២០២០
គិត​ថា​អ្នក​មិន​មាន​គោលបំណង​មួយ​ក្នុង​នាម​ជា​យុវមជ្ឈឹមវ័យ​ឬ ? សូម​គិត​ម្ដងទៀត
ខែ មេសា ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈឹមវ័យ

គិត​ថា​អ្នក​មិន​មាន​គោលបំណង​មួយ​ក្នុង​នាម​ជា​យុវមជ្ឈឹមវ័យ​ឬ ? សូម​គិត​ម្ដងទៀត

ការគិតអំពី​ការដឹកនាំ​នៅក្នុង​សាសនាចក្រ​នៅថ្ងៃមួយ អាច​ជារឿង​គួរ​ឲ្យ​ភ័យខ្លាច ប៉ុន្តែ​មាន​វិធីជាច្រើនដែលអ្នកអាច​​ចាប់ផ្តើម​ដឹកនាំ​ពីពេល​ឥឡូវនេះ​ ។

នៅថ្ងៃពីមុន​ការយាងមក​ជាលើកទីពីរ របស់​ព្រះយេស៊ូវ គ្រីស្ទ នឹងមាន « សង្គ្រាម និង​ពាក្យ​ចចាម​អារាម​អំពី​សង្គ្រាម​ទាំង​ឡាយ។

«…សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​នឹង​ទាស់​នឹង​នគរ​មួយ នឹង​មាន​អំណត់ និង​ជំងឺ​អាសន្នរោគ និង​ផែនដី​កក្រើក​នៅ​កន្លែង​ផ្សេងៗ។

« ហើយ​ជា​ថ្មី​ទៀត​ពី​ព្រោះ​សេចក្ដី​ទុច្ចរិត​នឹង​ចម្រើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​នៃ​មនុស្ស​នឹង​រសាយ​អស់​ទៅ » ។ ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៨–៣០ ) ។

នៅ​កណ្តាល​នៃ​ការជ្រួលច្របល់​បែបនេះ តើ​នរណា​ដែល​នឹង​ជួយ​ដឹកនាំ​បងប្អូន​ប្រុសស្រី​របស់​យើង ទាំងនៅក្នុង និង​ក្រៅ​គ្រោល ឲ្យ​ត្រឡប់ទៅ​ព្រះវរបិតាសួគ៌​យើងវិញ ?

នោះជាមូលហេតុ​ដែល​យើងមក ។

របៀបដែលយើងត្រូវដឹកនាំ

យើងត្រូវបាន​ហៅ​ថា​ជាជំនាន់​មួយ​ក្នុង​ចំណោម​ដ៏​មហាអស្ចារ្យ​នៃ​ពួក​យុវមជ្ឍឹមវ័យ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​ថា​យើង​ជា « អ្នក​ដែល​ព្រះ​បាន​ដាក់ទីទុកចិត្ត​គ្រប់គ្រាន់​ល្មម​ដើម្បី​បញ្ជូន​មកកាន់​ផែនដី ក្នុងអំឡុង​គ្រាកាន់កាប់​ត្រួតត្រា​ដ៏​រំជើបរំជួល​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ពិភពលោកនេះ » ( « ក្រោក​ឈរ​ឡើង​ជា​បុគ្គល​រស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​សហស្សវត្សរ៍ » ​លីអាហូណា​ ខែតុលា ឆ្នាំ ២០១៦ ទំព័រ ៤៦ ) ។

ដូច្នេះ តើ​យើង​រស់នៅ​អស់​ពី​សមត្ថភាព​របស់យើង​ដើម្បី​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​យ៉ាងដូចម្តច ? ពិតប្រាកដណាស់ ប្រសិនបើអ្នក​មើល​ជុំវិញ​ខ្លួន​អ្នក អ្នក​អាច​កត់​សម្គាល់​ឃើញថា អ្នក​ជា​អ្នកដឹកនាំ​រួចទៅហើយ តាមរបៀប​មួយ​ឬ​ផ្សេងទៀត ។

