២០២០
ការ​ផ្លាស់​ប្តូរ​ដួងចិត្ត​ដ៏​ធំ
ខែ មេសា ឆ្នាំ ២០២០


មេរៀន​ចេញ​មកពី​ព្រះគម្ពីរមរមន

ការ​ផ្លាស់​ប្តូរ​ដួងចិត្ត​ដ៏​ធំ

សូម​អរគុណ​ដល់​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​មិន​ត្រឹមតែ​អាច​បានស្អាត​ពី​អំពើ​បាប​ប៉ុណ្ណោះ​ទេ យើង​ក៏​អាច​បាន​ជា​សះស្បើយ​ពី​វា​ផងដែរ ។

rusted metal heart

ជាមួយ​នឹង​ការធ្លាក់​របស់​អ័ដាម ជំងឺ និង​អំពើបាប​ត្រូវបាន​នាំ​ចូល​មក​ក្នុង​ពិភពលោក​នេះ ។ ទាំងពីរ​អាច​ធ្វើ​ឲ្យ​មាន​មហន្តរាយ​តាមបែប​រៀងៗ​ខ្លួន​វា ។ គ្រប់​ជំងឺ​ទាំងអស់ ប្រហែល​ជា​គ្មាន​ណា​មួយ​ដែល​រីករាលដាល ឬ​បំផ្លិចបំផ្លាញ​ដូច​ជា​ជំងឺ​មហារីក​នោះ​ទេ ។ នៅក្នុង​ប្រទេស​ខ្លះ ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ប្រជាជន​នឹង​វិវត្ត​នូវ​ទម្រង់​មហារីក​មួយ​ចំនួន ហើយ​វា​ជា​មូលហេតុ​ស្ទើរតែ​មួយ​ភាគ​បួន​នៃ​ការស្លាប់ ។ ជា​ញឹកញាប់ មហារីក​ចាប់ផ្ដើម​ជាមួយ​នឹង​កោសិកា​មួយ តូច​ណាស់​ដែល​វា​អាច​មើល​ឃើញ​ដោយ​ប្រើ​មីក្រូទស្សន៍​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​វា​មាន​លទ្ធភាព​លូតលាស់ និង​រីករាលដាល​យ៉ាង​លឿន ។

អ្នក​ជំងឺ​មហារីក​ទទួល​ការព្យាបាល​ដើម្បី​បាន​ធូរស្រាល​ពី​មហារីក ។ ការធូរស្រាល​ទាំងស្រុង​មានន័យ​ថា ពុំមាន​ភស្តុតាង​ដែល​អាច​រកឃើញ​ពី​មេរោគ​នៃ​ជំងឺ​នេះ​ទៀត ។ ទោះ​យ៉ាង​ណា អ្នក​ជំនាញ​ចង្អុល​បង្ហាញ​យ៉ាង​រហ័ស​ថា ទោះបី​អ្នក​ជំងឺ​ម្នាក់​ស្ថិត​ក្នុង​សភាព​ធូរស្រាល​ហើយ​ក្ដី ក៏​វា​មិនមាន​ន័យ​ថា​គាត់​បាន​ជាសះស្បើយ​ដែរ ។ ហេតុ​ដូច្នោះ​ហើយ ទោះបី​ការធូរស្រាល​ផ្ដល់​នូវ​ការធូរស្បើយ និង​ក្ដីសង្ឃឹម ក៏​អ្នក​ជំងឺ​មហារីក​តែងតែ​សង្ឃឹម​ចង់បាន​អ្វី​ដែល​លើស​ពី​ការធូរស្រាល—ពួកគេ​ចង់បាន​ការជាសះស្បើយ ។ តាមរយៈ​ប្រភព​មួយ « ដើម្បី​បង្ហាញ​ថា មនុស្ស​ម្នាក់​ជា​សះស្បើយ​ពី​មហារីក នោះ​មនុស្ស​ម្នាក់​ត្រូវតែ​រងចាំ​មើល​ថា​តើ​មហារីក​នោះ​ត្រឡប់​មក​វិញ​ឬទេ ដូច្នេះ​ពេលវេលា​គឺ​ជា​កត្តា​សំខាន់​ខ្លាំងណាស់ ។ ប្រសិន​បើ​អ្នក​ជំងឺ​ម្នាក់​ស្ថិត​នៅក្នុង​ការធូរស្រាល​អស់​រយៈពេល​ពីរបី​ឆ្នាំ នោះ​មហារីក​ប្រហែល​ជា​បាន​ជា​សះស្បើយ​ហើយ ។ មហារីក​មួយ​ចំនួន​អាច​កើតឡើង​ម្ដង​ទៀត​បន្ទាប់​ពី​ការធូរស្រាល​អស់​ជាច្រើន​ឆ្នាំ » ។

