ចូរមកតាមខ្ញុំព្រះគម្ពីរមរមន
តើបុណ្យអ៊ីស្ទើរមានន័យដូចម្តេចចំពោះខ្ញុំ ?
ថ្ងៃទី ៣០ ខែ មីនា– ថ្ងៃទី ១២ ខែ មេសា បុណ្យអ៊ីស្ទើរ
នៅថ្ងៃបុណ្យអ៊ីស្ទើរយើងប្រារព្ធពិធីនៃ « ថ្ងៃដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ដ្រ »១—ជាថ្ងៃដែលព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ។ ព្រឹត្តិការណ៍នេះគឺជាកត្តាដ៏សំខាន់នៃផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
នៅក្នុងជីវិតមុនជីវិតរមែងស្លាប់ ព្រះយេស៊ូវគ្រីស្ទត្រូវបានជ្រើសរើសឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។ ទ្រង់បានសន្យាប្រទានមធ្យោបាយសម្រាប់យើងដើម្បីបានការអត់ទោសចំពោះអំពើបាបរបស់យើង ហើយត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញ ។
នៅព្រឹកថ្ងៃបុណ្យអ៊ីស្ទើរទីមួយនោះ ព្រះយេស៊ូវបានបំពេញការសន្យារបស់ទ្រង់ ។ ទ្រង់បានឈ្នះលើសេចក្ដីស្លាប់ ។ ជាលទ្ធផល « ទ្រង់ជាពន្លឺ ហើយជាជីវិតនៃពិភពលោក មែនហើយ ជាពន្លឺមួយដែលមិនចេះចប់មិនចេះហើយ ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ មែនហើយ ហើយក៏ជាជីវិតមួយដែលមិនចេះចប់មិនចេះហើយ គឺពុំអាចមានសេចក្ដីស្លាប់ទៀតឡើយ » ( ម៉ូសាយ ១៦:៩ ) ។
តើពរជ័យអ្វីខ្លះដែលការស្ដារឡើងវិញនាំមកដល់អ្នក ?
ការប្រែចិត្ត
ព្រះយេស៊ូវគ្រីស្ទសួរដល់យើងម្នាក់ៗថា « តើអ្នករាល់គ្នាមិនចង់ត្រឡប់មករកយើង ហើយប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយប្រែចិត្តជឿដើម្បីយើងអាចប្រោសអ្នកឲ្យបានជាទេឬ ? » ទ្រង់សន្យាថា « អស់អ្នកណាដែលមក អ្នកនោះហើយដែលយើងនឹងទទួល » ( នីហ្វៃទី៣ ៩:១៣–១៤ ) ។ តើអ្នកមានអារម្មណ៍បែបណាពេលអ្នកប្រែចិត្ត ?
ការរស់ឡើងវិញ
សេចក្ដីស្លាប់ជាអ្វីដែលមិនអាចចៀសរួច ប៉ុន្តែជ័យជំនះរបស់ព្រះអង្គសង្គ្រោះលើសេចក្ដីស្លាប់ ធានាថាមនុស្សទាំងអស់នឹងបានរស់ឡើងវិញ—ដោយរូបកាយ និងវិញ្ញាណរួមគ្នាម្ដងទៀតនៅក្នុងទម្រង់ល្អឥតខ្ចោះ ( សូមមើល អាលម៉ា ១១:៤៣ ) ។ តើដំណេះដឹងអំពីការរស់ឡើងវិញនាំមកនូវសេចក្ដីសង្ឃឹមដល់អ្នកយ៉ាងដូចម្ដេច ?
ជីវិតដ៏នៅអស់កល្បជានិច្ច
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះធ្វើឲ្យជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពលើកតម្កើង កើតឡើងបាន ។ ដើម្បីទទួលបានពរជ័យនេះ យើងត្រូវតែគោរពបទបញ្ញត្តិទាំងឡាយ ។ ប្រធាន រ័សុល អិម ណិលសុន បានហៅផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចថា « ផ្លូវនៃសេចក្ដីសញ្ញា » ។២ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដើរតាមផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ?