បណ្ណាល័យ
ការអធិស្ឋាន


« ការអធិស្ឋាន » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

ការអធិស្ឋាន​ជា​គ្រួសារ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ការអធិស្ឋាន

ស្មោះត្រង់ ការប្រាស្រ័យ​ទាក់ទង​ដ៏​ស្មោះស្ម័គ្រ​ជាមួយនឹង​ព្រះវរបិតា​សួគ៌

អ្នក​ប្រហែល​ជា​អាច​គិត​ពី​គ្រា​នានា​នៅក្នុង​ជីវិត​របស់​អ្នក​នៅពេល​អ្នក​ត្រូវការ​ជំនួយ ឬ​ការ​ណែនាំ​ដ៏​ទេវភាព ។ ប្រហែល​ជា​អ្នក​បាន​បាត់បង់​អ្វី​មួយ មាន​សំណួរ​សំខាន់​មួយ ឬ​មាន​បទពិសោធន៍​ពី​តម្រូវ​ការ​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ ។ ហើយ​ពេល​ខ្លះ​អ្នក​ប្រហែល​ជា​បាន​ស្វែងរក​កម្លាំង ឬ​ភាព​ក្លាហាន​ដើម្បី​បន្ត​ឆ្ពោះ​ទៅ​មុខ ។ ការអធិស្ឋាន​គឺ​ជា​ទង្វើ​នៃ​ការ​ងាក​ទៅរក​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ចែកចាយ​ជាមួយនឹង​ទ្រង់​នូវ​អារម្មណ៍ គំនិត និង​សេចក្តី​ត្រូវការ​របស់​អ្នក ។ អព្ភូតហេតុ​នៃ​ការអធិស្ឋាន​គឺ​ថា​នៅ​ពេល​ដែល​អ្នក​អំពាវនាវ​ទៅដល់​ព្រះវរបិតា​សួគ៌ នោះ​ទ្រង់​ឮ​អ្នក ( សូមមើល យេរេមា ២៩:១២-១៣ ) ។ មិន​ថា​អ្នក​ជា​នរណា​ទេ ទោះ​ជា​អ្នក​មាន​កំហុស ឬ​មិន​ល្អឥតខ្ចោះ​ក៏​ដោយ ក៏​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ចង់​ឲ្យ​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ទ្រង់​តាម​រយៈ​ការអធិស្ឋាន ។ សេចក្ដី​ស្រឡាញ់​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​ធានា​ថា​អ្នក​អាច​ប្រាប់​ទ្រង់​នូវ​អ្វីៗគ្រប់យ៉ាង ហើយ​ទ្រង់​នឹង​ចាំ​ស្ដាប់ ។

តើ​ការអធិស្ឋាន​ជា​អ្វី ?

ការអធិស្ឋាន​គឺ​ជា​របៀប​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ព្រះវរបិតា​សួគ៌​ដោយស្មោះ ។ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះ​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ដើម្បី​ស្វែងរក​ការណែនាំ​ពី​ស្ថានសួគ៌​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា « ​អ្នក​រាល់​គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង​ជានិច្ច » ( នីហ្វៃទី៣ ១៨:១៩ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ការអធិស្ឋាន

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ ព្រះ​ជាព្រះវរបិតា, ការថ្វាយ​បង្គំ​ព្រះជា​ព្រះវរបិតា, វិវរណៈ​ផ្ទាល់​ខ្លួន, ការតម​អាហារ, ការរស់​នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ១

ព្រះ​អញ្ជើញ​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​ជានិច្ច

បុរស​កំពុង​បើកបរ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពួកអ្នក​ដើរ​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ដល់​ព្រះ​ជា​ព្រះវរបិតា ( សូមមើល ម៉ាថាយ ៦:៥-១៣; នីហ្វៃទី៣ ១៧:១១-២០ ) ។ ព្រះវរបិតា​សួគ៌​បញ្ជា​យើង​ឲ្យ « អធិស្ឋាន​ជានិច្ច » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:៣៨ ) ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង និង​មាន​បំណង​ប្រាថ្នា​ចង់​ប្រទានពរ​ដល់​យើង ។ ទ្រង់​ចង់​ឲ្យ​យើង​បង្កើត​គំរូ​មួយ​នៃ​ការ​បែរ​ទៅ​រក​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការអធិស្ឋាន ។ ទ្រង់​ក៏​ចង់​ឲ្យ​យើង​បន្ត​អធិស្ឋាន​ក្នុង​ចិត្ត​ពេញ​មួយ​ថ្ងៃ​ផងដែរ ( សូមមើល ម៉ូសាយ ២៤:១១-១២; នីហ្វៃទី៣ ២០:១ ) ។ នៅពេល​យើង​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល នីហ្វៃទី៣ ១៨:១៩; ១៩:៦ ) នោះ​យើង​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្រ្គោះ​របស់​យើង និង​ឆន្ទៈ​របស់​យើង​ដើម្បី​ធ្វើ​តាម​ទ្រង់ ។ ហេតុ​ដូច្នេះ​ហើយ យើង​និយាយ​ដោយ​គាវរភាព​នូវ​ព្រះនាម​របស់​ព្រះអម្ចាស់​នៅ​ពេល​យើង​បិទ​ការអធិស្ឋាន​ដោយ​និយាយ​ថា « នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន » ។

