២០២០
« ឃើញ​ទេ​ថា​សេចក្ដី​ជំនឿ​តែ​បន្តិច​អាច​ធ្វើ​អ្វី​បាន​ខ្លះ ? »
ខែ មេសា ឆ្នាំ ២០២០


« ឃើញ​ទេ​ថា​សេចក្ដី​ជំនឿ​តែ​បន្តិច​អាច​ធ្វើ​អ្វី​បាន​ខ្លះ ? »

ហ្កដហ្វ្រី ជេ អេលីស វ៉ាស៊ីនតោន ស.រ.អា

family caught in rainstorm

រចនា​រូបភាព​ដោយ © ហ្គែរី អាលហ្វូនសូ i2iArt.com

មួយ​រយៈ​កន្លង​មក​ហើយ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​យក​កូនប្រុស​ពៅ​ពីរ​នាក់​របស់​យើង​ទៅ​ប្រទេស​បារាំង​ដើម្បី​ទៅ​ដើរកម្សាន្ត​នៅ​តំបន់​នានា ដែល​ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ យើង​បាន​ទៅលេង​សាខា​សាសនាចក្រ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​បម្រើ ហើយ​បាន​មាន​អំណរ​ជាមួយ​នឹង​សមាជិក​ដែល​ខ្ញុំ​បាន​បង្រៀន ។ យើង​ក៏​បាន​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ផងដែរ ។

តំបន់​មួយ​ជា​សំណល់​ប្រាសាទ​ហ្សាតូ​ដេ​ហ្សាឡូសេត៍ ។ ប្រាសាទ​មជ្ឈិម​សម័យ​ដ៏​ធំ​នេះ​ត្រូវបាន​គេ​វាយ​ប្រហារ ហើយ​ត្រូវបាន​បំផ្លិច​បំផ្លាញ់​យ៉ាង​ដំណំ​ជាច្រើន​សតវត្ស​មក​ហើយ ។ មាន​រុក្ខជាតិ​បាន​ដុះ​ជុំវិញ​សំណល់​ប្រាសាទ​នោះ ហើយ​ផ្លូវ​ទៅកាន់​ទីនោះ​ចង្អៀត ហើយ​ចោត ។ យើង​មាន​ការពិបាក​ក្នុង​ការឡើង​ទៅ ប៉ុន្តែ​វា​សម​នឹង​ការខិតខំ​ពេល​យើង​ឡើង​ទៅដល់ ។

កូនប្រុស​ទាំងពីរ​ចូលចិត្ត​ឡើង​ចូល​ទៅក្នុង​អ្វី​មួយ​ដែល​ធ្លាប់​ជា​គុកងងឹត និង​ឡើង​ខ្ពស់​ទៅលើ​អ្វី​មួយ​តូច​ដែល​ជា​ជញ្ជាំង​ប្រាសាទ​ដែល​នៅសល់ ។ ប្រាសាទ​នោះ​បាន​ទាក់ទាញ​ការស្រមើ​ស្រមៃ​របស់​ពួកគេ គឺ​ដូច​ជា​វា​បាន​ទាក់ទាញ​ការស្រមើ​ស្រមៃ​របស់​ខ្ញុំ​កាល​ពី ២៤ ឆ្នាំ​មុន​អញ្ចឹង​ដែរ ។

ពេល​យើង​នៅ​ទី​នោះ មាន​ព្យុះ​រដូវ​ក្ដៅមួយ​បាន​លេច​ឡើង​ពី​ចម្ងាយ ។ វា​រំកិល​មក​លឿន​ណាស់ ។ មាន​ពពក​ខ្មៅ និង​រន្ទះ​នៅលើ​មេឃ ក្រោយមក​មាន​ផ្គរលាន់​ដ៏​ខ្លាំង ។

