២០២០
ពរជ័យ​មួយ​ជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ឲ្យ​បាន
ខែ មេសា ឆ្នាំ ២០២០


ពរជ័យ​មួយ​ជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ឲ្យ​បាន

ចនណាថាន ម៉ាហ្វ្រា សេនណា ដឺ សេនថាណា ទីក្រុង សេនថា ខាថារីណា ប្រទេស ប្រេស៊ីល

father giving daughter a blessing

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​បាន​រៀនចប់​សាលា​ច្បាប់​នៅ​អំឡុង​ពេល​ខួបកំណើត​លើក​ទីមួយ​របស់​កូនស្រី​ខ្ញុំ ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ដើម្បី​ប្រារព្ធ​អបអរ​ការបញ្ចប់​ការសិក្សា​របស់​ខ្ញុំ ខួបកំណើត​កូនស្រី​យើង និង​ឱកាស​ថ្មីៗ​ដែល​មាន​ដល់​យើង ប៉ុន្តែ​មិន​មាន​អ្វី​បាន​កើតឡើង​ដែល​យើង​ដាក់ផែនការ​នោះ​ទេ ។

ខ្ញុំ​អត់មាន​ការងារ​ធ្វើ​មិនយូរ​ប៉ុន្មាន​ក្រោយពី​រៀនចប់ ហើយ​មាន​ការលំបាក​ក្នុង​ការស្វែងរក​ការងារ​ធ្វើ ។ មិនយូរ​ប៉ុន្មាន ការពិបាក​ខាង​ហិរញ្ញវត្ថុ​បាន​កើត​ឡើង ។ គ្រាន់តែ​ការរៀបចំ​ពិធី​ខួប​កំណើត​សាមញ្ញ​មួយ​ក៏​ជា​ការពិបាក​ដែរ ។

ក្រោយពី​ការសន្ទនា​ជាច្រើន​ជាមួយ​ភរិយា​ខ្ញុំ យើង​បាន​ទទួល​យក​ស្ថានភាព​របស់​យើង ។ វា​មិន​ងាយស្រួល​សម្រាប់​ខ្ញុំ​នោះទេ ក្នុង​នាម​ជា​ឪពុក​មួយ​រូប ដែល​មិន​មាន​លទ្ធភាព​ដើម្បី​ទិញ​អំណោយ​សាមញ្ញ​មួយ​សម្រាប់​កូនស្រី​ខ្ញុំ និង​ដែល​ឃើញ​ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ថប់បារម្ភ ។

ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​បាន​កំពុង​កើត​ឡើង​នោះទេ ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ដល់​ព្រះវរបិតា​សួគ៌​ឲ្យ​ជួយ​ខ្ញុំ​យល់​ពី​អ្វី​ដែល​ទ្រង់សព្វព្រទ័យ​ពី​ខ្ញុំ ។ រំពេច​នោះ ដូចមានសំឡេង​មួយ​និយាយ​មកកាន់​គំនិត​ខ្ញុំ ខ្ញុំ​បានឮ​ពាក្យ​ដូច​តទៅ​នេះ ៖ « អ្នក​មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​ទ្រព្យ​សម្បត្តិ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ។​ អ្នក​កាន់​បព្វជិតភាព ។ តើ​មាន​អំណោយ​ណា​ទៀត​ដែល​ប្រសើរ​ជាង​ការផ្ដល់​ពរជ័យ​បព្វជិតភាព​មួយ​ដល់​កូន​ស្រី​របស់​អ្នក​នោះ ? »

ខ្ញុំ​រលីងរលោង​ទឹក​ភ្នែក​ពេល​ខ្ញុំ​គិត​អំពី​ថាតើ​បព្វជិតភាព​មានន័យ​យ៉ាងណា​សម្រាប់​ខ្ញុំ ។ ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​ការដឹងគុណ ពេល​ខ្ញុំ​ពិចារណា​ថា បព្វជិតភាព​ជា​អំណាច​ដែល​អាច​បង្រួប​បង្រួម​គ្រួសារ​ខ្ញុំ​អស់កល្ប​ជានិច្ច ។

ខ្ញុំ​បាន​ចែកចាយ​អារម្មណ៍​ខ្ញុំ​ជាមួយ​នឹង​ភរិយា​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​នាង​ថា ការផ្ដល់​ពរជ័យ​មួយ​ដល់​កូនស្រី​របស់​យើង​គឺជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ឲ្យ​បាន ។ យើង​ទាំងពីរ​នាក់​បាន​សម្រេចចិត្ត​ថា ការណ៍​នេះ​នឹង​នាំ​សុភមង្គល និង​ភាពសុខសាន្ត​ដល់​នាង ហើយ​នោះ​វា​គ្រប់គ្រាន់​ហើយ ។

នៅថ្ងៃ​ខួប​កំណើត​របស់​កូនស្រី​យើង មិត្តភក្ដិ សាច់ញាតិ និង​អ្នក​ជិតខាង​បាន​យក​នំ​មួយ និង​គ្រឿង​តុបតែង​សាមញ្ញ​មក ។ យើង​មាន​អំណរគុណ​ដែល​បាន​ប្រារព្ធ​ថ្ងៃ​ពិសេស​នេះ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ នា​យប់​នោះ ខ្ញុំ​បាន​ដាក់​ដៃ​លើ​ក្បាល​របស់​កូនស្រី​ខ្ញុំ ហើយ​ផ្តល់​ការប្រសិទ្ធិពរ​ដល់​នាង ។ ខ្ញុំ​បាន​ប្រសិទ្ធិពរ​ដល់​នាង​ជាមួយ​នឹង​អ្វីៗ​ទាំងអស់​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​បំផុស​ឲ្យ​ខ្ញុំ​និយាយ ។

យើង​នៅតែ​កំពុង​ឆ្លងកាត់​គ្រា​នៃ​ការផ្លាស់ប្ដូរ​មួយ និង​ឧបសគ្គ​ដែល​ទាក់ទង​នឹង​ការអត់​ការងារ​ធ្វើ និង​បញ្ហា​ហិរញ្ញវត្ថុ ។ ប៉ុន្តែ​សូម្បីតែ​នៅកណ្ដាល​នៃ​ភាពសោកសៅ និង​ការថប់​បារម្ភ ក៏​ភាពសុខសាន្ត និង​ការលួងលោម​កើត​មាន​ដល់​យើង​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។ ខ្ញុំ​ពុំ​មាន​ការសង្ស័យ​ទេ​ថា ការធ្វើ​ជា​សមាជិក​នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​មាន​អំណាច​បព្វជិតភាព​គឺ​ជា​ពរជ័យ​មួយ ។ វា​ជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ឲ្យ​ទៅ​កូនស្រី​របស់​ខ្ញុំ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង ហើយ​វា​ហួស​ពី​គ្រប់គ្រាន់ ។