គ្រួសារដ៏និរន្តរ៍របស់អាឡូនសូ
« ដ្បិតដំណាក់នោះជាទីបរិសុទ្ធ ជាកន្លែងយើងផ្សារភ្ជាប់គ្នា » ( សៀវភៅចម្រៀងកុមារ ៩៩ ) ។
« តើខ្ញុំអាចនៅជាមួយនឹងម៉ាម៉ា និងប៉ាប៉ាម្ដងទៀតឬ ? »
បងស្រីរូហាសបាននិយាយថា « បុណ្យអ៊ីស្ទើរគឺជាពេលវេលាដ៏ល្អមួយដើម្បីគិតអំពីព្រះយេស៊ូវ និងដើម្បីចងចាំពីដង្វាយធួនរបស់ទ្រង់ » ។ គាត់បានកាន់រូបភាពរបស់ព្រះយេស៊ូវឡើង ។ « ដោយសារទ្រង់ មនុស្សដែលបានស្លាប់ទៅអាចរស់ឡើងវិញម្ដងទៀត » ។
អាឡូនសូបានសម្លឹងមើល ពេលគ្រូបង្រៀនថ្នាក់កុមាររបស់គាត់បាននិយាយយ៉ាងនេះ ។ តើនោះមានន័យថា ខ្ញុំអាចជួបនឹងឪពុកម្ដាយខ្ញុំម្ដងទៀតឬ ? អាឡូនសូបានឆ្ងល់ ។
ម៉ាម៉ាបានទទួលមរណភាពជាច្រើនឆ្នាំកន្លងមកហើយ ។ អាឡូនសូពុំចងចាំគាត់ច្បាស់ទេ ប៉ុន្តែគាត់ចូលចិត្តមើលរូបថតគាត់ ។ ក្រោយមកប៉ាប៉ាក៏បានទទួលមរណភាពដែរ ។
ឥឡូវនេះអាឡូនសូរស់នៅជាមួយអាប៊ូឡា ជាយាយរបស់គាត់ ។ គាត់បានបង្រៀនអាឡូនសូអំពីសាសនាចក្ររបស់គាត់ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ អាឡូនសូនឹងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅឆ្នាំក្រោយ ពេលដែលគាត់ធំល្មម ។
បន្ទាប់មក បងស្រីរូហាស បានកាន់រូបភាពអគារពណ៌សមួយឡើង ។ « អំណោយដ៏អស្ចារ្យមួយទៀតពីព្រះយេស៊ូវគឺព្រះវិហារបរិសុទ្ធ ។ នេះជាព្រះវិហារមួយនៅក្នុងប្រទេសឈីលីនេះ » ។
អាឡូនសូបានសម្លឹងមើលរូបសំណាកពណ៌មាសដែលនៅលើកំពូលអគារនោះ ។ វាស្រស់ស្អាត ! គាត់ឆ្ងល់ថាមានអ្វីកើតឡើងនៅខាងក្នុងនោះ ។
បងស្រីរូហាសបាននិយាយថា « ព្រះវិហារបរិសុទ្ធគឺជាកន្លែងដែលគ្រួសារត្រូវបានផ្សារភ្ជាប់ជាមួយគ្នាជារៀងរហូត » ។ « ព្រះវិហារបរិសុទ្ធនេះគឺនៅសាន់ទីអាហ្គោ ជាកន្លែងដែលខ្ញុំបានផ្សារភ្ជាប់នឹងឪពុកម្ដាយខ្ញុំបន្ទាប់ពីយើងបានចូលព្រះវិហារ ។ ដោយសារយើងត្រូវបានផ្សារភ្ជាប់ នោះយើងអាចរស់នៅជាមួយពួកគាត់សូម្បីតែបន្ទាប់ពីជីវិតនេះ » ។
អាឡូនសូមានអារម្មណ៍រំភើបពេលគាត់បានឮដូច្នោះ ។ គាត់បានសួរថា « តើខ្ញុំអាចផ្សារភ្ជាប់ជាមួយឪពុកម្ដាយខ្ញុំបានទេ ? » « សូម្បីតែពួកគាត់បានទទួលមរណភាពហើយនោះ ? »
បងស្រីរូហាសបានងក់ក្បាល ។ « ចាស៎ ! វាគឺជាមូលហេតុមួយដែលព្រះវិហារបរិសុទ្ធគឺសំខាន់ណាស់ ។ ព្រះវិហារបរិសុទ្ធផ្ដល់ពរដល់សមាជិកគ្រួសារយើងទាំងអស់ រួមទាំងអ្នកដែលបានទទួលមរណភាពហើយក្ដី » ។
អស់ពេញមួយថ្ងៃ អាឡូនសូបន្តគិតអំពីព្រះវិហារបរិសុទ្ធ ។ គាត់បានសូមយាយគាត់ឲ្យបង្រៀនគាត់បន្ថែមទៀត ។ លោកយាយបាននិយាយអំពីសំលៀកបំពាក់ពណ៌ស ដែលមនុស្សស្លៀកពាក់នៅខាងក្នុងព្រះវិហារបរិសុទ្ធ និងសិល្បៈកម្មដ៏ស្រស់ស្អាតនៅលើជញ្ជាំង ។
