២០២០
របៀប​ដែល​យុវមជ្ឈិមវ័យ​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ការស្ដារ​ឡើង​វិញ​ដែល​កំពុង​កើតឡើង
ខែ មេសា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

របៀប​ដែល​យុវមជ្ឈិមវ័យ​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ការស្ដារ​ឡើង​វិញ​ដែល​កំពុង​កើតឡើង

យុវមជ្ឈិមវ័យ​តែងតែ​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុងកិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

young adults

មិន​ថា​អ្នក​ឮ​ការអញ្ជើញ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​ឲ្យ​ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង ឬ​ឲ្យ​ជួយ​ប្រមូល​វង្ស​អ៊ីស្រាអែល​ក្ដី តើ​អ្នក​ធ្លាប់​គិត​ទេ​ថា « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ? ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ម្នាក់ » « ខ្ញុំ​ក្មេង​ពេក » « ខ្ញុំ​មិន​ទាន់​រៀបការ​ផង » ឬ « ខ្ញុំ​មិន​ចេះ​គ្រប់គ្រាន់ ។ តើ​ភាពខុស​គ្នា​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ ? »

យើង​ម្នាក់ៗ​មាន​គំនិត​ប្រភេទ​នោះ​ម្ដងម្កាល ។ ប៉ុន្តែ​សូម​កុំ​បណ្ដោយ​ឲ្យ​ការសង្ស័យ​លើ​ខ្លួនឯង​នោះ​មាន​ឥទ្ធិពល​មកលើ​អ្នក កាលដែល​អ្នក​អាន​ប្រយោគ​មួយ​ចំនួន​បន្ទាប់​នេះ ៖

  • យ៉ូសែប ស៊្មីធ មានអាយុ​ត្រឹមតែ ២២ ឆ្នាំ​ប៉ុណ្ណោះ​ពេល​លោក​បាន​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​មរមន ។

  • អូលីវើរ ខៅឌើរី មាន​អាយុ​តែ ២២ ឆ្នាំ ហើយ យ៉ូហាន វិតមើរ មាន​អាយុ ២៦ ឆ្នាំ ( ហើយ​ទាំងពីរនាក់​គឺ​នៅលីវ ! ) ពេល​ពួកលោក​បាន​ចាប់ផ្ដើម​ធ្វើ​ជា​អ្នកសរសេរ​របស់​យ៉ូសែប ។

  • នៅក្នុង​ឆ្នាំ ១៨៣៥ ពេលដែល​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​លើក​ដំបូង​ត្រូវបាន​ហៅ ពួកលោក​មាន​អាយុ​ចាប់ពី ២៣ ទៅ ៣៥ ឆ្នាំ ។

  • ពួកបរិសុទ្ធ​ពី​ជំនាន់​ដំបូង​ជាច្រើន​ដែល​បាន​ចូលរួម​សាសនាចក្រ ហើយ​បាន​ចែកចាយ​ដំណឹងល្អ គឺ​ជា​យុវមជ្ឈិមវ័យ ។

ដោយ​គិត​ពី​អ្វី​គ្រប់យ៉ាង ព្រះ​បានធ្វើ​កិច្ចការ​តាមរយៈ​យុវមជ្ឈិមវ័យ​នៅក្នុង​ជំនាន់​ដំបូងៗ​នៃ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ជា​មនុស្ស​ដូចជា​អ្នក​អញ្ចឹង ។

សូម​គិត​ពី​រឿង​នោះ ។

សាសនាចក្រ​នឹង​មិន​បាន​រីករាលដាល​ទៅ​ទូទាំង​ផែនដី​នៅ​សព្វថ្ងៃ​នេះ​ទេ ប្រសិនបើ​គ្រប់​គ្នា​គិត​ថា ពួកគេ​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នោះ ។ ហើយ​អ្នក—មែនហើយ អ្នក !—ជា​ផ្នែក​នៃ​ជំនាន់​ដ៏​ជម្រើស​ដើម្បី​បន្ត​ការស្ដារ​ឡើងវិញ និង​ដឹកនាំ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​សព្វថ្ងៃ​នេះ ។

