ពួកគេមានក្ដីសង្ឃឹមមួយអំពីការយាងមករបស់ព្រះគ្រីស្ទ—ហើយយើងអាចមានក្ដីសង្ឃឹមផងដែរ
ពួកព្យាការីក្នុងព្រះគម្ពីរមរមនបានមានក្ដីសង្ឃឹមថាព្រះគ្រីស្ទនឹងយាងមក ។ ពេលអានពាក្យសម្ដីរបស់ពួកលោក យើងអាចមានក្ដីសង្ឃឹមដូចគ្នានោះសម្រាប់ពេលដែលទ្រង់យាងមកម្តងទៀត ។
តើមានពាក្យអ្វីខ្លះដែលចូលក្នុងគំនិតអ្នក ពេលអ្នកគិតអំពីព្រះគម្ពីរមរមន ?
សាសន៍នីហ្វៃ សាសន៍លេមិន សាសន៍ផ្សេងទៀត ?
សង្គ្រាម វាលរហោស្ថាន វេទនា ?
ការប្រែចិត្ត សេចក្ដីប្រោសលោះ សុចរិតភាព ?
ព្រះយេស៊ូវគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ ?
សេចក្តីសង្ឃឹម ?
បុណ្យអ៊ីស្ទើរគឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីសញ្ជឹងគិតជាថ្មីនូវសារដំណឹងនៃព្រះគម្ពីរមរមន ។ សំខាន់បំផុត គឺសារដំណឹងដែលថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ដោយសារទ្រង់ យើងអាចបានសេរីភាពពីការឈឺចាប់នៃរូបកាយ និងព្រលឹង ។ ពីសេចក្ដីស្លាប់ និងអំពើបាប ។ យើងអាចឈ្នះគ្រប់ការណ៍អាក្រក់ដែលកើតឡើងចំពោះយើងនៅក្នុងលោកិយនេះ ។
និយាយឲ្យសាមញ្ញទៅ យើងអាចមានក្ដីសង្ឃឹម ។
ក្ដីសង្ឃឹម—ក្ដីសង្ឃឹមដ៏ពិតគឺផ្ដោតលើព្រះយេស៊ូវគ្រីស្ទ—បានបំផុសដល់ពួកព្យាការីជំនាន់ដើមឲ្យរក្សាបញ្ជីទាំងឡាយនៅក្នុងផ្ទាំងចំណារមាសដែលក្លាយជាព្រះគម្ពីរមរមន ។ យ៉ាកុបប្រាប់យើងថា « ត្បិតព្រោះដោយគោលបំណងនេះហើយ ដែលយើងបានសរសេររឿងទាំងនេះ ដើម្បីឲ្យគេដឹងថា យើងបានដឹងអំពីព្រះគ្រីស្ទ ហើយយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ជាច្រើនរយឆ្នាំមុនទ្រង់យាងមកម្ល៉េះ » ( យ៉ាកុប ៤:៤ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
យ៉ាកុបចង់ឲ្យយើងដឹងថា លោក—និងពួកព្យាការីដែលរក្សាបញ្ជីផ្សេងៗទៀត—បានដឹងអំពីការយាងមករបស់ព្រះគ្រីស្ទ ។ ជាច្រើនរយឆ្នាំពីមុនទ្រង់បានយាងមកម៉្លេះ ! ហើយពួកលោកត្រូវបានបំផុសឲ្យមានក្ដីសង្ឃឹមនោះចេញពីពាក្យសម្ដីរបស់ពួកព្យាការី ដែលពួកលោកបានអាន ។ យ៉ាកុបពន្យល់ថា « ហើយមិនត្រឹមតែខ្លួនយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ប៉ុណ្ណោះទេ គឺអស់ទាំងពួកព្យាការីដ៏បរិសុទ្ធក៏បានសង្ឃឹមមុនយើងមកដែរ។
« មើលចុះ ពួកគេបានជឿដល់ព្រះគ្រីស្ទ ហើយបានថ្វាយបង្គំព្រះវរបិតាដោយនូវព្រះនាមទ្រង់ ឯយើងក៏ថ្វាយបង្គំព្រះវរបិតាដោយនូវព្រះនាមទ្រង់ដែរ ។…
« ហេតុដូច្នោះហើយ យើងពិចារណាមើលសេចក្ដីព្យាករនៃពួកព្យាការី ហើយយើងមានវិវរណៈទាំងឡាយ និងវិញ្ញាណនៃការព្យាករ ហើយដោយមានទីបន្ទាល់អស់ទាំងនេះ ទើបយើងមានសេចក្ដីសង្ឃឹម ហើយសេចក្ដីជំនឿរបស់យើងក៏ឥតញាប់ញ័រដែរ » ( យ៉ាកុប ៤:៤–៦; សូមមើល នីហ្វៃទី១ ១៩:២១; យ៉ាកុប ៧:១១; ម៉ូសាយ ៣:១៣; ហេលេមិន ៨:១៦ ) ។
