២០២០
សេចក្តីជំនឿ​របស់​ខ្ញុំ​កើត​ឡើង​មួយ​ជំហាន​ម្ដងៗ
ខែ មេសា ឆ្នាំ ២០២០


សេចក្តីជំនឿ​របស់​ខ្ញុំ​កើត​ឡើង​មួយ​ជំហាន​ម្ដងៗ

ការទទួល​បាន​ទីបន្ទាល់​មួយ​ត្រូវការ​ពេលវេលា ។ ជា​ញឹកញាប់ វា​ត្រូវការ​បទពិសោធន៍​តូចៗ​ផ្ដុំ​បញ្ចូល​គ្នា ។

1. Legs with bare feet, 200 liter barrel being pushed along dirt road. Scene of Zimbabwe in background. 2. Legs walking off page. Pants and shoes suitable for church. African scene in bkgrd. _Spot: Elder Dube approx 22 yrs old bearing testimony from church benches.

គ្រា​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​បានកើតឡើង​នៅពេល​ខ្ញុំ​អាយុ ១០ ឆ្នាំ ពេល​ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​ពីរ​សប្ដាហ៍​រៀន​អំពី​គោលលទ្ធិ​របស់​សាសនា​កាតូលិក នៅ​បេសកកម្ម​កាតូលិក​ឡូរេតូ​រ៉ូម ប្រហែល​ជា ៣២ គីឡូម៉ែត្រ​ពី​ផ្ទះ​ខ្ញុំ​នៅ​ជនបទ​នៅ​ស្រុក​ស៊ីឡូបេឡា ប្រទេស​ហ្សីមបាវេ ។ ខ្ញុំ​បាន​ស្គាល់ ហើយ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​សម្លឹង​ទៅ​ព្រះអម្ចាស់​តាមរយៈ​មេរៀន និង​ចំណាប់​អារម្មណ៍​ដំបូងៗ​ទាំងនេះ ។

ខណៈ​ដែល​ខ្ញុំ​នៅក្នុង​រោង​ជំនុំ​កាតូលិក នោះ​ខ្ញុំ​បាន​ឃើញ​គំនូរ​ទាំងឡាយ​ដែល​មាន​ឆាក​ទស្សនីយភាព​មក​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ជញ្ជាំង ៖ ឆាក​ទស្សនីយភាព​នៃ​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ការបង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ការអធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ការលី​ឈើឆ្កាង​ទៅ​ភ្នំ​លលាដ៏​ក្បាល ត្រូវបាន​គេឆ្កាង​នៅ​គាល់កូថា និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សោកសៅ​ណាស់​ដែល​ឃើញ​ដែកគោល និង​បន្លា ។ ទម្រាំ​ខ្ញុំ​ទៅដល់​គំនូរ​នៃ​ការឆ្កាង ភ្នែក​របស់​ខ្ញុំ​រលីងរលោង​ដោយ​ទឹកភ្នែក ។ ហើយ​រាល់​ពេល​ដែល​ខ្ញុំ​នឹង​យំ ហើយ​និយាយ​ថា « មែនហើយ ទ្រង់​ពិត​ជា​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន គឺ​សម្រាប់​ខ្ញុំ » ។

អំឡុង​ពិធី​បញ្ជាក់ សង្ឃ​ម្នាក់​បាន​មើល​មក​ចំ​ភ្នែក​ខ្ញុំ ហើយ​បាន​និយាយ​ថា « អ្នក…ជា​ពន្លឺ​នៃ​លោកីយ៍ » ( សូមមើល ​ម៉ាថាយ ៥:១៤ ) ។ បន្ទាប់​មក ចង្អុល​ទៅ​ទាន​ដែល​កំពុង​ឆេះ គាត់​បាន​ដកស្រង់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ដូច្នេះ​ចូរ​ឲ្យ ពន្លឺរបស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរតម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » ( ម៉ាថាយ ៥:១៦ ) ។

