២០២០
តើ​អតីកាល​របស់​អ្នក​រារាំង​អ្នក​ឬ ?
ខែ មេសា ឆ្នាំ ២០២០


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

តើ​អតីកាល​របស់​អ្នក​រារាំង​អ្នក​ឬ ?

ព្រះអង្គសង្រ្គោះ​បាន​បង់ថ្លៃ​រួច​ទៅហើយ ។ សូមចាប់​ព្រះហស្ត​របស់​ទ្រង់ ហើយ​បន្ត​ទៅមុខ​ទៀត ។

មុននេះ​បន្តិច ប៊ីស្សព​របស់​ខ្ញុំ បាន​អញ្ជើញ​វួដ​របស់​យើង​ឲ្យ​គិត​អំពី​ភាព​ទន់ខ្សោយ ឬ​អំពើបាប​ដែល​យើង​អាច​ប្រៀបធៀបថា ដាក់​នៅ​លើ​តុសាក្រាម៉ង់​សម្រាប់​ថ្វាយ​ព្រះ​យេស៊ូវ គ្រីស្ទ យក​ចេញទៅ ។ មាន​អំពើបាប​ដែល​ខ្ញុំ​បាន​ផ្ទុក​នៅក្នុង​ខ្លួន​ខ្ញុំ នៅ​ពេញ​មួយជីវិត​យុវមជ្ឈឹមវ័យ​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ព្យាយាម​ច្បាំង ប៉ុន្តែ មិនអាច​យកឈ្នះបាន​តាមរយៈ​ការធិស្ឋាន ឬ​អំណាច​របស់​ខ្ញុំ​ផ្ទាល់​នោះទេ ។ ទោះបីជា ខ្ញុំ​មានការ​រីកលូតលាស់​ពេញមួយ​ឆ្នាំ​ក្តី ខ្ញុំ​ដឹងថា ខ្ញុំ ចាំបាច់​ត្រូវ​តែ​យកឈ្នះ​វា​ដើម្បី​រីកចម្រើន​ទៅមុខ ។

នៅថ្ងៃអាទិត្យ បន្ទាប់ពី​ការសំណូមពរ​ដែល​ប៊ីស្សព​បាន​ដាក់​មក ខ្ញុំ​បាន​សម្រេចចិត្តថា ខ្ញុំ​នឹង​ទុក​អំពើបាប​របស់​ខ្ញុំ​នៅ​លើ​តុ​សាក្រាម៉ង់ រួច​ធ្វើជា​អ្នកតំណាង​ព្រះ​អង្គសង្រ្គោះ និង​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ នៅពេល​ខ្ញុំ​រៀបចំ​ខ្លួន​ដើម្បី​ទទួលទាន​សាក្រាម៉ង់ នោះ​ខ្ញុំ​ចងចាំ​ថា ក្រណាត់​ដែល​គ្រប​លើ​សាក្រាម៉ង់​នោះ​គឺ​តំណាង​ឲ្យ​​សម្លៀកបំពាក់​ការ​បញ្ចុះ ហើយ​នំបុ័ង និង​ទឹក​តំណាង​ឲ្យ​រូបកាយ និង​ព្រះ​លោហិត​របស់​ទ្រង់ ។

ដោយមាន​ដួងចិត្ត​ស្មោះត្រង់ និង​មាន​គោលបំណង​ពេញលេញ ខ្ញុំ​បាន​រំឭក​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ហើយ​ពោលពាក្យ​អធិស្ឋាន​នៅក្នុង​ចិត្ត​ខ្ញុំ ដោយទូល​ទៅ​កាន់​ព្រះ​វរបិតាសួគ៌​សូម​ជំនួយ និង​ធ្វើការ​ប្តេជ្ញាចិត្ត​ដើម្បី​បោះបង់​អំពើបាប​នេះ​ចោល ។ បន្ទាប់មក មាន​អ្វីមួយ​បានកើតឡើង ដែល​ខ្ញុំ​មិនដែល​រំពឹងទុក ៖ បំណង​ប្រព្រឹត្តិ​អំពើ​បាប​របស់​ខ្ញុំ​បាន​បោះបង់​ចោល ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ដូចនេះ​ពីរបីដង ហើយ​រឿងដូចគ្នា​បាន​កើតឡើង​ជាមួយ​អំពើបាប​ផ្សេង​ទៀត ។ តើ​វា​ល្អពេក​ដើម្បី​ជឿថា​ជាការពិត​ឬ ?

