ពង្រឹងសេចក្ដីជំនឿរបស់អ្នកតាមរយៈការនិមិត្តដំបូង
ខ្ញុំអធិស្ឋានថា អ្នកនឹងធ្វើតាមគំរូរបស់ យ៉ូសែប ស៊្មីធ អំពីការអធិស្ឋាន រៀនពីសេចក្ដីពិតដែលលោកបានរៀន និងពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
ពេលខ្ញុំអាយុ ១៦ ឆ្នាំ ខ្ញុំបានធ្វើដំណើរពីផ្ទះខ្ញុំនៅរដ្ឋអៃដាហូ ទៅសន្និសីទមួយនៅឆ្នេរសមុទ្រខាងកើតនៃសហរដ្ឋ ដែលមានយុវជន និងយុវនារីមកពីរដ្ឋទាំង ៥០ និងជិត ៤០ជាតិសាសន៍ចូលរួម ។ មុននោះ ខ្ញុំកម្រស្ថិតនៅក្នុងស្ថានភាពដែលជំនឿរបស់ខ្ញុំបានញែកខ្ញុំចេញណាស់ ។
នៅល្ងាចមួយនៅក្នុងក្រុមមិនផ្លូវការមួយ មានការពិភាក្សាមួយអំពីជំនឿ និងការអនុវត្តមួយចំនួនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សិស្សមួយក្រុមធំបានបង្វែរចំណាប់អារម្មណ៍របស់ពួកគេភ្លាមៗមកកាន់ខ្ញុំ ហើយបានចាប់ផ្ដើមសួរ សំណួរមួយចំនួនសំខាន់ខ្លាំងណាស់អំពីជំនឿរបស់យើង ។
វាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានសញ្ជឹងគិតមួយសន្ទុះមក ខ្ញុំបានចាប់ផ្ដើមចែកចាយគោលការណ៍ដំណឹងល្អមូលដ្ឋានមួយចំនួន ។ ខ្ញុំបានពន្យល់ថា យើងមានព្រះវរបិតាសួគ៌មួយអង្គ ថាយើងជាបុត្រាបុត្រីទ្រង់ ហើយថាយើងនៅលើផែនដីនេះដើម្បីអភិវឌ្ឍសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដើម្បីបង្ហាញខ្លួនយើងសក្ដិសមដោយការជ្រើសរើសល្អជាជាងអាក្រក់ ។
ការចែកចាយគោលការណ៍ទាំងនេះបានដឹកនាំខ្ញុំទៅកាន់ទីបន្ទាល់របស់ យ៉ូសែប ស៊្មីធ ។ សិស្សផ្សេងៗទៀតពុំបានសួរពី យ៉ូសែប ស៊្មីធ ទេ ប៉ុន្តែខ្ញុំឃើញថាខ្ញុំបានបកទៅកាន់ដើមទងនៃមូលហេតុដែលខ្ញុំជឿលើអ្វីដែលខ្ញុំជឿ ។ ពេលខ្ញុំបានប្រាប់អំពីការយាងមករបស់ព្រះវរបិតា និងព្រះរាជបុត្រានៅក្នុងព្រៃពិសិដ្ឋ ភ្លាមៗនោះពួកគេគ្រប់គ្នាប្រែជាស្ងាត់ជ្រាប ។ អារម្មណ៍នៃភាពបរិសុទ្ធដ៏ខ្លាំងមួយបានចូលមកក្នុងបន្ទប់ ហើយអារម្មណ៍នៃអានុភាពខាងវិញ្ញាណដ៏ធំសម្បើមបានសណ្ឋិតនៅលើខ្ញុំ និងពាក្យសម្ដីរបស់ខ្ញុំ ។
បន្ទាប់ពីនោះមក មានសិស្សមួយចំនួនបានអរគុណខ្ញុំសម្រាប់ជំនឿដ៏រឹងមាំរបស់ខ្ញុំ ។ អ្នកខ្លះថែមទាំងបានសុំព័ត៌មានអំពីសាសនាចក្រទៀតផង ។ ពេលខ្ញុំត្រឡប់ទៅកាន់បន្ទប់របស់ខ្ញុំនៅយប់នោះ ខ្ញុំបានដឹងថា មនុស្សដែលទទួលផលប៉ះពាល់ខ្លាំងបំផុតពីបទពិសោធន៍នេះគឺជារូបខ្ញុំ ។ ខ្ញុំបានទទួលអារម្មណ៍ដោយខ្លួនឯងផ្ទាល់ពីអំណាចនៃការថ្លែងទីបន្ទាល់អំពីព្រះជាព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និងការនិមិត្តដំបូង ។
