២០១៨
អ្វី​ជា​ការស្តារឡើង​វិញ មូលហេតុ និង​របៀប ៖ ការពិពណ៌នា​លម្អិត​អំពី​ការស្តារ​ឡើង​វិញ
April 2018


អ្វី​ជា​ការស្តារឡើង​វិញ មូលហេតុ និង របៀប ៖ ការពិពណ៌នា​លម្អិត​អំពី​ការស្តារ​ឡើង​វិញ

ដើម្បី​បង្រៀន​ដំណឹង​ល្អ អ្នក​ត្រូវតែ​អាច​ពន្យល់​អំពី ការក្បត់​សាសនា គ្រាកាន់កាប់ត្រួតត្រា និង​ការស្តារ​ឡើង​វិញ ។ តារាង​នេះ​អាច​ជួយ​បាន ។

a breakdown of the restoration 1
a breakdown of the restoration 2

ឧបមា​ថា អ្នក​កំពុង​ធ្វើ​ដំណើរ​រយៈពេល​មួយ​សប្តាហ៍​ពេញ ទៅ​មាត់​សមុទ្រ​ជាមួយ​គ្រួសារ​មិត្តភក្តិ​របស់​អ្នក ។ អ្នក​មាន​ភាពរីករាយ​ច្រើន ប៉ុន្តែ​អ្នក​កំពុង​ចាប់ផ្តើម​នឹក​គ្រួសារ​របស់​អ្នក​ផ្ទាល់ ។ បន្ទាប់មក​ឪពុក​របស់​អ្នក​បាន​ផ្ញើសារ​មក​អ្នកដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​អ្នក — វា​ជា​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​មាន​អារម្មណ៍​ថា​គេ​ស្រឡាញ់ និង​ចងចាំ ។

ជីវិត​នៅលើ​ផែនដី​នេះ​មាន​សភាព​ដូចនោះ​បន្តិចបន្តួច​ដែរ ។ ព្រះ​ពុំផ្ញើសារឲ្យ​យើង​ឡើយ ប៉ុន្តែ​យើង​នៅ​ឆ្ងាយ​ពី​ផ្ទះសួគ៌ា​របស់​យើង ដូច្នេះ​របៀប​មួយ​ដែល​ព្រះវរបិតាសួគ៌​ថ្លែង​ពី​សេចក្តីស្រឡាញ់របស់​ទ្រង់​សម្រាប់​ពួកយើង​គឺ​តាមរយៈ​ការបញ្ជូន​ពួកព្យាការី ។

គ្រា​កាន់​កាប់​ត្រួតត្រា

prophets called of God

រចនា​រូបភាព​ដោយ ប៊ែន ស៊ីម៉ុនសិន

ពួកព្យាការី​ដឹកនាំ​អ្វី​មួយ​ដែល​ហៅថា គ្រា​កាន់​កាប់​ត្រួតត្រា ជារយៈពេល​ដែល​ ( ១ ) ព្រះ​មាន​អ្នកដឹកនាំ​បព្វជិតភាព​យ៉ាងហោច​ណាស់​ម្នាក់ ​ដែល​មាន​សិទ្ធិ​អំណាច​នៅលើ​ផែនដី និង ( ២ ) អ្នកដឹកនាំ ​ដែល​ជា​ព្យាការី​នេះ​រៀន​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ដោយ​ផ្ទាល់​ពី​ព្រះ ។ បន្ទាប់​មក​ព្យាការី​បង្រៀន ឬ ចែកចាយ ដំណឹង​ល្អ​ដល់​មនុស្ស ។

ដោយសារ​ព្រះគម្ពីរ នោះ​យើង​ដឹង​អំពី​គ្រា​កាន់​កាប់​ត្រួតត្រា​ជា​ច្រើន ។ គ្រា​កាន់​កាប់​ត្រួតត្រា​សំខាន់​មួយ​ចំនួន​មាន​ដូចជា អ័ដាម, អេណុក, ណូអេ, អ័ប្រាហាំ, ម៉ូសេ, ព្រះយេស៊ូវគ្រីស្ទ និង​ យ៉ូសែប ស៊្មីធ ។ ព្រះអម្ចាស់​បាន​ចាប់ផ្តើម​គ្រា​កាន់​កាប់​ត្រួតត្រា​មួយ​តាមរយៈ​ព្យាការី​ទាំង​នេះ​ម្នាក់​ម្តងៗ ។

