បណ្ណាល័យ
ការនិមិត្ត​ដំបូង


« ការនិមិត្ត​ដំបូង » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ការនិមិត្ត​ដំបូង

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការនិមិត្ត​ដំបូង

យ៉ូសែប ស្ម៊ីធ បាន​មើល​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរ​បាន​ចែកចាយ​នូវ​កំណត់ហេតុ​ជា​ច្រើន​របស់​ព្យាការី​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ព្រះ ( សូមមើល អេម៉ុស ៣:៧ ) ។ ព្រះគម្ពីរ​បង្រៀន​ថា ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​​ « ប្រទល់​មុខ​នឹង » ម៉ូសេ( និក្ខមនំ ៣៣:១១ ) ។ ព្យាការី​នៃ​ព្រះគម្ពីរ​មរមន ​ក៏​បាន​និយាយ​ជាមួយនឹង ឬ​មាន​ការជួប​ផ្ទាល់ខ្លួន​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ទទួល​ការណែនាំ​មកពី​ទ្រង់​សម្រាប់​ជំនាន់​របស់​ពួកគេ​​ផងដែរ ( សូមមើល ឧទាហរណ៍ នីហ្វៃទី៣ ១១ ) ។

បន្ទាប់​ពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ និង​ការ​ស្លាប់​របស់​ពួក​សាវក​របស់​ទ្រង់ សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​ពុក​រលួយ​ដោយ​ការ​ផ្លាស់​ប្ដូរ​ទៅ​លើ​គោលលទ្ធិ និង​ពិធិបរិសុទ្ធ​របស់​ទ្រង់ ។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ពិភពលោក​នេះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដោយ​គ្មាន​វត្តមាន​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ឡើយ ។ នៅ​និទាឃ​រដូវ ឆ្នាំ ១៨២០ យ៉ូសែប ស្ម៊ីធ វ័យ​ក្មេង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខុមាលភាព​នៃ​ព្រលឹង​របស់​លោក ហើយ​បាន​ស្វែង​រក​ដើម្បី​ដឹង​ថា​តើ​សាសនាចក្រ​ណា​ដែល លោក​គួរ​ចូល​រួម ។ លោក​បាន​ទៅ​ព្រៃ​ក្បែរ​ផ្ទះ​របស់​លោក ហើយ​បាន​អធិស្ឋាន​ទូល​សុំ​ព្រះ​សម្រាប់​ការណែនាំ ។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អធិស្ឋាន​របស់​លោក ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទៅ​កាន់ យ៉ូសែប ។ ដូច​ម៉ូសេ​ដែរ យ៉ូសែប​បាន​និយាយ​ទល់​មុខជាមួយនឹង​ព្រះ ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ការនិមិត្ត​ដំបូង​ដែល​បាន​ចាប់ផ្តើម​ការស្ដារ​ឡើងវិញ​ នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជំនាន់​របស់យើង ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:៧-២០ ) ។

តើ​អ្វី​ទៅ​ជា​ការនិមិត្ត​ដំបូង ?

នៅ​និទាឃ​រដូវ ឆ្នាំ ១៨២០ យុវជន​ម្នាក់​ឈ្មោះ យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​នៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​លោក ​នៅ​ក្នុង​រដ្ឋ​ញូវ​យ៉ក សហរដ្ឋ​អាមេរិក ។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អធិស្ឋាន​របស់​លោក ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​លោក ។ តាមរយៈ​វិវរណៈ​នេះ យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើ​ជា​ព្យាការី​នៃ​ព្រះអម្ចាស់ ហើយ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចាប់​ផ្ដើម ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការនិមិត្ត​ដំបូង

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ​ដែល​ជាប់​ទាក់ទង ៖ ព្យាការី, ការស្ដារ​ដំណឹងល្អ​ឡើងវិញ, វិវរណៈ​ផ្ទាល់​ខ្លួន

