ដំណើរចុងក្រោយ និងដ៏ឯកោរបស់ព្រះអង្គសង្គ្រោះ
ពេញមួយជីវិតរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានធ្វើដំណើរជាច្រើនដង — ដំណើររបស់ទ្រង់ចេញពីបេថ្លេហិម និងចូលទៅស្រុកអេស៊ីព្ទកាលទ្រង់ជាព្រះឱរស ការធ្វើដំណើររយៈពេល ៤០ ថ្ងៃរបស់ទ្រង់នៅក្នុងទីរហោស្ថាន ការធ្វើដំណើរជាច្រើនដងរបស់ទ្រង់ចូលទៅក្នុងទីក្រុង ភូមិ និងផ្ទះសម្បែងនានាដើម្បីបង្រៀន ព្យាបាល និងប្រទានពរដល់គេអំឡុងពេលការបម្រើរបស់ទ្រង់ និងការធ្វើដំណើរជាច្រើនផ្សេងទៀត ។ ប៉ុន្តែមានការធ្វើដំណើរមួយដែលព្រះអង្គសង្គ្រោះបានប្រឈមមុខតែអង្គឯង ហើយវាជាដំណើរដែលមានតែទ្រង់ប៉ុណ្ណោះទើបអាចស៊ូទ្រាំនឹងវាបាន ។
« នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ យើងប្រារព្ធពិធីដ៏រុងរឿង ដែលបានទន្ទឹងរង់ចាំយ៉ាងយូរអង្វែង ក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ។
វាជាថ្ងៃដែលបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។
ជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរនៅថ្ងៃនោះ ។
ជីវិតរបស់បងប្អូនបានផ្លាស់ប្ដូរ ។
ជោគវាសនារបស់កូនចៅនៃព្រះបានផ្លាស់ប្ដូរ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ « អំណោយនៃព្រះគុណ » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ។
ការរងទុក្ខហួសពីការប្រៀបផ្ទឹមបាន
ឱ ព្រះវរបិតាអើយ ដោយ ស៊ីម៉ុន ដេវី
« គ្មានចិត្តនៃជីវិតរមែងស្លាប់ណាអាចនឹកគិតដល់ទាំងស្រុងអំពីអ្វីដែលព្រះគ្រីស្ទបានធ្វើនៅក្នុងសួនគែតសេម៉ានីឡើយ ។
យើងដឹងថា ទ្រង់បានបង្ហូរព្រះលោហិតចេញពីគ្រប់រន្ធញើស នៅពេលដែលទ្រង់បានសោយនូវកាកនៃពែងល្វីងជូរចត់របស់ព្រះវរបិតាទ្រង់ដែលបានប្រទានដល់ទ្រង់ ។
យើងដឹងថាទ្រង់បានរងទុក្ខទាំងកាយ និងវិញ្ញាណ ហួសពីលទ្ធភាពដែលមនុស្សអាចទទួល លើកលែងតែជាការស្លាប់ប៉ុណ្ណោះ ។
យើងដឹងថាក្នុងពេលណាមួយ ដោយមិនប្រៀបធៀបនឹងយើងនោះឡើយថា ការឈឺចាប់របស់ទ្រង់នឹងធ្វើឲ្យឆ្អែតដល់ការទាមទារនៃសេចក្តីយុត្តិធម៌ សង្រ្គោះដល់ដួងព្រលឹងដែលប្រែចិត្ត ពីការឈឺចាប់ និង ទារុណកម្មពីអំពើបាប ហើយធ្វើឲ្យសេចក្តីមេត្តាករុណាមានចំពោះអ្នកទាំងឡាយណា ដែលជឿនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។
យើងបានដឹងថាទ្រង់បានក្រាបនៅលើដី នៅពេលដែលការឈឺចាប់ និងការឈឺពន់ពេកនៃបន្ទុកដ៏ខ្លាំងក្លាបានធ្វើឲ្យទ្រង់ញាប់ញ័រ ហើយធ្វើឲ្យទ្រង់មិនចង់សោយនូវពែងល្វីងឡើយ » ។
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី ( ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៩ ។