កាលដែល​ខ្ញុំ​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ ខ្ញុំ​បាន​ចាប់ផ្ដើម​ចង់​បម្រើ​ដល់​អ្នក​ដទៃ​ទៀត ។ ឧទាហរណ៍ យើង​ត្រូវ​ទៅយក​ទឹក​ចម្ងាយ ៨ គូឡូម៉ែត្រ​ពី​ភូមិ​យើង ។ ជាញឹកញាប់ ស្ត្រី​នៅក្នុង​ភូមិ រួម​ទាំង​ម្ដាយ​ខ្ញុំ​ផងដែរ ទូល​ធុងទឹក ២០ លីត្រ​លើ​ក្បាល​ពួកគាត់​ដែល​មាន​ទឹក​ពេញ​ធុង ។ បន្ទាប់​ពី​បទពិសោធន៍​របស់​ខ្ញុំ​នៅ​សិក្ខាសាលា​កាតូលិក ជាញឹកញាប់​ខ្ញុំ​រុញ​ធុងទឹក ២០០ លីត្រ ដើម្បី​ជួយ​ម្ដាយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជួយ​ស្ត្រី​មេម៉ាយ​ពីរនាក់​ទៀត​នៅក្នុង​ភូមិ​យើង​ផងដែរ ។ ខ្ញុំ​ចងចាំ​ពី​អារម្មណ៍​ល្អ​ដែល​ខ្ញុំ​បាន​មាន​រាល់ពេល​ខ្ញុំ​បាន​ជួយ​អ្នក​ផ្សេង​ទៀត ។

បទពិសោធន៍​ទាំងនេះ​បាន​ជួយ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​រៀបចំ​ខ្ញុំ​ដោយ​ប្រយោល​ដើម្បី​ទទួល​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេល​ខ្ញុំ​អាយុ ២២ ឆ្នាំ ។

ការទទួល​បាន​ព្រះ​គម្ពីរ​មរមន

ខ្ញុំ​បាន​ធំ​ឡើង​នៅ​អំឡុង​ពេល​នៃ​ការផ្លាស់ប្ដូរ​មួយ​នៅក្នុង​ប្រទេស​របស់​ខ្ញុំ ។ ជនជាតិ​ស្បែកស​ភាគ​តិច​ដែល​ដឹកនាំ​ដោយ អៀន ស្ម៊ីធ បាន​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ ១៩៦៥ ។ ការណ៍​នោះ​បាន​ជម្រុញ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ពី​អង្គការ​សហប្រជាជាតិ ហើយ​បាន​ផ្ដើម​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ដែល​មាន​រហូត​ដល់ ១៩៨០ ដែល​ជា​ឆ្នាំ​ដែល​ប្រទេស​​ហ្សីមបាវេ​ទទួល​ឯករាជ្យភាព ។ ពេល​ខ្ញុំ​រៀន​ចប់ ខ្ញុំ​បាន​ផ្លាស់​ទៅនៅ​ទីក្រុង​មួយ​ដើម្បី​ធ្វើការ ហើយ​មិន​បាន​ចូលរួម​ព្រះវិហារ​អស់​ជាច្រើន​ឆ្នាំ ។

ថ្ងៃ​មួយ​ខ្ញុំ​កំពុង​លេង​ជាមួយ​កូនប្រុស​ប្រធាន​ខ្ញុំកូនៗ​មាន​អាយុ​ប្រាំបួន និង​ប្រាំពីរ​ឆ្នាំ ។ ពួកគេ​និយាយ​ថា « ពូ​ដឹង​ទេ​ថា ប៉ា​យើង​ជា​ប្រធាន​សាខា​នៅក្នុង​សាសនាចក្រ​យើង » ។ ពួកគេ​បាន​ពន្យល់​ថា​ប្រធានសាខា​ជា​អ្វី ហើយ​ដោយ​មិន​បាន​គិត ខ្ញុំ​បាន​និយាយ​ថា « ប៉ា​របស់​ក្មួយៗ​នឹង​មិន​ទៅ​ស្ថានសួគ៌​ទេ » ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​កំហុស​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​បាន​គិត​ដោយ​អស់សង្ឃឹម​អំពី​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ទៅ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​ភ្លេច​ពី​សម្ដី​របស់​ខ្ញុំ ។ នៅចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ ពេល​ពួកគេ​បាន​ឃើញ​ប៉ា​ពួកគេ ពួកគេ​បាន​រត់​ទៅរក​គាត់ ហើយ​បាន​ប្រាប់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​បាត់បង់​ការងារ​របស់​ខ្ញុំ​ហើយ ។