ផ្នែក​ទី ១

អ្នក​អាច​រៀន​ដោយ​ខ្លួន​ឯង​ថា​ការនិមិត្ត​ដំបូង​ពិត​ជា​បាន​កើត​ឡើង​មែន

យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ

ការ​ពិត​នៃ​ព្រះកាយ​របស់​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ចំពោះ​យុវជន យ៉ូសែប ស្ម៊ីធ គឺ​ជា​ទិដ្ឋភាព​ដ៏​សំខាន់​មួយ​នៃ​ការ​ស្ដារ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ឡើង​វិញ ។ ការនិមិត្ត​ដំបូង​បង្កើត​នូវ​ការ​ពិត​ដែល​ថា​ស្ថានសួគ៌​បើក​ចំហ ហើយ​ព្រះ​កំពុង​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​លោកម្ដង​ទៀត ។

យើង​អាច​សិក្សា ដំណើរ​រឿង​របស់ យ៉ូសែប ស្ម៊ីធ អំពី​ការនិមិត្ត​ដំបូង ។ យើង​ក៏​អាច​សួរ​ព្រះ​ផង​ដែរ​ថា តើ​ការនិមិត្ត​ដំបូង​ពិត​ជា​បាន​កើត​ឡើង​មែនដែរ​ឬ​ទេ ( មរ៉ូណៃ ១០:៤–៦ ) ។ នៅពេល​យើង​ធ្វើ​កិច្ចការ​ទាំងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​នៃ​ការនិមិត្ត​ដំបូង ( សូមមើល អាលម៉ា ៥:៤៥–៤៦ ) » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « កម្លាំង​ទាំង​មូល​របស់​យើង​គឺ​ស្ថិត​នៅ​លើ​ការទទួល​ស្គាល់​ផ្លូវការណ៍​នៃ​ការនិមិត្ត​នោះ ។ ថា​វា​បាន​កើតឡើង ឬ​ពុំ​បាន​កើត​ឡើង ។ ប្រសិនបើ​វា​ពុំ​បាន​កើត​ឡើង​ទេ នោះ​កិច្ចការ​នេះ​គឺ​ជា​ការបោកប្រាស់​ហើយ ។ ប្រសិន​បើ​វា​កើតឡើង​មែន នោះ​វា​គឺជា​កិច្ចការ​ដ៏​សំខាន់ និង​អស្ចារ្យ​បំផុត​នៅលើផែនដី » ។ តើ​ការពិត​នៃ​ការនិមិត្ត​ដំបូង​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​របស់​អ្នក​ដោយ​របៀបណា ? ប្រសិន​បើ​អ្នក​មិន​ទាន់​ទទួល​បាន​ទីបន្ទាល់​អំពី​​ការទទួល​ស្គាល់​ផ្លូវការណ៍របស់​វាទេ តើ​អ្នក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ទីបន្ទាល់​នោះ ?

  • នៅ​ពេល​ដែល​អ្នក​រៀន​អំពី​ការនិមិត្ត​ដំបូង វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​អាន​ដំណើរ​រឿង​ផ្សេងៗ​ដែល យ៉ូសែប ស្ម៊ីធ បាន​ផ្តល់​ឲ្យ​អំពី​ព្រឹត្តិការណ៍​នោះ ។ ដំណើរ​រឿង​ទាំងនោះ​មាន​នៅ « Accounts of Joseph Smith’s First Vision » នៅ​លើ​គេហទំព័រ​ឯក​សារ​របស់ យ៉ូសែប ស្ម៊ីធ ។ ហេតុអ្វី​អ្នក​គិត​ថា យ៉ូសែប ស្ម៊ីធ បាន​ជ្រើសរើស​សង្កត់​ធ្ងន់​លើ​ព័ត៌មាន​លម្អិត​ផ្សេង​គ្នា​នៅ​ក្នុង​ដំណើររឿង​ជាក់លាក់ ? តើ​អ្នក​បាន​ទទួល​ការ​យល់​ដឹង​ថ្មី​អ្វី​ខ្លះ​អំពី​ការនិមិត្ត​ដំបូង​ដែល​អ្នក​ទទួល​បាន​ដោយ​ការ​សិក្សា​ពី​ដំណើររឿង​ផ្សេងៗ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូមមើល​វីដេអូ « Ask of God: Joseph Smith’s First Vision » ( នាទីទី ៦:៣៥ ) ជាមួយគ្នា ។ ចែកចាយ​ជាមួយ​សមាជិក​ក្រុម​ថា វីដេអូ​នេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ប្រើ​ព័ត៌មាន​លម្អិត​មកពី​ដំណើរ​រឿង​នីមួយៗ​របស់ យ៉ូសែប ស្ម៊ីធ អំពី​ការនិមិត្ត​នេះ ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ទស្សនា​ការ​បង្ហាញ​នេះ ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ដែល​អ្នក​មិន​ធ្លាប់​គិត​ពី​មុន​មក ? អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​ចំណាប់​អារម្មណ៍ និង​គំនិត​របស់​ពួកគេ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ការ​យល់​ដឹង​អំពី​ការនិមិត្ត​ដំបូង​អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