ពីព្រោះ​ការអធិស្ឋាន​គឺ​ជា​របៀប​ដែល​យើង​ខិត​ទៅ​ជិត​ព្រះ​ជា​ព្រះវរបិតា យើង​ព្យាយាម​ប្រើ​ពាក្យ​ដែល​បង្ហាញ​ពី​ភាព​ស្មោះ និង​ការ​គោរព ។ ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់ ៖ « ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ‹ វា​ជា​ការណ៍​ដ៏​អស្ចារ្យ​ដើម្បី​ទូលសួរ​ក្នុង​ព្រះហស្ដ​នៃ​ព្រះ ឬ​ចូល​មក​នៅក្នុង​ទីវត្តមាន​របស់​ទ្រង់ › ។ … ភាសា​ពិសេស​នៃ​ការអធិស្ឋាន​រំឭក​យើង​អំពី​ភាពអស្ចារ្យ​នៃ​អភ័យ​ឯកសិទ្ធិ​នោះ » ។ ដោយ​ភាព​ពិសិដ្ឋ​នៃ​ការអធិស្ឋាន​នៅក្នុង​ដួងចិត្ត យើង​គួរតែ​ប្រើ « ពាក្យ​សព្វនាម​នៃ​ព្រះគម្ពីរ​នៅពេល​យើង​និយាយ​ទៅកាន់​ព្រះ—ព្រះអើយ ទ្រង់ និង​របស់​ព្រះ និង​នៃ​ទ្រង់ ជាជាង​ប្រើ​ពោលពាក្យ​សព្វនាម​ដែល​សាមញ្ញ​ទូទៅ អ្នក និង​របស់​អ្នក » តាម​ដែល​សមរម្យ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែប ស្ម៊ីធ ថា « ចូរ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន មែន​ហើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​របស់​អារក្ស​សាតាំង ដែល​ទ្រ​ទ្រង់​កិច្ចការ​របស់​វា​នោះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០:៥ ) ។ តើ​ការអធិស្ឋាន​ជានិច្ច​មាន​ន័យ​ដូចម្តេច ? តើ​មូលហេតុ​អ្វីខ្លះ​ដែល​យើង​ម្នាក់ៗ​ត្រូវការ​ការការពារ​ខាងវិញ្ញាណ​មកពី​ព្រះវរបិតា​សួគ៌ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ព្រះគម្ពីរ​មាន​នូវ​គំរូ​នៃ​ការអធិស្ឋាន​ជាច្រើន ។ សូម​អាន នីហ្វៃទី២ ៤:៣០-៣៥ និង អាលម៉ា ៣៤:១៧-២៧ ជាមួយ​អ្នក​ដទៃ​ដោយ​ស្វែងរក​ការ​ណែនាំ​អំពី​ពេលណា​យើង​គួរ​អធិស្ឋាន និង​យើង​គួរ​អធិស្ឋាន​សម្រាប់​អ្វី ។ តើ​លំនាំ​នៃ​ការអធិស្ឋាន​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​វគ្គគម្ពីរ​ទាំង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​ជ្រើស​រើស​ដើម្បី​អធិស្ឋាន ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ការអធិស្ឋាន​ដ៏​ស្មោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ឪពុក​កំពុង​បី​ទារក

ជួនកាល​នៅពេល​យើង​អធិស្ឋាន យើង​អាច​រក​ឃើញ​ថា​ខ្លួន​យើង​ប្រើ​ពាក្យ ឬ​ឃ្លា​ដូច​គ្នា​ច្រំដែលៗ ។ តើ​អ្នក​អាច​ស្រមៃ​ថា​អ្នក​អាច​ប្រើ​ភាសា​តាម​ទម្លាប់ ឬ​គ្មាន​ន័យ​គ្រប់​ពេល​ដែល​អ្នក​ទៅ​លេង​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​បាន​ទេ ? ការ​ខិតខំ​របស់​យើង​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ដោយ​ស្មោះ​ជាមួយ​មនុស្ស​ដទៃ​គួរ​រំឭក​យើង​អំពី​របៀប​និយាយ​ទៅ​កាន់​ព្រះវរបិតា​សួគ៌​នៅ​ក្នុង​ការអធិស្ឋាន ។ ព្រះ​សព្វព្រះទ័យ​ឲ្យ​យើងអធិស្ឋាន​ដោយ​ស្មោះ​ត្រង់ ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន ព្យាការី អេណុស « បាន​ប្លុង​ព្រលឹង [ របស់​លោក ] ទាំង​មូល​ទៅ​ព្រះ » ក្នុង​ការអធិស្ឋាន​ស្វែងរក​ពរ ( អេណុស ១:៩ ) ។ តាម​របៀប​ស្រដៀងគ្នា​នេះ យើង​បែរទៅ​រក​ព្រះ​សម្រាប់​ពរជ័យ​ជាក់លាក់​ទាំង​សម្រាប់​ខ្លួនយើង និង​សម្រាប់​អ្នកដទៃ ។