ក្ដីសង្ឃឹមដែលពួកលោកបានទទួលទាំងពីបទពិសោធន៍ផ្ទាល់របស់ពួកលោកផង និងពីការព្យាករដែលពួកលោកបានអាននៅក្នុងព្រះគម្ពីរផង បានរៀបចំពួកលោកសម្រាប់ថ្ងៃដែលព្រះគ្រីស្ទយាងមក ។ ដូចគ្នានេះដែរ ពួកព្យាការីសព្វថ្ងៃលើកទឹកចិត្តយើងឲ្យរៀបចំសម្រាប់ពេលដែលព្រះគ្រីស្ទនឹងយាងមកម្ដងទៀត ។ ប្រសិនបើយើងត្រូវមានក្ដីសង្ឃឹមដូចគ្នានោះដែរ នោះយើងក៏ត្រូវតែ « ពិចារណាមើលសេចក្ដីព្យាករនៃពួកព្យាការី ហើយ [ ព្យាយាមស្វែងរក ] វិវរណៈទាំងឡាយ និងវិញ្ញាណនៃការព្យាករ »ផងដែរ ។ ទីបន្ទាល់របស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទនឹងមិនត្រឹមតែពង្រឹងទីបន្ទាល់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយយើងរៀបចំសម្រាប់ការយាងមករបស់ទ្រង់ផងដែរ ។
លីហៃ
« ហេតុដូច្នោះហើយ គឺជាការសំខាន់បំផុត ដើម្បីធ្វើឲ្យការណ៍ទាំងនេះបានដឹងដល់បណ្ដាជននៅលើផែនដី ដើម្បីឲ្យពួកគេអាចដឹងថា គ្មានសាច់ឈាមណាអាចរស់នៅក្នុងវត្តមាននៃព្រះបានឡើយ លើកលែងតែដោយបុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ ទ្រង់បានប្ដូរជីវិតរបស់ទ្រង់ ស្របតាមសាច់ឈាម ហើយយកមកវិញ ដោយព្រះចេស្ដានៃព្រះវិញ្ញាណ ដើម្បីទ្រង់អាចបណ្ដាលឲ្យមានដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដោយទ្រង់ជាអ្នកទីមួយ ដែលត្រូវបានប្រោសរស់ឡើងវិញ » ។
នីហ្វៃ
« ហើយយើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរ ស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពទឹកណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។
ស្ដេចបេនយ៉ាមីន
« ហើយទ្រង់នឹងត្រូវបានហៅថា ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ។ …
« ហើយមើលន៏ ព្រះអង្គនឹងយាងចុះមកក្នុងចំណោមរាស្ត្រទ្រង់ ដើម្បីឲ្យមានសេចក្ដីសង្គ្រោះដល់កូនចៅមនុស្ស ស្របតាមសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ …
« ហើយព្រះអង្គនឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញក្នុងបីថ្ងៃ ។…
« ត្បិតមើលចុះ ព្រះលោហិតរបស់ទ្រង់ក៏នឹងធ្វើឲ្យធួននឹងបាបនៃអស់អ្នកណាដែលធ្លាក់ ដោយសារការរំលងរបស់លោកអ័ដាម ហើយស្លាប់ទៅដោយមិនបានដឹងអំពីព្រះហឫទ័យនៃព្រះចំពោះពួកគេ ឬក៏អស់អ្នកណាដែលមានបាប ដោយសារឃភាពល្ងង់ខ្លៅ » ។
អាលម៉ា
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់។
« ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ។
អាមូលេក
« ឯការបូជាដ៏មហិមា និងចុងក្រោយបង្អស់នោះ គឺជាព្រះរាជបុត្រានៃព្រះ មែនហើយ គឺនិរន្តរ៍ និងអស់កល្បជានិច្ច ។
« ម្ល៉ោះហើយ ទ្រង់នឹងនាំមកនូវសេចក្ដីសង្គ្រោះ ដល់អស់អ្នកណាដែលនឹងជឿដល់ព្រះនាមទ្រង់ នេះគឺជាគោលបំណងនៃការបូជាចុងក្រោយបង្អស់នេះឯង ដើម្បីនាំមកនូវចិត្តក្ដួលមេត្តាដែលមានអំណាចលើសេចក្ដីយុត្តិធម៌ ដើម្បីនឹងនាំមកនូវមធ្យោបាយទាំងឡាយដល់មនុស្ស ដើម្បីឲ្យគេមានសេចក្ដីជំនឿចំពោះការប្រែចិត្ត ។