ការក្បត់​សាសនា

apostasy cycle

ការក្បត់សាសនា = អំពើ​ទុច្ចរិត ។ នៅពេល​បុគ្គល​ម្នាក់ ឬ​ក្រុម​ណាមួយ​ងាកបែរ​ចេញ​ពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ បដិសេធ​ពួកព្យាការី ហើយ​ធ្លាក់​ទៅក្នុង​អំពើ​បាប នោះ​ពួកគេ​កំពុង​នៅក្នុង​ការក្បត់​សាសនា​ហើយ ។

របៀប​ដែល​ការក្បត់​សាសនា​កើត​ឡើង

ព្រះ​ហៅ​ព្យាការី​ដែល​បង្រៀន​សេចក្តីពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

មនុស្ស​ដែល​ធ្វើ​តាម​ការបង្រៀន​របស់​ព្យាការី​បាន​ទទួលពរ ។

មនុស្ស​មួយ​ចំនួនមានអំនួត ហើយ​បដិសេធ​ព្យាការី ។

ជារឿយៗ ព្រះអម្ចាស់​បាន​ដកយក​ព្យាការី​ទ្រង់​ពី​ប្រជាជន ​ដែល​បដិសេធ​គោលការណ៍​នៃ​ដំណឹង​ល្អ ។

នៅពេល​ណា​មួយ​ត្រឹមត្រូវ ព្រះ​ហៅ​ព្យាការី​ថ្មី​ដើម្បី​ស្តារ​សេចក្តីពិត បព្វជិតភាព និង​សាសនា​ចក្រ​ឡើង​វិញ ។

ការស្តារ​ឡើង​វិញ

restoration

ការស្តារ​ឡើង​វិញ​គឺ​ជា​សកម្មភាព​នៃ​ការត្រឡប់​មក​វិញ​នៃ​អ្វីៗ​ដែល​ជា​លក្ខខណ្ឌ​ដើម​របស់វា ។ វាពុំ​មែន​ជា​ការកែប្រែថ្មី​ ដែល​ផ្លាស់ប្តូរ​អ្វីៗ​ដែល​មាន​ដើម្បី​បង្កើត​អ្វី​មួយ​ថ្មី​ឡើយ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់​ស្តារ​ផ្ទះ​ចាស់​មួយ​ឡើង​វិញ អ្នក​ត្រូវ​សាងសង់​វា​ជា​ថ្មី​ជាមួយ​នឹង​រូបរាង​ដដែល​ដែល​វា​មាន​ពី​ដើម​មក ។ អ្នក​អាច​បន្ថែម​កន្លែង​ឡ​ភ្លើងថ្មី ប៉ុន្តែ​ពេល​នោះ​អ្នក​កំពុង​ផ្លាស់ប្តូរ​ផ្ទះ​នោះ​ហើយ មិនមែន​ស្តារ​វា​ឡើង​វិញ​ទេ ។

ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ចាំបាច់​ត្រូវ​ស្តារ​ឡើង​វិញ ដោយសារ​វា​បាន​បាត់បង់​អំឡុងពេល​ការក្បត់​សាសនា​ដ៏​ធំ ។ មនុស្ស​បាន​រស់នៅ​អស់រយៈពេល​ជា​ច្រើន​សតវត្សរ៍​ដោយ​គ្មាន​ព្រះវិហារ​ពិត ។ ដូច្នេះ​ព្រះអម្ចាស់ បាន​ស្តារ សាសនាចក្រ​ និង​ដំណឹង​ល្អ​របស់​ទ្រង់​តាមរយៈ​យ៉ូសែប ស្ម៊ីធ គឺ​ដូចជា​ព្យាការី​ជំនាន់​បុរាណ​បាន​ព្យាករ ( សូមមើល អេសាយ ២:១–៣; ២៩:១៣–១៤; កិច្ចការ ៣:១៩–២១; វិវរណៈ ១៤:៦–៧; នីហ្វៃ​ទី ២ ៣:៣–១៥ ) ។