ជំងឺ និង​អំពើ​បាប

ដូចជា​ជំងឺ​មហារីក​បំផ្លិចបំផ្លាញ​រូបកាយ​ដែរ អំពើបាប​គឺ​កាន់តែ​បំផ្លិចបំផ្លាញ​ដល់​ព្រលឹង​ខ្លាំង​ជាង​នោះ​ទៀត ។ ជាធម្មតា អំពើបាប​ចាប់ផ្ដើម​តូចៗ—ជួនកាល​តូច​ស្ទើរតែ​ស្មាន​មិន​ដល់—ប៉ុន្តែ​វា​មាន​លទ្ធភាព​លូតលាស់​យ៉ាង​ឆាប់​រហ័ស ។ វា​ធ្វើ​ឲ្យ​ព្រលឹង​រលួយ បន្ទាប់មក​ពិការ ហើយ​ស្លាប់ ។ វា​ជា​បុព្វហេតុ​ចម្បង—តាមពិត​ទៅ ជា​បុព្វហេតុ​តែ​មួយ​គត់—នៃ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​នៅក្នុង​ការបង្ក​បង្កើត​ទាំងអស់ ។ ការព្យាបាល​សម្រាប់​អំពើបាប​គឺ​ការប្រែចិត្ត ។ ការប្រែចិត្ត​ដ៏​ពិត​គឺ​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​មានបាប​បាន​ធូរស្រាល ឬ​នាំមក​នូវ​ការផ្ដាច់​បាប ។ ការធូរស្រាល​នេះ​ផ្ដល់​នូវ​ការធូរស្បើយ និង​អំណរ​ដល់​ព្រលឹង ។ ទោះ​យ៉ាងណា ការទទួល​ការធូរស្រាល​ពី​អំពើបាប និង​បាន​រួច​ពី​រោគសញ្ញា និង​ឥទ្ធិពល​របស់​វា ពុំ​ចាំបាច់​តែ​មានន័យ​ថា អ្នក​ធ្វើ​អំពើបាប​បាន​ជា​សះស្បើយ​ទាំងស្រុង​ឡើយ ។ មាន​អ្វី​មួយ​អំពី​មនុស្ស​ដែល​ធ្លាក់ ដែល​អនុញ្ញាត ឬ​ងាយ​ទទួល​រងអំពើបាប ។ ហេតុ​ដូច្នោះ​ហើយ អំពើបាប​អាច​កើតឡើង សូម្បី​តែ​បន្ទាប់​ពី​ការធូរស្រាល​អស់​ជាច្រើន​ឆ្នាំ​ក្ដី ។ ការបន្ត​នៅក្នុង​ការធូរស្រាល ឬ​និយាយ​ម្យ៉ាង​ទៀត ការបន្ត​មាន​ការ​ផ្ដាច់​បាប គឺ​សំខាន់​ខ្លាំងណាស់​ដល់​ការបាន​ជា​សះស្បើយ​ទាំងស្រុង ។

