២០២០
តាក់ស៊ី​មួយ ក្មេងប្រុស​សាលា​ម្នាក់ និង​ចម្លើយ​មួយ​ដល់​ការអធិស្ឋាន
ខែ មេសា ឆ្នាំ ២០២០


តាក់ស៊ីមួយ ក្មេងប្រុស​សាលា​ម្នាក់ និង​ចម្លើយ​មួយ​ដល់​ការអធិស្ឋាន

អ្នក​និពន្ធ​រស់​នៅ​​រីវ័រ​ស្តេត នីហ្សេរីយ៉ា ។

យើង​បាន​មាន​ការបំផុស​មួយ​ថា យើង​នឹង​រកគាត់​ឃើញ ហេតុអ្វី​វា​មិន​ដំណើរការ ?

A Taxi, a Schoolboy, and an Answer to Prayer. Missionaries in Ghana with a schoolboy in a taxi outside.

ថ្ងៃ​មួយ​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទទួល​ការបញ្ជូន​ឲ្យ​បង្រៀន​បុរស​ម្នាក់​ដែល​រស់នៅ​ភូមិ​មួយ​ហៅ​ថា ថេម៉ា នៅជិត​ទីក្រុង​ដ៏​ស្រស់ស្អាត​អាក្រា ប្រទេស​ហ្គាណា ។ លេខ​ផ្ទះ​នៅក្នុង​ភូមិ​នោះ​មិន​សូវ​ជា​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ដូច្នេះ យើង​បាន​ទទួល​ការពិពណ៌នា​ដែល​សរសេរ​នៅលើ​ក្រដាស​ដើម្បី​ជួយ​យើង​រក​ផ្ទះ​នោះ​ឃើញ ។

ពេល​យើង​បាន​មក​ដល់​ភូមិ​នោះ យើង​បាន​ធ្វើតាម​ការណែនាំ​នោះ ប៉ុន្តែ​ពុំ​អាច​រក​បុរស​នោះ​ឃើញ​ទេ ដោយសារ​វា​ហាក់បី​ដូច​ជា​មាន​ផ្ទះ​ច្រើន​ដែល​ត្រូវនឹង​ការពិពណ៌នា​នោះ ។ ដោយ​មាន​អារម្មណ៍​ភាន់ច្រឡំ យើង​បាន​សម្រេច​ចិត្ត​ថា​គោះ​ទ្វារ​ផ្ទះ​នៅក្នុង​តំបន់​នោះ​ដើម្បី​សួរ ប៉ុន្តែ​ហាក់ដូច​ជា​ពុំ​មាន​នរណា​ម្នាក់​ស្គាល់​បុរស​ដែល​យើង​កំពុង​រក​នោះ​ទេ ។ ខ្ញុំ​បាន​ទទួល​ការបំផុស​ឲ្យ​ទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។

បន្ទាប់​ពី​យើង​បាន​អធិស្ឋាន​ហើយ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា យើង​នឹង​រកឃើញ​បុរស​ដែល​យើង​កំពុង​រក​នោះ ដូច្នេះ​យើង​បាន​ខិតខំ​រក​កាន់តែ​ខ្លាំង​ឡើង ។ យើង​នៅតែ​រក​គាត់​មិនឃើញ ។ យើង​អស់​កម្លាំង ហើយ​បាន​សម្រេច​ចិត្ត​ថា​ត្រឡប់​ទៅ​តំបន់​ផ្សព្វផ្សាយ​របស់​យើង​វិញ ដោយសារ​យើង​មាន​ការណាត់​មួយ​ទៀត ។ ពេល​យើង​ទៅដល់​ចំណត​តាក់ស៊ី អ្នក​បើក​តាក់ស៊ី​ដែល​បាន​នាំ​យើង​មក​ភូមិ​នោះ​បាន​ឃើញ​ការខកចិត្ត​នៅលើ​ផ្ទៃ​មុខ​របស់​យើង ហើយ​បានសួរ​ថា​បើ​យើង​បាន​រកឃើញ​អ្នក​ដែល​យើង​ស្វែងរក​នោះ​ឬ​ទេ ។ ចម្លើយ​របស់​យើង​គឺ ប្រាកដ​ណាស់ មិនឃើញ​ទេ ។

គាត់​បាន​ផ្ដល់​យោបល់​ថា​ឲ្យ​យើង​ចូល​ទៅក្នុង​សាលា ដែល​នៅ​កាច់ជ្រុង​នោះ ហើយ​សួរ​នៅ​ទីនោះ ។ យើង​បាន​ប្រាប់​គាត់​ថា នោះ​មិនមែន​ជា​ការពិពណ៌នា​ដែល​គេ​ផ្ដល់​ដល់​យើង​នោះ​ទេ ប៉ុន្តែ​គាត់​នៅតែ​ទទូច ។ យើង​បាន​ចេញ​ពី​តាក់ស៊ី ហើយ​បាន​ទៅកាន់​សាលា​នោះ—មិនមែន​ដោយសារ​យើង​គិត​ថា យើង​នឹង​រកឃើញ​នរណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដើម្បី​ធ្វើ​ឲ្យ​មិត្ត​ដ៏​ខ្វល់ខ្វាយ​របស់​យើង​បាន​សប្បាយ​ចិត្ត​ប៉ុណ្ណោះ ។

ពេល​យើង​បាន​ចាប់ផ្ដើម​ដើរ​ទៅកាន់​អគារ​រដ្ឋបាល​របស់​សាលា មាន​ក្មេងប្រុស​ម្នាក់​បាន​រត់មក​រក​យើង ។ គាត់​បាន​ញញឹម ហើយ​បាន​ប្រាប់​យើង​ថា គាត់ និង​បងប្រុស​គាត់​គឺ​ជា​សមាជិក​នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​តែ​ពីរនាក់​ដែល​រស់នៅ​ក្នុង​តំបន់​នេះ ហើយ​ថា​គាត់​អាច​ជួយ​យើង​បាន ។

ដៃគូ​ខ្ញុំ និង​ខ្ញុំ​បាន​សម្លឹង​មើល​គ្នា​ទៅវិញ​ទៅមក​ដោយ​មិនជឿ ។ វា​ជា​អព្ភូតហេតុ​មួយ ។ ក្មេងប្រុស​នោះ​បាន​ជួយ​យើង​រក​បុរស​ដែល​យើង​កំពុង​រក​នោះ ហើយ​ទីបំផុត​គាត់​បាន​ទទួល​ដំណឹងល្អ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​តាម​ពេលវេលា និង​តាម​របៀប​របស់​ទ្រង់ ។ ពេល​យើង​មិន​ទទួល​បាន​ចម្លើយ​ភ្លាមៗ​ចំពោះ​សំណួរ​របស់​យើង យើង​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​រៀន​អត់ធ្មត់ ។

រចនា​រូបភាព​ដោយ ខូរី អេចបឺត