« ថ្វាយបង្គំព្រះជាព្រះវរបិតា » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អ
ថ្វាយបង្គំព្រះជាព្រះវរបិតា
បង្ហាញអំពីសេចក្ដីស្រឡាញ់ និងការតាំងចិត្តរបស់យើងចំពោះព្រះ
នៅពេលព្រះយេស៊ូវត្រូវបានគេសួរថាតើបញ្ញត្តិធំជាងគេបំផុតគឺជាអ្វី នោះទ្រង់បានមានបន្ទូលថា « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង » ( ម៉ាថាយ ២២:៣៧ ) ។ ព្រះយេស៊ូវបានបង្ហាញយ៉ាងល្អឥតខ្ចោះពេញមួយជីវិតរមែងស្លាប់របស់ទ្រង់អំពីរបៀបស្រឡាញ់ព្រះជាព្រះវរបិតា ។ ទ្រង់បានធ្វើ « តាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ( នីហ្វៃទី៣ ១១:១១ ) ។ នៅពេលដែលអ្នកឈប់ដើម្បីគិតអំពីរបៀបដែលព្រះវរបិតាសួគ៌បានធ្វើសម្រាប់អ្នក នោះអ្នកនឹងរកឃើញថាសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់ និងបំណងប្រាថ្នារបស់អ្នកក្នុងការគោរពតាមទ្រង់កើនឡើង ( សូមមើល ម៉ូសាយ ២:២០-២៤ ) ។ ការថ្វាយបង្គំគឺជាវិធីដ៏សំខាន់មួយដែលយើងបង្ហាញនូវការដឹងគុណរបស់យើងចំពោះសេចក្ដីស្រឡាញ់របស់ព្រះវរបិតា ហើយបង្ហាញថាយើងព្យាយាមដើម្បីខិតទៅជិតនឹងទ្រង់ ។
តើការថ្វាយបង្គំព្រះវរបិតាសួគ៌មានន័យយ៉ាងដូចម្តេច ?
ដើម្បីថ្វាយបង្គំព្រះគឺប្រទានដល់ទ្រង់នូវសេចក្ដីស្រឡាញ់ ការគោរពប្រតិបត្តិ គារវភាព ការបម្រើ ការសរសើរតម្កើង ការដឹងគុណ និងការលះបង់របស់យើង ។ ព្រះវរបិតាសួគ៌បង្គាប់បុត្រាបុត្រីរបស់ទ្រង់ឲ្យថ្វាយបង្គំជាមួយនឹងអ្នកជឿដទៃទៀត ហើយក៏ថ្វាយបង្គំជាលក្ខណៈឯកជនផងដែ រ។ កិច្ចខិតខំក្នុងការថ្វាយបង្គំរបស់យើង មិនត្រឹមតែបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងការប្តេជ្ញាចិត្តរបស់យើងចំពោះទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់កម្លាំងដល់យើងដើម្បីរក្សាព្រះបញ្ញត្តិរបស់ទ្រង់ផងដែរ ។
ទិដ្ខភាពទូទៅនៃប្រធានបទ ៖ ថ្វាយបង្គំ
មគ្គុទ្ទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ ព្រះជាព្រះវរបិតា, ការអធិស្ឋាន, ពិធីសាក្រាម៉ង់, ព្រះវិហារបរិសុទ្ធ, ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ផ្នែកទី ១
យើងថ្វាយបង្គំព្រះជាព្រះវរបិតានៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ
ព្រះជាព្រះវរបិតាគឺជាព្រះដ៏ខ្ពង់ខ្ពស់បំផុតនៃសកលលោក ។ ដូចនេះទ្រង់បានបង្កើតផែនការមួយសម្រាប់សេចក្តីសង្គ្រោះ និងភាពតម្កើងឡើងនៃបុត្រាបុត្រីរបស់ទ្រង់ ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មកកាន់ផែនដីដើម្បីធ្វើពលិកម្មដ៏ធួនមួយសម្រាប់យើងទាំងអស់គ្នា ។ ដើម្បីទទួលបានពរពីផែនការរបស់ព្រះវរបិតា យើងត្រូវតែជឿលើទ្រង់ ហើយខិតខំធ្វើអ្វីៗគ្រប់យ៉ាងដែលទ្រង់បញ្ជា ។
