បណ្ណាល័យ
ការស្តារឡើងវិញ​នៃ​ដំណឹងល្អ


« ការស្តារឡើងវិញ​នៃ​ដំណឹងល្អ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ព្រះគ្រីស្ទ​តែងតាំង​ពួក​សាវក​ដប់ពីរ​នាក់

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការស្តារឡើងវិញ​នៃ​ដំណឹងល្អ

ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សម័យ​របស់​យើង

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​បង្រៀន​មនុស្ស​អំពី​របៀប​រស់​នៅ​ស្រប​តាម​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា​មាន​បទបញ្ញត្តិ​ធំ​ពីរ​គឺ ៖ ទីមួយ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ហើយ​ទីពីរ​គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។ សារលិខិត​របស់​ទ្រង់​គឺ​ដើម្បី​អញ្ជើញ​បុរស និង​ស្ត្រី​ឲ្យ​មក​រក​ទ្រង់ ជឿ​និង​រស់​នៅ​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​បាន​សង្គ្រោះ ។

ព្រះយេស៊ូវ​បាន​ហៅ​សាវក ហើយ​បាន​ផ្ដល់​អំណាច​ដល់​ពួកគេ​ដើម្បី​តំណាង​ឲ្យ​ទ្រង់ ហើយ​ជួយ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ ហើយ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​គោលការណ៍ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ ៖ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល ម៉ាថាយ ៩:១៣; ១៦:១៥–១៩; ១៧:១៩–២០; យ៉ូហាន ៣:៥ ) ។

ក្រោយ​ពី​ការ​ស្លាប់​របស់​សាវក​របស់​ព្រះ​អម្ចាស់ សេចក្ដី​ពិតនៃ​ដំណឹង​ល្អ​សំខាន់ៗ​ជា​ច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ឬ​បាត់ ព្រម​ទាំង​ការរៀបចំពី​ដើម និង​សិទ្ធិ​អំណាច​របស់​សាសនាចក្រ​របស់​ព្រះគ្រីស្ទផងដែរ ( សូមមើល កិច្ចការ ២០:២៩–៣០ ) ។ ប៉ុន្តែ​នៅ​ក្នុង​ការ​សម្រេច​តាម​ការព្យាករ ព្រះវរបិតា​សួគ៌​និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​ ឬ​បានស្ថាបនា​សាសនាចក្រ និង​ភាពពេញលេញ​នៃ​ដំណឹងល្អឡើងវិញ ។ ការ​ស្ដារ​ឡើង​វិញ​នេះ​បាន​ចាប់​ផ្ដើម​នៅ ឆ្នាំ ១៨២០ តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ វា​បន្ត​នៅ​សព្វថ្ងៃ​នេះ​តាម​រយៈ​វិវរណៈ​ដ៏​ទេវភាព​ដែល​បាន​ផ្ដល់​ដល់​ព្យាការី​សម័យ​ទំនើប ។

តើ​អ្វីទៅ​ជា​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ?

« ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ » សំដៅ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ស្ដារ​ភាព​ពេញលេញ​នៃដំណងល្អ​របស់​ទ្រង់ឡើងវិញ អំណាច​បព្វជិតភាព និង​ការ​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​ទៅ​លើ​ផែនដី​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ព្យាការីសម័យ​ក្រោយៗ​មក​ទៀត ។ ការស្តារ​ឡើង​វិញ​ត្រូវបាន​កំណត់​លក្ខណៈ​ដោយ​វិវរណៈ​ដ៏​ទេវភាព​ជា​បន្ត​បន្ទាប់ ដោយ​ចាប់​ផ្តើម​ជាមួយ​ការ​និមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ និង​បន្ត​រហូតដល់​ព្យាការី​សម័យ​ទំនើប​សព្វ​ថ្ងៃ​នេះ ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការស្តារ​ឡើងវិញ​នៃ​សាសនាចក្រ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ យ៉ូសែប ស្ម៊ីធ, ព្យាការី, ការនិមិត្ត​ដំបូង, ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព, ព្រះគម្ពីរ​មរមន, សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

