បណ្ណាល័យ
ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា


« ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

លោក​អ័ដាម និង​នាង​អេវ៉ា

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា

ដោយសារ​តែ​ការ​រំលង​របស់​លោក​អ័ដាម និង​នាង​អេវ៉ា នោះ​អំពើ​បាប​និង​សេចក្ដី​ស្លាប់​បាន​កើត​ឡើង​ក្នុង​លោកិយ

ខណៈ​ដែល​ដំណើរ​រឿងនៃ​ព្រះ​គម្ពីរ​ប៊ីប​អំពី​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​ស្គាល់​ក៏​ដោយ តែ​ជា​ញឹក​ញាប់​វា​ត្រូវ​បាន​គេ​យល់​ខុស ។ សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​ដែល​បាន​ស្តារ​ឡើង​វិញ​នៅ​ក្នុង​ជំនាន់​របស់​យើង ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​នៅ​ក្នុង​សួន​ច្បារ​អេដែន និង​ជម្រើស​ដែល​ធ្វើ​ឡើង​ដោយ​ឪពុក​ម្ដាយ​ដំបូង​របស់​យើង ដែល​បណ្តាល​ឲ្យ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួន​ច្បារ​នោះ ។ បទ​ពិសោធន៍​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ធ្លាក់ និង​ដែល​បាន​នាំ​មក​នូវ​ផល​វិបាក​ដែល​បាន​ប៉ះ​ពាល់​ដល់​បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះ ។

ការ​ធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ព្រះ​វរបិតា​សួគ៌​ទេ ។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​ការ​សង្គ្រោះ និង​ភាព​តម្កើងឡើង​នៃ​បុត្រាបុត្រី​របស់​ទ្រង់ ។ ក្រោយ​ពី​ការ​ធ្លាក់​នេះ​បាន​កើត​ឡើង លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ក្លាយ​ជា​មនុស្ស​រមែងស្លាប់ និង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បង្កើត​កូន ប៉ុន្តែ​ពួក​គេ​ក៏​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប និង​ត្រូវ​ស្លាប់​ផង​ដែរ ។

ដោយសារ​ការធ្លាក់ រាល់​អ្វីៗ​ដែល​មាន​ជីវិត​ទាំងអស់​គឺ​ត្រូវ​ជួប​ការលំបាក មាន​ជំងឺ និងសេចក្តី​ស្លាប់ ។ ភាព​ផ្ទុយគ្នា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​យើង ហើយ​វា​រួម​ចំណែក​ដល់​ការ​រៀន​សូត្រ ការ​រីក​ចម្រើន និង​សមត្ថភាព​របស់​យើង​ដើម្បី​មាន​បទពិសោធន៍​នៃ​ក្តីអំណរ ។ ដើម្បី​ប្រោសលោះ​យើង​ពី​ឥទ្ធិពល​នៃ​ការធ្លាក់ ព្រះវរបិតាសួគ៌​បាន​ផ្តល់​នូវ​ព្រះអង្គសង្រ្គោះ​មួយអង្គ–គឺព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះគ្រីស្ទ​មាន​អំណាច​ដើម្បី​ប្រោសលោះ​ពិភពលោក និង​មនុស្ស​គ្រប់រូប​នៅក្នុង​ពិភពលោក​ចេញពី​ផលប៉ះពាល់​នៃ​ការធ្លាក់នេះ ។

តើ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ជា​អ្វី ?

ការ​ធ្លាក់​ចុះ​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា​សំដៅ​ទៅ​លើ​ជម្រើស​ដែល​ពួក​គេ​បាន​ធ្វើ​ដើម្បី​រំលោភ​ច្បាប់​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្រោម​សេចក្តី​ស្លាប់ និង​បំបែក​ពួក​គេ​ចេញ​ពី​វត្តមាន​របស់​ទ្រង់ ។ ការធ្លាក់ចុះ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​នាំ​មក​នូវ​ការស្លាប់​ខាង​រូបកាយ និង​ខាងវិញ្ញាណ​មក​កាន់​ពិភពលោក ។ វា​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ពីព្រោះ​មាន​តែ​ក្រោយ​ពី​ការ​ធ្លាក់​ចុះ​នេះ​ប៉ុណ្ណោះ​ទើប​លោក​អ័ដាម និង​នាង​អេវ៉ា​អាច​បង្កើត​កូន​បាន ។ ហេតុ​ដូច្នេះ​ហើយ​ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការធ្លាក់​ចុះ​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ សិទ្ធ​ជ្រើសរើស, ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ, ការបង្ក​បង្កើត, ជីវិត​រមែង​ស្លាប់, ផែនការ​នៃ​សេចក្ដី​សង្គ្រោះ