បានសម្អាត និង​ជាសះស្បើយ

ការប្រៀបធៀប​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ខាងវិញ្ញាណ យើង​មិន​ត្រឹម​តែ​ត្រូវបាន​សម្អាត​ពី​អំពើ​បាប​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវតែ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ពី​អំពើបាប​ផងដែរ ។ សង្គ្រាម​ដែល​ដាក់​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​ល្អ ទាស់​នឹង​ធម្មជាតិ​របស់​យើង​ដែល​ធ្វើ​អាក្រក់ អាច​ធ្វើ​ឲ្យ​ហត់នឿយ​ណាស់ ។ ប្រសិនបើ​ស្មោះត្រង់ យើង​នឹង​ទទួល​ជ័យ​ជំនះ មិនមែន​ដោយសារ​តែ​យើង​បាន​ដាក់​បំណង​ប្រាថ្នា​របស់​យើង​លើ​ធម្មជាតិ​របស់​យើង​នោះ​ទេ ប៉ុន្ដែ​ដោយសារ​តែ​យើង​បាន​បន្ទន់​បំណង​ប្រាថ្នា​របស់​យើង​ទៅ​នឹង​ព្រះ ហើយ​ទ្រង់​បាន​ផ្លាស់ប្ដូរ​ធម្មជាតិ​របស់​យើង ។

ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « ព្រោះ​មនុស្សខាង​សាច់ឈាម​ជាស​ត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពីការ​ធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាង​នេះ​ជា​រៀង​ដរាប​ត​ទៅ លើក​លែងតែ​គេ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ…តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ » ( ម៉ូសាយ ៣:១៩ ) ។ នៅក្នុង​ការឆ្លើយតប​ចំពោះ​ការបង្រៀន​នេះ និង​ការបង្រៀន​ផ្សេង​ទៀត ប្រជាជន​របស់​ស្ដេច​បេយ៉ាមីន​បាន​អធិស្ឋាន​ថា « ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការ​អភ័យទោស​ចំពោះ​អំពើ​បាប​ទាំង​ឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ » ( ម៉ូសាយ ៤:២ ការសង្កត់ន័យ​ត្រូវបាន​បន្ថែម ) ។ បន្ទាប់​ពី​ពួកគេ​បាន​អធិស្ឋាន​ហើយ ព្រះអម្ចាស់​បាន​ឆ្លើយតប​ចំពោះ​សំណើរ​ពីរផ្នែក​របស់​ពួកគេ ។ ទីមួយ « នោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ក៏​បាន​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ហើយ​ពួក​គេ​ក៏​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដោយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ( ម៉ូសាយ ៤:៣ ) ។

ដោយឃើញ​ថា ប្រជាជន​របស់​ទ្រង់​ស្ថិត​នៅក្នុង​ស្ថានភាព « ការ​ផ្ដាច់​បាប » នោះ​ស្ដេច​បេនយ៉ាមីន​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​រក​ការជា​សះស្បើយ​ទាំងស្រុង ដោយ​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​បន្ត​នៅក្នុង​ស្ថានភាព​នៃ​ការផ្ដាច់​បាប ( សូមមើល ម៉ូសាយ ៤:១១–៣០ ) ។ ទ្រង់​បាន​សន្យា​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អរ​រីករាយ​ជានិច្ច ហើយ​បាន​ពោរ​ពេញ​ទៅ​ដោយ​កសេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយបាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក​ជា​និច្ច » ( ម៉ូសាយ ៤:១២ ) ។

ប្រជាជន​បាន​ជឿ ហើយ​បាន​ភ្ជាប់​ខ្លួន​ពួកគេ​ទៅនឹង​ព្រះបន្ទូល​របស់​ស្ដេច​បេយ៉ាមីន ខណៈនោះ​ព្រះអម្ចាស់​បាន​ឆ្លើយតប​ផ្នែកទីពីរ​នៃ​ការអធិស្ឋាន​របស់​ពួកគេ—ដែល « ចិត្ត [ ពួកគេ ] អាច​បាន​ជ្រះ​បរិសុទ្ធ » ។ ដោយ​ការដឹងគុណ និង​ការសរសើរ​តម្កើង នោះ​ប្រជាជន​បាន​ស្រែក​ឡើង​ថា « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា … បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ( ម៉ូសាយ ៥:២ ) ។ ស្ដេច​បេនយ៉ាមីន​បាន​ពន្យល់​ថា ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ​មានន័យ​ថា ពួកគេ​បាន​កើត​មក​ពី​ព្រះ ( សូមមើល ម៉ូសាយ ៥:៧ ) ។

« តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? »

ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា យើង​ត្រូវតែ​ប្រែចិត្ត និង​កើត​ម្ដង​ទៀត—កើត​ពី​ព្រះ ផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​យើង ( សូមមើល អាលម៉ា ៥:៤៩ ) ។ កាលដែល​យើង​ប្រែចិត្ត​ជា​បន្តបន្ទាប់ នោះ​ព្រះអម្ចាស់​នឹង​ដកយក​អំពើ​បាប​របស់​យើង​ចេញ ហើយ​ទ្រង់​នឹង​ដកចេញ​នូវ​អ្វី​ដែល​បណ្ដាល ឬ​អនុញ្ញាត​ឲ្យ​មាន​អំពើ​បាប​នៅក្នុង​ខ្លួនយើង ។ ប៉ុន្តែ​តាម​ពាក្យ​សម្ដី​របស់​អេណុស « ឱ​ព្រះ​អម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? » ( អេណុស ១:៧ ) ។ ចម្លើយ​គឺ​សាមញ្ញ ប៉ុន្ដែ​ជ្រាលជ្រៅ ហើយ​អស់កល្ប ។ ចំពោះ​ពួក​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​ស្ថានភាព​ណា​ក៏​ដោយ ខាង​រូបកាយ ឬ​ខាងវិញ្ញាណ ព្រះអម្ចាស់​បាន​ប្រកាស​ថា « សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយសង្គ្រោះ​អ្នក​ហើយ » ( សូមមើល ម៉ាកុស ៥:៣៤; អេណុស ១:៨ ) ។

ការ​ផ្លាស់​ប្តូរ​ដួងចិត្ត​ដ៏​ធំ ដែល​អាលម៉ា​បាន​ដក​ពិសោធន៍​បាន​កើត​ឡើង « ដោយ​សារ​សេចក្ដី​ជំនឿ​របស់​លោក » និង​ដួងចិត្ត​របស់​អ្នកតាម​លោក​ត្រូវបាន​ផ្លាស់ប្ដូរ កាលដែល​ពួកគេ « បាន​ដាក់ទី​ទុកចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ជន្ម​រស់នៅ » ( អាលម៉ា ៥:១២, ១៣ ) ។ ដួងចិត្ត​របស់​ប្រជាជន​ស្ដេច​បេនយ៉ាមីន​ត្រូវបាន​ « ផ្លាស់​ប្ដូរ តាម​រយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម [ របស់​ព្រះអង្គ​សង្គ្រោះ ] » ( ម៉ូសាយ ៥:៧ ) ។

ប្រសិន​បើ​យើង​នឹង​មាន​សេចក្ដី​ជំនឿ​បែបនេះ ដើម្បី​យើង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត​យើង នោះ​យើង​ត្រូវតែ​ធ្វើ​អ្វី​ដែល​ដឹកនាំ​ទៅកាន់​សេចក្ដី​ជំនឿ ហើយ​បន្ទាប់​មក​ធ្វើ​អ្វី​ដែល​សេចក្ដី​ជំនឿ​ដឹកនាំ​ឲ្យ​ធ្វើ ។ ក្នុង​ចំណោម​អ្វីៗ​ជា​ច្រើន​ដែល​ដឹកនាំ​ទៅរក​សេចក្ដី​ជំនឿ នៅក្នុង​បរិបទ​នៃ​ការផ្លាស់ប្ដូរ​ដួងចិត្ត​នេះ ព្រះអម្ចាស់​បាន​សង្កត់​ធ្ងន់​លើ​ការតម​អាហារ ការអធិស្ឋាន និង​ព្រះបន្ទូល​នៃ​ព្រះ ។ ហើយ​ទោះបី​ជា​សេចក្ដី​ជំនឿ​ដឹកនាំ​ទៅកាន់​ការណ៍​ជា​ច្រើន​ក្តី ក៏​ការប្រែចិត្ត​គឺ​ជា​ផលផ្លែ​ទីមួយ​របស់​វា ។