ផ្នែកទី ១

ពិភព​លោក​បាន​រៀបចំ​សម្រាប់​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ

ការនិមិត្ត​ដំបូង

បន្ទាប់​ពីសាវក​របស់​ព្រះគ្រីស្ទ​បាន​ស្លាប់ នោះ​ចំណុច​សំខាន់ៗ​ជា​ច្រើន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​គេ​យល់​ច្រឡំ រលាយ​បាត់ ឬ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ។ ដោយ​គ្មាន​ព្យាការី​នៅរស់ និង​សិទ្ធិ​អំណាច​ដើម​ដែល​បាន​ប្រទាន​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​លែងមាន​ទៀតដែរ ។ ក្នុង​អំឡុង​ពេល​នេះ​ដែរ​ពេល​ខ្លះ​គេ​ហៅ​ថា​ការក្បត់​សាសនា​ដ៏​ធំ មនុស្ស​ជា​ច្រើន​បាន​ស្វែង​រក​ការ​យល់​ដឹង​ដ៏​ពិត​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រឹត្តិការណ៍​ជាច្រើន​បាន​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ។ ឧទាហរណ៍ បុគ្គល​សំខាន់ៗ​បាន​លះបង់​ជាច្រើន រួម​ទាំង​ជីវិត​របស់​ពួកគេ​ផងដែរ ដើម្បី​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ទៅជា​ភាសា​អង់គ្លេស ហើយ​ចាប់​ផ្ដើម​ចែកចាយ​វា​ដល់​អ្នក​ដទៃ ។ ការ​មាន​ព្រះគម្ពីរ​បាន​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែមានភាព​ងាយ​ស្រួល​ក្នុង​ការរៀន​បន្ថែម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​កែ​ទម្រង់​បាន​និយាយ​ប្រឆាំង​នឹង​ភាព​ខុស​គ្នា​ដែល​ពួក​គេ​បាន​ឃើញ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​នឹង​អ្វី​ដែល​ព្រះគម្ពីរ​បាន​បង្រៀន ។ ជន​ជាតិ​អឺរ៉ុប​ជា​ច្រើន​បាន​ស្វែង​រក​សេរី​ភាព​ខាង​សាសនា​ដោយ​ការតាំង​លំនៅ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង ។ មនុស្ស​រាប់​មិន​អស់​កំពុង​ស្វែង​រក​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ស្វែងរក​សេចក្តី​សុខសាន្ត​ក្នុង​ជីវិត​នេះ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • ចំណុច​សំខាន់ៗ​ជាច្រើន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បាត់បង់ បន្ទាប់ពី​សាវក​របស់​ទ្រង់​បាន​ស្លាប់ ។ យុគ​សម័យ​នៃ​ការ​ធ្លាក់​នៃ​ដំណឹងល្អ​ពិត​ប្រាកដ​ពេល​ខ្លះ​ត្រូវបាន​ហៅ​ថា ការ​ក្បត់​សាសនា​ដ៏ធំ ។ សូម​អាន អេសាយ ២៤:៤–៥; ម៉ាថាយ ២៤:៩–១២; យ៉ូហាន ១៦:១–៣; ថែស្សាឡូនីច ​ទី២ ២:១–៤ និង នីហ្វៃទី១ ១៣:២៦–២៩ ។ តើ​វគ្គបទគម្ពីរ​ទាំង​នេះ​និយាយ​ថានឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ព្រះគ្រីស្ទ និង​សាវក​របស់​ទ្រង់​ស្លាប់​ទៅ ? តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ឥទ្ធិពល​យ៉ាងណា​ក្នុង​ជីវិត​របស់​បងប្អូន ?