ម៉ូសេត្រូវបានបញ្ជាឲ្យ « ថ្វាយបង្គំដល់ព្រះ ព្រោះអ្នកត្រូវបម្រើទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ » ( ម៉ូសេ ១:១៥ ) ។ ជាច្រើនសតវត្សរ៍ក្រោយមកនៅពេលអារក្សមកល្បួងព្រះយេស៊ូវឲ្យថ្វាយបង្គំវា នោះព្រះយេស៊ូវបានឆ្លើយតបថា « ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ » ( សូមមើល ម៉ាថាយ ៤:៨-១០ ) ។ ចាប់តាំងពីដើមមក ព្រះវរបិតាបានបង្គាប់បុត្រាបុត្រីរបស់ទ្រង់ឲ្យ « ធ្វើអ្វីៗទាំងអស់ដែលអ្នកធ្វើដោយនូវព្រះនាមនៃព្រះរាជបុត្រា » ( ម៉ូសេ ៥:៨ ) ។ នៅសម័យរបស់យើង យ៉ូសែប ស្ម៊ីធ ត្រូវបានបង្គាប់ថា « ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើ [ ទ្រង់ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៥ ) ។
ការដាក់ព្រះវរបិតាសួគ៌ជាអាទិភាពដ៏ធំបំផុតនៅក្នុងជីវិតរបស់យើង ជួយយើងឲ្យខិតទៅជិតទ្រង់ ។ ព្រះបានបង្កាប់ឲ្យកូនចៅអ៊ីស្រាអែល « កុំឲ្យមានព្រះឯណាទៀតនៅចំពោះយើងឲ្យសោះ » ( និក្ខមនំ ២០:៣ ) ។ ការថ្វាយបង្គំរូបព្រះដែលបាននិយាយនៅក្នុងព្រះគម្ពីរកើតឡើងនៅសព្វថ្ងៃនេះ នៅពេលដែលយើងចាត់ទុករបស់របរ ឬមនុស្សសំខាន់ជាងព្រះ និងសំខាន់ជាងការរក្សាបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល និក្ខមនំ ២០:៤–៥; គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៥-១៦ ) ។ ផ្ទុយទៅវិញនៅពេលយើងបង្ហាញព្រះថាយើងស្រឡាញ់ទ្រង់ដោយអស់ពីចិត្តដូចទ្រង់ស្រឡាញ់យើង នោះយើងមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់ ហើយយើងកាន់តែប្រែក្លាយដូចជាទ្រង់ ។ វិធីដ៏សំខាន់បំផុតដែលយើងអាចថ្វាយបង្គំព្រះជាព្រះវរបិតាបានគឺ មករកព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្ដីជំនឿ និងការប្រែចិត្ត ហើយខិតខំដើរតាមផ្លូវដែលនាំទៅរកជីវិតដ៏អស់កល្បជានិច្ច ( សូមមើល យ៉ូហាន ១៧:៣ ) ។ អស់អ្នកទាំងឡាយដែលដាក់ព្រះវរបិតាសួគ៌ជាចំណុចសំខាន់នៅក្នុងការថ្វាយបង្គំរបស់ពួកគេ អាចក្លាយទៅដូចជាទ្រង់នៅថ្ងៃណាមួយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១៩-២០ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ការជ្រើសរើសជឿថាមានព្រះវរបិតាសួគ៌ ហើយការទុកចិត្តលើប្រាជ្ញា និងព្រះចេស្តារបស់ទ្រង់គឺចាំបាច់ដើម្បីចូលទៅរកព្រះដោយបន្ទាបខ្លួនក្នុងការថ្វាយបង្គំ ។ សូមអាន ម៉ូសាយ ៤:៩-១០ ។ តើនៅពេលណាដែលជំនឿរបស់អ្នកទៅលើព្រះបានជំរុញអ្នកឲ្យស្វែងរកជំនួយ និងការអភ័យទោសពីទ្រង់ ? ហេតុអ្វីការខិតខំប្រែចិត្ដ និងលះបង់អំពើបាបជាទៀងទាត់ជាទិដ្ឋភាពដ៏សំខាន់នៃការថ្វាយបង្គំដ៏ពិត ?