បុរស​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

បន្ថែម​ពី​លើ​តួនាទី​ដ៏​សំខាន់​ដែល​ការនិមិត្ត​ដំបូង​បាន​ដើរ​តួ​នៅក្នុង​ការ​ស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ក៏​អាច​រៀន​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ​ដោយ​សិក្សា​អំពី​ការនិមិត្ត​របស់ យ៉ូសែប ស្ម៊ីធ បាន​ផង​ដែរ ។ និស្ស័យ​នៃ​ព្រះ តម្រូវការ​សម្រាប់​ការស្តារ​ឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ គោលបំណង​នៃ​ដំណឹងល្អ និង​សេចក្ដី​ពិត​សំខាន់ៗ​ផ្សេង​ទៀត​ត្រូវ​បាន​បង្ហាញ​នៅក្នុង​គ្រានោះ ។

ការ​បង្ហាញ​ព្រះកាយ​របស់​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បញ្ជាក់​សេចក្ដី​ពិត​អំពី​និស្ស័យ​នៃ​ព្រះ​ដែល​បាន​បាត់បង់​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ សេចក្តី​ពិត​មួយ​ក្នុងចំណោម​សេចក្តី​ពិត​ទាំងនោះ​គឺថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គពីរ​ដាច់​ដោយ​ឡែកពីគ្នា​ដែល​មាន​រូបកាយ​មើលទៅ​ដូចជា​យើង ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:១៧ សូមមើល ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:១, ២២ ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លើយ​សំណួរ​របស់ យ៉ូសែប ស្ម៊ីធ អំពី​ស្ថាន​ភាព​​សាសនា​នៅ​សម័យ​នោះ ហើយ​បាន​ប្រាប់ យ៉ូសែប ថា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពុំ​មាន​នៅ​លើ​ផែនដី​នោះ​ទេ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:១៩-២០ ) ។ ហើយ​ក្នុងព្រះ​បន្ទូល​ពីរម៉ាត់យ៉ាង​សាមញ្ញ ព្រះ​ជា​ព្រះវរបិតា​បាន​បង្រៀន យ៉ូសែប អំពី​ជំនាញ​ដ៏​សំខាន់​មួយ ​សម្រាប់អស់​អ្នក​ដែល​ស្វែងរក​សេចក្ដី​ពិត ៖ ទ្រង់​បាន​ចង្អុល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​បញ្ជា​ថា « ចូរ​ស្ដាប់តាម​ទ្រង់ចុះ ! » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន​សុន្ទរកថា​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ « The Fruits of the First Vision » ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ « ផ្លែ​ឈើ » ដែល​លោក​ពិភាក្សា និង​របៀប​ដែល​វា​ទាក់ទង​នឹង​ជីវិត​របស់​អ្នក ។ តើ​ការនិមិត្ត​ដំបូង​បាន​ជះ​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ? អ្នក​អាច​កត់ត្រា​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅកំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