  • សូម​អាន​ដំណើរ​រឿង​របស់ យ៉ូសែប ស្ម៊ីធ អំពី​ទស្សនៈ​ដំបូង​របស់​លោក​ដែល​មាន​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–២០ ។ តើ យ៉ូសែប ស្ម៊ីធ បាន​រៀន​អ្វី​ខ្លះ​អំពី​ស្ថានភាព​នៃ​​សាសនា​នៅ​ជុំវិញ​ពិភពលោក ? ហេតុអ្វី​វា​មាន​សារៈសំខាន់​ក្នុង​ការទទួល​ទីបន្ទាល់​នៃ​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ពិពណ៌នា​ពី​អារម្មណ៍​នៃ​ការ​ស្រេក​ឃ្លាន ។ តើ​ការ​អត់ឃ្លាន​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​យ៉ាង​ដូចម្ដេច ?​ អាទិភាព​របស់យើង​យ៉ាងដូចម្តេច ? បំណង​ប្រាថ្នា​របស់យើង​យ៉ាង​ដូចម្តេច ? បន្ទាប់ពី​ការពិភាក្សា​នេះ សូម​អាន អេម៉ុស ៨:១១–១២ ជាមួយគ្នា ។ ហេតុអ្វី​បងប្អូន​គិត​ថា​ព្យាការី​អេម៉ុស បាន​ជ្រើស​រើស​រូបភាព​នេះ​ដើម្បី​ពិពណ៌នា​អំពី​ពិភពលោក​ ក្នុងអំឡុង​ពេល​នៃ​ការក្បត់​សាសនា​ដ៏​ធំ ? តើ​ការ​បាត់​បង់​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ស្រដៀង​នឹង « អំណត់​មក​ក្នុង​ស្រុក » យ៉ាង​ដូច​ម្ដេច ? តើ​ជីវិត​របស់​យើង​នឹង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​យើង​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​តាម​របៀប​ដូច​គ្នា​ដែល​យើង​ស្រេក​ឃ្លាន​អាហារ​នោះ ?

  • នៅ​ក្នុង​សុន្ទរកថា​របស់​លោក « Preparations for the Restoration and the Second Coming: ‹ My Hand Shall Be over Thee › » អែលឌើរ រ៉ូបឺត ឌី ហែល បាន​គូស​បញ្ជាក់​ពី​ព្រឹត្តិ​ការណ៍​ជាក់លាក់​ជា​ច្រើន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក ដែល​បាន​ជួយ​រៀប​ចំ​ពិភព​លោក​សម្រាប់​ការ​ស្តារ​ឡើង​វិញ ។ សូម​ស្ដាប់ ឬ​អាន​ការ​ពិភាក្សា​នេះ​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ តើ​ព្រះហស្ថ​របស់​ព្រះអម្ចាស់​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ឈាន​ទៅ​ដល់​ការ​ស្ដារ​ឡើង​វិញ​ដោយ​របៀបណា ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែកទី ២

ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​បាន​បើក​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់

ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព​មិលគីស្សាដែក

ការ​ស្ដារ​​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​ពន្លឺ​ថ្មី​ចូល​ទៅ​ក្នុង​ពិភពលោក ។ វា​បាន​ចាប់​ផ្តើម​នៅ​និទាឃ​រដូវ ឆ្នាំ ១៨២០ នៅ​ពេល​ដែល យ៉ូសែប ស្ម៊ីធ វ័យ​ក្មេង​បាន​អធិស្ឋាន​នៅ​ក្នុង​ព្រៃ​មួយ​ក្បែរ​ផ្ទះ​របស់​គាត់​នៅ​ប៉ាលម៉ៃរ៉ា រដ្ឋ​ញូវ​យ៉ក ។ គាត់​ព្រួយ​បារម្ភ​អំពី​ជំហរ​ខាង​វិញ្ញាណ​របស់​គាត់​នៅ​ចំពោះ​មុខ​ព្រះ ហើយ​ចង់​ដឹង​ថា​សាសនា​មួយ​ណា​ត្រឹមត្រូវ ។ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អធិស្ឋាន​របស់​គាត់ ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មក​ជួប​គាត់ ។