លោកយាយបាននិយាយថា « អ្វីដែលល្អបំផុតនោះគឺ វាជាកន្លែងដែលចៅអាចផ្សារភ្ជាប់ជាមួយនឹងឪពុកម្ដាយចៅបាន » ។ « យើងសូមមនុស្សពីរនាក់ពីវួដដើម្បីតំណាងពួកគេអំឡុងពេលផ្សារភ្ជាប់ » ។
« តើយើងអាចទៅថ្ងៃស្អែកបានទេ ? » អាឡូនសូបានសួរ ។ « ខ្ញុំចង់នៅជាមួយនឹងម៉ាម៉ា និងប៉ាប៉ាជារៀងរហូត ! »
លោកយាយបានញញឹម ។ គាត់បាននិយាយថា « យាយសប្បាយចិត្តណាស់ដែលចៅចង់ទៅ » ។ « ប៉ុន្តែព្រះវិហារបរិសុទ្ធដែលនៅជិតបំផុតគឺនៅខានស៊ិបស៊ីអន ។ យើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់សំបុត្រឡានក្រុងរបស់យើងទេ » ។
« ខ្ញុំនឹងជួយសន្សំសម្រាប់ការធ្វើដំណើរ » ! អាឡូនសូបាននិយាយ ។
តាំងពីពេលនោះមក គ្រប់ពេលដែលអាឡូនសូរើសបានកាក់នៅតាមផ្លូវ ឬមានឱកាសដើម្បីរកលុយ គាត់បង់ដង្វាយមួយភាគក្នុងដប់ ហើយបន្ទាប់មកថែមអ្វីដែលនៅសល់ទៅក្នុងមូលនិធិព្រះវិហារបរិសុទ្ធរបស់ពួកគេ ។
នៅទីបំផុត បន្ទាប់ពីការសន្សំអស់ជាច្រើនខែ អាឡូនសូ និងលោកយាយមានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ។ ពួកគេបានសូមដល់បងប្រុស និងបងស្រីស៊ីលវ៉ា ដើម្បីមកជាមួយពួកគេ ។ នៅថ្ងៃនៃការធ្វើដំណើរនោះ ពួកគេបានជិះរថយន្តក្រុងយ៉ាងយូរទៅកាន់ទីក្រុងខានស៊ិបស៊ីអន ។ វាស្ទើរតែជិតថ្ងៃលិចហើយ ពេលដែលអាឡូនសូបានឃើញអ្វីមួយពណ៌មាសពីចំណាយ ។
« ខ្ញុំអាចមើលឃើញទេវតាមរ៉ូណៃ ! » អាឡូនសូបាននិយាយ ដោយចង្អុលទៅរូបសំណាកនៅលើកំពូលរាងក្រឡូមពណ៌ខៀវនៃព្រះវិហារបរិសុទ្ធ ។
ពួកគេបានចំណាយពេលមួយយប់នៅក្នុងផ្ទះស្នាក់នៅក្បែរព្រះវិហារបរិសុទ្ធ ។ ពេលព្រឹកឡើង អាឡូនសូបានចូលទៅក្នុងព្រះវិហារបរិសុទ្ធជាលើកដំបូង ។ គាត់បានឃើញរូបភាពដ៏ធំមួយរបស់ព្រះយេស៊ូវ ។ គាត់ និងយាយបានស្លៀកពាក់ពណ៌ស ។ គាត់មានអារម្មណ៍រីករាយ និងសុខសាន្ត ។
ពេលដល់ពេលផ្សារភ្ជាប់ អាឡូនសូបានដើរចូលទៅក្នុងបន្ទប់ដ៏ស្រស់ស្អាតមួយដោយមានកញ្ចក់នៅលើជញ្ជាំង ។ អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធបានបង្ហាញអាឡូនសូ លោកយាយ និងបងប្រុសបងស្រីស៊ីលវ៉ា ពីរបៀបលុតជង្គង់នៅជុំវិញតុពិសេសមួយដែលហៅថាអាសនៈ ។ វាគ្រប់ដណ្ដប់ដោយក្រណាត់ដ៏ទន់ ។
បងប្រុស និងបងស្រីស៊ីលវ៉ាបាននៅទីនោះជំនួសឲ្យឪពុកម្ដាយអាឡូនសូ ។ លោកយាយបាននៅទីនោះសម្រាប់បងស្រីរបស់អាឡូនសូ ដែលបានស្លាប់តាំងពីមុនអាឡូនសូបានកើតម្ល៉េះ ។
ដោយបិទភ្នែកគាត់ អាឡូនសូបានស្រមៃពីគ្រួសារគាត់ជួបជុំគ្នា ។
អាឡូនសូបានគិតថា ខ្ញុំទន្ទឹងចាំដល់ថ្ងៃដែលខ្ញុំនឹងជួបពួកគាត់ម្ដងទៀត ។ ខ្ញុំមានអំណរគុណ ដែលក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្ដរ៍ ។