អ្នក​ត្រូវបាន​បញ្ជូន​មក​ទីនេះ ។ ពេល​នេះ ។ ឥឡូវនេះ ។

ពេល​និយាយ​អំពី​ជំនាន់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អ្នក​កំពុង​តែ​រស់នៅក្នុង ‹ ម៉ោង​ទី​ដប់មួយ › ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា នេះ​គឺ​ជា​ពេល​ចុងក្រោយ ដែល​ទ្រង់​នឹង​ត្រាស់​ហៅ​ពួក​ធ្វើការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយ​ទ្រង់ ឲ្យ​ប្រមូល​អ្នក​ត្រូវបាន​ជ្រើស​តាំង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ។ ( សូម​មើល គ. និង ស. ៣៣:៣–៦ ) ។ ហើយ អ្នក​ត្រូវបាន​បញ្ជូន​ឲ្យ​មក​រួម​ចំណែក​ក្នុង​ការប្រមូល​ផ្ដុំ​នេះ » ។

សូម​គិត​អំពី​កម្លាំង​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ៦៥០០០ នាក់ ដែល​កំពុង​ចែកចាយ​ដំណឹងល្អ​អស់​ពេញ​មួយ​ថ្ងៃ ជា​រៀងរាល់​ថ្ងៃ នៅ​ទូទាំង​ពិភពលោក ។ សូម​គិត​អំពី​យុវមជ្ឈិមវ័យ​ទាំងអស់​ដែល​កំពុង​ធ្វើ​សេចក្ដី​សញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ កំពុង​ទាញ​យក​ផល​ពី​ពរជ័យ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ និង​កំពុង​ធ្វើ​សេចក្ដី​សញ្ញា​ដោយ​ស្មោះត្រង់ ដើម្បី​ពង្រឹង​ក្រុមគ្រួសារ​របស់​ពួកគេ និង​ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ សូម​គិត​អំពី​យុវមជ្ឈិមវ័យ​ដែល​កំពុង​បម្រើ​ជា​ថ្នាក់​ដឹកនាំ​នៅ​ជុំវិញ​ពិភពលោក ។ សូម​គិត​អំពី​ពួក​អ្នក​ដែល​កំពុងតែ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ថ្វី​បើ​ពួកគេ​ប្រឈម​នឹង​ការលំបាក​ក្ដី ។ យុវមជ្ឈិមវ័យ​តែងតែ​ជា​​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ការស្ដារ​ឡើង​វិញ​តាំង​ពី​ដំបូង​មក ។ ហើយ​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង​នេះ គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ជីវិត​របស់​សមាជិក​សាសនាចក្រ​ជា​យុវមជ្ឈិមវ័យ​រាប់​មិន​អស់ ។

អត្ថន័យ​នៃ​ការស្តារ​ឡើង​វិញ​ចំពោះ​ខ្ញុំ

សម្រាប់​ពួកយើង​ជាច្រើន ការចូលរួម​របស់​យើង​នៅក្នុង​ការស្ដារ​ឡើងវិញ​ផ្ដើម​ចេញ​ពី​អ្វី​ដែល​បាន​បង្រៀន​យើង ។ សម្រាប់ វេននេឡា វ៉ាកាប៉ាលលី ជា​អ្នក​ប្រែចិត្ត​ជឿ​យុវមជ្ឈិមវ័យ​ម្នាក់​មក​ពី អែនដ្រា ប្រាដេស ប្រទេស​ឥណ្ឌា « ការស្ដារ​ឡើងវិញ​គឺ​អំពី​ការស្វែងរក​វិវរណៈ ។ យ៉ូសែប ស៊្មីធ បាន​ស្វែងរក​វិវរណៈ​នៅក្នុង​ព្រៃ ។ លោក​បាន​ប្រឹក្សា​ជាមួយ​នឹង​ព្រះ លោក​បាន​រងចាំ​ចម្លើយ ហើយ​លោក​បាន​អត់ធ្មត់ ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត » ។ វេននេឡា​ពន្យល់​ថា « មុនពេល​ដែល​ខ្ញុំ​បាន​ឮ​ពី​ការស្ដារ​ឡើងវិញ ខ្ញុំ​ពុំ​បាន​ដឹង​ច្រើន​ពី​ការស្វែងរក​វិវរណៈ​ឡើយ ។ អ្វី​មួយ​ដែល​អស្ចារ្យ​បំផុត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ងើច នោះ​គឺ​របៀប​ដែល​លោក​បាន​ចំណាយ​ពេល​ដើម្បី​ទទួល​បាន​វិវរណៈ​ពី​ព្រះ ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ចេញ​ពី​ការស្ដារ​ឡើងវិញ ។