ផ្នែកទី ១

ការ​អនុវត្ត​សិទ្ធ​ជ្រើសរើស​របស់​លោក​អ័ដាម និង​នាង​អេវ៉ា

លោក​អ័ដាម និង​នាង​អេវ៉ា​មើល​ទៅ​ដូចជា​ព្រួយ​បារម្ភ

លោក​អ័ដាម និង​នាង​អេវ៉ា​គឺ​ជា​បុត្រាបុត្រី​ដំបូង​របស់​ព្រះ​ដែល​បាន​មក​កាន់​ផែនដី​នេះ ។ ពួក​គេ​បាន​រស់​នៅ​ក្នុង​ស្ថានភាព​គ្មាន​ទោស​នៅ​ក្នុង​សួន​ច្បារ​អេដែន មាន​ន័យ​ថា​ពួក​គេ​មិនមាន​កូន ហើយ​មិន​បាន​ស្គាល់​អំណរ ឬ​ទុក្ខ​វេទនា​ឡើយ ( សូមមើល នីហ្វៃទី២ ២:២៣ ) ។ ដើម​ឈើ​ពីរ​ដើម​នៅ​ក្នុង​សួនច្បារ​មាន​សារៈ​សំខាន់​ជា​ពិសេស គឺ​ដើម​ឈើ​នៃ​ជីវិត និង​ដើម​ឈើដឹងខុស ត្រូវ ( សូមមើល ម៉ូសេ ៣:៩ ) ។ ព្រះ​ទ្រង់​បញ្ជា​មិន​ឲ្យ​លោក​អ័ដាម និង​នាង​អេវ៉ា​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដឹងខុសត្រូវ​ឡើយ ( សូមមើល ម៉ូសេ ៣:១៧ ) ។ ប្រសិន​បើ​ពួកគេ​គោរព​តាមបទ​បញ្ញត្តិ​នេះ​នោះ​ពួកលោក​អាច​នៅក្នុង​សួនច្បារ​នេះ ។ ប្រសិន​បើ​ពួក​គេ​បរិភោគ​ផ្លែ​ឈើ​នោះ ពួក​គេ​នឹង​ត្រូវស្លាប់​ជាមិនខាន​ឡើយ ។

ព្រះ​ក៏​បាន​សង្កត់​ធ្ងន់​ថា​ពួក​គេ​មាន​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌ ឬ​មាន​អំណាច​ក្នុង​ការ​ជ្រើសរើស ( សូមមើល ម៉ូសេ ៣:១៦–១៧ ) ។ សាតាំង​បាន​មក​ល្បួង​លោក​អ័ដាម និង​នាង​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ឈើ ។ វា​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​នឹង​មិន​ស្លាប់​ទេ ប៉ុន្តែ​នឹង​ក្លាយ​ជា​មនុស្ស​ឈ្លាស​វៃ​ដូច​ជា​ព្រះវរបិតា​សួគ៌ ( សូមមើល ម៉ូសេ ៤:១០–១១ ) ។ ពេល​លោក​អ័ដាម និង​នាង​អេវ៉ា​ជ្រើស​រើស​បរិភោគ​ផ្លែ​ឈើ នោះ​ភ្នែក​របស់​ពួក​គេ​ត្រូវ​បាន​បើក ហើយ​ពួក​គេ​បាន​ទទួល​ចំណេះ​ដឹង ប៉ុន្តែ​ពួក​គេ​ក៏​បាន​ជួប​នឹង​ការ​ស្លាប់​ខាង​វិញ្ញាណ​ផង​ដែរ នៅ​ទី​បំផុត​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​វត្តមាន​របស់​ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៩:៤០–៤១ ) ។ ពួក​គេ​ក៏​បាន​ក្លាយ​ជា​មនុស្ស​រមែងស្លាប់ ដែល​អាច​មាន​ការ​ឈឺ​ចាប់ ជំងឺ ការ​ស្លាប់ និង​បទ​ពិសោធន៍​ផ្សេង​ទៀត​នៃ​ពិភព​លោក​ដែល​បាន​ធ្លាក់​ចុះ​នេះ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន នីហ្វៃទី២ ២:១៥–១៥ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​សិទ្ធ​ជ្រើសរើស​តាមរយៈ​ការ​យល់​ដឹងបន្ថែម​អំពី​កាលៈទេសៈ​នៃ​ការ​ធ្លាក់​ចុះ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​តម្រូវ​ការ​របស់​យើង នៅក្នុង​ការ​ជ្រើសរើស​សេចក្តី​ល្អ​សម្រាប់​ខ្លួន​យើង​ដែលផ្ទុយ​នឹង​សេចក្តី​អាក្រក់ ? សូម​កត់​សម្គាល់​អំពី​ការប្រើប្រាស់​ពាក្យ « ល្បួង » របស់លីហៃ នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​យើង​ត្រូវ​បាន​ល្បួង​ដោយ​សេចក្តី​ល្អ និង​សេចក្តីអាក្រក់​នៅ​ថ្ងៃ​នេះ​ដោយ​របៀបណា ? តើ​ការណ៍​នេះ​បង្រៀន​បងប្អូន​អំពី​តម្រូវការ​របស់​យើង​សម្រាប់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​ថា ៖