ដោយ​នៅក្នុង​ទម្រង់​នៃ​ការ​ថ្វាយ​បង្គំ ការអធិស្ឋាន​មាន​អំណាច​ដើម្បី​ទាញ​យើង​ឲ្យ​នៅ​ជិត​ព្រះវរបិតា​សួគ៌ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦២-៦៤ ) ។ នៅពេល​ការអធិស្ឋាន​ដោយ​ស្មោះ​គួបផ្សំ​ជាមួយ​នឹង​ការ​តម​អាហារ នោះ​យើង​អាច​ទទួល​បាន​នូវ​វិញ្ញាណ​នៃ​វិវរណៈ ហើយ​ចិត្ត​របស់​យើង​អាច​បាន​បរិសុទ្ធ និង​បាន​ញែកចេញ​ជា​បរិសុទ្ធ ( សូមមើល អាលម៉ា ១៧:៣; ហេលេមិន ៣:៣៥ ) ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សាវក​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ « អធិស្ឋាន​ឥត​ឈប់​ឈរ » និង « អរ​ព្រះគុណ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់ » ( ថែស្សាឡូនីច ទី១ ៥:១៧-១៨ ) ។ តើ​ការ « អធិស្ឋាន​ឥត​ឈប់​ឈរ » មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? ហេតុអ្វី​ការ​មាន​អារម្មណ៍​ដឹងគុណ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការអធិស្ឋាន ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​ដោយ​ស្មោះ​ត្រង់​ក្លាយ​ជាផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ខិតចូល​ទៅ​ជិត​ព្រះវរបិតា​សួគ៌ ?

  • ព្រះវរបិតា​សួគ៌​ស្ដាប់ឮ ហើយ​ឆ្លើយតប​រាល់​ការអធិស្ឋានដោយ​ស្មោះត្រង់​ទាំងអស់ ។ ការអធិស្ឋាន​ខ្លះ​នៅ​ក្នុង​ចិត្ត ខ្លះទៀតដោយ​ការ​និយាយ​ឮៗ ។ សូម​អាន​គំរូ​នៃ​ការអធិស្ឋានឮៗ​ខាងក្រោម ៖ ម៉ាថាយ ២៦:៣៩-៤៤; យ៉ូហាន ១៧:១; នីហ្វៃទី២ ៤:២៤; អេណុស ១:៤; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤ ។ តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​នឹង​ការអធិស្ឋាន​ឮៗ ? តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ​ដែល​មាន​ប្រយោជន៍​អំពី​ការអធិស្ឋាន​ឮៗ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន ឬ​មើល « បំណងប្រាថ្នា​ដ៏ស្មោះ​របស់​ព្រលឹង » ដោយ​ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី ។ នៅក្នុង​សារលិខិត​នេះ ស៊ីស្ទើរ ម៉ាកខន់ឃី បាន​មាន​ប្រសាសន៍​ថា « ដោយ​មាន​សេចក្តី​ជំនឿ យើង​អធិស្ឋាន យើង​ស្តាប់ ហើយ​យើង​គោរព​តាម ដើម្បី​យើង​អាច​រៀន​ហើយ​ក្លាយជា​តែមួយ​ជាមួយនឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា » ។ ពិភាក្សា​អំពី​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​បាន​រៀន​ចេញពី​សារលិខិត​នេះ ។ តើ​ការអធិស្ឋាន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេល​វេលា​ដែល​បាន​ចំណាយ​ជាមួយនឹង​ព្រះវរបិតា​សួគ៌​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ៣

ព្រះវរបិតា​សួគ៌​ស្ដាប់ឮ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក ។

ក្មេងស្រី​កំពុង​អធិស្ឋាន​នៅ​ពេល​ញ៉ាំ​អាហារ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ព្រះ​ស្តាប់ឮ​ការអធិស្ឋាន​របស់​អ្នក​ដែរ​ឬ​ទេ ? ព្រះវរបិតា​សួគ៌​តែងតែ​ស្តាប់ឮ និង​ឆ្លើយតប​ការធិស្ឋាន​ដោយ​ស្មោះត្រង់​របស់​យើង ៖ « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ( ម៉ាថាយ ៧:៧ ) ។ ប៉ុន្តែ​ព្រះអម្ចាស់​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​យើង​តាម​បំណង និង​ពេលវេលា​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ៧:៣៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៣១-៣២ ) ។