ធ្វើ​ឲ្យ​ឆន្ទៈ​របស់​ខ្ញុំ​ដូចជា​ទ្រង់

នៅ​សប្តាហ៍​បន្ទាប់ ខ្ញុំ​បានដឹងថា​តើ​អំពើបាប​អ្វី​ដែល​ខ្ញុំ​ចង់​បោះបង់​ចោល​នៅ​លើ​តុ​សាក្រាម៉ង់ ប៉ុន្តែ ខ្ញុំ​មិនទាន់​មាន​អារម្មណ៍​ថា​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បោះបង់​វា​ចោល​នោះទេ ។ មើល​ត្រឡប់​ក្រោយវិញ ខ្ញុំ​ដឹងថា ដួងចិត្ត​របស់​ខ្ញុំ​មិននៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​នៅ​នោះទេ ។ ខ្ញុំ​មិន​ស្មោះស​គ្រប់គ្រាន់​ដើម្បី​ប្តេជ្ញាចិត្ត​ធ្វើការ​ផ្លាស់ប្តូរ​នោះទេ ។ ប៉ុន្តែ ខ្ញុំ​បានដឹងថា​តើ​អំពើបាប​វា​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​ឈឺចាប់​ប៉ុណ្ណា ។ ខ្ញុំបានដឹងថា ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​ឆន្ទៈ​របស់​ខ្ញុំ​ដូចជា​ទ្រង់ ហើយ​ផ្តោត​ជីវិត​ខ្ញុំ​សំខាន់​នៅជុំវិញ​ទ្រង់ ដើម្បី​មាន​សេរីភាព ។ ដូច្នេះ ខ្ញុំ​ក៏​ធ្វើ​អស់ពី​លទ្ធភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយ​ជាការពិត ។

ខ្ញុំ​បាន​ជៀសវាង​រាល់​ការល្បួង​ទាំងអស់​ដែល​អាច​ដឹកនាំ​ទៅរក​អំពើបាប ។ ខ្ញុំ​បាន​ផ្លាស់ប្តូរ​របៀប​ដែល​ខ្ញុំ​អាន​ព្រះគម្ពីរ​ជារៀងរាល់ថ្ងៃ ហើយ​សញ្ជឹងគិត​យ៉ាងពិតប្រាកដ និង​អនុវត្ត​តាម​បទគម្ពីរ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ផ្តោតយកចិត្ត​ទុកដាក់​ទៅលើ​ការ​ស្មោះស​នៅក្នុង​ការតាំងចិត្ត​ធ្វើ​ការផ្លាស់ប្តូរ ហើយ​ខ្ញុំ​ស្វែងរក​ជារៀងរាល់ថ្ងៃ ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់ទ្រង់​លើ​ឆន្ទៈ​របស់​ខ្ញុំ ។ ខ្ញុំបាន​ដាក់ទ្រង់​ជាមុន ពីព្រោះ​ខ្ញុំ​បានដឹងថា ខ្ញុំ​មិន​អាច​បោះបង់​ចោល​អំពើបាប​នេះ ដោយ​គ្មាន​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះ​អង្គសង្រ្គោះ​បាន​ឡើយ ។ តាមរយៈ​ការដាក់​ទ្រង់​ជាមុន ខ្ញុំ​អាច​យកឈ្នះ​លើ​អំពើបាប​នេះ​នៅ​លើ​តុ​នៃ​សាក្រាម៉ង់ ។ នៅទីបំផុត ខ្ញុំ​បាន​រួចផុត​ពី​អ្វីមួយ​ដែល​បាន​អូសទាញ​ខ្ញុំ​អស់​ជាច្រើនឆ្នាំ ។

តាមរយៈ​ដំណើរការនេះ ខ្ញុំ​បាន​ខិត​កាន់តែ​ជិត​ព្រះ​វរបិតាសួគ៌ និង​ព្រះ​អង្គសង្រ្គោះ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ស្រម៉ៃមើលថា​តើ​ពួកទ្រង់​ទត​មើល​មកខ្ញុំ​អស់រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដោយ​អំណត់ និង​សេចក្តី​ស្រឡាញ់ — ដោយ​ការដឹងថា នៅទីបំផុត ខ្ញុំ​អាច​បោះបង់ចោល​នូវ​អំពើបាប​ដែល​រារាំង​ដល់​ដំណើរការ​រីកចម្រើន​ខាងវិញ្ញាណ​របស់​ខ្ញុំ ។ ហើយ​នៅពេល​ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បោះបង់​វាចោល នោះ​ព្រះ​យេស៊ូវ គ្រីស្ទ នឹង​គង់នៅទីនោះ​ដើម្បី​លើក​ខ្ញុំ​ឡើង — ចាប់ដៃ​ខ្ញុំ ហើយ​ផ្តល់​ការ​អភ័យទោស និង​កម្លាំង​ដល់​ខ្ញុំ ។ ទ្រង់​បាន​ផ្តល់​ផ្លូវ​ដល់​ខ្ញុំ​ដើម្បី​បាន​រួចផុត​ពី​អំពើបាប​តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។ ទ្រង់បាន​បង់ថ្លៃ​ចំពោះ​ភាព​ទន់ខ្សោយ កំហុស និង​អំពើបាប​របស់​ខ្ញុំ ។ ខ្ញុំ​គ្រាន់តែ​ត្រូវ​ទុកចិត្ត​ទៅលើ​ទ្រង់​ប៉ុណ្ណោះ ។