សូម​ពិចារណា​ពី​ខ​ទាំងពី​ខាងក្រោម​នេះ​ចេញ​ពី​គម្ពីរ​ហេលេមិន​ដែល​គូស​បញ្ជាក់​ពី​គោលការណ៍​នេះ ។ ទីមួយ យើង​អាន​ពី​ប្រជាជន​ដែល « បាន​តម​អាហារ ហើយបាន​អធិស្ឋាន​ជា​ញឹកញាប់​ដែរ ហើយ​បាន​មុតមាំ​ខ្លាំង​ឡើងៗ … ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ… រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេបរិសុទ្ធ ហើយញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការ​ញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មក ដោយ​សារ​ពួក​គេ​បាន​ប្រគល់​ចិត្ត​ដល់​ព្រះ » ( ហេលេមិន ៣:៣៥ ) ។ បន្ទាប់មក ចេញពី​សាំយូអែល​ជា​ព្យាការី​សាសន៍​លេមិន យើង​រៀន​ថា « ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​ឡាយ មែន​ហើយ សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ … បាន​នាំ … ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ និង​ដល់​ការ​ប្រែ​ចិត្ត គឺជា​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត ដែល​នាំ​មក​ឲ្យ​គេ​នូវ​ការ​កផ្លាស់​ប្ដូរ​នៅ​ក្នុង​ចិត្ត​គេ » ( ហេលេមិន ១៥:៧ ) ។

diamond heart

ពឹង​ផ្អែក​លើ​ព្រះ

នៅទី​នេះ យើង​គួរ​តែ​ផ្អាក ហើយ​ទទួល​ស្គាល់​ថា ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ​ដែល​យើង​និយាយ​ដល់​គឺ​រំជួល​ក្នុង​ចិត្ត​យើង វា​មិន​មែន​រំជួល​ដោយ​យើង​នោះ​ទេ ។ យើង​អាច​មានលទ្ធភាព​ប្រែចិត្ត ផ្លាស់ប្ដូរ​ការប្រព្រឹត្តិ​របស់​យើង ឥរិយាបថ​របស់​យើង សូម្បីតែ​បំណង​ប្រាថ្នា​របស់​យើង និង​ការជឿ​របស់​យើង ប៉ុន្តែ​វា​លើស​ពី​អំណាច និង​សមត្ថភាព​របស់​យើង​ដើម្បី​ផ្លាស់ប្ដូរ​ធម្មជាតិ​របស់​យើង ។ សម្រាប់​ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ យើង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ គឺ​ជា​ទ្រង់​ដែល​បន្សុទ្ធ​ដួងចិត្ត​យើង និង​ផ្លាស់ប្ដូរ​ធម្មជាតិ​យើង​ដោយ​ក្ដី​មេត្តា « បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី ២ ២៥:២៣ ) ។ ការអញ្ជើញ​របស់​ទ្រង់​គឺ​ខ្ជាប់ខ្ជួន ហើយ​ពិត​ប្រាកដ ៖ « ប្រែចិត្ត ហើយ​មក​រក​យើង​ដោយ​អស់​ពី​ដួង​ចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ [ អ្នក ] បាន​ជា » ( នីហ្វៃទី៣ ១៨:៣២ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

ផល​នៃ​ការបាន​ប្រោស​ឲ្យ​ជា​ពី​អំពើបាប គឺ​ថា​យើង « ផ្លាស់​ប្រែ​ពី​ស្ថានភាពខាង​រូប​កាយ និង​ខាង​ការ​ធ្លាក់ [ របស់​យើង ] ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ…ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​របស់​ទ្រង់ ម្ល៉ោះ​ហើយ [ យើង ] ក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី » ( ម៉ូសាយ ២៧:២៥, ២៦ ) ។ ផ្ទៃមុខ​របស់​យើង​បញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ជាងនោះ​ទៀត ព្រះគម្ពីរ​ប្រាប់​យើង​ថា « អ្នក​ណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើ​បាប​ទេ » ( យ៉ូហាន ទី១ ៥:១៨ ) ។ នេះ​មិនមែន​ដោយសារ​តែ​យើង​អសមត្ថភាព​ក្នុង​ការធ្វើ​បាប​នោះទេ តែ​ដោយសារ​វា​ជាធម្មជាតិ​របស់​យើង​ឥឡូវ​នេះ​គឺ​មិន​ធ្វើ​អំពើ​បាប ។ ពិតណាស់ នោះ​ជា​ការផ្លាស់ប្ដូរ​ដ៏​ធំ ។