អិមម៉ា និង យ៉ាកុប រ៉ូបឺតស៍ ជា​គូស្វាមី​ភរិយា​វ័យក្មេង​មក​ពី យូថាហ៍ ស.រ.អា យល់ស្រប​ថា ការស្ដារ​ឡើងវិញ​គឺ​អំពី « វិវរណៈ​ដែល​កំពុង​តែ​បន្ត »—សម្រាប់​យើង​ផ្ទាល់ និង​សម្រាប់​ពិភពលោក—« ថា​យើង​មាន​ព្យាការី​ម្នាក់ ជា​អ្នក​នាំពាក្យ​ពី​ព្រះ​នៅលើ​ផែនដី​នេះ ដោយ​ប្រាកដ​ថា មិនថា​មាន​ឧបសគ្គ​អ្វី​ក៏​ដោយ​ដែល​មាន​ក្នុង​ពិភពលោក​នេះ យើង​មាន​មនុស្ស​ម្នាក់​ដែល​ធ្វើ​កិច្ចការ និង​អធិស្ឋាន និង​សន្ទនា​ជាមួយ​ព្រះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​រៀបចំ ហើយ​អាច​ប្រឈម​នឹង​ឧបសគ្គ​អ្វី​ក៏​ដោយ​ដែល​មាន​កាលដែល​ពិភពលោក​នេះ​ផ្លាស់ប្ដូរ » ។

យ៉ាកុប​និយាយ​ថា « ចំណេះដឹង​ជាច្រើន​ដែល​មក​ជាមួយ​នឹង​ការស្ដារ​ឡើង​វិញ ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​កាន់តែ​ងាយស្រួល និង​មិន​សូវ​តានតឹង » ។ ទាំងអស់​វា​ភ្ជាប់​មក​ជាមួយ​ភាពប្រាកដប្រជា « ថា​មាន​ព្រះ​មួយ​អង្គ ដែល​ស្រឡាញ់​យើង និង​មើល​ថែ​យើង » អិមម៉ា​និយាយ ។ « ព្រះរាជ​បំណង​របស់​ទ្រង់​គឺ​សុភមង្គល​របស់​យើង ។ ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ យើង​អាច​ទុកចិត្ត​លើ​ទ្រង់​ទាំងស្រុង និង​ធ្វើតាម​ទ្រង់ ដោយសារ​យើង​ដឹង​ពី​គោលដៅ​របស់​ទ្រង់​គឺ​ជា​សុភមង្គល​របស់​យើង ។ យើង​ដឹង​ថា យើង​ជា​តួអង្គ​អស់កល្ប​ជានិច្ច ហើយ​ការណ៍​នោះ​ផ្ដល់​ក្ដីសង្ឃឹម និង​សេចក្ដី​ជំនឿ​ជាច្រើន​ដល់​ខ្ញុំ ថា​អ្វីក៏​ដោយ​ដែល​ខ្ញុំ​ធ្វើ​ឥឡូវ​នេះ និង​កំហុស​ណា​ក៏​ដោយ​ដែល​ខ្ញុំ​ធ្វើ​ឥឡូវ​នេះ ខ្ញុំ​នៅតែ​អាច​ប្រែចិត្ត ហើយ​ខ្ញុំ​មាន​ពេលវេលា​នេះ​ដើម្បី​លូតលាស់ និង​រៀនសូត្រ » ។

ការធានា​អះអាង​ប្រភេទ​នោះ​ក៏​ជួយ​ដល់ រ៉ាម៉ូណា ម៉ូរីស ផងដែរ ជា​យុវមជ្ឈិមវ័យ​ម្នាក់​មក​ពី​បាបាដូស ពេល​នាង​បានរៀន​អំពី​ការស្ដារ​ឡើងវិញ​ជាលើក​ដំបូង ។ ក្នុង​ចំណោម​ទីបន្ទាល់​ផ្សេងៗ​ទៀត នាង​បាន​ទទួល​ទីបន្ទាល់​មួយ​ថា « ព្រះវរបិតា​សួគ៌​គង់​នៅ​ទី​នោះ​​សម្រាប់​យើង ។ ការស្ដារ​ឡើងវិញ​នាំ​ភាពសុខសាន្ត​ដល់​ពួក​អ្នក​ដែល​សង្ស័យ​ពី​ជីវិត​ពួកគេ និង​សង្ស័យ​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ » ។