តាំងពីមានបទពិសោធន៍នោះជាង ៥០ ឆ្នាំកន្លងមកនេះ ខ្ញុំបានថ្លែងទីបន្ទាល់រាប់រយដងអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុងបទពិសោធន៍ទាំងនេះ ខ្ញុំបានទទួលអារម្មណ៍បញ្ជាក់យ៉ាងខ្ជាប់ខ្ជួនអំពីព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំចង់ចែកចាយគោលការណ៍ប្រាំ ដែលខ្ញុំបានរៀនមកពីការយល់ដឹងខាងវិញ្ញាណរបស់ខ្ញុំអំពីការនិមិត្តដំបូង ។ គោលការណ៍ទាំងនេះបានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំដើម្បីធ្វើតាមព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ។ ខ្ញុំសង្ឃឹមថា វាពង្រឹងអ្នកផងដែរ ។
១. ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គបីអង្គដាច់ដោយឡែកពីគ្នា
អស់ជាច្រើនសតវត្ស អ្នកប្រាជ្ញ និងទស្សនវិទូខាងសាសនា បានប្រកែកគ្នាអំពីធម្មជាតិនៃព្រះជាព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ។ មនុស្សជាច្រើនជឿថាពួកទ្រង់គឺជាអង្គតែមួយ ។ ដោយសារបទពិសោធន៍របស់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋ ២០០ ឆ្នាំមុន យើងដឹងសេចក្ដីពិតទាំងស្រុងអំពីធម្មជាតិនៃព្រះ ។
ដំបូងបំផុត ទ្រង់មានព្រះជន្មរស់ ! ទីពីរ ព្រះវរបិតា និងព្រះរាជបុត្រាគឺជាតួអង្គពីរដាច់ដោយឡែកពីគ្នា ប្រកបដោយសិរីរុងរឿង ជាងតួអង្គដែលបានមានព្រះជន្មរស់ឡើងវិញ ទីទៃពីគ្នា ។ ក្រោយមក យ៉ូសែបបានរៀនថា « ព្រះវិញ្ញាណបរិសុទ្ធពុំមានព្រះកាយជាសាច់ និងឆ្អឹងឡើយ តែមានរូបជាព្រះវិញ្ញាណវិញ ។ បើពុំនោះសោតទេ ព្រះវិញ្ញាណបរិសុទ្ធពុំអាចសណ្ឋិតនៅក្នុងយើងបានឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២ ) ។
២. យើងគឺជាបុត្រា និងបុត្រីរបស់ព្រះ
តាមរយៈការនិមិត្តដំបូង និងបទពិសោធន៍ផ្សេងៗទៀត ព្យាការី យ៉ូសែប ស៊្មីធ បានរៀនថា ព្រះពុំមែនជាអំណាចមកពីចម្ងាយ ដែលបានបង្កើតពិភពលោកនេះ និងប្រជាជននៅលើផែនដី ហើយបំភ្លេចពីពួកគេនោះទេ ។ តាមពិត យើងម្នាក់ៗគឺជា « បុត្រី [ ឬបុត្រា ] ជាទីស្រឡាញ់របស់ព្រវរបិតាព្រះមាតាសួគ៌ » ។១
ការប្រកាសអំពីក្រុមគ្រួសារចែងថា « មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់មាតាបិតាសួគ៌ ដូច្នេះហើយ មនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ » ។២ ព្រះវរបិតារបស់យើងបានប្រកាសយ៉ាងច្បាស់ពីជោគវាសនានោះ ៖ « នេះហើយជាកិច្ចការរបស់យើង និង សិរីល្អរបស់យើង—ដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។
ជោគវាសនារបស់យើងគឺនៅជាមួយនឹងព្រះ ហើយយើងនៅលើផែនដីនេះ ដើម្បីប្រែក្លាយកាន់តែដូចជាទ្រង់ ។ ការយល់ដឹងមកពីការនិមិត្តដំបូងនេះ អនុញ្ញាតឲ្យខ្ញុំ ក្នុងនាមជាយុវជនម្នាក់ ដឹងថា ខ្ញុំមានព្រះវរបិតាសួគ៌ផ្ទាល់ខ្លួនមួយអង្គ ដែលស្រឡាញ់ខ្ញុំ ហើយមានព្រះទ័យចង់ឲ្យខ្ញុំត្រឡប់ទៅកាន់ទ្រង់វិញ ។
៣. យើងអាចទទួលបានការអត់ទោសពីអំពើបាបរបស់យើង