    « លោកឪពុក លីហៃ បានបង្រៀនថា ប្រសិនបើ​ការធ្លាក់​ពុំ​កើត​មាន​ទេ នោះ​លោក​អ័ដាម និង​នាង​អេវ៉ា‹ នឹង​នៅក្នុង​ភាព​ឆោតល្ងង់ ដោយ​គ្មាន​សេចក្ដីអំណរ ព្រោះ​ពួកគេ​មិន​ស្គាល់​សេចក្ដី​ទុក្ខវេទនា › ( នីហ្វៃទី២ ២:២៣ ) ។ បើ​គ្មាន​បទ​ពិសោធន៍​នៃ​ការ​ផ្ទុយគ្នា​នៅក្នុង​ជីវិត​រមែងស្លាប់​​ទេ ‹ គ្រប់​អ្វីៗ​ទាំង​អស់​ត្រូវ​តែ​ប្រមូល​គ្នា​ជា​ដុំ​មួយ › ដែល​គ្មាន​សុភមង្គល ឬ​សេចក្ដី​ទុក្ខវេទនា​នោះឡើយ ( ខទី ១១ ) ។ …

    « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ › [ ខទី ២៥ ] »

    តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ​មកពី​ការ​បង្រៀន​របស់​ប្រធាន អូក និង​លីហៃ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន​អំពី​តម្រូវ​ការ​សម្រាប់​ភាព​ផ្ទុយគ្នា ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ

លោក​អ័ដាម និង​នាង​អេវ៉ា​ជាមួយនឹង​សត្វចៀម

ការ​ធ្លាក់​ចុះ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​បង្កើត​នូវ​ការ​បែកចេញ​រវាង​ពួក​គេ និង​ព្រះ ដែល​ស្គាល់​ថា​ជា​ការ​ស្លាប់​ខាង​វិញ្ញាណ ។ ដោយសារ​រូបរាងកាយ​របស់​ពួកគេ​បាន​ក្លាយ​ជា​មនុស្ស​រមែងស្លាប់ នោះ​ពួកគេ​ក៏​នឹង​ស្លាប់​ខាង​រូបកាយ និង​ត្រូវ​បាន​ដាក់​ក្នុង​ស្ថានភាព​ផ្ទុយគ្នា​នៅ​ក្នុង​ពិភពលោក​នេះ ដែល​អាច​ធ្វើ​ឲ្យ​មាន​អំពើ​បាប ។ ការស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ហើយ​នៅទីបំផុត​អំពើ​បាប​​នឹង​រារាំង​លោក​អ័ដាម និង​នាង​អេវ៉ា និង​កូនចៅ​របស់​ពួកគេ​ពីការ​វិលត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ ។

នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​និរន្តរ៍​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ព្រះអង្គសង្រ្គោះ​មួយ​អង្គ​ដែល​បាន​ធ្វើ​ឲ្យ​លោក​អ័ដាម និង​នាង​អេវ៉ា—និង​យើង​ទាំងអស់គ្នា—ប្រែ​ចិត្ត​ពី​អំពើ​បាប ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង ។ ទ្រង់​ក៏​នឹង​ទទួល​រង​នូវ​ការ​ឈឺចាប់​របស់​មនុស្ស​គ្រប់​រូប​គឺ​មនុស្ស​ប្រុស មនុស្ស​ស្រី និង​កុមារ​ទាំងឡាយ ដែល​ធ្លាប់​មាន​ជីវិត​រួម​មាន​ទាំង​ការ​ឈឺចាប់​នៃ​អំពើ​បាប​របស់​យើង ការ​រង​របួស ជំងឺ និង​ការ​បាត់បង់​នានា ។ ទ្រង់​នឹង​សុគត ហើយ​មាន​ព្រះជន្ម​រស់ឡើងវិញ​ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​រស់ឡើងវិញ​ម្តង​ទៀត ។ តាម​រយៈ​អំណោយ​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះ​បាន​ធ្វើ​ឲ្យ​យើង​មានលទ្ធ​ភាព​ក្នុង​ការ​ប្រែ​ចិត្តពី​អំពើ​បាប រៀន ​រីក​ចម្រើន ហើយ​នៅ​ទីបំផុត​ត្រឡប់​មក​រស់​នៅ​ជាមួយនឹង​ទ្រង់​វិញ ។

បន្ទាប់​ពី​ចាក​ចេញ​ពី​សួន​ច្បារ​អេដែន លោក​អ័ដាម និង​នាង​អេវ៉ា​បាន​គោរព​តាម​បញ្ញត្តិ​របស់​ព្រះអម្ចាស់ រួម​ទាំង​ការ​ថ្វាយ​កូន​សត្វ​ច្បង​នៃ​ហ្វូង​ចៀម​របស់​គេ មក​ថ្វាយ​ជា​យញ្ញ​បូជា​ទាំង​ឡាយ​ដល់​ព្រះ​អម្ចាស់ ។ ក្រោយ​មក​ពួក​គេ​បាន​ដឹង​ថា​គោល​បំណង​នៃ​យញ្ញ​បូជា​នេះ​គឺ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចងចាំ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រទាន​ជីវិត​របស់​ទ្រង់​ជា​យញ្ញ​បូជា​សម្រាប់​យើង​ទាំង​អស់​គ្នា ។ ( សូមមើល ម៉ូសេ ៥:៤–៨ ) ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន ម៉ូសេ ៥:១១ ។ នៅ​ក្នុង​ខគម្ពីរ​នេះ នាង​អេវ៉ា​បាន​សង្ខេប​នូវ​អ្វី​ដែល​នាង​បាន​រៀន​មកពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ការ​ធ្លាក់​នេះ ។ ខណៈ​ដែល​យើង​តែង​តែ​មើល​ឃើញ​ការ​ធ្លាក់​​នេះ ជាការចាប់​ផ្តើម​នៃ​ការ​ឈឺ​ចាប់ និង​ការ​រង​ទុក្ខ​ដល់​ផែនដី នាង​មិន​បាន​និយាយ​អំពី​រឿង​ទាំង​នេះ​ទេ ។ ហេតុអ្វី​បាន​ជា​បងប្អូន​គិត​ថា​នាងអេវ៉ា បាន​ជ្រើសរើស​និយាយ​អំពី​ការ​ធ្លាក់​ចុះ​ តាមរបៀបរបស់នាង ? តើ​យើង​អាច​រៀន​អ្វី​ពី​នាង​អេវ៉ា អំពី​គោលបំណង​នៃ​ជីវិត​របស់​យើង ?

    ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

    « ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឈ្នះ​លោកិយ​ដ៏​ធ្លាក់​នេះ ហើយ​ដោយសារ​ទ្រង់​បាន​ធួន​នឹង​អំពើបាប​យើង​ម្នាក់ៗ នោះ​យើង​ក៏​អាច​ឈ្នះ​ពិភពលោក​ដែល​មាន​អំពើ​បាប​ដ៏ជោគជាំ ដែល​អត្មានិយម និង​គួរឲ្យ​នឿយហត់​នេះ​ផងដែរ ។

    ដោយសារ​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បាន​ប្រោសលោះ​ពួក​យើង​ម្នាក់ៗ​ពី​ភាពទន់ខ្សោយ កំហុស​ និង​អំពើ​បាប ហើយ​ដោយសារ​ទ្រង់​បាន​ដក​ពិសោធ​រាល់​ការឈឺចាប់ ការបារម្ភ និង​បន្ទុក​ដែល​បងប្អូន​ធ្លាប់​មាន បន្ទាប់​មក​ពេល​បងប្អូន​ប្រែចិត្ត​ដ៏​ពិត ហើយ​ស្វែងរក​ជំនួយ​ពី​ទ្រង់ នោះ​បងប្អូន​អាច​យក​ឈ្នះលើ​ពិភពលោក​ដ៏​គ្រោះថ្នាក់​បច្ចុប្បន្ន​នេះ​បាន » ។

    តើ​យើង​អាច​យក​ឈ្នះ​លើ​ពិភព​រមែងស្លាប់​ដែល​បាន​ធ្លាក់​ចុះ​នេះ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​បាន​ជួប​ប្រទះ​នឹង​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​យក​ឈ្នះ​លើ​ពិភពលោក​នៅ​ពេល​ណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន យ៉ូហាន ៣:១៦ ជា​ក្រុម ហើយ​បន្ទាប់​មក​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​នូវ​អត្ថន័យ​នៃ​ខគម្ពីរ​នេះ ។ បន្ទាប់​មក​អាន ម៉ូសេ ៥:៩ ដែល​ពិពណ៌នា​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជា​អង្គ​ប្រោសលោះ​របស់​យើង ។ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រៀន​មកពី​ខគម្ពីរ​ទាំងនេះ អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​អំណោយ​នៃ​ដង្វាយធួន និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ដែល​អនុញ្ញាត​ឲ្យ​យើង​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ ។

  • សូម​អាន អាលម៉ា ៧:១១–១៣ ជា​ក្រុម ដោយ​កត់​សម្គាល់​ពី​ពាក្យ​នីមួយៗ​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​ជួប​ប្រទះ​នៅ​ក្នុង​ពិភព​លោក​ដ៏​ធ្លាក់​ចុះ​នេះ ។ ឧទាហរណ៍ បងប្អូន​អាច​កត់​សម្គាល់​ឃើញ​ពាក្យ « ការល្បួង » និង « ជំងឺ » ។ ធ្វើ​បញ្ជី​មួយ​អំពី​ពាក្យ​ទាំង​នេះ​សម្រាប់​សមាជិក​ក្រុម​មើល ។ បន្ទាប់​មក​អាន​វគ្គបទគម្ពីរ​ម្តង​ទៀត លើក​នេះ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពាក្យ​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ។ សរសេរ​ពាក្យ​ទាំង​នេះ​ក្នុង​បញ្ជី​ទី​ពីរ​នៅ​ក្បែរ​បញ្ជី​ទី​មួយ ។ តើ​លំហាត់​នេះ​បង្រៀន​បងប្អូន​អំពី​ទំនាក់ទំនង​រវាង​ការ​ធ្លាក់​ ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះអង្គសង្រ្គោះ​របស់​យើង​យ៉ាង​ដូចម្ដេច ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះ ។

លោក​អ័ដាម និង​នាងអេវ៉ា​ជាមួយ​កូនៗ

ដោយ​សារ​តែ​ការ​ធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា នោះ​យើង​ទាំង​អស់​គ្នា​មាន​ឱកាស​ទទួល​បាន​រូបរាងកាយ និង​បទពិសោធន៍​នៃ​អំណរ និង​ការ​លំបាក​ក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​ក៏​មាន​ឱកាស​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​អនុវត្ត​សិទ្ធ​ជ្រើសរើស​ខាង​សីលធម៌​របស់​យើង​ផង​ដែរ ។ ដោយសារ​យើង​ត្រូវ​បាន​បែក​ចេញ​ពី​ព្រះ​ដោយ​គ្មាន​ការ​នឹក​ចាំ​ពី​ជីវិត​មុន​របស់​យើង នោះ​យើង​ត្រូវ​តែ​រៀន និង​រីក​ចម្រើន​តាម​រយៈ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​តាម​រយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​យើង ។