ការអនុវត្តផ្ទាល់ខ្លួន ៖ ទោះបីជាយើងពុំអាចដឹងពីវាជានិច្ចក្តី ព្រះអង្គសង្គ្រោះរងការឈឺចាប់គ្រប់រូបភាពទាំងអស់អំឡុងពេលនៃដង្វាយធួន ។ ទ្រង់យល់អំពីការឈឺចាប់ខាងរូបកាយគ្រប់បែបយ៉ាង ចាប់តាំងពីការបាក់ឆ្អឹងរហូតដល់ជំងឺរាំរ៉ៃដែលធ្ងន់ធ្ងរបំផុត ។ ទ្រង់ទទួលអារម្មណ៍នៃភាពអន្ធកាល និងក្តីអស់សង្ឃឹមពីការឈឺចាប់ផ្លូវចិត្តដូចជា ការបាក់ទឹកចិត្ត ការថប់បារម្ភ ការញៀន ភាពឯកោ និងភាពសោកសៅ ។ ហើយទ្រង់ស្គាល់រសជាតិពីរបួសខាងវិញ្ញាណគ្រប់យ៉ាង ដោយសារទ្រង់បានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបទាំងអស់នៃមនុស្សលោក ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ក្នុងគ្រានៃភាពទន់ខ្សោយ យើងប្រហែលជាស្រែកទួញថា ‹ គ្មាននរណាយល់ឡើយ ។ គ្មាននរណាម្នាក់យល់ទេ › ។ ប៉ុន្តែព្រះរាជបុត្រានៃព្រះជ្រាបដឹង និងយល់ដ៏ឥតខ្ចោះ ដ្បិតទ្រង់បានដឹង និងបានទទួលបន្ទុករបស់យើងម្នាក់ៗ » ( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ២០១៤ ទំព័រ ៩០ ) ។
ទ្រង់គឺជាព្រះមួយអង្គដែលមានសមត្ថភាព
ក្បួនដង្ហែរទៅភ្នំកាល់វ៉ារី ដោយ បែណាដូ ខាវ៉ាលីណូ នៅសារៈមន្ទីរសិល្បៈ ច្រីលស្លើរ
« អ្វីដែលទ្រង់បានធ្វើគឺមានតែព្រះអាទិទេពប៉ុណ្ណោះទើបអាចធ្វើបាន ។ ក្នុងនាមជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតានៅក្នុងសាច់ឈាម នោះព្រះយេស៊ូវបានគ្រងនូវលក្ខណៈរបស់ព្រះ ។ ទ្រង់គឺជាព្រះតែមួយអង្គគត់ដែលបានកើតមកក្នុងជីវិតរមែងស្លាប់នេះ ដែលអាចធ្វើនូវកិច្ចការដ៏សំខាន់ និងខ្ពង់ខ្ពស់បំផុតនោះបាន ។ ដោយសារទ្រង់ជាមនុស្សគ្មានបាបដែលបានរស់នៅលើផែនដីនេះ នោះទ្រង់ពុំចុះចូលនឹងការស្លាប់ខាងវិញ្ញាណឡើយ ។ ដោយសារតែភាពជាព្រះរបស់ទ្រង់ នោះទ្រង់ក៏មានព្រះចេស្តាឈ្នះលើការស្លាប់ខាងរូបកាយផងដែរ ។ ដូច្នោះហើយ ទ្រង់បានធ្វើសម្រាប់យើងនូវអ្វីដែលយើងពុំអាចធ្វើសម្រាប់ខ្លួនយើងបាន ។ ទ្រង់បានផ្តាច់ក្រញ៉ាំដ៏ត្រជាក់នៃសេចក្តីស្លាប់ ។ ទ្រង់ក៏អាចធ្វើឲ្យវាអាចកើតឡើងសម្រាប់ពួកយើង ដើម្បីឲ្យយើងមានការលួងលោមដ៏ខ្ពង់ខ្ពស់ និងស្ងប់ស្ងាត់មកពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ « The Atonement: Our Greatest Hope » Liahona ខែ មករា ឆ្នាំ ២០០២ ទំព័រ ២០ ។
ការអនុវត្តផ្ទាល់ខ្លួន ៖ តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានស្រាយចំណងនៃសេចក្តីស្លាប់ ហើយបានប្រោសលោះពួកយើងទាំងអស់គ្នាពីអំពើបាប ដើម្បីឲ្យមនុស្សទាំងអស់អាចមានជីវិតដ៏អស់កល្បជានិច្ច ។ ទ្រង់គឺជាព្រះមួយអង្គដែលមានសមត្ថភាពក្នុងការសម្រេចបាននូវកិច្ចការដ៏គួរឲ្យខ្លាចញញើត និងពុំអាចធ្វើទៅរួចនេះ ។ នៅពេលយើងជួបនឹងឧបសគ្គធ្ងន់ធ្ងរនានា នោះយើងអាចមានការលួងលោមចិត្តក្នុងការដឹងថា ព្រះអង្គសង្គ្រោះពិតជាអាចធ្វើកិច្ចការដែលមិនអាចធ្វើបានឲ្យកើតឡើងមែន ។
ទ្រង់ពុំងាកក្រោយឡើយ