កង្វល់ដ៏ធំមួយរបស់យ៉ូសែប គឺដើម្បីទទួលបានការអត់ទោសចំពោះអំពើបាបរបស់លោក ។ នៅក្នុងដំណើររឿងមួយអំពីការនិមិត្តដំបូង ព្រះអម្ចាស់បានថ្លែងទៅកាន់អ្នកស្វែងរកសេចក្ដីពិតវ័យក្មេងនូវព្រះបន្ទូលទាំងនេះ ៖ « យ៉ូសែប បុត្រាយើងអើយ អំពើបាបរបស់កូនត្រូវបានអត់ទោសហើយ ។ ចូរទៅតាមផ្លូវរបស់កូន ដើរក្នុងច្បាប់របស់យើង ហើយគោរពតាមបទបញ្ញត្តិរបស់យើង ។ មើលចុះ យើងជាព្រះអម្ចាស់នៃសិរីរុងរឿង ។ យើងត្រូវគេឆ្កាងដើម្បីលោកិយ ដើម្បីមនុស្សទាំងអស់ដែលជឿលើព្រះនាមយើងអាចមានជីវិតដ៏អស់កល្បជានិច្ច » ។៣
យ៉ូសែបបានរៀនថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ លោកអាចទទួលការអត់ទោសពីអំពើបាបរបស់លោក ហើយក្លាយជាស្អាតស្អំ និងបរិសុទ្ធនៅពីមុខព្រះ ។ លោកបានទទួលចំណេះដឹងដ៏ប្រាកដថា ព្រះយេស៊ូវគ្រីស្ទបានយកដាក់មកលើអង្គទ្រង់នូវអំពើបាប និងបន្ទុករបស់យើងទាំងអស់គ្នាដែលធ្លាប់រស់នៅ ហើយនឹងរស់នៅលើផែនដីនេះ ។
ចេញពីការនិមិត្តដំបូង យើងរៀនថា ដោយសារព្រះគុណរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ យើងក៏អាចទទួលបានការអត់ទោសពីអំពើបាបរបស់យើង ហើយថ្ងៃមួយឈរយ៉ាងស្អាតស្អំពីមុខព្រះវរបិតា ។
៤. ព្រះវរបិតាសួគ៌ស្ដាប់ឮ ហើយឆ្លើយតបដល់ ការអធិស្ឋានរបស់យើង
នៅក្នុងព្រៃនៅថ្ងៃនោះក្នុងឆ្នាំ ១៨២០ យ៉ូសែបបានរៀនថា ព្រះវរបិតាសួគ៌ឮ ហើយឆ្លើយតបការអធិស្ឋាន ។ ក្រោយមក យ៉ូសែបបានមានប្រសាសន៍ថា « ខ្ញុំជឿជាក់ថានឹងបានទទួលការសម្ដែងពីព្រះ ដូចខ្ញុំបានទទួលកាលពីលើកមុននោះ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩ ) ។ គំរូរបស់លោកបង្រៀនយើងថា យើងអាចទៅរកព្រះវរបិតាសួគ៌របស់យើងនៅក្នុងការអធិស្ឋាន ដើម្បីទទួលចម្លើយរបស់យើងដោយផ្ទាល់ ។
យ៉ូសែបបានធ្វើគំរូនៃការអធិស្ឋាននេះម្ដងហើយម្ដងទៀត ។ លោកជឿជាក់ថា ព្រះអម្ចាស់ឮ ហើយឆ្លើយតបនូវការអធិស្ឋានរបស់លោក ។ លោកបានអធិស្ឋានអំពីរឿងដែលអ្នកទំនងជាបានអធិស្ឋាន ។
លោកបានអធិស្ឋានសូមប្រាជ្ញា ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២–១៣ ) ។
លោកបានអធិស្ឋានអំពីបុណ្យជ្រមុជទឹក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ) ។
លោកបានអធិស្ឋានសូមការដោះលែង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:១–៤ ) ។
លោកបានអធិស្ឋានសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:២២ ) ។
លោកបានអធិស្ឋានសម្រាប់សាសនាចក្រ សមាជិក និងថ្នាក់ដឹកនាំ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៧១–៧៦ ) ។
ហើយលោកបានអធិស្ឋានសម្រាប់គ្រួសារលោក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៩:៦៨–៦៩ ) ។
នេះជាគំរូមួយសម្រាប់យើង ។ យ៉ូសែបបានបង្ហាញយើងថា យើងទាំងអស់គ្នាអាចទៅរកព្រះវរបិតារបស់យើងនៅក្នុងការអធិស្ឋាន ។
៥. ព្រះវរបិតា និងព្រះរាជបុត្រាស្គាល់យើងដោយផ្ទាល់ខ្លួន