ប៉ុន្តែ ទោះបី​ជា​ការយល់​ពី​ការស្ដារ​ឡើងវិញ​បាន​នាំ​មក​នូវ​ភាពច្បាស់លាស់​ដល់​ជីវិត​នាង​ក្ដី ក៏​នាង​ទទួល​ស្គាល់​ផងដែរ​ថា « ការរស់នៅ​ឆ្ងាយ​ពី​ការិយាល័យ​កណ្ដាល​របស់​សាសនាចក្រ វា​ពិបាក​នឹង​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ដំណឹងល្អ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ នោះ​ខ្ញុំ​ដឹង​ថា ទោះ​ខ្ញុំ​នៅ​ឆ្ងាយ​យ៉ាង​ណា ក៏​ខ្ញុំ​នៅតែ​អាច​មាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​នៃ​ការស្ដារ​ឡើងវិញ ថា​ខ្ញុំ​មិន​ឯកោ​ទេ » ។

ហើយ​នាង​មិន​​ឯកោ​ទេ ។ យុវមជ្ឈិមវ័យ​នៅ​ជុំ​វិញ​ពិភពលោក​កំពុង​ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ តាមរយៈ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពង្សប្រវត្តិ និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ជាមួយ​នឹង​ការយល់​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​យើង​ទទួល​បាន​ពី​ការរៀនសូត្រ​អំពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ និង​ការស្ដារ​ឡើង​វិញ នោះ​យើង​ទាំងអស់​គ្នា​អាច​បន្ត​ស្វែងរក ដើម្បី​ស្គាល់​ព្រះឆន្ទះ​របស់​ព្រះ ហើយ​ផ្នែក​ណា​ដែល​យើង​អាច​ធ្វើ​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង​នេះ ។

world map

ផែនទី​មក​ពី Getty Images

យុវមជ្ឈិមវ័យ​ដឹកនាំ​សាសនាចក្រ

យើង​អាចជា​យុវមជ្ឈិមវ័យ ប៉ុន្តែ​យើង​អាច​ជា​ថ្នាក់​ដឹកនាំ​នៅក្នុង​សាសនាចក្រ​ឥឡូវ​នេះ ។ ថ្វីបើ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់ឯង​នៅក្នុង​គ្រួសារ​នាង ក៏​ចាំងកា តូរូនី មកពី ហ្គៃអូ ហុងគ្រី ត្រូវបាន​ពង្រឹង​ដោយ​ការចូលរួម​របស់​មិត្ត​យុវមជ្ឈិមវ័យ​របស់​នាង នៅក្នុងទិដ្ឋភាព​ផ្សេងៗ​ទៀត​នៃ​ការស្ដារ​ឡើងវិញ ៖ « មិត្តភក្ដិ​ខ្ញុំ​មួយ​ចំនួន​បាន​ទៅ​បម្រើ​បេសកកម្ម ហើយ​វា​ជារឿង​អស្ចារ្យ​ណាស់​ដែល​ឃើញ​ការរីកចម្រើន​របស់​ពួកគេ ហើយ​ពេល​ពួកគេ​ត្រឡប់​មកវិញ ពួកគេ​រីកចម្រើន​ខ្លាំង​ណាស់​តាមរយៈ​បទពិសោធន៍​ទាំងអស់​របស់​ពួកគេ ។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា ។ ហើយ​វា​តែងតែ​អស្ចារ្យ​ជានិច្ច​ដែល​ឃើញ​មិត្តភក្ដិ​យុវមជ្ឈិមវ័យ​នៅលីវ​របស់ខ្ញុំ​បម្រើ​នៅក្នុង​ការហៅ​បម្រើ​របស់​ពួកគេ ហើយ​ពេលខ្លះសូម្បី​តែ​ជា​ឱកាស​ដែល​ពួកគេ​បង្កើត​ឡើង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ដូចជា​ការស្ម័គ្រចិត្ត​ធ្វើ​ជា​ទីប្រឹក្សា​ក្នុង​សន្និសីទ ដ.ក.យ ( ដើម្បី​កម្លាំង​យុវវ័យ ) ។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា ការស្ដារ​ឡើងវិញ​មិនមែន​តែងតែ​អំពី​ការបង្រៀន​មនុស្ស​អំពី​ដំណឹងល្អ​នោះទេ—វា​គឺ​អំពី​ការពង្រឹង​សមាជិក​ដែល​យើង​មាន » ។