ដំណឹងល្អ​ដ៏ពិតនៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​បន្ត​មាន​នៅទីនេះ — ដូច្នេះ​តើ​អ្នក​នឹង​នៅ​ជាមួយ​ដំណឹង​ល្អ​ដែរ​ឬទេ ? ទោះបី​ជា​លោកិយ​នេះ​មាន​អំពើ​ទុច្ចរិត​កាន់តែ​ច្រើន​ឡើងៗ​ក្តី ក៏​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​បន្ត​នៅ​ជា​រៀង​រហូត ។

អ្នក​មាន​ជម្រើស​ដែល​ត្រូវ​សម្រេច​ចិត្ត — ជា​ជម្រើស​ដូចគ្នា​ដែល​បាន​ប្រឈម​មុខ​នឹង​ជីវិត​រមែង​ស្លាប់​ ចាប់តាំង​ពីដើមដំបូងថា ៖ តើ​អ្នក​នឹង​ធ្វើ​តាម​ព្យាការី​ដែរ​ឬ​ទេ ? ប្រសិន​បើ​អ្នក​ធ្វើ​តាម នោះ​អ្នក​នឹង​ទទួល​ពរ ហើយ​មាន​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ។

អ័ដាម

អ័ដាម​ពិត​ជា​អ្នកត្រួសត្រាយ​មួយ​រូប ៖ លោក​គឺ​ជា​មនុស្ស​ដំបូង​គេ​នៅលើ​ផែនដី និង​ជា​ព្យាការី​ដំបូង​គេ ! លោក​បាន​បង្រៀន​គ្រួសារ​លោក​អំពី​ដំណឹង​ល្អ ប៉ុន្តែ​ចាប់តាំង​ពី​ដំបូង​មក​មាន​មនុស្ស​ជាច្រើន « ​បាន​ស្វែងរក​ការ​ទូន្មាន​របស់​ខ្លួន​ក្នុង​សេចក្ដី​ងងឹត » ហើយ​បាន​បដិសេធ​សេចក្តីពិត ( ម៉ូសេ ៦:២៨ ) ។

អេណុក

city taken up to heaven

តើ​អ្នក​ធ្លាប់​បាន​ឮ​ពី​ទីក្រុង​ទាំង​មូល​មួយ​ត្រូវបាន​យក​ទៅ​ស្ថានសួគ៌​ដែរ​ឬ​ទេ ? មែនហើយ ទីក្រុង​ស៊ីយ៉ូន — បាន​ស្ថាបនា​ដោយ​អេណុក — សុចរិត​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប្រជាជន​នោះ​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះ ( សូមមើល ម៉ូសេ ៧:២៣ ) ។

ណូអេ

noahs ark

អ្នក​ដឹង​អំពី​សំពៅ​របស់​ណូអេ ។ មាន​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ — គឺ​គ្រួសារ​ណូអេ — បាន​រស់រាន​មាន​ជីវិត​ពី​ទឹក​ជំនន់ ដោយសារ​ពួកគេ​បាន​ស្តាប់​តាម​ការព្រមាន​របស់​ណូអេ ( សូមមើល លោកុប្បត្តិ ៧; ម៉ូសេ ៨ ) ។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា លោក​បាន​ទទួល​បព្វជិតភាព​កាល​លោក​មាន​អាយុ ១០ ឆ្នាំ​ប៉ុណ្ណោះ ( សូមមើល គ. និង ស. ១០៧:៥២ ) ហើយ​ថា « មនុស្ស​រូប​ធំ​សម្បើម … ​ព្យាយាម​តាម​យក​ជីវិត​ណូអេ ? » ( ម៉ូសេ ៨:១៨ ) ។

អ័ប្រាហាំ

abraham

អ័ប្រាហាំ​ស្ទើរតែ​ត្រូវបាន​បូជា​ដោយ​ពួកសង្ឃ​ទុច្ចរិត​ទៅហើយ ប៉ុន្តែ​ទេវតា​មួយ​អង្គ​បាន​សង្គ្រោះ​លោក ( សូមមើល អ័ប្រាហាំ ១ ) ។ លោក​មាន​វិវរណៈ​អស្ចារ្យ​មួយ​ចំនួន រួមមាន​ការនិមិត្ត​អំពី​ជីវិត​មុន​ផែនដី​ផងដែរ ។ សមាជិក​សាសនាចក្រ​គឺ​ជា​ពូជពង្ស​របស់​លោក ហើយ​សេចក្តីសញ្ញា​នៃ​អ័ប្រាហាំ​ត្រូវបាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​លោក ។ ( សូមមើល អ័ប្រាហាំ ២–៥ ) ។