អ្នក​អាច​បន្ត​ទៅ​មុខ​បាន

នៅអំឡុងពេលនេះ ខ្ញុំ​បាន​អាន​ប្រសាសន៍​មួយចំនួន​របស់ អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨ – ២០១៥ ) នៃកូរ៉ុម​នៃ​ពួក​សាវកដប់ពីរនាក់​ដែល​ផ្តល់​ការ​ជំរុញ​ចិត្ត​បន្តិចបន្តួច​ដែល​ខ្ញុំ​ត្រូវការ ៖ « ប្រសិនបើ​ជីវិត​របស់​អ្នក​កំពុង​ច្របូកច្របល់ ហើយ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត និង​មិនស័ក្តិសម … ​សូម​កុំ​បារម្ភឡើយ ។ ទ្រង់​បាន​ជ្រាបដឹង​អំពី​អ្វីៗ​ទាំងអស់​នោះ​ហើយ ។ ទ្រង់​កំពុង​រង់ចាំ​អ្នក​ឲ្យ​លុត​ជង្គង់​ចុះ ដោយរាបសារ ហើយ​បោះជំហាន​ពីរបី​ជំហាន​ដំបូង ។ អធិស្ឋាន​ទូល​សូម​ភាពរឹងមាំ ។ … សូម​អធិស្ឋាន​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​នឹង​ចាក់​បំពេញ​នៅក្នុង​ដួងចិត្ត​របស់​អ្នក » ។

នៅពេល​យើងច្រៀង​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុកតម្កើង​ដែល​ខ្ញុំ​ចូលចិត្ត ) នៅ​សប្តាហ៍​ក្រោយ ពាក្យពេចន៍​នីមួយៗ​មានអារម្មណ៍ថា​ជាការពិត ខ្ញុំ​ពិត​ជា​ឆ្ងល់ — ដោយ​ភ្ងាក់ផ្អើល​ថាអ្វីៗ​ដែល​ខ្ញុំ​បាន​តស៊ូ​ជាមួយ​អស់រយៈ​ពេលជាង​មួយទស្ស​វត្សត្រូវ​បាន​ដកយកចេញ​ពី​ខ្ញុំ ។ ដោយ​ភ្ញាក់ផ្អើល​ដែល​តាមរយៈ​ពិភព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ខ្ញុំ​អាច​ឆ្ពោះទៅមុខ​បាន ។ ថា​ទ្រង់​អាច​ព្យាបាល​អំពើបាប និង​របួស​ទាំងអស់ ហើយ​ពុំ​បន្សល់​ទុក​នូវ​ស្នាម​នៅ​សេសសល់​ឡើយ ។ ដែល​ខ្ញុំ​មិនចាំបាច់​ត្រូវ​ចងចាំ​ពី​អតីតកាល​របស់​ខ្ញុំ​ឡើយ ។

ខ្ញុំ​នៅមាន​រឿង​ច្រើន​ដើម្បី​រៀន និង​យកឈ្នះ ប៉ុន្តែ ជីវិត​របស់​ខ្ញុំ​គឺ​ស្ថិត​នៅលើ​ដំណើរ​រីកចម្រើន​ដ៏​វិជ្ជមាន​មួយ ។ ខ្ញុំ​មានអារម្មណ៍ថា កាន់តែ​មាន​អំណរ និង​សេចក្តី​សុខសាន្ត ។ ខ្ញុំ​កាន់តែ​បង្ហាញ​អំណរគុណ ។ ខ្ញុំ​កាន់តែ​ខិតជិត និង​ពង្រឹង​ទីបន្ទាល់​របស់ខ្ញុំ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ ។ ជារៀងរាល់ថ្ងៃ ខ្ញុំ​បានជ្រើសរើស​ដើម្បី​ព្យាយាម​ម្តងទៀត ខ្ញុំ​បាន​បោះជំហាន​មួយ​ជំហាន​ទៅកាន់តែ​ជិត​ពួកទ្រង់ និង​ធ្វើ​ជា​បុគ្គល​ដែល​ពួកទ្រង់​ជ្រាបដឹងថា ខ្ញុំ​អាច​ប្រែក្លាយ ។

កំណត់​ចំណាំ

  1. រីឆាដ ជី. ស្កត «True Friends That Lift » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៧៧ ។