យុវ​មជ្ឈិមវ័យ​នៅក្នុង​ប្រទេស​ហុងគ្រី​យល់​ថា ពួកគេ​គឺជា​អនាគត​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​នេះ ។ ចាំងការ​សារភាព​ថា « គេត្រូវការ​យើង ហើយ​យើង​ត្រូវ​មាន​សមត្ថភាព​ដើម្បី​សម្រេច​កិច្ចការ​នោះ ដែល​ពេលខ្លះ​វា​លើសលប់ » ។ « ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ ហើយ​យើង​ជា​ផ្នែក​របស់​កិច្ចការ​នោះ ។ ពេលខ្លះ​យើង​គិត​ថា ‹ តើ​ខ្ញុំ​ត្រូវធ្វើ​កិច្ចការ​នេះ​ដូច​ម្ដេច​ទៅ ? › ប៉ុន្តែ​វា​អស្ចារ្យ​ដែល​ឃើញ​ថា ថ្នាក់ដឹកនាំ​របស់​យើង​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​មកលើ​យើង ។ វា​ជម្រុញ​ចិត្ត​សម្រាប់​អស់ អ្នក​ដែល​ពិតជា​ស្រឡាញ់​សាសនាចក្រ ហើយ​មាន​ទីបន្ទាល់​រឹងមាំ ដោយសារ​យើង​ដឹង​ថា ថ្ងៃ​មួយ​យើង​នឹង​មាន​ទំនួល​ខុសត្រូវ ។ យើង​ត្រូវតែ​ទទួល​ខុសត្រូវ​សម្រាប់​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង » ។

សន និង ស្ទេហ្វានី យ៉ូសែប មក​ពី​អូស្ត្រាលី​ភាគ​ខាងលិច ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ ដោយ​ការណែនាំ​យុវវ័យ​នៅក្នុង​វួដ​របស់​ពួកគេ ។ ស្ទេហ្វានី​និយាយ​ថា « សម្រាប់​ខ្ញុំ ការចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ គឺ​ការជួយ​ដល់​ជំនាន់​អនាគត​ឲ្យ​យល់​ថា​ដំណឹងល្អ​ជា​អ្វី និង​របៀប​ដែល​វា​អាច​ជួយ​ពួកគេ និង​អ្នក​ផ្សេង​ទៀត​នៅក្នុង​ជីវិត​របស់​ពួកគេ » ។ « យើង​អាច​ជួយ​បង្កើត​គ្រឹះ​ដែល​កាន់តែ​រឹងមាំ​សម្រាប់​សាសនាចក្រ​នៅក្នុង​ប្រទេស​របស់​យើង​នៅ​ពេល​ក្រោយ​ទៀត » ។

សន​ពន្យល់​ថា « យើង​ចង់​ជួយ​យុវវ័យ​ឲ្យ​ទទួល បាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន និង យ៉ូសែប ស៊្មីធ ហើយ​ដឹង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​ថា ពួកគេ​ពិតជា​បុត្រា​បុត្រី​របស់​ព្រះ » ។ « យើង​មិន​ចង់ឲ្យ​វា​ជា​អ្វី​ដែល​ពួកគេ​គ្រាន់តែ​ច្រៀង​នៅក្នុង​ថ្នាក់​កុមារ​នោះ​ទេ—យើង​ចង់​ឲ្យ​ពួកគេ​ដឹង​ថា​​វា​ពិត​មែន » ។

សម្រាប់​វេននេឡា ការរស់នៅ​តាម​ដំណឹងល្អ​នៅក្នុង​ប្រទេស​ឥណ្ឌា មិន​តែងតែ​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​នាង​ដឹង​ថា កម្លាំង​របស់​សមាជិក​ដែល​ជា​យុវមជ្ឈិមវ័យ​នៅ​ទីនោះ​នឹង​បំផុស​ដល់​អ្នក​ផ្សេង​ទៀត ហើយ​ជួយ​ដល់​ដំណើរការ​នៃ​ការស្ដារ​ឡើងវិញ ។ នាង​និយាយ​ថា « នៅទីនេះ យុវមជ្ឈិមវ័យ​ទាំងអស់​ស្មោះត្រង់​ណាស់ ។ ពួកគេ​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ » ។ « យើង​ដូចជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ប្រទេស​ឥណ្ឌា ។ យើង​ផ្លាស់​មក​ពី​កន្លែង​ផ្សេងៗ ហើយ​ពួកយើង​ខ្លះ​ថែម​ទាំង​ចាកចេញ​ពី​គ្រួសារ​យើង​ផង ។ ជីវិត​អាច​មាន​ឧបសគ្គ​ច្រើន​នៅ​ទីនេះ ប៉ុន្តែ​យើង​នៅតែ​ជ្រើសរើស​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។ ព្រះគម្ពីរ​ផ្ដល់​ដល់​យើង​នូវ​ក្ដីសង្ឃឹម កម្លាំង និង​ភាពក្លាហាន » ។

មិន​ថា​យើង​នៅ​ទីណា​ទេ ក្នុង​នាម​ជា​យុវមជ្ឈិមវ័យ យើង​អាច​បន្ត​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​ទៅលើ​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង​នេះ​តាមរយៈ​សេចក្ដី​ជំនឿ និង​ការតាំងចិត្ត​របស់​យើង​ចំពោះ​ដំណឹងល្អ ។

អនាគត​សាសនាចក្រ ៖ វា​ស្រេចតែ​លើ​យើង

យើងគឺជាអនាគតនៃសាសនាចក្រ ។ យើង​នៅក្នុង​សង្គ្រាម​ចុងក្រោយ ។ ព្រះ​វរ​បិតា​សួគ៌ពឹង​ផ្អែក​លើ​យើង​ដើម្បី​ជួយ​ទ្រង់​ធ្វើ​កិច្ចការ​របស់​ទ្រង់—ជា​កិច្ចការ​ដែល​ផ្លាស់ប្ដូរ​ជីវិត​ដ៏​នៅ​អស់កល្ប​របស់​ទ្រង់ ។ ទ្រង់​ដឹង​ថា យើង​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​បន្ត​ឈាន​ឆ្ពោះ​ទៅ​មុខ ហើយ​ប្រយុទ្ធ​ទាស់​នឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាសត្រូវ​ព្យាយាម​ល្បួង និង​បញ្ឆោត​យើង ។ ហើយ​សាតាំង​កំពុងតែ​អស់សង្ឃឹម ។ វា​ដឹង​ថា វា​កំពុង​តែ​ប្រយុទ្ធ​នឹង​ចម្បាំង​ដែល​វា​នឹង​ចាញ់ ដោយសារ​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​ជោគជ័យ ។

ចាំងការ​និយាយ​ថា « យើង​ដឹង​ថា ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​នោះ ហើយ​គ្មាន​នរណា​អាច​បញ្ចប់​បាន​ឡើយ » ។ « យើង​ដឹង​ថា វា​នឹង​កើត​ឡើង មិន​ថា​មាន​បញ្ហា​អ្វី​ក៏​ដោយ ។ ប៉ុន្តែ​យើង​ត្រូវតែ​សម្រេច​ចិត្ត ប្រសិន​បើ​យើង​នឹង​ធ្វើ​ជា​ផ្នែក​នៃ​កិច្ចការ​នេះ ហើយ​ជួយ​ឲ្យ​វា​ឆ្ពោះ​ទៅមុខ ឬ​ក៏​ឈរមើល​ហើយ​មិន​ចូលរួម​ធ្វើ ។ យើង​មាន​សិទ្ធិជ្រើសរើស​ដើម្បី​ធ្វើ​ជា​ផ្នែក​របស់​វា ហើយ​យើង​មាន​ទីបន្ទាល់​ដើម្បី​ជ្រើសរើស​ត្រូវ និង​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ ។ យើង​ត្រូវតែ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ » ។