ម៉ូសេ

moses

ម៉ូសេ​បាន​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​សេរីភាព ។ លោក « បាន​ព្យាយាម​ស្វែងរក ដើម្បី​ញែក​ប្រជាជន​របស់​លោក​ចេញ​ជា​បរិសុទ្ធ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​មើល​ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ ប៉ុន្តែ​ពួក​គេ​ពង្រឹង​ចិត្ត​របស់​គេ ហើយ​ពុំ​អាច​ទ្រាំ​វត្ត​មាន​របស់​ទ្រង់​បាន​ឡើយ » ( គ. និង ស. ៨៤:២៣–២៤ ) ។ ប្រាកដ​ណាស់ ដោយសារ​ការក្បត់​សាសនា​របស់​ពួកគេ នោះ​ពួកគេ​ដើរវង្វេង​នៅក្នុង​ទីរហោស្ថាន​អស់រយៈពេល ៤០ ឆ្នាំ !

ព្រះយេស៊ូវគ្រីស្ទ

Jesus Christ

ព្រះយេស៊ូវគ្រីស្ទ​ពុំ​គ្រាន់តែ​បង្រៀន​ដំណឹង​ល្អ និង​សម្តែង​អព្ភូតហេតុ​ជាច្រើន​ប៉ុណ្ណោះ​ទេ ទ្រង់​ថែមទាំង​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី​ផងដែរ ។ ទ្រង់​បាន​ធ្វើឲ្យធួន​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ត្រូវបាន​ឆ្កាង និង​មាន​ព្រះជន្មរស់​ឡើងវិញ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈ្នះ​លើ​សេចក្តីស្លាប់​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ទ្រង់​គឺ​ជា​សិរសារ​នៃ​សាសនាចក្រ​របស់​ទ្រង់​សព្វថ្ងៃ​នេះ ហើយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​គឺ​ជា​ប្រភព​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព ។

ការក្បត់សាសនា​ដ៏​ធំ

the great apostasy

បន្ទាប់​ពី​ការមាន​ព្រះជន្មរស់​ឡើង​វិញរបស់​ព្រះអង្គ​សង្គ្រោះ ពួកសាវក និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ បាន​ព្យាយាម​ផ្សាយ​ដំណឹង​ល្អ ប៉ុន្តែ​មនុស្ស​បាន​បដិសេធ​ការបង្រៀន​របស់​ពួកលោក ហើយ​ថែមទាំង​បានសម្លាប់ពួកសាវកស្ទើរតែទាំងអស់ទៀតផង ។ ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​មនុស្ស ​នោះ​ភាពពេញលេញ​នៃ​ដំណឹង​ល្អ​ត្រូវបាន​បាត់បង់​ពី​ផែន​ដី​នេះ ។ លោកិយ​បាន​ធ្លាក់​ទៅក្នុង​សេចក្តីងងឹត​ខាង​វិញ្ញាណ ( សូមមើល អេសាយ ៦០:២ ) ។

  • អស់រយៈពេល​ជាង ១០០០ ឆ្នាំ ​មក មនុស្ស​ពុំ​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ឬ​ការណែនាំ​ពី​ព្យាការី​ឡើយ ។​

  • សេចក្តីពិត​ដ៏​មាន​តម្លៃ​ត្រូវបាន​បាត់បង់​ពី​ព្រះគម្ពីរ​ប៊ីប ។

  • ​គំនិត​ខុស​ឆ្គង​ត្រូវបាន​បង្រៀន​អំពី​លក្ខណៈ​ពិត​របស់​ព្រះ ។

  • ពិធីបរិសុទ្ធ​មួយ​ចំនួន​នៃ​សេចក្តីសង្គ្រោះ​ត្រូវបាន​ផ្លាស់ប្តូរ ឬ​បង្រៀន​ពុំបាន​ត្រឹមត្រូវ ( សូមមើល អេសាយ ២៤:៥ ) ។

  • ទីបំផុត​ការក្បត់​សាសនា​នេះ​បាននាំ​ឲ្យ​មាន​ការស្ថាបនា​ព្រះវិហារ​សាសនា​ជា​ច្រើន ។