-
ក្នុងអំឡុងពេលនៃព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយើងអំពីរបៀបថ្វាយបង្គំព្រះវរបិតាសួគ៌ ។ សូមអាន យ៉ូហាន ៥:១៩-២០ ហើយពិចារណាអំពីអ្វីដែលវគ្គបទគម្ពីរនេះបង្រៀនអំពីការថ្វាយបង្គំ ។ តើយើងរៀនអ្វីខ្លះអំពីកិច្ចការរបស់ព្រះវរបិតា និងព្រះរាជបុត្រា ? តើការសិក្សាអំពីកិច្ចការរបស់ព្រះដូចដែលបានកត់ត្រានៅក្នុងបទគម្ពីរនេះនឹងរៀបចំឲ្យអ្នកថ្វាយបង្គំទ្រង់ដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមមើលវីដេអូ « I Am a Son of God » ( នាទីទី ៦:៣០ ) ។ ចូរពិភាក្សាអំពីអ្វីដែលមនុស្សគ្រប់គ្នាមានអារម្មណ៍នៅពេលពួកគេបានរៀនអំពីបទពិសោធន៍ដ៏ពិសិដ្ឋរបស់ម៉ូសេជាមួយនឹងព្រះ ។ តើការដាក់អាទិភាពខ្ពស់បំផុតរបស់យើងលើការស្រឡាញ់ព្រះអាចការពារយើងពីការល្បួងដោយរបៀបណា ? តើការខិតខំប្រឹងប្រែងរបស់យើងដើម្បីង្វាយបង្គំព្រះរៀបចំយើងឲ្យប្រឈមមុខនឹងការលំបាកដោយរបៀបណា ?
ស្វែងយល់បន្ថែមទៀត
-
ម៉ាថាយ ៦:២៤; យ៉ូហាន ១៤:៦-៩, ២៣; នីហ្វៃទី២ ៩:៣៧; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១៧-១៩, ២៩
-
ដាល្លិន អេក អូក « No Other Gods » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧២–៧៥
-
« Thou Shalt Have No Other Gods before Me » Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០១១), ទំព័រ ១៤៥-១៥៣
ផ្នែកទី ២
អ្នកអាចទទួលបានកម្លាំងខាងវិញ្ញាណនៅពេលអ្នកចូលរួមជាមួយអ្នកដទៃដើម្បីថ្វាយបង្គំព្រះ
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រមូលផ្តុំគ្នាជារៀងរាល់សប្តាហ៍នៅក្នុងក្រុមជំនុំក្នុងមូលដ្ឋាន ដើម្បីអធិស្ឋាន ទទួលទានសាក្រាម៉ង់ ច្រៀងទំនុកតម្កើង រៀនដំណឹងល្អ និងពង្រឹងមិត្តភាពរបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។ ព្រះអម្ចាស់ទ្រង់បានបង្គាប់ពួកបរិសុទ្ធឲ្យ « ទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់របស់អ្នកឡើងនៅថ្ងៃបរិសុទ្ធរបស់យើងចុះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩ ) ។ សន្និសីទទូទៅដែលបានធ្វើឡើងពីរដងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍សំខាន់ដែលថ្នាក់ដឹកនាំសាសនាចក្រផ្ដល់នូវការណែនាំដ៏បំផុសគំនិតសម្រាប់សមាជិកទូទាំងពិភពលោកនៃសាសនាចក្រ ។ ការចូលរួមក្នុងសេវាកម្មសាសនាចក្រដែលបានរៀបចំឡើងត្រូវបានចាត់ទុកថាជាវិធីដ៏សំខាន់មួយដើម្បីថ្វាយបង្គំព្រះជាព្រះវរបិតា ។
ក្រៅពីការថ្វាយបង្គំនៅថ្ងៃឈប់សម្រាក សមាជិកសាសនាចក្រក៏ថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ នៅក្នុងដំណាក់របស់ព្រះអម្ចាស់ សមាជិកសាសនាចក្រទទួលពិធីបរិសុទ្ធបព្វជិតភាពដែលរៀបចំពួកគេសម្រាប់ជីវិតដ៏អស់កល្បជានិច្ច ។ ការចុះ និងការរក្សាសេចក្ដីសញ្ញាដែលទាក់ទងនឹងពិធីបរិសុទ្ធទាំងនោះ រៀបចំយើងឲ្យទាក់ទងជាមួយនឹងព្រះ មានន័យថាយើងអាចមានអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ និងទទួលបានសេចក្ដីសុខសាន្ត កម្លាំង និងសូម្បីតែវិវរណៈផ្ទាល់ខ្លួនផងដែរ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ព្រះគម្ពីរមរមនរៀបរាប់អំពីរបៀបដែលសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទបានប្រមូលផ្តុំគ្នាដើម្បីថ្វាយបង្គំរួមគ្នា ។ សូមអាន មរ៉ូណៃ ៦:៥–៩ ។ តើគំរូនៃការថ្វាយបង្គំរបស់ពួកគេស្រដៀងទៅនឹងអ្វីដែលសមាជិកនៃសាសនាចក្រសព្វថ្ងៃនេះធ្វើតាមរបៀបណាខ្លះ ? តើអ្នកនឹងរៀបរាប់ពីពរជ័យនៃការថ្វាយបង្គំនៅថ្ងៃឈប់សម្រាកដល់នរណាម្នាក់ដែលអ្នកចង់អញ្ជើញទៅសាសនាចក្រដោយរបៀបណា ?