ចៅហ្វាយ​របស់​ខ្ញុំ​បាន​បង្ហាញ​ខ្ញុំ​ពី​អាវ​ក្រៅ​មួយ​ពីមុន មក​ពី​ពេល​ដែល​គាត់​បាន​បម្រើ​នៅក្នុង​ជួរកងទ័ព​ដែល​បាន​បង្ហាញ​ថា​គាត់​ធ្លាប់​សម្លាប់​មនុស្ស ។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​និយាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ។ តាមរបៀប​ដ៏ស្ងប់ គាត់បាន​សួរ​ខ្ញុំ​ថា​ហេតុអ្វី​ខ្ញុំ​និយាយ​ដូច្នោះ ។ ខ្ញុំ​បាន​និយាយ​ថា « លោកចៅហ្វាយ ចាំ​ទេ ចៅហ្វាយ​បាន​ប្រាប់​ខ្ញុំ​ថា ចៅហ្វាយ ធ្លាប់​សម្លាប់​មនុស្ស​នៅក្នុង​សង្គ្រាម ។ ព្រះគម្ពីរ​ប៊ីប​ប្រាប់​ថា ‹ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ › » ។

គាត់​បាន​សួរ​ខ្ញុំ​ថា​ខ្ញុំ​ចូលរួម​ព្រះវិហារ​មួយ​ណា ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ធ្លាប់​ទៅ​ព្រះវិហារ​កាតូលិក ប៉ុន្តែ​មិនបាន​ទៅ​ប្រាំពីរ​ឆ្នាំ​ហើយ ។ គាត់​បាន​ចែកចាយ​បទពិសោធន៍​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​សង្គ្រាម និង​ការប្រយុទ្ធ ហើយ​បន្ទាប់​មក​គាត់​បាន​ឲ្យ​ខ្ញុំ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល ។ ខ្ញុំ​រំភើប​ណាស់​ដែល​ខ្ញុំ​មិន​បាត់បង់​ការងារ​ខ្ញុំ ។

គាត់​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មក​ខ្ញុំ​នៅក្នុង​ឆ្នាំ ១៩៨១ ប៉ុន្តែ​ខ្ញុំ​មិន​បាន​អាន​វា ឬ​សូម្បីតែ​បើក​វា​រហូត​ដល់​ពីរ​ឆ្នាំ​ក្រោយ​មក ។ ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​ធុញ​ទ្រាន់​ពេល​មិត្ត​របស់​ខ្ញុំ​ចេញ​ក្រៅ​ក្រុង ដូច្នេះ​ខ្ញុំ​បាន​យក​ព្រះគម្ពីរ​នោះ ហើយ​បាន​ទៅ​ស្ថានីយ​រថភ្លើង​ជិត​នោះ​មួយ ហើយ​បាន​អាន​វា ។ ពេល​ខ្ញុំ​អាន​នៅ​ថ្ងៃ​នោះ ខ្ញុំ​អាច​មាន​ការជំរុញ​ក្នុងចិត្ត​ឲ្យ​ធ្វើ​ល្អ ប៉ុន្តែ​អ្វី​ដែល​ពិត​ជា​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ខ្ញុំ​ពេល​ខ្ញុំ​អាន​ក្រោយ​មក​ទៀត​នោះ​គឺ នីហ្វៃទី៣ ១១ ។ ខ្ញុំ​បាន​អាន​អំពី​ពួកសាសន៍​នីហ្វៃ​ដែល​នៅរស់រាន្ត​មាន​ជីវិត ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង​ភាពវឹកវរ ហើយ​បន្ទាប់​មក​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​នឹង​ពួកគេ ។

ប្រទេស​របស់​ខ្ញុំ​បាន​ឆ្លងកាត់​សង្គ្រាម​របស់​យើង​ផ្ទាល់​អស់ ១៥ ឆ្នាំ ។ មនុស្ស​ខ្លះ​ដែល​ខ្ញុំ​បាន​ធំ​ដឹងក្ដី​ជាមួយ​នៅក្នុង​ភូមិ​ខ្ញុំ បាន​ទៅ​សង្គ្រាម ហើយ​មិន​បាន​ត្រឡប់​មកវិញ​ទេ ។ អ្នកខ្លះ​ទៀត​ពិការ​អស់​មួយ​ជីវិត ។