« ការអធិស្ឋាន​គឺ​ជា​ទង្វើ​ដែល​បំណង​របស់​ព្រះវរបិតា និង​បំណង​របស់​បុត្រ​ត្រូវ​បាន​នាំ​មក​នូវ​ការឆ្លើយឆ្លង​គ្នាទៅ​វិញ​ទៅ​មក ។ កម្មវត្ថុ​នៃ​ការអធិស្ឋាន​គឺ​មិន​មែន​ដើម្បី​ផ្លាស់​ប្ដូរ​បំណង​របស់​ព្រះ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ធានា​ដល់​ខ្លួន​យើង និង​សម្រាប់​ពរជ័យ​របស់​អ្នក​ដទៃ​ដែល​ព្រះ​មាន​បំណង​ប្រទាន​ឲ្យ​រួច​ទៅ​ហើយ ប៉ុន្តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លក្ខខណ្ឌ​លើ​ការ​សុំ​របស់​យើង​ចំពោះពរ​ជ័យទាំងនោះ » ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • តើ​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​នៅក្នុង​ដួងចិត្តអ្នក​គឺជា​អ្វី ? តើ​ការស្វែងរក​ដើម្បី​ធ្វើតាម​ព្រះរាជ​បំណង​របស់​ព្រះ​កំណត់​បំណង​ប្រាថ្នា និង​ការអធិស្ឋាន​របស់​អ្នក​តាម​របៀបណា ?

  • ជាធម្មតា ព្រះ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​ខ្លះ​ការអធិស្ឋាន​របស់​យើង​ត្រូវ​បាន​ឆ្លើយ​នៅ​ពេល​យើង​អាន និង​សិក្សា​អំពី​ព្រះគម្ពីរ ។ ព្រះ​ក៏​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ដទៃ​ដើម្បី​ផ្ដល់​ជំនួយ ឬ​ចម្លើយ​ដែល​យើង​ស្វែងរក​ផង​ដែរ ។ សូម​អាន​វគ្គបទ​គម្ពីរ​ខាង​ក្រោម​នេះ​ដើម្បី​ពិចារណា​អំពី​វិធី​មួយ​ចំនួន​ដែល​ការប្រាស្រ័យ​ទាក់ទង​មកពី​ព្រះ​អាច​មាន​ដល់​អ្នក​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ៖ ពង្សាវតារក្សត្រ ទី១ ១៩:១២; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣; ១១:១១–១៤ ។ តើ​អ្នក​បាន​ស្គាល់​ថា​ព្រះ​បាន​ឮ​ការអធិស្ឋាន​របស់​អ្នក​នៅ​ពេល​ណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • ជាមួយ​ក្រុម​របស់​អ្នក សូម​រាយ​បញ្ជី​ពី​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។ សូម​ពិភាក្សា​សំណួរ​ថា « ហេតុ​អ្វី​ពេល​ខ្លះ​យើង​ពិបាក​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ដោយ​មាន​ប្រសិទ្ធភាព​ជាមួយនឹង​ព្រះវរបិតា​សួគ៌​របស់​យើង ? សូម​អាន នីហ្វៃទី៣ ១៤:៧-១១ ជាមួយ​គ្នា ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះរាជបំណង​របស់​ព្រះវរបិតា​សួគ៌​ក្នុងការ​ឆ្លើយ​តប​ទៅនឹង​ការអធិស្ឋាន​របស់​យើង ?

ស្វែង​យល់​បន្ថែម​ទៀត

  • គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៦៣–៦៥; ១១២:១០

  • ថូម៉ាស អេស ម៉នសុន « Come unto Him in Prayer and Faith » Ensign ខែ មីនា ឆ្នាំ ២០០៩ ទំព័រ ៥–៩

  • « Prayer »​( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ

  • រីឆាដ ជី ស្កត « Learning to Recognize Answers to Prayer » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ៣០–៣២

  • ជេមស៍ ប៊ី ម៉ាទីណូ « Turn to Him and Answers Will Come » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥, ទំព័រ ៥៨–៦០

  • « Are You Really There? » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « The Language of Prayer » Ensign ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ១៨ ។

  2. ប្រធានបទ​ដំណឹងល្អ « ការអធិស្ឋាន » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  3. ខារ៉ុល អេហ្វ ម៉ាកខន់ឃី « The Soul’s Sincere Desire » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ២៥ ។

  4. Bible​Dictionary « Prayer » ។