យើង​បាន​ប្រញាប់​ចុះ​តាម​ផ្លូវ​មក ហើយ​បាន​ប្រញាប់​រត់​ទៅ​ឡាន​ពេល​ដែល​ព្យុះ​នោះ​រំកិល​កាន់តែ​ជិត​យើង ។ មិន​យូរ​ទេ ភ្លៀង​បាន​ធ្លាក់​មក​យ៉ាង​សន្ធោរសន្ធៅ​មក​លើ​យើង ហើយ​ផ្លូវ​ដី​នោះ​បាន​ក្លាយ​ទៅជា​ភក់ ។ យើង​បារម្ភ​ថា យើង​មិនអាច​រក​កន្លែង​ដែល​មាន​ដីរឹង​សម្រាប់​ឈរ ហើយ​ធ្លាក់​តាម​ផ្លូវ​ថ្ម​ចោត​នោះ ។

យើង​បាន​ឃើញ​ជម្រក​ខ្លះ​នៅចន្លោះ​ដើមឈើ​ដែល​នៅ​នឹង​គែម​ផ្លូវ ។ យើង​បាន​ប្រជ្រៀត​គ្នា​នៅក្រោម​ជម្រក​នោះ ហើយ​បាន​គិត​ថា​តើ​យើង​ត្រូវរង់ចាំ​យូរ​ប៉ុណ្ណា​ទម្រាំ​ដល់​បាន​ត្រឡប់​ចុះ​មកក្រោម​វិញ​នោះ ។

កូនប្រុស​ពៅ​របស់​យើង​បាន​និយាយ​ថា « តោះ​យើង​អធិស្ឋាន » ។

គាត់​បាន​សូម​អធិស្ឋាន ហើយ​បាន​អធិស្ឋាន​សូម​ឲ្យ​ឈប់​ភ្លៀង​ដើម្បី​យើង​អាច​ចុះ​ពី​ទួល​នោះ​ដោយ​សុវត្ថិភាព ។ គាត់​បាន​សម្លឹង​មក​យើង ហើយ​បាន​និយាយ​ថា « ឥឡូវ​នេះ អ្វី​ដែល​យើង​ត្រូវការ​គឺ​សេចក្ដី​ជំនឿ​គ្រប់គ្រាន់ » ។

ខ្ញុំ​បាន​ពន្យល់​ថា ការអធិស្ឋាន​ពុំ​តែងតែ​ដំណើរការ​ដូច្នោះ​ទេ ។

គាត់​បាន​និយាយ​ថា « អត់ទេ វា​នឹង​ឈប់​ភ្លៀង​នៅ ១០ នាទី​ទៀត » ។

បន្ទាប់​ពី ១០ នាទី ភ្លៀង​បាន​ឈប់ ។

គាត់​បាន​និយាយ​ថា « តោះ​យើង​ទៅ !

កូន​ប្រុស​បង​របស់​យើង​បាន​និយាយ​ថា « បើ​យើង​ចេញ​ទៅ​ឥឡូវ​នេះ ភ្លៀង​នឹង​ចាប់​ផ្ដើម​ម្ដង​ទៀត ហើយ​យើង​នឹង​ជាប់គាំង​ហើយ » ។

កូន​ពៅ​យើង​បាន​តប​ថា « វា​នឹង​មិន​ភ្លៀង​ទៀត​ទេ » ។ « តោះ​យើង​ទៅ ! »

យើង​បាន​ធ្វើដំណើរ​តាម​ផ្នែក​ដែល​មិន​សូវ​ទទឹក ដោយ​តោង​គុម្ពោត និង​មែកឈើ​ពេល​យើង​ចុះ​មក ។ ពេល​មក​ដល់​ឡាន យើង​បាន​អធិស្ឋាន​ម្ដង​ទៀត​ជា​ការដឹងគុណ ។ មិន​យូរ​ប៉ុន្មាន​វា​ចាប់ផ្ដើម​ភ្លៀង​ម្ដង​ទៀត ។

កូនប្រុស​ពៅ​របស់​យើង​បាន​និយាយ​ដោយរាបសារ​ថា « ឃើញ​ទេ​ថា​សេចក្ដី​ជំនឿ​តែ​បន្តិច​អាច​ធ្វើ​អ្វី​បាន​ខ្លះ ? »

គាត់​បាន​បង្រៀន​យើង​ទាំងអស់​គ្នា​នូវ​មេរៀន​ដ៏​អស្ចារ្យ​មួយ​នៅ​ថ្ងៃ​នោះ ។