ទាំងអស់​នេះ​គឺ​ចាំបាច់​ណាស់​ចំពោះ​ផែនការ​របស់​ព្រះ សម្រាប់​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ដើម្បី​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ហើយ​ក្លាយដូច​ជា​ព្រះអង្គ យើង​ត្រូវ​ប្រើ​សិទ្ធ​ជ្រើសរើស​របស់​យើង​ដើម្បី​ជ្រើស​រើស​សេចក្តីល្អ ជាជាង​សេចក្តីអាក្រក់ ។ យើង​ចេះ​ធ្វើខុស ពេល​យើង​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការ​រៀន​សូត្រ​នេះ ។ ប៉ុន្តែ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ធ្វើ​ឲ្យ​យើង​អាច​យក​ឈ្នះ​អំពើ​បាប​របស់​យើង ហើយ​បាន​អភ័យ​ទោស និង​ធ្វើ​ឲ្យ​ជ្រះស្អាត ដោយ​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ​នៅ​ថ្ងៃ​ណា​មួយ​ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • សូម​អាន នីហ្វៃទី២ ២:១១,​១៥ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តួនាទី​នៃ​ភាពផ្ទុយគ្នានៅ​ក្នុង​ផែនការ​របស់​ព្រះ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ខគម្ពី​ទាំងនេះ​អំពី​តម្រូវការ​ឲ្យមាន​ភាពផ្ទុយគ្នា ? តើ​ការ​យល់​ដឹង​អំពី​គោល​បំណង​របស់​ភាពផ្ទុយគ្នា​ប៉ះពាល់​ដល់​របៀប​ដែល​បងប្អូន​គិត​អំពី​ការសាកល្បង​របស់​បងប្អូន​ដោយ​របៀបណា ?

  • ការធ្លាក់​បាន​នាំ​ឲ្យ​ពិភពលោក​នេះ​មាន​ទាំង​ទុក្ខវេទនា និង​សេចក្តី​អំណរ ។ សូម​អាន កូរិនថូស ទី១ ១៥:២១–២២ និង នីហ្វៃទី២ ២:១៩–២៥ ដោយ​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​អាច​មាន​ទៅដល់​មនុស្ស​គ្រប់​រូប​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ខគម្ពី​ទាំងនេះ​អំពី​គោលបំណង​នៃ​ជីវិត ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • យើង​ដឹង​ចេញពី​ព្រះគម្ពីរ​សម័យ​ទំនើប​អំពី​របៀប​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​អារម្មណ៍​អំពី​ការ​រំលង​របស់​ពួកគេ ។ សូម​អាន ម៉ូសេ ៥:១០–១១ ជាក្រុម ។ វា​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជ្រើសរើស​បុរស​ម្នាក់​ឲ្យ​អាន ខទី ១០ និង​ស្ត្រី​ម្នាក់​ដើម្បី​អាន ខទី ១១ ដោយ​ជួយ​សមាជិក​ក្រុម​ស្រមៃ​ឃើញថា​ជាលោក​អ័ដាម និង​នាង​អេវ៉ា​កំពុង​និយាយ ។ ចែកចាយ​អារម្មណ៍​របស់​បងប្អូន​អំពី​ខគម្ពីរ​ទាំងនេះ​ជាមួយនឹង​ក្រុម​របស់​បងប្អូន ។ តើ​សេចក្ដី​ជំនឿ​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​ពួកគេ​ឲ្យ​មើល​ការ​រំលង​របស់​ពួកគេ តាម​របៀប​ដែល​ពួកគេ​បានមើល​ឃើញ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​បងប្អូន​មាន​អំណរ ? សូម​អញ្ជើញ​សមាជិក​ក្រុម​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នេះ ។ បន្ទាប់​មក​សូម​អាន នីហ្វៃទី២ ២:២៥ ជាមួយ​គ្នា ។ ហេតុអ្វី​បងប្អូន​គិត​ថា​លីហៃ បាន​បង្រៀន​កូន​ប្រុស​របស់​គាត់​ថា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ? តើ​ការធ្លាក់​​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​អ្វី​ទាក់ទង​នឹង​សេចក្តី​អំណរ ? សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា