២០២០
សត្វ​ចាប​តូច​មួយ​បាន​រំឭក​ដល់​ខ្ញុំ
ខែ មេសា ឆ្នាំ ២០២០


សត្វ​ចាប​តូច​មួយ​បាន​រំឭក​ដល់​ខ្ញុំ

ឡូរ៉ា លីនថុន រដ្ឋ​យូថាហ៍ ស.រ.អា

couple in front of tombstone

រចនា​រូបភាព​ដោយ ខារ៉ូលីន វីបប៊ើត

ខ្ញុំ​មាន​អាយុ ២៦ ឆ្នាំ ពេល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​បាត់បង់​កូន​ទីមួយ​របស់​យើង ។ ខិនណឺឌី​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ដុំសាច់​ខួរក្បាល ពេល​នាង​មាន​អាយុ​ត្រឹមតែ ១៣ ខែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ការវះកាត់​បី​ដង ការព្យាបាល​ដោយ​ប្រើ​គីមី​ប្រាំ​ដង និង​ថ្នាំ ព្រមទាំង​ការព្យាបាល​ជា​ច្រើន​មក នាង​បាន​ស្លាប់​នៅក្នុង​ដៃ​យើង​នៅ​អាយុ ២០ ខែ ។

ខ្ញុំ​ខ្ទេចខ្ទាំ​យ៉ាង​ខ្លាំង​ដែល​បាត់បង់​កូនស្រី​តូច​ដ៏​ស្រស់ស្អាត ចង់ដឹង​ចង់ឮ និង​ពេញ​ដោយ​កម្លាំង​របស់​ខ្ញុំ ។ តើ​រឿង​នេះ​អាច​កើត​ឡើង​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​បន្ត​ទៅមុខ​ទៀត​យ៉ាង​ដូច​ម្ដេច​ទៅ ? ខ្ញុំ​បានមាន​សំណួរ​ជាច្រើន ប៉ុន្តែ​ពុំ​មាន​ចម្លើយ​ទេ ។ ពីរបី​ថ្ងៃ​បន្ទាប់​ពី​បុណ្យសព ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​វាល​បញ្ចុះ​សព ដែល​នៅតែ​មាន​គ្រប​ដណ្ដប់​ទៅដោយ​ផ្កា​ពណ៌​ផ្កាឈូក និង​ខ្សែ​បូ​​យ៉ាង​ស្រស់ស្អាត​ពី​បុណ្យសព ។

ពេល​ខ្ញុំ​បាន​គិត​ពី​កូនស្រី​ខ្ញុំ ខ្ញុំ​បានឃើញ​កូនចាប​តូច​មួយ ដែល​វា​តូច​ពេក​មិន​អាច​ហោះ​បាន កំពុង​លោត​នៅលើ​ស្មៅ ។ ចាប​នេះ​បាន​រំឭក​ខ្ញុំ​ពី​ខិនណឺឌី ព្រោះ​នាង​ស្រឡាញ់​សត្វ ។ ចាប​នោះ​បានលោត​ទៅ​លើ​ផ្នូរ ហើយ​បាន​លេង​នឹង​ខ្សែបូ និង​ផ្កា ។ ខ្ញុំ​ញញឹម ដោយ​ដឹង​ថា នេះ​ប្រាកដ​ជា​អ្វី​ដែល​ខិនណឺឌី​ចង់បាន ។ បន្ទាប់​មក ចាប​នោះ​បាន​លោត​មក​ខ្ញុំ ។ ខ្ញុំ​មិន​ហ៊ាន​កម្រើក​ឡើយ ។ ចាប​តូច​នោះ​បានលោត​មក​ក្បែរ​ខ្ញុំ ផ្អែក​នឹង​ជើង​ខ្ញុំ បិទភ្នែក​វា ហើយ​បាន​ដេកលក់​ទៅ ។

ខ្ញុំ​ពិបាក​នឹង​ពន្យល់​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន​នា​ពេល​នោះ​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ខិនណឺឌី​របស់​ខ្ញុំ​បាន​ឱប​ខ្ញុំ​ដូច្នោះ ។ ខ្ញុំ​មិន​អាច​ឱប​កូនស្រី​របស់​ខ្ញុំ ប៉ុន្តែ​អាច​ឱប​ចាប​តូច​នេះ​បាន—ជា​ការបង្កើត​មួយ​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង—អាច​មក ហើយ​ទម្រេត​ក្បាល​វា​មក​លើ​ខ្ញុំ ដោយ​រំឭក​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​យល់​ពី​ការឈឺចាប់​របស់​ខ្ញុំ ហើយ​នឹង​តែងតែ​នៅ​ទីនោះ​ដើម្បី​លួងលោម​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឆ្លងកាត់​ការលំបាក​នេះ ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « នៅពេល​ពាក្យ​សម្ដី​មិនអាច​ផ្តល់​នូវ​ការលួងលោម​ដែល​យើង​ត្រូវការ…នៅពេល​តក្កវិជ្ជា និង​ហេតុផល​មិន​អាច​ផ្ដល់​ការយល់ដឹង​គ្រប់គ្រាន់​អំពី​ភាពអយុត្តិធម៌ និង​វិសមភាព​នៃ​ជីវិត…ហើយ​នៅពេល​វា​ហាក់ដូច​ជា​យើង​ប្រហែលជា​នៅ​ម្នាក់​ឯង​ទាំងស្រុង នោះ​យើង​ពិត​ជា​ត្រូវបាន​ប្រទានពរ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ » ( « ​The Tender Mercies of the Lord » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១០០ )។

ខ្ញុំ​នៅតែ​មិន​មាន​ចម្លើយ​ទាំងអស់​ចំពោះ​សំណួរ​របស់​ខ្ញុំ ប៉ុន្តែ​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​នេះ បាន​អះអាង​សារជាថ្មី​ដល់​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ខិនណឺឌី និង​ខ្ញុំ ហើយ​ថា​តាមរយៈ​ការលះបង់​ដ៏​ធួន​របស់​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​មាន​ក្ដីសង្ឃឹម​ថា ខិនណឺឌី ស្វាមី​ខ្ញុំ និង​ខ្ញុំ​នឹង​បាន​នៅ​ជាមួយ​គ្នា​ម្ដង​ទៀត​ជា​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ណាមួយ ។