ការស្តារ​ឡើង​វិញ

reformation

អំឡុង​ពេល​នៃ​ការ​ក្បត់​សាសនា​ដ៏ធំ មនុស្ស​មួយ​ចំនួន​ដែល​គិត​អំពី​សាសនា​នៅ​ទ្វីប​អឺរ៉ុប​បាន​ដឹង​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​បង្រៀន​ពុំ​បាន​ត្រឹមត្រូវ​ឡើយ ។ អ្នក​កែទម្រង់​ទាំង​នេះ​ពុំមែន​ជា​ព្យាការី​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​កិច្ចការ​ដោយ​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​សេចក្តីពិត​ដែល​ពួកគេ​យល់​បាន ។ ពួកគេ​បាន​ជួយ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ប៊ីប​អាច​មាន​ដល់​មនុស្ស​ជា​ច្រើន​ថែម​ទៀត ។ មនុស្ស​ជាច្រើន​ស្វែង​រក​សេរីភាព​ខាង​សាសនា ហើយ​បាន​បើក​ផ្លូវ​សម្រាប់​ការស្តារ​ឡើងវិញ​នៃ​ដំណឹង​ល្អ ។

យ៉ូសែប ស៊្មីធ

joseph smith

ដូច្នេះ​តើ​ភាពពេញ​លេញ​នៃ​ដំណឹង​ល្អ​បាត់​បង់​ជា​រៀងរហូត​ឬ ? អត់ទេ ! ព្រះបាន​បើក​សម្តែង​សេចក្តីពិត​សំខាន់ៗ​ដល់​ព្យាការី​យ៉ូសែប ស៊្មីធ សារ​ជា​ថ្មី​ម្តង​ទៀត ។ សារទូត​សួគ៌ា​បាន​ស្តារ​ឡើង​វិញ​នូវ​កូនសោ​បព្វជិតភាព​ចាំបាច់​ទាំងអស់​ដល់​លោក​ ( សូមមើល គ. និង ស. ២៧:៨–១៣; ១១០; ១២៨:១៨–២១ ) ដែល​ធ្វើ​ឲ្យវា​ក្លាយ​ជា « គ្រាកាន់​កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេញ​កំណត់​ » ( គ. និង ស. ១៣៨:៤៨ ) ។ វា​ក៏​ត្រូវបាន​ចាត់ទុកថា​ជា​ថ្ងៃ​ចុង​ក្រោយ ដោយសារ​វា​ជា​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការ​ស្ដារ​ឡើងវិញ

សូម​ទាយទៅមើល ? អ្នក មាន​ពរជ័យ​នៃការស្តារ​ឡើង​វិញ ។ ប្រាកដ​ណាស់ អ្នក​មាន !

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​មាន​ព្យាការី និង​ពួក​សាវក​ដឹកនាំ ។

  • ព្រះគម្ពីរ​មរមន, គោលលទ្ធិ និង​សេចក្តី​សញ្ញា, មុក្តា​ដ៏​មាន​តម្លៃ​មហិមា និង​វិវរណៈ​សម័យ​ទំនើប​ដទៃ​ទៀត បាន​ស្តារ​ឡើងវិញ​នូវ​សេចក្តីពិត​ដ៏​មាន​តម្លៃ​ដែល​បាន​បាត់បង់​នោះ ( សូមមើល នីហ្វៃ​ទី ២ ២៧ ) ។

  • យ៉ូសែប ស៊្មីធ បាន​ទទួល​បព្វជិតភាពអើរ៉ុន​ពី​យ៉ូហាន បាទីស្ទ ( សូមមើល គ. និង ស. ១៣ ) ហើយ​បព្វជិតភាពមិលគីស្សាដែក​មកពី​សាវក ពេត្រុស យ៉ាកុប និង យ៉ូហាន ( សូមមើល គ. និង ស. ១២៨:២០ ) ។

  • អ្នក​កាន់​បព្វជិតភាព​ដែល​មាន​សិទ្ធិអំណាច​ធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​បាន​ត្រឹមត្រូវ ។

  • ហើយ​យើង​ដឹង​ថា​សេចក្តីពិត​នឹង​ពុំបាត់បង់​តាមរយៈ​ការក្បត់​សាសនា​ទៀតឡើយ ( សូមមើល ដានីយ៉ែល ២:៤៤ ) ។