« ម្ល៉ោះហើយ សេចក្ដីមេត្តាករុណាអាចធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ហើយឱបក្រសោបពួកគេនៅក្នុងដៃនៃសេចក្ដីសុខ នៅពេលដែលអ្នកនោះពុំអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត នោះត្រូវលាតត្រដាងនៅក្នុងច្បាប់ទាំងមូល ចំពោះការទាមទារនៃសេចក្ដីយុត្តិធម៌ ហេតុដូច្នេះហើយ មានតែដល់អ្នកណាដែលមានសេចក្ដីជំនឿ ចំពោះការប្រែចិត្ត ទើបនាំមកនូវផែនការនៃសេចក្ដីប្រោសលោះដ៏មហិមា និងអស់កល្បជានិច្ចបាន » ។
សាំយូអែលជាសាសន៍លេមិន
« ត្បិតមើលចុះ ទ្រង់ត្រូវតែសុគតជាប្រាកដ ដើម្បីឲ្យសេចក្ដីសង្គ្រោះអាចកើតមានឡើង មែនហើយ ការសុគតនៃទ្រង់ ជាការចាំបាច់ ហើយត្រឹមត្រូវ ដើម្បីបណ្ដាលឲ្យមានដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដើម្បីដោយសារការណ៍នេះ មនុស្សអាចបាននាំទៅឯវត្តមាននៃព្រះអម្ចាស់ ។
« មែនហើយ មើលចុះ ការសុគតនេះនាំមកនូវដំណើររស់ឡើងវិញ ហើយប្រោសលោះមនុស្សលោកទាំងអស់ពីសេចក្ដីស្លាប់ទីមួយ — គឺសេចក្ដីស្លាប់ខាងវិញ្ញាណ ព្រោះមនុស្សលោកទាំងអស់ ដោយមកពីការធ្លាក់នៃលោកអ័ដាម នោះបានត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ ហើយត្រូវចាត់ទុកថា ស្លាប់ចំពោះអ្វីៗខាងសាច់ឈាម ព្រមទាំងចំពោះអ្វីៗខាងវិញ្ញាណផង ។
« ប៉ុន្តែមើលចុះ ដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ នឹងប្រោសលោះមនុស្សលោក មែនហើយ គឺមនុស្សលោកទាំងអស់ ហើយនាំពួកគេត្រឡប់មកកាន់វត្តមាននៃព្រះអម្ចាស់វិញ » ។
មរមន
« ចូរអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាត្រូវតែស្គាល់ពួកអយ្យកោរបស់អ្នក ហើយប្រែចិត្តពីអស់ទាំងអំពើបាប និងអំពើទុច្ចរិតរបស់អ្នក ហើយជឿដល់ព្រះយេស៊ូវគ្រីស្ទ ថាទ្រង់ជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវពួកសាសន៍យូដាធ្វើគត ហើយដោយព្រះចេស្ដានៃព្រះវរបិតា នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ដោយហេតុនេះហើយ ទ្រង់មានជ័យជម្នះលើផ្នូរ ហើយគឺនៅក្នុងទ្រង់ផង ដែលទ្រនិចនៃសេចក្ដីស្លាប់បានលេបចូល ។
« ហើយទ្រង់បាននាំមកនូវដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដោយហេតុនេះ មនុស្សត្រូវបានប្រោសឲ្យមានជីវិតឡើងវិញ ដើម្បីឈរនៅចំពោះវេទិកាជំនុំជម្រះរបស់ទ្រង់ ។
« ហើយទ្រង់បាននាំមកនូវសេចក្ដីប្រោសលោះដល់ពិភពលោក ដោយហេតុនេះ អ្នកណាដែលឃើញថា ឥតទោសនៅចំពោះទ្រង់នៅក្នុងថ្ងៃជំនុំជម្រះ អ្នកនោះហើយដែលនឹងត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងវត្តមាននៃព្រះនៅក្នុងនគររបស់ទ្រង់ ដើម្បីច្រៀងដោយមិនឈប់ឈរ ជាមួយនឹងក្រុមចម្រៀងនៅស្ថានលើ សរសើរតម្កើងដល់ព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះតែមួយនៅក្នុងស្ថានភាពមួយដ៏សប្បាយរីករាយ ហើយគ្មានទីបំផុត » ។