អ្នក​ប្រហែល​ជា​ដឹកនាំ​ក្នុង​ការហៅ​ឲ្យ​បម្រើ​មួយ ។ ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា អ្នក​អាច​ដឹកនាំ​ការពិភាក្សា ទទួលខុសត្រូវ​លើ​សកម្មភាព​ផ្សព្វផ្សាយ​សាសនា ឬ​ត្រូវបាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​តំបន់ ឬ​អ្នក​ដឹកនាំស៊ីស្ទើរ ។ អ្នក​អាច​ជា​អ្នកដឹកនាំ​នៅក្នុង​គ្រួសារ​អ្នក ឬ​ក្នុងចំណោម​មិត្តភក្តិ​របស់​អ្នក ។ អ្នក​អាច​ដឹកនាំ​បុព្វការីជន​របស់​អ្នក​ឲ្យទទួល​សេចក្តី​សង្រ្គោះ តាមរយៈ​កិច្ចការ​ពង្សប្រវត្តិ ។ អ្នក​ក៏​អាច​ក្លាយជា​អ្នកដឹកនាំ​ខាង​នយោបាយ ហើយ​អ្នក​តែងតែ​អាច​ដឹកនាំ​ក្នុង​មុខរបរ​អ្វីមួយ​ដែល​អ្នក​ជ្រើសរើស​ជានិច្ច ។

ប៉ុន្តែ​សំណួរ​នោះគឺថា តើ​ យើង​ គួរ​ដឹកនាំ​របៀប​ណា ? ព្រះអង្គសង្រ្គោះ​ដឹកនាំ​តាមរយៈ​គំរូ​របស់ទ្រង់ ។ ទ្រង់​ដឹកនាំ​ជាមួយ​នឹង « ចូរមកតាម​ខ្ញុំ » ជាជាង « ផ្លូវ​របស់​ខ្ញុំ​ល្អ​ជាង » ។ ទ្រង់​បានបម្រើ បាន​បង្រៀន បាន​ស្រឡាញ់​ហើយ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​នៅជុំវិញ​ព្រះកាយ​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​នៃ​អ្នកដឹកនាំ​ដ៏​ឧត្តម្ភ ។ ហើយ​ដើម្បីក្លាយ​ជាអ្នកដឹកនាំ​ជំនាន់​ដ៏អស្ចារ្យ​យើង​អាចចាប់​ផ្តើមដោយ​ការព្យាយាម​ធ្វើដូចជា​ព្រះអង្គសង្គ្រោះ និង​ដោយធ្វើរឿង​តូចតាច​ទាំងនេះ ៖

  1. អធិស្ឋាន​សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ជួប​ការលំបាក ជន​ណា​ដែល​ត្រូវការ​ជំនួយ ឬ ជន​ដែល​អ្នក​មើលខុសត្រូវ ហើយ​ស្វែងរក​ដើម្បីដឹងថាតើ​ត្រូវ​ជួយ​ពួកគេ​យ៉ាងដូចម្តេច ។ សូម​អធិស្ឋាន​ឲ្យ​ពួកគេ តាម​ឈ្មោះ​ម្នាក់ម្ដងៗ ដូច​ដែល​ព្រះអង្គ​សង្រ្គោះ​ធ្វើការងារ​បម្រើ « ម្តង​ម្នាក់ៗ » ( នីហ្វៃទី ៣ ១១:១៥ ) ។

  2. ចំណាយពេល​ដើម្បី​ស្វែងយល់​ពី​បទគម្ពីរ​ដែល​និយាយជា​ពិសេស​អំពី​គំរូ​ល្អ​នៃ​ថ្នាក់ដឹកនាំ ជាពិសេស​មកពី​ព្រះអង្គ​សង្រ្គោះ​ទ្រង់​ផ្ទាល់ ។

  3. អធិស្ឋាន​ឲ្យ​វួដ ស្តេក​របស់​អ្នក និង​ថ្នាក់ដឹកនាំ​ទូទៅ​ក្នុង​សាសនាចក្រ​របស់​អ្នក ។ ក៏​សូម​អធិស្ឋាន​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ពួកគាត់​ត្រូវបាន​បំផុស​គំនិត និង​ធ្វើការ​នៅក្នុង​វិញ្ញាណ​នៃ​សន្តិភាព និង​សាមគ្គីភាព ។

  4. រៀន​ស្គាល់​មនុស្ស​នៅជុំវិញ​ខ្លួន​អ្នក ។ ស្វែងយល់​ពី​ចំណាប់​អារម្មណ៍​របស់ពួកគេ ក្រុមគ្រួសារ​របស់ពួកគេ ការសិក្សា​របស់ពួកគេ និង​ចំណង់ចំណូល​ចិត្ត​ និង​មហិច្ចតា​ក្នុង​ជីវិត » ( សូមមើល ​អេភេសូរ ២:១៩ ) ។