ក្នុង​អំឡុង​ពេល​នោះ ព្រះ​បាន​ចាប់​ផ្ដើម​ស្ដារ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ឡើង​វិញ​ដល់ យ៉ូសែប ស្ម៊ីធ ។ ការ​ប្រព្រឹត្ដ​ដ៏​សំខាន់​នៃ​សេចក្ដី​ពិត​នេះ​បាន​នាំ​មក​នូវ​ព្រះគម្ពីរ បព្វជិតភាព អង្គការ​សាសនាចក្រ គោលលទ្ធិ និង​ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ។ ដំណើរ​ការ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​ជា​ថ្មី​ម្តង​ទៀត​នៅលើ​ផែនដី បាន​នាំ​មក​នូវ​អ្វី​ដែល​ព្រះគម្ពីរ​ហៅ​ថា« គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់ » ( អេភេសូរ ១:១០; គោលលទ្ធិ និង​សេចក្តីសញ្ញា ១១២:៣០ ) ។ គ្រា​កាន់កាប់​ត្រួតត្រា គឺជា​ពេល​ដែល​ព្រះអម្ចាស់​មាន​ព្យាការី និង​ដំណឹងល្អ​របស់​ទ្រង់​នៅលើ​ផែនដី ។ នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​ចុង​ក្រោយ​នេះ ពិភព​លោក​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • យើង​រស់នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់—ជា​ពេលវេលា​ដែល​ខុសពី​ពេល​ណាៗ​ទាំងអស់ ។ យើង​ដឹង​ថា​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​នឹង​មិន​បញ្ចប់​ដោយ​ការ​ក្បត់​នោះ​ទេ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​យើង​មិន​ប្រឈម​មុខ​នឹង​ឧបសគ្គ​សំខាន់​ៗ​នោះដែរ ។ សិក្សា​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « This, the Greatest of All Dispensations » ។ តើ​អែលឌើរ ហូឡិន បាន​រកឃើញ​ឧបសគ្គ​អ្វីខ្លះ​នៅក្នុង​សារលិខិត​នេះ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ចេញពី​សារលិខិត​របស់​លោក​អំពី​អាកប្បកិរិយា​ដែល​បងប្អូន ​អាច​ជ្រើសរើស​ធ្វើ​នៅពេល​បងប្អូន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងនេះ ?

  • ផ្នែក​ដ៏​គួរ​ឲ្យ​រំភើប​មួយ​នៃ​ការ​រស់​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេលពេញ​កំណត់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​ដែល​កំពុង​បន្ត ។ សូមអាន កិច្ចការ ៣:១៩–២១; អេភេសូរ ១:៣, ១០; គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧:១៣; ១១២:៣០; ១២៨:១៨ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះមក​ពី​ខគម្ពីរ​ទាំង​នេះ អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ? តើ​បងប្អូន​អាច​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ការ​ស្វែងរក និង​ការ​ជឿ​លើ​វិវរណៈ​ដែលកំពុង​បន្ត​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​របស់​បងប្អូន ។ នៅ​ក្នុង « ការស្ដារ​ឡើងវិញ​នៃ​ភាពពោ​រពេញនៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើកទី​ពីររយ​ឆ្នាំ » គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​ថ្លែង​ថា ៖ « ពីរ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅហើយ​ចាប់​តាំង​ពី​ការ​ស្ដារ​ឡើង​វិញ​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​ព្រះវរបិតា និង​ព្រះ​រាជបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ … យើង​រីករាយ​នឹង​ប្រកាស​ថា​ការស្ដារ​ឡើងវិញ​ដែលបាន​សន្យា​នោះ​នៅបន្ដ​ឆ្ពោះទៅ​មុខ​តាមរយៈ​វិវរណៈ​ជា​បន្ដបន្ទាប់ ។ សូម​សុំ​ឲ្យ​សមាជិក​ក្រុម​ចែកចាយ​វិវរណៈ​សម័យ​ទំនើប ឬ​ការ​បង្រៀន​ដែល​បាន​បំផុស​គំនិត​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ពួកគេ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ចេញពី​បទពិសោធន៍​របស់​សមាជិក​ក្រុម​ជាមួយ​នឹង​វិវរណៈ​សម័យ​ទំនើប ?

  • គំនិត​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​អាច​មាន​ការ​លំបាក​ក្នុង​ការ​យល់ ។ សូម​ទស្សនា​វីដេអូ « Dispensations: The Pattern of Apostasy and Restoration » ( នាទីទី ៦:៥២ ) ជាមួយគ្នា,​បញ្ឈប់​តាម​តម្រូវការ​ដើម្បី​សួរ​សំណួរ​គ្នាទៅវិញ​ទៅមក និង​ស្វែងរក​ចម្លើយ​ទាំងឡាយ ។ តើ​ការយល់​ដឹង​អំពី​គំរូ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ការស្តារ​ឡើងវិញ​នៅក្នុង​សម័យ​របស់យើង​ដោយ​របៀបណា ? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងដូចម្តេចចំពោះ​ការ​រស់នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ក្នង​កាល​ដែល​ពេលពេញ​កំណត់​ដោយ​របៀបណា ?