ចេញពីការនិមិត្តដំបូង យើងរៀនថា អង្គសេឡេស្ទាលទាំងនេះស្គាល់យើងដោយផ្ទាល់ខ្លួន គឺដូចជាពួកទ្រង់បានស្គាល់យ៉ូសែបដែរ ។ ព្រះវរបិតាបានហៅយ៉ូសែបតាមឈ្មោះ ហើយ « ចង្អុលទៅតួអង្គមួយទៀត » ដោយមានព្រះបន្ទូលថា « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់ទ្រង់ចុះ ! » (យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។
ព្រះវរបិតា និងព្រះរាជបុត្រាបានដឹងពីសេចក្ដីត្រូវការ ការខ្វល់ខ្វាយ និងការទន្ទឹងរងចាំដ៏យូររបស់យ៉ូសែប គឺដូចជាពួកទ្រង់ដឹងពីយើងដែរ ។ ពួកទ្រង់ក៏ដឹងអំពីជោគជ័យ និងទុក្ខព្រួយរបស់យើងផងដែរ ។
កាលខ្ញុំនៅជាយុវវ័យ ខ្ញុំបានអធិស្ឋានសូមរឿងជាច្រើន ។ ឥឡូវនេះពេលខ្ញុំមើលត្រឡប់ក្រោយវិញ រឿងខ្លះហាក់ដូចជាមិនសំខាន់ទេ ។ ប៉ុន្តែវាសំខាន់សម្រាប់ខ្ញុំនៅពេលនោះ ហើយខ្ញុំបានយល់តាំងពីនៅក្មេងថា ខ្ញុំមានព្រះវរបិតាមួយអង្គដែលគង់នៅស្ថានសួគ៌ដែលស្ដាប់ដល់ខ្ញុំ ។ ខ្ញុំមិនតែងតែទទួលបានចម្លើយភ្លាមៗនោះទេ ប៉ុន្តែខ្ញុំបានទទួលអារម្មណ៍ថា តាមពេលវេលារបស់ទ្រង់ និងតាមរបៀបរបស់ទ្រង់ នោះទ្រង់នឹងផ្ដល់ឲ្យតាមការអង្វររបស់ខ្ញុំ នៅក្នុងរបៀបដែលត្រឹមត្រូវសម្រាប់ខ្ញុំ ។
ចូរជឿជាក់ ហើយទុកចិត្តថា ព្រះនឹងមានព្រះបន្ទូលមកកាន់អ្នក ។ សូមជឿលើអារម្មណ៍ទាំងនោះដែលចាក់យ៉ាងជ្រៅទៅក្នុងដួងចិត្តអ្នក ។ ខ្ញុំជឿលើការអធិស្ឋាន ហើយយល់ពីអំណាចរបស់វា ដោយសារខ្ញុំបានស្គាល់បទពិសោធន៍របស់ព្យាការី យ៉ូសែប ស៊្មីធ ។ ខ្ញុំបានដឹងថា ព្រះបានស្គាល់ឈ្មោះខ្ញុំ ហើយថាទ្រង់នឹងឆ្លើយតបដល់ខ្ញុំ គឺដូចជាទ្រង់ស្គាល់ឈ្មោះអ្នក ហើយនឹងឆ្លើយតបអ្នកដែរ ។
ទីបន្ទាល់
ជាច្រើនឆ្នាំក្នុងអំឡុង ៦៨ ឆ្នាំដែលខ្ញុំបានរស់នៅលើផែនដីនេះ ខ្ញុំបានសាកល្បងតាមគំរូនៃការអធិស្ឋានរបស់យ៉ូសែប ។ ដូចជាសិស្សដ៏ពិតទាំងអស់របស់ព្រះអង្គសង្គ្រោះដែរ ខ្ញុំក៏បានទទួលចម្លើយពីស្ថានសួគ៌ ។ ខ្ញុំដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះជន្មរស់សព្វថ្ងៃនេះ ។ ទ្រង់មានអំណាចដើម្បីអត់ទោសដល់អំពើបាបរបស់យើង ។ តាមរយៈសេចក្ដីជំនឿ ការគោរពប្រតិបត្តិ និងការប្រែចិត្តរបស់យើង ទ្រង់អាចនាំយើងត្រឡប់ទៅកាន់ផ្ទះសួគ៌ារបស់យើងវិញដោយសុវត្ថភាព ។
ក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងជាសាក្សីដែលបានតែងតាំងរបស់ទ្រង់ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយភាពប្រាកដប្រជា និងការជឿសប់ ដែលបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះវរបិតា និងព្រះរាជបុត្រាបានយាងមកជួបនឹងយ៉ូសែប ស៊្មីធ នៅក្នុងព្រៃពិសិដ្ឋមែន ។ ខ្ញុំអធិស្ឋានថា អ្នកនឹងធ្វើតាមគំរូរបស់ យ៉ូសែប ស៊្មីធ អំពីការអធិស្ឋាន រៀនពីសេចក្ដីពិតដែលលោកបានរៀន និងពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។