សាសនាចក្រមួយសម្រាប់ហ្សូលម៉ា
ប្រហែលមានអ្វីច្រើនទៀត ដែលព្រះបានមានព្រះទ័យចង់ឲ្យហ្សូលម៉ាដឹង ។
« ចូររក នោះអ្នកតែងនឹងឃើញ » ( នីហ្វៃទី៣ ១៤:៧ ) ។
ហ្សូលម៉ាបានអង្គុយនៅកៅអីមួយនៅព្រះវិហារ ហើយបានពង្រាបស្នាមផ្នត់សំពត់ឯកសណ្ឋានសាលារបស់នាង ។ ពន្លឺពណ៌បានចាំងឆ្លុះតាមបង្អួចកញ្ចក់ ហើយឈើឆ្កាងមួយឈរនៅខាងមុខនៃរោងជំនុំ ។ ហ្សូលម៉ាទៅសាលានៅព្រះវិហារ ដូច្នេះនាងបានទៅថ្វាយបង្គំពីរដងក្នុងមួយថ្ងៃជាមួយសិស្សដទៃទៀត ។ ហ្សូលម៉ាចូលចិត្តព្រះវិហាររបស់នាង ។ នាងស្រឡាញ់ព្រះយេស៊ូវ ហើយចូលចិត្តរៀនអំពីទ្រង់ ។
នាងបានអង្គុយដោយស្ងៀមស្ងាត់ ពេលដែលសង្ឃបានចាប់ផ្ដើមនិយាយ ។ ប៉ុន្តែថ្ងៃនេះមានអ្វីមួយខុសប្លែក ។ ភ្លាមៗនោះនាងបានមានគំនិតថ្មីមួយចូលក្នុងចិត្តនាង ៖ មានសេចក្ដីពិតថែមទៀតនៅក្រៅពីទីនេះ ។
ហ្សូលម៉ាជ្រួញចិញ្ជើមរបស់នាង ។ សេចក្ដីពិតថែមទៀត ? តើនោះមានន័យយ៉ាងណាដែរ ?
គំនិតបានមកម្ដងទៀត ។ មានសេចក្ដីពិតថែមទៀត ។
ហ្សូលម៉ាបានបិទភ្នែកនាង ហើយបានផ្ដោតលើអ្វីដែលនាងបានមានអារម្មណ៍នោះ ។ នាងបានរៀនអ្វីៗដែលល្អជាច្រើននៅព្រះវិហារ ។ ប៉ុន្តែឥឡូវនេះ នាងឆ្ងល់ថាបើមានខ្វះអ្វីមួយ ។ ប្រហែលមានអ្វីច្រើនទៀត ដែលព្រះបានមានព្រះទ័យចង់ឲ្យនាងដឹង ។ ប៉ុន្តែតើនាងអាចស្វែងយល់រឿងនោះដោយរបៀបណា ?
ក្រោយមក នាងបាននិយាយទៅកាន់បងប្រុសរបស់នាង អាល់បឺតូ អំពីគំនិតរបស់នាង ។
« ប្អូនគិតថាមានសេចក្ដីពិតថែមទៀតនៅក្រៅពីទីនេះឬ ? » អាល់បឺតូបានសួរ ។
ហ្សូលម៉ាបានងក់ក្បាល ។ នាងបាននិយាយថា « ខ្ញុំចង់រៀនពីព្រះវិហារផ្សេងៗទៀត » ។
អាល់បឺតូបានតបថា « យល់ព្រម ។ បងនឹងទៅជាមួយប្អូន ! »
អស់ជាច្រើនឆ្នាំ ហ្សូលម៉ា និងអាល់បឺតូបានទៅព្រះវិហារខុសៗគ្នា ។ បន្ទាប់ពីទៅព្រះវិហារមួយ អាល់បឺតូបាននិយាយថា « ព្រះវិហារនោះបានបង្រៀនការណ៍ល្អៗ » ។
ហ្សូលម៉ាបានយល់ស្រប ប៉ុន្តែពួកគេនៅតែពុំទាន់មានអារម្មណ៍ថា មាននៅខ្វះអ្វីមួយ ដូច្នេះពួកគេបានបន្តស្វែងរកទៀត ។
ថ្ងៃមួយអាល់បឺតូបានរត់ឡើងជណ្ដើរផ្ទះរបស់ពួកគេ ។ « បងបានរកឃើញព្រះវិហារដែលពួកយើងកំពុងស្វែងរកហើយ ! » អាល់បឺតូបាននិយាយ ។ គាត់បានឱបហ្សូលម៉ាយ៉ាងណែន ។
ហ្សូលម៉ាបើកភ្នែកធំៗ ។ « នៅកន្លែងណា ? ដោយរបៀបណា ? »
អាល់បឺតូបាននិយាយថា « មិត្តរបស់បងបានជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាខ្លះៗមកពីសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ « បងបានស្តាប់ពួកគេ ហើយបងជឿលើអ្វីដែលពួកគេបានបង្រៀន ! »
ហ្សូលម៉ា និងអាលបឺតូ សប្បាយចិត្តណាស់រហូតដល់ពួកគេបានរាំជុំវិញផ្ទះ ។ តែបន្ទាប់មក ហ្សូលម៉ាមានដំណឹងអាក្រក់មួយ ។ ម៉ាក់មិនចង់ឲ្យនាងជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាទេ ។ ម៉ាក់បាននិយាយថា « កូនទើបតែអាយុ ១២ ឆ្នាំ » ។ « កូននៅក្មេងណាស់ » ។
ដោយសារអាល់បឺតូចាស់ជាង គាត់បានទទួលការអនុញ្ញាតឲ្យបន្តជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ ពីរបីអាទិត្យក្រោយមក គាត់បានទទួលបុណ្យជ្រមុជទឹក ។
ហ្សូលម៉ាបានបន្តសូមម៉ាក់ម្ដងហើយម្ដងទៀត ថាបើនាងអាចរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនាបានដែរឬទេ ។ ទីបំផុតម៉ាក់បានយល់ព្រម ។
ពេលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនហ្សូលម៉ា នាងបានទទួលអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តនាង ។ អ្នកផ្សព្វផ្សាយសាសនាម្នាក់បានមានការលំបាកក្នុងការនិយាយភាសាអេស្ប៉ាញ ប៉ុន្តែវាមិនជាបញ្ហាអ្វីទេ ។ អ្វីដែលសំខាន់គឺថាតើហ្សូលម៉ាមានអារម្មណ៍ល្អយ៉ាងណា ។ ពេលនាងបានរៀនអំពី យ៉ូសែប ស៊្មីធ និងព្រះគម្ពីរមរមន នាងបានដឹងថា នាងបានរកឃើញសេចក្ដីពិតដែលនាងកំពុងស្វែងរក !
ហ្សូលម៉ាចង់ទទួលបុណ្យជ្រមុជទឹក ។ ប៉ុន្តែ តើម៉ាក់នឹងថាយ៉ាងណា ។ ហ្សូលម៉ារីករាយណាស់ពេលម៉ាក់និយាយថាយល់ព្រម ! នៅថ្ងៃនៃបុណ្យជ្រមុជទឹករបស់នាង ហ្សូលម៉ាបានស្លៀកពាក់ពណ៌សទាំងអស់ ។ នាងបានដឹងថា ព្រះស្រឡាញ់នាង ។ នាងបានដឹងថា ទ្រង់ស្គាល់នាង ។ ហើយនាងបានដឹងថា ទ្រង់បានជួយនាងឲ្យរកឃើញសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។