វា​គួរតែត្រូវបាន​ចងចាំ​ថា ការដក​ពិសោធន៍​នូវ​ការ​ផ្លាស់​ប្តូរ​ដួងចិត្ត​ដ៏​ធំ​មួយ គឺជា​ដំណើរការ​មួយ មិនមែន​កើតឡើង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ជា​ធម្មតា ការផ្លាស់ប្ដូរ​នោះ​គឺ​កើតឡើង​បន្តិច​ម្ដងៗ ជួនកាល​វា​តិច​ពេក​ដែល​យើង​មិន​អាច​មើលឃើញ​ពី​ការផ្លាស់ប្ដូរ​នោះ ប៉ុន្តែ​វា​ពិត​មែន វា​មាន​អានុភាព ហើយ​វា​ចាំបាច់ ។

ប្រសិន​បើ​អ្នក​មិនទាន់​បាន​ដក​ពិសោធន៍​នូវ​ការផ្លាស់ប្ដូរ​ដ៏​ធំ​បែបនោះ​ទេ ខ្ញុំ​សូម​សួរ​ដល់​អ្នក ៖ តើ​អ្នក​បាន​ប្រែចិត្ត ហើយ​ទទួល​បាន​ការផ្ដាច់​បាប​ហើយ​ឬ​នៅ ? តើ​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ​ទេ ? តើ​អ្នក​តម​អាហារ និង​អធិស្ឋាន​ជាញឹកញាប់​ទេ ដើម្បី​ឲ្យ​អ្នក​អាច​បាន​មុតមាំ​ខ្លាំង​ឡើងៗ ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ? តើ​អ្នក​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់​ដើម្បី​ដាក់​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត​របស់​អ្នក​ឬ​ទេ ? តើ​អ្នក​កំពុង​ឈរ​យ៉ាង​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​នោះ​ដែរ​ឬ​ទេ ? តើ​អ្នក​ឃ្លាំ​មើល​គំនិត ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ដែរ​ឬ​ទេ ? ប្រសិន​បើ​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ អ្នក​នឹង​បាន​អរសប្បាយ​ជានិច្ច ហើយ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ហើយ​បាន​ទទួល​ការផ្ដាច់បាប​ទាំងឡាយ​របស់​អ្នក​ជានិច្ច ។ ហើយ​ប្រសិនបើ​អ្នកបន្ត​នៅក្នុង​ស្ថានភាព​នៃ​ការផ្ដាច់បាប អ្នក​នឹង​បាន​ព្យាបាល ជា​សះស្បើយ និង​បាន​ផ្លាស់ប្ដូរ !

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​សម្អាត​យើង​ពី​អំពើ​បាប ហើយ​ក៏​ប្រោស​យើង​ឲ្យ​ជា​សះស្បើយ​ពី​អំពើ​បាប​ផងដែរ ។ ទ្រង់​មាន​​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ ហើយ​ដើម្បី​សម្រេច​ការណ៍​នោះ ទ្រង់​មាន​ឥទ្ធិឫទ្ធិ​​ដើម្បី​ផ្លាស់ប្ដូរ ។ ប្រសិន​បើ​យើង​នឹង​ថ្វាយ​ដួងចិត្ត​យើង​ចំពោះ​ទ្រង់ ដោយ​អនុវត្ត​សេចក្ដី​ជំនឿ​ដោយ​ការធ្វើ​ការផ្លាស់ប្ដូរ​ទាំងអស់​ដែល​យើង​មានសមត្ថភាព​នឹង​ធ្វើ នោះ​ទ្រង់​នឹង​អនុវត្ត​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​យើង ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ​នេះ ( សូមមើល អាលម៉ា ៥:១៤ ) ។

កំណត់​ចំណាំ

  1. សូមមើល Stacy Simon, « Facts & Figures 2019: US Cancer Death Rate Has Dropped 27% in 25 Years » American Cancer Society ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៩ cancer.org ។

  2. សូមមើល « Remission: What Does It Mean? » webMD.com ។

  3. Cathy Sweat The Gates to Recovery ( ២០១៩ ) ។