មានតម្លៃជាងខ្សែដៃប្រាក់មួយ
សៀលវី ហ៊ូមេអូ ហ្គូប៊េក កាណាដា
ពេលខ្ញុំត្រូវបានគេសុំឲ្យដឹកនាំការពិភាក្សានៅក្នុងសមាគមន៍សង្គ្រោះអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យផ្ដល់ចំណីដល់កូនចៀមទ្រង់ផង នោះខ្ញុំបានសម្រេចចិត្តថា ប្រសិនបើខ្ញុំចង់ជំរុញបងប្អូនស្ត្រី ខ្ញុំគួរតែធ្វើអ្វីមួយសម្រាប់កូនចៀមមួយរបស់ទ្រង់ ។
ខ្ញុំបានប្រមូលភាពក្លាហានរបស់ខ្ញុំ ហើយបានអញ្ជើញបងស្រីមិនសូវសកម្មម្នាក់ឲ្យមកសកម្មភាពសមាគមន៍សង្គ្រោះជាមួយខ្ញុំ ។ គាត់បានយល់ព្រមចំពោះការអញ្ជើញរបស់ខ្ញុំ ហើយយើងបានមានពេលដ៏រីករាយមួយ ។ ខ្ញុំបានទទួលអារម្មណ៍ថា នេះជាគំរូល្អមួយ ហើយខ្ញុំអន្ទះសាចង់ចែកចាយបទពិសោធន៍របស់ខ្ញុំ ។ ប៉ុន្តែព្រះអម្ចាស់មានអ្វីច្រើនទៀតដើម្បីបង្រៀនខ្ញុំ ។
ព្រឹកមួយពេលកំពុងស្លៀកពាក់ ខ្ញុំបានដឹងថា ខ្សែដៃប្រាក់របស់ខ្ញុំបានបាត់ ។ ខ្សែដៃនេះជាអំណោយខួបកំណើតរបស់ខ្ញុំពេលខ្ញុំទៅលេងប្រទេសបារាំង ដូច្នេះវាមានអត្ថន័យណាស់សម្រាប់ខ្ញុំ ។ ខ្ញុំបានចាប់ផ្ដើមរកមើលវានៅកន្លែងដែលទំនងនឹងរកឃើញបំផុត ប៉ុន្តែខ្ញុំរកមិនឃើញទេ ។ បន្ទាប់មកខ្ញុំបានប្រាប់ខ្លួនឯងថា ប្រសិនបើខ្ញុំគ្រាន់តែអធិស្ឋាន នោះខ្ញុំនឹងអាចរកខ្សែដៃរបស់ខ្ញុំឃើញឆាប់ ។
បន្ទាប់ពីខ្ញុំអធិស្ឋាន ខ្ញុំបានរកមើលគ្រប់ទីកន្លែង ។ ខ្ញុំបានអធិស្ឋានដោយចេតនាពិត ហើយបានខំប្រឹងស្វែងរក ។ ខ្ញុំបានទូលអង្វរសូមព្រះវរបិតាសួគ៌ជួយខ្ញុំឲ្យរកវាឃើញ ប៉ុន្តែខ្ញុំរកមិនឃើញទេ ។ ខ្ញុំពិបាកចិត្តណាស់ ព្រោះខ្សែដៃនេះមានតម្លៃណាស់សម្រាប់ខ្ញុំ ។
នាល្ងាចមួយកូនប្រុសខ្ញុំបានអធិស្ឋានជាមួយខ្ញុំនៅក្បែរគ្រែខ្ញុំ ។ បន្ទាប់ពីយើងអធិស្ឋានហើយ គាត់បានរើសអ្វីមួយឡើង ហើយបានហុចវាឲ្យខ្ញុំ វាជាខ្សែដៃរបស់ខ្ញុំ ។ គាត់បានរកវាឃើញនៅក្រោមគ្រែ ។ មិនដឹងយ៉ាងណា ខ្ញុំប្រាកដជាបានមើលរំលងពេលស្វែងរកវា ។ ខ្ញុំយំដោយអំណរដែលបានវាមកវិញ ។
ភ្លាមនោះ ខ្ញុំបានទទួលចំណាប់អារម្មណ៍មួយ ៖ « តើអ្នកអធិស្ឋានដោយស្មោះសរដូចនេះសម្រាប់បងប្អូនស្ត្រីរបស់អ្នកនៅសាសនាចក្រដែរឬទេ ? តើពួកគេមានតម្លៃចំពោះអ្នកដូចខ្សែដៃរបស់អ្នកទេ ? ចុះពួកបងប្អូនស្ត្រីរបស់អ្នកនៅក្រៅសាសនាចក្រវិញនោះ ? តើអ្នកអធិស្ឋានសម្រាប់ពួកគេដែរឬទេ ? »
ពេលខ្ញុំចែកចាយបទពិសោធន៍ជាមួយនឹងខ្សែដៃរបស់ខ្ញុំនៅក្នុងសមាគមន៍សង្គ្រោះ នោះយើងបានមានការពិភាក្សាដ៏ល្អមួយ ។ ខ្ញុំបានប្រាប់បងប្អូនស្ត្រីថា ខ្ញុំបានរៀនថាពេលព្រះអង្គសង្គ្រោះសុំយើងឲ្យផ្ដល់ចំណីឲ្យចៀមរបស់ទ្រង់ នោះយើងត្រូវតែចាំថា « តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។ ទ្រង់មានព្រះទ័យចង់ឲ្យយើងគិតគូរពីមនុស្សនៅជុំវិញយើង ហើយឲ្យស្រឡាញ់ ខ្វល់ខ្វាយ និងអធិស្ឋានដោយអស់ពីកម្លាំងយើងសម្រាប់ពួកគេ ។ ពេលយើងធ្វើដូច្នោះ យើងនឹងឃើញថា មនុស្សគ្រប់គ្នាមានតម្លៃជាងខ្សែដៃប្រាក់មួយទៅទៀត ។