ដូច្នេះ វា​ស្រេច​តែ​លើ​យើង ដើម្បី​ជ្រើសរើស​ថា​យើង​នៅ​ខាង​ណា ។

វា​ស្រេច​តែ​លើ​យើង ដើម្បី​មាន​ភាពក្លាហាន​ដើម្បី​ក្រោកឈរ​សម្រាប់​អ្វី​ដែល​យើង​ជឿ ។

វា​ស្រេច​តែ​លើ​យើង ដើម្បី​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​ជីវិត​យើង ។

វា​ស្រេច​តែ​លើ​យើង ដើម្បី​អនុញ្ញាត​ឲ្យ​ឧបសគ្គ​ដ៏​លំបាក​នានា​ដែល​យើង​ប្រឈម ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ ។

វា​ស្រេច​តែ​លើ​យើង ដើម្បី​ធ្វើ​តាម​ទ្រង់ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​អ្នក​ដទៃ​ទៀត​មកកាន់​ទ្រង់ ។

វា​ស្រេច​តែ​លើ​យើង ដើម្បី​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​តាម​របៀប​ដ៏​ល្អ បំផុត​ដែល​យើង​អាច​ធ្វើ​បាន ។

យើង​ពិត​ជា​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ ហើយ​ការដឹកនាំ​សាសនាចក្រ​តាម​អ្វី​ដែល​ប្រធាន​ណិលសុន​ហៅ​ថា « គ្រា​កាន់កាប់​ត្រួតត្រា​ដ៏​គួរឱ្យ​ទាក់ទាញ​អារម្មណ៍​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក » ស្ដាប់​ទៅ​ដូចជា​ការទទួល​ខុសត្រូវ​ដ៏​គួរ​ឲ្យ​ខ្លាច​ណាស់ ។ ប៉ុន្តែ​សូម​គិត​អំពី​វា—ព្រះវរបិតាសួគ៌​បាន​ទុក​ព្រះទ័យ​លើ​យើង​គ្រប់គ្រាន់ ហើយ​បាន​រក្សា​យើង​ឲ្យ​មក​ផែនដី​នេះ​នៅ​ពេល​ជាក់លាក់​នេះ គឺ​ពេលនេះ​ជា​ពេល​ដែល​យើង​ត្រូវ​ឲ្យ​ប្រឈម​នឹង​ការល្បួង និង​ការរំខាន​រាប់​មិនអស់ ព្រមទាំង​គំនិត​ជំទាស់​ជា​ច្រើន​ទៀត ។

ដោយ​ការបញ្ជូន​យើង​មក​ទីនេះ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ដ៏​សំខាន់​បំផុត​នេះ ព្រះវរបិតាសួគ៌​មិន​បាន​បញ្ជូន​យើង​មក​ឲ្យ​បរាជ័យ​នោះ​ទេ ។ ទ្រង់​ដឹង​ពី​សក្ដានុពល​របស់​យើង កម្លាំង​របស់​យើង ភាពក្លាហាន​របស់​យើង ហើយ​ចុង​បំផុត ទ្រង់​ដឹង​ថា យើង​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ការស្ដារ​ឡើងវិញ​របស់​សាសនាចក្រ ដោយ​មិនគិត​ពី​អាយុ ឬ​ស្ថានភាព​អាពាហ៍ពិពាហ៍​របស់​យើង​នោះ​ទេ ។ មិន​ថា​ការសាកល្បង​របស់​យើង​លំបាក​យ៉ាង​ណា ឬ​ការដឹកនាំ និង​ការចែកចាយ​ដំណឹងល្អ​ជុំវិញ​ផែនដី​ហាក់ដូច​ជា​លំបាក​យ៉ាង​ណា​នោះ​ទេ ដោយមាន​ទ្រង់​គង់​នៅ​ខាង​យើង តើ​មាន​នរណា​ដែល​អាច​ប្រយុទ្ធ​ទាស់​នឹង​យើង​បាន ? ទ្រង់​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​កិច្ចការ​លំបាក​ទាំង​នោះ ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Stand as True Millennials » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៨ ។

  2. រ័សុល អិម ណិលសុន « Stand as True Millennials » Liahona ទំព័រ ៤៦ ។