំងនេះ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ពួកព្យាការីជាច្រើនបានមានប្រសាសន៍អំពី « ទ្រនិច » នៃសេចក្ដីស្លាប់ ( សូមមើល កូរិនថូស ទី១ ១៥:៥៥–៥៧; ម៉ូសាយ ១៦:៧–៨; អាលម៉ា ២២:១៤; មរមន ៧:៥ ) ។ ហេតុអ្វីក៏វា « ឈឺចាប់ » ពេលមានមនុស្សម្នាក់ដែលយើងស្រឡាញ់ស្លាប់ ? សូមនិយាយអំពីរបៀបដែលសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យបងប្អូនធូរស្រាលពីភាពឈឺចាប់នៃសេចក្ដីស្លាប់ ។
ស្វែងយល់បន្ថែមទៀត
-
ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១១–១១៤
-
រ៉េណា អ៊ី អាប៊ើតូ « ផ្នូរគ្មានជ័យជម្នះលើឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៥–៨៦
ផ្នែកទី ៣
ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្ដីស្លាប់សម្រាប់យើងទាំងអស់គ្នា
ពួកយើងភាគច្រើនកំពុងព្យាយាមធ្វើជាមនុស្សល្អ ។ ប៉ុន្តែទោះជាយើងព្យាយាមខ្លាំងប៉ុនណាក៏ដោយ ក៏យើងទាំងអស់គ្នាគង់ធ្វើអ្វីដែលយើងដឹងថាយើងមិនគួរធ្វើដែរ ។ យើងទាំងអស់គ្នាមានបាប ហើយអំពើបាបនោះហើយដែលធ្វើឲ្យយើងមិនអាចទៅរស់នៅក្នុងទីបរិសុទ្ធ និងភាពបរិសុទ្ធនៅក្នុងវត្តមានរបស់ព្រះបាន—វានឹងមិនយុត្តិធម៍នោះទេ ( សូមមើល អាលម៉ា ៤២:១២–១៥ ) ។ ប៉ុន្តែព្រះសព្វព្រះទ័យឲ្យយើងរស់នៅជារៀងរហូតនៅក្នុងទីវត្តមានរបស់ទ្រង់ ដូច្នេះហើយទ្រង់បានរៀបចំផ្លូវមួយដើម្បីឲ្យយើងយកឈ្នះលើឥទ្ធិពលនៃអំពើបាប ៖ ទ្រង់បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យយកបាបទាំងនោះមកដាក់លើអង្គទ្រង់ ។ ដូច្នេះអស់អ្នកទាំងឡាយដែលប្រែចិត្តដោយស្មោះ អាចត្រូវបានអភ័យទោស ហើយអាចត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌យើងវិញ ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
តើផែនការរបស់ព្រះអាចសម្រេចបានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះយេស៊ូវបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ? សូមពិចារណាសិក្សា អាលម៉ា ៤២:៩–២៧ ដោយមានសំណួរនោះនៅក្នុងគំនិត ។ តើអ្វីទៅជាគំនិត និងចំណាប់អារម្មណ៍ខាងវិញ្ញាណដែលកើតឡើងចំពោះបងប្អូន ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ទំនុកតម្កើងជាច្រើនថ្លែងទីបន្ទាល់អំពីអំណាចរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីសង្គ្រោះយើងពីអំពើបាបរបស់យើង ។ ទំនុកតម្កើងសាក្រាម៉ង់ថ្លែងទីបន្ទាល់ បានយ៉ាងល្អជាពិសេស ( សូមមើលឧទាហរណ៍ « ចូរមានគាវរៈ និងរាបទាប » ឬ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ) ។ បងប្អូនអាចពិចារណាថានឹងច្រៀង ឬស្តាប់ចម្រៀងដែលបងប្អូនចូលចិត្តមួយចំនួនជាមួយគ្នា ។ តើមានឃ្លាណាមួយនៅក្នុងទំនុកតម្កើងទាំងនេះដែលស្ថាបនាសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ដែរឬទេ ?