ស្វែងយល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ការស្តារ​ឡើងវិញ​នៅតែ​បន្ត​តាមរយៈ​ព្យាការី​សម័យទំនើប និង​ពួក​សាវក

ឥឡូវ​នេះ​ជាង ២០០ ឆ្នាំ ក្រោយពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញព្រះកាយ​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ នោះការស្ដារ​ឡើងវិញ​នៅ​តែ​បន្ត ។ ព្យាការី​នៅរស់ និង​ពួក​សាវក​ស្វែង​រក និង​ទទួល​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ព្រះអម្ចាស់​កំពុង​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ និង​ប្រជារាស្រ្ត​របស់​ទ្រង់​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ កិច្ចការ​របស់​ព្រះ​នៅតែ​បន្ដ​ទៅមុខ​តាមរយៈ​ការស្តារ​ឡើងវិញ​ដ៏​ឥតឈប់ឈរ និង​ភាព​ជាអ្នក​ដឹកនាំ​ដ៏បំផុស​គំនិត​នៃ​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ( សូមមើល មាត្រា​នៃ​សេចក្តី​ជំនឿ ១:៩ ) ។

នៅឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា ៖ « យើង​ទាំងអស់​គ្នា​គឺ​ជា​សាក្សី​នៃ​ការស្ដារ​ឡើងវិញ​ជា​បន្ត​បន្ទាប់ ។ ប្រសិន​បើ​បងប្អូន​គិត​ថា សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ​ពេញលេញ​ហើយ​នោះ នោះ​បងប្អូន​ទើបតែ​ឃើញ​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​នឹង​កើតឡើង ។ … ចាំ​ដល់​ឆ្នាំ​ក្រោយ ។ ហើយ​ឆ្នាំ​ក្រោយ​មួយ​ទៀត ។ សូម​លេប​ថ្នាំ​គ្រាប់​វីតាមីន​របស់​អ្នក ។ ហើយ​សម្រាក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ វា​នឹង​មាន​រឿង​រំភើប​ចិត្ត​កើត​ឡើង » ។

ការណ៍​ទាំងឡាយដែល​ត្រូវ​ពិចារណា

  • នៅក្នុង​សុន្ទរកថា ឆ្នាំ ២០១៤ របស់​លោក « Are You Sleeping through the Restoration? » ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេល​នោះ​ជាគណៈ​ប្រធាន​ទី​មួយ​បាន​លើកឡើង​នូវ​ការ​ល្បួង​ចំនួន​បី​ដែល​អាច​រា​រាំង​យើង​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្តារ​ឡើងវិញ​នៃ​ដំណឹង​ល្អ​ដែល​កំពុង​បន្ត ។ សិក្សា​ពី​សន្ទរកថា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថ្មជំពប់ ​ដែល​លោក​មាន​ប្រសាសន៍​ថា​អាច​រា​រាំង​យើង​មិន​ឲ្យ​ឈាន​ដល់​សក្តានុពល​របស់​យើង ។ តើ​ថ្មជំពប់​មួយ​ណា​ដែល​បងប្អូន​អាច​ធ្វើការ​យក​ឈ្នះ​លើ​បាន ? សូម​ដាក់​ផែនការ​ដើម្បី​ធ្វើ​ដូចនោះ ។