-
នៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់នៅក្នុង ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស្ម៊ីធ បានអធិស្ឋានថា « សូមឲ្យមនុស្សទាំងអស់ ដែលនឹងចូលមកលើធរណីទ្វារនៃដំណាក់នៃព្រះអម្ចាស់ អាចបានជ្រាបយល់នូវព្រះចេស្ដា [ របស់ទ្រង់ ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៣ ) ។ តើការឆ្លៀតពេលដើម្បីថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់បានជួយអ្នកឲ្យទទួលពិសោធន៍នូវអារម្មណ៍នៃព្រះចេស្តារបស់ព្រះនៅពេលណា ?
-
សូមពិនិត្យមើលសារលិខិត « The Blessings of Worship » ដោយប៊ីស្សព ឌីន អិម ដេវីស ដោយស្វែងរកថាតើការថ្វាយបង្គំដ៏ស្មោះអាចជួយអ្នកឲ្យរីកចម្រើនក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។ ពេលអ្នកអានសុន្ទរកថា តើអ្នកមានគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះអំពីការខិតខំរបស់អ្នកផ្ទាល់ដើម្បីថ្វាយបង្គំ ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ព្រះយេស៊ូវគ្រីស្ទបានបង្កើតសាសនាចក្ររបស់ទ្រង់នៅក្នុងជំនាន់របស់យើង ដើម្បីប្រទានពរដល់អ្នកដើរតាមទ្រង់ ។ ប្រធាន ដាល្លិន អេក អូក បានពិភាក្សាអំពីតម្រូវការសម្រាប់សាសនាចក្រនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងនៅក្នុងសន្និសីទទូទៅកាលពី ខែ តុលា ឆ្នាំ ២០២១ ។ សូមពិនិត្យឡើងវិញនូវ « The Need for a Church » ជាមួយគ្នាដោយរកមើលនូវពរជ័យមួយចំនួនដែលបានមកពីការថ្វាយបង្គំជាមួយអ្នកជឿដទៃទៀត ។ តើមានហេតុផលអ្វីខ្លះដែលការចូលរួមក្នុងកម្មវិធីថ្វាយបង្គំនៅសាសនាចក្រគឺមានសារៈសំខាន់សម្រាប់ការរីកចម្រើន និងការលូតលាស់ខាងវិញ្ញាណរបស់បុគ្គលម្នាក់ ?
ស្វែងយល់បន្ថែមទៀត
-
កូរិនថូស ទី១ ១១:២៥-២៨; ១២:២០-២៧; អេភេសូរ ២:១៩-២២; ៤:១១-១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១១-១២; ៤៣:៨–១០; ៨៨:៧៧–៧៨
-
រ័សុល អិម ណិលសុន « Worshiping at Sacrament Meeting » Liahona ខែសីហា ឆ្នាំ ២០០៤ ទំព័រ ១១–១៤
-
រីឆាដ ជី ស្កត « “Temple Worship: The Source of Strength and Power in Times of Need » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៣-៤៥
-
ដាល្លិន អេក អូក « Worship through Music » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៩–១២
-
« Sacrament Worship » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org
ផ្នែកទី ៣
ការថ្វាយបង្គំព្រះអាចក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកបាន
ព្យាការីព្រះគម្ពីរមរមន អាលម៉ា បានផ្សាយដំណឹងល្អក្នុងចំណោមបណ្តាជនក្រីក្រថ្នាក់ទាប ពួកជនទាំងនោះត្រូវបានគេបណ្ដេញចេញពីការថ្វាយបង្គំជាសាធារណៈ « ដោយព្រោះសំលៀកបំពាក់របស់គេពុំល្អ » ( អាលម៉ា ៣២:២; សូមមើលផងដែរ ខទី ១-១២ ) ។ លោកបានពន្យល់ថាការថ្វាយបង្គំ គឺលើសពីការគ្រាន់តែចូលរួមប្រជុំ ៖ « មើលចុះ អ្នករាល់គ្នាបាននិយាយថា អ្នកមិនអាចថ្វាយបង្គំដល់ព្រះរបស់អ្នក ពីព្រោះអ្នករាល់គ្នា ត្រូវគេបណ្ដេញចេញពីសាលាប្រជុំទាំងឡាយរបស់អ្នក ។… បើសិនជាអ្នកគិតស្មានថា អ្នករាល់គ្នាពុំអាចថ្វាយបង្គំព្រះ នោះអ្នករាល់គ្នាគិតខុសយ៉ាងធំ » ( អាលម៉ា ៣៣:២ ) ។ ក្រៅពីការថ្វាយបង្គំជាទៀងទាត់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃសាសនាចក្រ នោះអ្នកអាចដកពិសោធន៍នូវអារម្មណ៍នៃការថ្វាយបង្គំព្រះនៅក្នុងគ្រប់អ្វីៗទាំងអស់ដែលអ្នកធ្វើ ។ អ្នកអាចចិញ្ចឹមបីបាច់នូវអាកប្បកិរិយានៃការថ្វាយបង្គំនៅពេលអ្នកបែរទៅរកព្រះវរបិតាសួគ៌ក្នុងការអធិស្ឋាន ( សូមមើល អាលម៉ា ៣២:៣-១១; ៣៧:៣៦ ) និងនៅពេលដែលអ្នកថ្លែងអំណរគុណចំពោះពរជ័យរបស់អ្នក ( សូមមើល អាលម៉ា៣៤:៣៨ ) ។ ការស្ដាប់តន្ត្រីដែលលើកស្ទួយអាចរៀបចំអ្នកឲ្យទាក់ទងជាមួយនឹងព្រះបាន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១២ ) ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
ស្ត្រីសាម៉ារី នៅឯអណ្តូងនោះបានគិតថាការថ្វាយបង្គំអាចធ្វើបានតែនៅទីតាំងពិសិដ្ឋប៉ុណ្ណោះ ។ សូមអាន យ៉ូហាន ៤:១៩-២៦ ។ តើព្រះយេស៊ូវបានបង្រៀនស្ដ្រីម្នាក់នេះអំពីការថ្វាយបង្គំពិតយ៉ាងដូចម្ដេច ? តើតាមរបៀបណាខ្លះដែលអ្នកអាចចិញ្ចឹមបីបាច់នូវអារម្មណ៍នៃការថ្វាយបង្គំព្រះក្នុងជីវិតរបស់អ្នកបាន ?
-
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានចែកចាយថា « វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះខ្ញុំ ដែលខ្ញុំត្រូវទៅកាន់ព្រះបល្ល័ង្កនៃព្រះគុណតាមរយៈការអធិស្ឋានគ្រប់គ្រា និងគ្រប់កាលៈទេសៈ ដែលព្រះវរបិតាសួគ៌របស់ខ្ញុំស្ដាប់ឮការទូលសុំរបស់ខ្ញុំ ដែលព្រះអង្គគាំទ្ររបស់ខ្ញុំ ជាអង្គដែលគ្មានអំពើបាប បានបង្ហូរព្រះលោហិតរបស់ទ្រង់ នឹងទូលអង្វរសម្រាប់បុព្វហេតុរបស់ខ្ញុំ » ។ តើការបង្វែរទៅរកព្រះអង្គសង្រ្គោះជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំព្រះវរបិតាសួគ៌ដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ការស្ដាប់តន្ត្រីល្អអាចជួយយើងអភិវឌ្ឍបំណងប្រាថ្នាដើម្បីថ្វាយបង្គំព្រះបាន ។ ទំនុកបទលើកតម្កើងអាចបង្វែរគំនិតរបស់យើងទៅរកព្រះវរបិតាសួគ៌ និងពរជ័យដែលទ្រង់បានប្រទានដោយក្ដីមេត្តាករុណា ។ សូមធ្វើបញ្ជីចម្រៀងដែលបានជួយអ្នកឲ្យមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះ ។ សូមពិភាក្សាជាមួយគ្នាអំពីមូលហេតុដែលអាចកើតមានមួយចំនួន ដែលថាហេតុអ្វីបានជាព្រះចាត់ទុក « បទចម្រៀងនៃពួកសុចរិត » ថាដូចជាការអធិស្ឋាន ( គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:១២ ) ។
ស្វែងយល់បន្ថែមទៀត
-
« Elements of Worship » Teachings of Presidents of the Church: David O. McKay ( ឆ្នាំ ២០១១ ) ទំព័រ ២៩–៣៧