  • សូម​អាន « A Faithful Search Rewarded » ដោយ​អែលឌើរ ផាតទ្រីស៊ីអូ អឹម ហ្គាយហ្វ្រា ។ នៅ​ក្នុង​សុន្ទរ​កថា​សន្និសីទ​ទូទៅ​នេះ អែលឌើរ ហ្គាយហ្វ្រា បាន​រាយ​បញ្ជីរ​អំពី​សេចក្ដី​ពិត​ដ៏​ចាំបាច់​ចំនួន​ប្រាំ​ដែល​លោក​បាន​រៀន​ក្នុង​អំឡុង​ពេល​មេរៀន​ជាមួយ​អ្នកផ្សព្វផ្សាយសាសនា​ដែល​លោក​បាន​ឮ​ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង​ជា​លើក​ទីមួយ ។ តើ​សេចក្ដី​ពិត​មួយ​ណា​ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំង​នេះ​មាន​សារៈសំខាន់​ផ្ទាល់​ខ្លួន​ចំពោះ​អ្នក ? តើ​សេចក្ដី​ពិត​ទាំង​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ហើយ​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ខណៈ​ដែល​ការនិមិត្ត​ដំបូង​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​ប៉ុណ្ណោះ ។ ការ​ចាក់បង្ហូរ​ខាង​វិញ្ញាណ​ជា​ច្រើន​បាន​កើត​ឡើង​បន្ទាប់​ពី​នោះ ។ សូម​ពិចារណា​ព្រឹត្តិការណ៍​នេះ​នៅពេល​អ្នក​អាន​ជាមួយគ្នា​ចេញពី « ការស្ដារ​ឡើងវិញ​នៃ​ភាពពោ​រពេញនៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើកទី​ពីររយ​ឆ្នាំ » ។ ពេល​អ្នក​អាន សូម​ឈប់​ជា​ទៀងទាត់​ដើម្បី​ពិភាក្សា​អំពី​ការយាង​មកជួប​របស់​ទេវតា​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការនិមិត្ត​ដំបូង ។ ហេតុអ្វី​អ្នក​គិតថា​ការស្តារ​ឡើងវិញ​ចាប់ផ្តើម​ឡើង​ដោយ​ការនិមិត្ត​នៃ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​ការនិមិត្ត​ដំបូង​បាន​ចាក់​គ្រឹះ​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​យ៉ាង​ដូចម្ដេច ?

  • ក្នុង​ចំណោម​សេចក្ដី​ពិត​ដែល​យើង​រៀន​ចេញពី​ការនិមិត្ត​ដំបូង​គឺ​ថា ព្រះ​ឆ្លើយ​តប​ទៅ​នឹង​បុត្រាបុត្រី​របស់​ទ្រង់​នៅ​ពេល​ពួក​គេ​មាន​ទុក្ខ​ព្រួយ ។ សូម​ទស្សនា the trailer for The First Vision: A Joseph Smith Papers Podcast ដែល​អ្នក​ប្រវត្ដិ​វិទូ​សាសនាចក្រ ស្ពែនស៊ើ ដបុលយូ ម៉ាកប្រាយ ពិភាក្សា​អំពី​សេចក្ដី​ពិត​នេះ ។ បន្ទាប់​មក​សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​អារម្មណ៍ និង​ការ​យល់​ដឹង​របស់​ពួកគេ ។

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ការនិមិត្ត​ដំបូង​អាច​បង្រៀន​អ្នក​អំពី​របៀប​រៀន​សេចក្ដី​ពិត