  • មនុស្ស​មួយ​ចំនួន​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​ជា​ច្រើន​នៃ​ការ​ស្តារ​ឡើងវិញ ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​សរសេរ​អំពី​ព្រឹត្តិការណ៍​ទាំង​នោះ ។ ជ្រើសរើស​ទំនុក​តម្កើង​ចេញពី​ទំព័រ​ប្រធានបទ « ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ » នៅក្នុង ទំនុក​តម្កើង ហើយ​អាន​ទំនុកបទ​របស់​វា ។ តើ​ព្រះបន្ទូល​របស់​ទ្រង់​បាន​បង្រៀន​បងប្អូន​អំពី​សារៈសំខាន់​នៃ​ការស្តារ​ឡើងវិញ​អ្វី​ខ្លះ ? តើ​ពាក្យ​ទាំងនេះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា ? តើ​បងប្អូន​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • នៅក្នុង​សុន្ទរកថាឆ្នាំ ២០២០ ដែល​មាន​ចំណងជើង​ថា « Fulfillment of Prophecy » អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​រាយបញ្ជីអំពី​ការព្យាករណ៍​ពី​បុរាណ និង​សម័យ​ទំនើប​ជាច្រើន​ដែល​បាន​បំពេញដែល​ជាផ្នែក​មួយ​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ សិក្សា​អំពី​សន្ទរកថា​នេះ​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចែកចាយ​ថា តើ​ការ​បំពេញ​ការព្យាករណ៍​ណា​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​ពួក​គេ ។ តើ​ការធ្វើ​បែប​នេះ​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​បងប្អូន​អំពី​ការស្តារ​ឡើងវិញ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​បងប្អូន​ពិចារណា​អំពី​សារៈសំខាន់​នៃ​ការ​រស់​នៅ​ក្នុង​គ្រា​ដែល​បាន​រំពឹង​ទុក​ជា​យូរ​មក​ហើយ​នេះ ?

  • នៅក្នុង​អត្ថបទ « The Ongoing Restoration » អែលឌើរ ឡឺគ្រែន អរ ខឺតធិស ជុញ្ញ័រ ជា​អ្នក​កត់ត្រា និង​ជាអ្នកប្រវត្តិសាស្រ្ត​របស់​សាសនាចក្រ បាន​រៀបរាប់​នូវ​វិធី​បីយ៉ាង​ដែល​យើង​អាច​ចូលរួម​ក្នុង​ការស្តារ​ឡើងវិញ​ដែល​កំពុង​បន្ត ៖

    • សូម​ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ

    • បំពេញ​ការ​ហៅបម្រើ និង​ការ​ចាត់​តាំង​ដែល​យើង​ទទួល

    • ជួយ​ប្រមូលផ្តុំ​អ៊ីស្រាអែល

    សូម​អាន​ជាក្រុម​នូវ​អ្វី​ដែល​អែលឌើរ ខឺតធិស បាន​បង្រៀន​អំពី​ការ​រួម​ចំណែក​នីមួយ​ៗ​ក្នុង​ចំណោម​ការ​រួម​ចំណែក​ទាំង​នេះ​ចំពោះ​កិច្ចការ​នេះ ។ តើផ្នែកមួយណាដែល​បងប្អូន​មាន​អារម្មណ៍​រំភើប ​ដែល​បាន​ចូលរួម​ក្នុង​គ្រានេះ ? តើ​បងប្អូននឹង​ធ្វើ​ដោយ​របៀបណា ? ចែកចាយ​គំនិត​របស់​បងប្អូន​ជាមួយ​ក្រុម និង​ស្វែងយល់​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​សម្រេច​គោលដៅ​របស់​បងប្អូន ។

ស្វែងយល់​បន្ថែម​ទៀត

ធនធាន​ផ្សេងទៀត​អំពី​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ

កំណត់​ចំណាំ

  1. រ៉ូបឺត ឌី ហែល « Preparations for the Restoration and the Second Coming: ‘My Hand Shall Be over Thee » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៨–៩២ ។

  2. ជែហ្វ្រី អ័រ ហូឡិន « This, the Greatest of All Dispensations » Liahona ខែ កក្កដា ឆ្នាំ ២០០៧ ទំព័រ ១៩–២៤ ។

  3. « The Restoration of the Fulness of the Gospel of Jesus Christ: A Bicentennial Proclamation to the World » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  4. រ័សុល អិម ណិលសុន នៅក្នុង « Latter-day Saint Prophet, Wife and Apostle Share Insights of Global Ministry » ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ្ន ២០១៨ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  5. ឌៀថើរ អេហ្វ អុជដូហ្វ⁠ « Are You Sleeping through the Restoration? » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ⁠ទំព័រ ៥៨–៦២ ។

  6. រ៉ូណល អេ រ៉ាសបាន « Fulfillment of Prophecy » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៥–៧៨ ។

  7. ឡឺគ្រែន អរ ខឺតធិស ជុញ្ញ័រ « The Ongoing Restoration » Ensign ខែ មេសា ឆ្នាំ ២០២០ ទំព័រ ២០–២៥ ។