  5. សូម​អាន​ពររបស់​លោកអយ្យកោ​របស់​អ្នក ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ជាមនុស្ស​ល្អ​បំផុត ។

នៅពេល​យើង​ធ្វើ​ឲ្យ​ពី​សមត្ថភាព​ដើម្បី​ដឹកនាំ​ក្នុង​សេចក្តី​សុចរិត នោះ​យើង​ក្លាយជា​ពួកសិស្ស​ពិតប្រាកដ ហើយ​ជា​អ្នក​ដើរតាម​ព្រះ​យេស៊ូវ គ្រីស្ទ និង​មាន​គុណសម្បត្តិ​ដើម្បី​ទទួល​ភាព​ជា​ដៃគូ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ នៅពេល​យើង​ចុះ និង​គោរព​សេចក្តី​សញ្ញា​ពិសិដ្ឋ នោះ​យើង​មាន​សិទ្ធិ​ទទួល​ការរៀបចំ​ចាំបាច់ និង​អាវក្រោះ​ខាងវិញ្ញាណ​ដើម្បី​ចេញ​ទៅច្បាំង​ប្រឆាំង​នឹង​មាសត្រូវ ។

អ្នក​អាច​ចាប់ផ្តើម​ពី​ឥឡូវនេះ

តើ​អ្នក​នឹង​ធ្វើ​ជា​អ្នកដឹកនាំ​ប្រភេទ​ណា ? ឬ​សេចក្តី​ដកស្រង់​របស់​ព្រះអង្គសង្រ្គោះ « តើ [ថ្នាក់ដឹកនាំ] បែបណា​ដែល​អ្នក​ចង់​ធ្វើ ? យើង​ប្រាប់​អ្នក​រាល់គ្នាជាប្រាកដថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » (នីហ្វៃទី ៣ ២៧:២៧) ។

នៅពេល​យើង​ជិតដល់​ការយាង​មកជាលើក​ទីពីរ នោះ​ព្រះអម្ចាស់​នឹង​ត្រូវការ​ពួក​អ្នកដឹកនាំ​សុចរិត​កាន់តែ​ច្រើនទៀត អ្នក​ដែល​នឹង​ធ្វើតាម​ព្យាការី​របស់ទ្រង់ ហើយចូលរួម​នៅក្នុង​ចម្បាំង​នេះ ។ ទ្រង់​ស្រឡាញ់​យើង ។ យើង​ស្ថិតនៅ​ក្នុង ១១ ម៉ោង ហើយ​យើង​មាន​អ្វីៗ​ដែល​ត្រូវ​ធ្វើ​ជាច្រើន ។ យើងអាច​ចាប់ផ្តើម​រៀបចំខ្លួន​ដើម្បី​ក្លាយជា​ជំនាន់​ដ៏អស្ចារ្យ​នៃ​អ្នកដឹកនាំ​ពី​ឥឡូវនេះ ។ វា​មិនដែល​យឺតពេល​ទេ​ដើម្បី​ធ្វើ​ការ​នោះទេ ! ប្រសិនបើ​មានរឿង​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​ប៊ីស្សព​របស់អ្នក​នោះ​គាត់អាច​ជួយអ្នក​នៅលើ​ផ្លូវ​នៃការ​ប្រែចិត្ត ។ ប្រសិនបើអ្នក​ត្រូវការ​ការណែនាំ​អំពីរបៀប​អភិវឌ្ឍ​ខ្លួន សូមចាប់ផ្តើម​ដោយការ​អភិវឌ្ឍ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ​​ពួកទ្រង់​អាច​បង្ហាញ​ថាទៅ​ផ្លូវណា​ពីកន្លែង​នោះ ។ អ្នក និង​ខ្ញុំ​ត្រូវបានហៅ ​ឥឡូវនេះ​ ដើម្បី​ធ្វើកិច្ចការ​របស់ព្រះអម្ចាស់ និង​ជួយ​ព្យាការី​របស់​យើង​ដឹកនាំ​វង្ស​នៃ​អ៊ីស្រាអែល​ដោយ​សុវត្ថិភាព ហើយ​ប្រសិនបើ យើង​ព្យាយាម​អស់ពី​លទ្ធភាព​របស់​យើង នោះ​យើង​នឹង​ទទួលបាន​ជោគជ័យ ។