យុវវ័យ​កំពុង​អាន​ព្រះគម្ពីរ

អ្នក​អាច​រៀន​មកពី​គំរូ​របស់ យ៉ូសែប ស្ម៊ីធ អំពី​របៀប​ស្វែងរក​សេចក្ដី​ពិត ។ ប្រវត្តិ​របស់ យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ថា​លោក​ចង់​ដឹង​ថា​ព្រះ​វិហារ​មួយ​ណា​ត្រូវ​ចូល​រួម ។ លោក​មាន​សំណួរ​នេះ​នៅ​ក្នុង​គំនិត​របស់​លោក ពេល​ដែល​លោក​បាន​អាន​គម្ពីរ យ៉ាកុប ១:៥-៦ វគ្គបទគម្ពីរ​នេះ​មាន​អត្ថន័យ​ជា​ពិសេស​ចំពោះ​លោក ៖ « បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ។ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « បើ​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ​បង្រៀន​យើង​អំពី​អ្វី​មួយ នោះ​គឺ​ថា ស្ថានសួគ៌​បាន​បើក ហើយ​ថា​ព្រះ​មាន​បន្ទូល​មក​កាន់​បុត្រា​បុត្រី​របស់​ទ្រង់ ។ » ។ ខណៈ​ដែល​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ប្រហែលជា​មិន​កើតឡើង​តាមរយៈ​ការនិមិត្ត​មួយ​ទេ អ្នក​នៅ​តែ​អាច​ប្រាកដថា​ព្រះ​បាន​ស្តាប់ និង​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក ។ ពេល​អ្នក​បាន​ដាក់​ការ​ខិតខំ​យ៉ាង​ឧស្សាហ៍ ហើយ​ដាក់​សេចក្តី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ នោះ​អ្នក​អាច​ប្រាកដ​បាន—ដូច​ជា យ៉ូសែប ស្ម៊ីធ ថា—ព្រះ​នឹង​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ពេល​យើង​រៀន​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ទាំងអស់​គ្នា​មាន​សំណួរ ។ សំណួរ​ខ្លះ​ឆ្លើយ​បាន​យ៉ាង​ងាយ​ស្រួល ខណៈ​ដែល​សំណួរ​ខ្លះ​ទៀត​អាច​ទាមទារ​ការ​ខិតខំ​យ៉ាង​ខ្លាំង ។ តើ​អ្នក​មាន​សំណួរ​អំពី​ដំណឹងល្អ ឬ​ព្រះគម្ពីរ ឬ​ពាក្យសម្តី​របស់​ព្យាការី​នៅរស់​អ្វី​ខ្លះ ? ដោយ​មាន​សំណួរ​នៅក្នុង​គំនិត សូម​អាន នីហ្វៃទី១ ១៥:៦–១១ ។ តើ​អ្នក​រៀន​អ្វី​ខ្លះមក​ពី​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដើម្បី​ទទួល​បាន​វិវរណៈ ? តើ​អ្នក​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច​ពេល​អ្នក​រង់ចាំ​ចម្លើយ​ដែល​អ្នក​ស្វែងរក ?

  • សូម​អាន​អត្ថបទ « The First Vision: A Pattern for Personal Revelation » ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​មកពី​អត្ថបទ​នេះ​អំពី​ការ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ? តើ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តូចៗ​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​បំផុស​គំនិត​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន នីហ្វៃទី១ ១០:១៧-១៩ ជាក្រុម ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​ចេញពី​ខគម្ពីរ​ទាំង​នេះ​អំពី​ព្រះ​ឆន្ទៈ​របស់​ព្រះ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អធិស្ឋាន​របស់​យើង ? តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​មាន​ជាមួយ​នឹង​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ? សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​គំនិត និង​បទពិសោធន៍​របស់​ពួកគេ​តាម​ការគួរ ។

  • សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​អាន ឬ​ស្តាប់​ដោយ​ខ្លួន​ឯង​នូវ​សុន្ទរ​កថា​របស់​ប្រធាន ណិលសុន « Revelation for the Church, Revelation for Our Lives » ។  សូម​ឲ្យ​ពួកគេ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ការ​បង្រៀន​របស់​លោក​អំពី​ការ​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ បន្ទាប់​មក​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម ហើយ​អញ្ជើញ​បុគ្គល​ម្នាក់ៗ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​គាត់ ឬនាង​បាន​រៀន ។ តើ​អ្នក​កត់​សម្គាល់​ឃើញ​លំនាំ​ណា​មួយ​នៅ​ក្នុង​អ្វី​ដែល​សមាជិក​ក្រុម​របស់​អ្នក​បាន​រក​ឃើញ​ថា​មាន​ការ​ណែនាំ​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​មកពី​ប្រធាន ណិលសុន និង​មកពី​ក្រុម​របស់​អ្នក អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ?

ស្វែង​យល់​បន្ថែម​ទៀត

កំណត់​ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Marvelous Foundation of Our Faith » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨០ ។

  2. ឌៀថើរ អេហ្វ អុជដូហ្វ « The Fruits of the First Vision » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ⁠ ៣៦–៣៨ ។

  3. ផាតទ្រីស៊ីអូ អឹម ហ្គាយហ្វ្រា « A Faithful Search Rewarded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២២–២៣ ។

  4. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ។

  5. ហិនរី ប៊ី អាវរិង « The First Vision: A Pattern for Personal Revelation » Ensign ខែ កុម្ភៈ ឆ្នាំ ២០២០ ទំព័រ ១២-១៧ ។

  6. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៣–៩៦ ។