ដូច្នេះ​ពេល​កំពុង​អាន​អំពី​ពួកសាសន៍​នីហ្វៃ ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​កំពុង​តែ​ឈោង​ព្រះហស្ដ​មក​ខ្ញុំ ពេល​ទ្រង់​មាន​បន្ទូល​ថា « ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ ដើម្បី​អ្នក​រាល់​គ្នា​អាច … ស្ទាប​នូវ​ស្នាម​ដែកគោល​នៅ​ត្រង់​ដៃ និង​ជើង​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា យើង​គឺជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល និង​ជាព្រះ​នៃ​ផែនដី​ទាំង​មូល ហើយ​ត្រូវ​គេ​ធ្វើ​គ​ត​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ( នីហ្វៃទី៣ ១១:១៤ ) ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ទ្រង់​កំពុង​ឈោង​ព្រះហស្ដ​មក​ខ្ញុំ​ដោយ​ផ្ទាល់ អញ្ជើញ​ខ្ញុំ​ឲ្យ​មក​រក​ទ្រង់ ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន ។ វា​បាន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ។

ការទទួល​បាន​ទីបន្ទាល់របស់​ខ្ញុំ

វា​ត្រូវការ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ទទួលបាន​ភាពក្លាហាន​ដើម្បី​ទៅ​ព្រះវិហារ ។ ខ្ញុំ​បាន​ដឹង​ថា​ព្រះវិហារ​នៅ​កន្លែង​ណា ប៉ុន្តែ​ពុំ​មាន​អ្នក​ផ្សព្វផ្សាយ​សាសានា​នៅក្នុង​សាខា​ដ៏​តូច​របស់​យើង​ទេ ។ នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៨៤ ខ្ញុំ​បាន​ដើរ​ចូល​ទៅក្នុង​រោងជំនុំ​ក្វេក្វេ ។ ខ្ញុំ​ចង់​ដើរ​ចេញ​មក​វិញ ។ ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​ខ្ញុំ​នៅក្នុង​ចំណោម​ឬ​ទេ ហើយ​បាន​អង្គុយនៅ​ខាង​ក្រោយ ត្រៀម​ជា​ស្រេច​ដើម្បី​ចាកចេញ​យ៉ាង​លឿន ។ បន្ទាប់​ពី​ចម្រៀង​បើក អធិស្ឋាន​បើក និង​ការប្រកាស​ហើយ ប្រធាន​សាខា មៃឃ៍ អាឡិន បាន​ថ្លែង​ទីបន្ទាល់​របស់​គាត់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់​ទំនាក់ទំនង ។ អ្នក​បន្ទាប់​ទៀត​ក៏​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះគម្ពីរ​មរមន​ផងដែរ ហើយ​អ្នក​ទីបី​ក៏​ធ្វើ​ដូច​គ្នា​ដែរ ។ ខ្ញុំ​មាន​ចិត្ត​សុខស្រួល ។ ខ្ញុំ​ពុំ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ឡើង​ទៅ​លើ​វេទិកា​ទេ ដូច្នេះ​ខ្ញុំ​បាន​ឈរ​នៅ​មួយ​កន្លែង ហើយ​បាន​និយាយ​ថា « ខ្ញុំ​ស្រឡាញ់​ព្រះយេស៊ូវ ។ ខ្ញុំ​កំពុង​អាន​ព្រះគម្ពីរមរមន » ។ ហើយ​ខ្ញុំ​បាន​អង្គុយ​ចុះ ។ នោះ​គឺ​ជា​ការចាប់ផ្ដើម​នៃ​ទីបន្ទាល់​របស់​ខ្ញុំ ។

1. Legs with bare feet, 200 liter barrel being pushed along dirt road. Scene of Zimbabwe in background. 2. Legs walking off page. Pants and shoes suitable for church. African scene in bkgrd. _Spot: Elder Dube approx 22 yrs old bearing testimony from church benches.

ទីបន្ទាល់​ទាំងនោះ​ជា​របៀប​របស់​ព្រះអម្ចាស់​ក្នុង​ការឈោង​ព្រះហស្ដ​ទ្រង់​មកកាន់​ខ្ញុំ ដោយសារ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅក្នុង​ចំណោម​នៅ​ទីនោះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា នេះ​គឺ​ជា​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​នោះ ខ្ញុំ​បាន​​អធិស្ឋាន​សម្រាប់​ពួកគេ និង​ដើម្បី​បាន​ការទទួល​យក ។ ខ្ញុំ​បាន​ជួប​សមាជិក​នៅ​ទីនោះ​ដែល​មាន​ចិត្តល្អ​ណាស់ ហើយ​បាន​ជួយ​ខ្ញុំ ។

មាន​អ្វី​ជា​ច្រើន​បាន​កើតឡើង​នៅ​ថ្ងៃ​នោះ ពេល​ដែល​ខ្ញុំ​បាន​ដើរ​ចូល​ទៅក្នុង​រោង​ជំនុំ​នោះ ។ ខ្ញុំ​ឆ្ងល់​ថា អ្វី​នឹង​កើតឡើង​ប្រសិនបើ​សមាជិក​ទាំងនោះ​ពុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ​នោះ ។ អ្នក​មិន​ដែល​ដឹង​ទេ ថាតើ​មាន​នរណា​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក ។ ពេល​អ្នក​ក្រោកឈរ​ឡើង ហើយ​និយាយ​ពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍ វា​ប្រហែល​ជា​អ្វី​ដែល​នរណា​ម្នាក់​ត្រូវការ​ឮ ។

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ ។ ពេល​អ្នក​ធ្វើ​ដូច្នោះ អ្នក​ពង្រឹង​ខ្លួនឯង និង​អ្នក​ផ្សេងទៀត​នៅ​ជុំ​វិញ​អ្នក ។ ឈរ​គាំទ្រ​អ្វី​ដែល​អ្នក​ដឹង ។ កាលដែល​អ្នក​ធ្វើ​តាម​ការប្រឹក្សា​ចេញ​ពី​ព្រះគម្ពីរ​មរមន នោះ​អ្នក​នឹង​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។

ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ

ពេលវេលា​ដែល​ខ្ញុំ​បាន​ចំណាយ​នៅ​បេសកកម្ម​កាតូលិក​ឡូរេតូ​រ៉ូម បាន​ផ្ដើម​ខ្ញុំ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការក្លាយ​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បានរៀន​ថា ការធ្វើ​ជា​សិស្ស​ម្នាក់​គឺ​ជា​ដំណើរការ ហើយ​យើង​ត្រូវការ​បន្ត​ឆ្ពោះ​ទៅមុខ មិនថា​យើង​មាន​ភាពទន់ខ្សោយ និង​ដែន​កំណត់​ក្ដី ។ ពេល​យើង​ឱបក្រសោប​ការអញ្ជើញ ៖ « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ( ម៉ាថាយ ៥:៤៨ ) យើង​នឹង​រីកចម្រើន​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដង » ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១២ ) ។

យើង​ដឹង​ថា ផ្លូវ​នោះ​មិន​តែងតែ​ងាយស្រួល​នោះ​ទេ ហើយ​យើង​នឹង​ដកពិសោធន៍​ការលំបាក និង​ការឈឺចាប់​ខ្លះៗ​នៅក្នុង​ដំណើរការ​នោះ ប៉ុន្តែ​ការសម្លឹង​ទៅ​ព្រះអម្ចាស់​ជា​របៀប​តែ​មួយ​គត់​ដើម្បី​ស្វែងរក​ភាពសុខសាន្ត​នៅក្នុង​ជីវិត​យើង ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទគឺ​ជា​អ្វី​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះអង្គសង្គ្រោះ​កំពុង​ឈោង​ព្រះហស្ដ​ទ្រង់​មក​យើង​ ។ យើង​ត្រូវតែ​សម្លឹង​ទៅលើ ធ្វើតាម​ទ្រង់ ហើយ​ឈោង​ជួយ​អ្នក​ផ្សេងទៀត ដូច​ជា​ទ្រង់​ឈោង​ជួយ ហើយ​លើក​យើង​ឡើង​ដែរ ។

ខ្ញុំ​បានរៀន​ថា ការធ្វើ​ជា​សិស្ស​ម្នាក់​គឺ​ជា​ដំណើរការ​មួយ ហើយ​យើង​ត្រូវការ​បន្ត​ឆ្ពោះ​ទៅមុខ ។

រចនា​រូបភាព​ដោយ ហ្គ្រេក ញ៉ូវបូល