ស្វែងយល់បន្ថែមទៀត
-
ដាល្លិន អេក អូក « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១–៩៤
ផ្នែកទី ៤
ព្រះយេស៊ូវគ្រីស្ទជ្រាបដឹង ហើយអាចជួយយើងបាន
បទពិសោធន៍របស់បងប្អូន—រួមទាំងបទពិសោធន៍ដ៏លំបាកបំផុតរបស់បងប្អូន—គឺជារបស់បងប្អូន ។ អ្នកដទៃប្រហែលជាបានឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នានេះ ប៉ុន្តែមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលដឹងច្បាស់ពីអារម្មណ៍របស់បងប្អូន ។ ព្រះយេស៊ូវគ្រីស្ទ « រងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ លើកដាក់លើខ្លួនទ្រង់នូវ « ការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ » ( អាលម៉ា ៧:១១ ) ។ ហេតុអ្វីទ្រង់ធ្វើដូច្នោះ ? ដើម្បី « ទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវ [ ឬជួយ ]រាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ» ( អាលម៉ា ៧:១២ ) ។ ទ្រង់បានធ្វើដូច្នេះដើម្បីឲ្យបងប្អូនមានមនុស្សម្នាក់ដែលអាចងាកទៅរកបាន មនុស្សម្នាក់ដែលយល់ និងមានសមត្ថភាព និងកម្លាំងដើម្បីជួយ ទោះបីជាបងប្អូនអាចនឹងរងទុក្ខយ៉ាងណាក៏ដោយ ( សូមមើល ហេព្រើរ ៤:១៤–១៦ ) ។
ការណ៍ទាំងឡាយដែលត្រូវពិចារណា
-
តើមានភាពខុសគ្នាអ្វីខ្លះចំពោះបងប្អូនពេលដឹងថាព្រះអង្គសង្គ្រោះបាន « ទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់ [ របស់យើង ] ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយ [ របស់អ្នក ] » ? ( អេសាយ ៥៣:៤ ) ។ វគ្គបទគម្ពីរទាំងនេះអាចជួយឲ្យបងប្អូនពិចារណាសំណួរនេះ ៖ អេសាយ ៤១:១០; យ៉ូហាន ១៤:១៨, ២៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៥–៩ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
តើបងប្អូនធ្លាប់ឆ្ងល់ទេថាតើវាមានន័យយ៉ាងដូចម្តេចសម្រាប់ព្រះអង្គសង្គ្រោះដើម្បីទទួលរងនូវ « ការឈឺចាប់របស់សត្វលោកសព្វសារពើដែលរស់នៅ ទាំងប្រុស ទាំងស្រី និងក្មេងៗ » ? ( នីហ្វៃទី២ ៩:២១ ) ។ ប្រហែលជាបងប្អូនអាចគិតជាមួយអ្នកឯទៀតអំពីការឈឺចាប់មួយចំនួនដែលអាចនឹងរួមបញ្ចូល—ដូចជាការឈឺចាប់ខាងរូបកាយ និងខាងសតិអារម្មណ៍ដែលបងប្អូនមាន ដែលមនុស្សជាទីស្រឡាញ់របស់បងប្អូនមាន ហើយបងប្អូនប្រហែលជាធ្លាប់ឮពីអ្នកដទៃ ។ បញ្ជីរបស់បងប្អូននឹងមិនបញ្ចប់នោះទេ ប៉ុន្តែតើផ្នែកខ្លះៗនៃបញ្ជីរបស់បងប្អូននេះមានឥទ្ធិពលយ៉ាងណាចំពោះរបៀបដែលបងប្អូនអាន អាលម៉ា ៧:១១–១៣ ? តើការដឹងអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានទទួលរងទុក្ខមានឥទ្ធិពលលើរបៀបដែលបងប្អូនមានអារម្មណ៍អំពីទ្រង់យ៉ាងដូចម្ដេច ?
ស្វែងយល់បន្ថែមទៀត
-
ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦៤
-
នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៣-៨៦ សូមមើលផងដែរវីដេអូ « The Wounded Shall Be Healed » នៅលើ ( បណ្ណាល័យដំណឹងល្អ )
-
« ខ្ញុំរកក្ដីសុខឯណា ? » ទំនុកតម្កើង ល.រ ៦៩