ការបញ្ចុះព្រះសព ដោយ ខាល ហ៊ែនរិច ប្លច
« នៅលើភ្នំកាល់វ៉ារី កាលអ្នកដើរតាមទ្រង់សម្លឹងមើលទ្រង់ដោយពុំអាចជួយអ្វីបាននោះ ព្រះកាយដែលមានរបួសរបស់ទ្រង់ត្រូវបានដំនឹងដែកគោលភ្ជាប់ទៅនឹងឈើឆ្កាង ។ ទ្រង់ត្រូវគេចំអកឡកឡឺយ និងដាក់បណ្ដាសា ព្រមទាំងមើលងាយដោយគ្មានក្តីអាណិត ។ …
ពេលវេលានៃការឈឺចាប់ដ៏ខ្លាំងក្លានោះបានកន្លងផុតទៅ ពេលព្រះជន្មរបស់ទ្រង់បានថមថយទៅ ។ ទ្រង់ស្រែកទាំងបបូរមាត់ស្ងួតថា ‹ ឱ ព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះទ្រង់ផុតដង្ហើមទៅ › ។ …
នៅវិនាទីចុងក្រោយ ព្រះអម្ចាស់អាចត្រឡប់ក្រោយបាន ។ ប៉ុន្តែទ្រង់ពុំត្រឡប់ក្រោយឡើយ ។ ទ្រង់បានឆ្លងកាត់អ្វីៗទាំងអស់ ដើម្បីឲ្យទ្រង់អាចសង្គ្រោះអ្វីៗទាំងអស់បាន ។ ព្រះកាយដែលគ្មានជីវិតរបស់ទ្រង់ត្រូវបានយកចេញទៅ ហើយបញ្ចុះក្នុងផ្នូរ » ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( 1927–2018 ) « He Is Risen! » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៨៩ ។
ការអនុវត្តផ្ទាល់ខ្លួន ៖ ទ្រង់បានរងទុក្ខពីការឈឺចាប់ដ៏ខ្លាំងក្លា ភាពឯកោ និងក្តីអស់សង្ឃឹម ប៉ុន្តែព្រះអង្គសង្គ្រោះនៅតែស៊ូទ្រាំ ហើយបញ្ចប់ដំណើរនៃជីវិតរមែងស្លាប់របស់ទ្រង់ដោយព្រះគុណ — ថែមទាំងសូមឲ្យព្រះវរបិតាទ្រង់អត់ទោសឲ្យអស់អ្នកដែលឆ្កាងទ្រង់ផងដែរ ។ ដោយសារគំរូដ៏ឥតខ្ចោះរបស់ទ្រង់ នោះយើងអាចប្រឈមមុខនឹងការសាកល្បង និងការលំបាកផ្ទាល់ខ្លួនរបស់យើងជាមួយនឹងព្រះគុណ ហើយដោយមានជំនួយពីទ្រង់នោះយើងអាចកាន់ខ្ជាប់ដរាបដល់ចុងបំផុតបានផងដែរ ។
មនុស្សជាច្រើនធ្វើជាសាក្សីអំពីការរស់ឡើងវិញរបស់ទ្រង់
នាងអើយ ហេតុអ្វីបានជាយំ ? ដោយ ម៉ាក អរ ផាហ្វ
ខ្ញុំជឿថា សាក្សីជាច្រើនដែលបានមានបទពិសោធន៍ និង ទីបន្ទាល់អំពីដំណើររស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ មានវត្តមាននៅក្នុងគម្ពីរសញ្ញាថ្មី — ដូចជាពេត្រុស និង ដៃគូសាវកទាំងឡាយ និង ម៉ារា ម៉ាក់ដាឡាដ៏បរិសុទ្ធជាទីស្រឡាញ់ ក្នុងចំណោមមនុស្សដទៃទៀត ។ ខ្ញុំជឿលើទីបន្ទាល់នានា ដែលមានចែងក្នុងព្រះគម្ពីរមរមន — ពីនីហ្វៃដែលជាសាវក នៅជាមួយហ្វូងមនុស្សដែលពុំស្គាល់ក្នុងដែនដីបរិបូរ ក្នុងចំណោមមនុស្សជាច្រើនទៀត ។ ហើយខ្ញុំជឿថាទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដែលបានប្រកាសពីសាក្សីអស្ចារ្យ បន្ទាប់ពីសាក្សីជាច្រើនទៀតនៅសម័យកាន់កាប់ត្រួតត្រាចុងក្រោយនេះ ‹ ថាទ្រង់មានព្រះជន្មរស់ ! ដ្បិតយើងបានឃើញទ្រង់ › ។ នៅក្រោមព្រះនេត្រដ៏មុតរបស់ទ្រង់ ខ្ញុំសូមឈរជាសាក្សីដោយខ្លួនខ្ញុំថា ព្រះយេស៊ូវនៃណាសារ៉ែត គឺជាព្រះប្រោសលោះដែលបានមានព្រះជន្មរស់ឡើងវិញ ហើយខ្ញុំសូមថ្លែងទីបន្ទាល់ពីអ្វីគ្រប់យ៉ាងដែលជា លទ្ធផល នៃដំណើររស់ឡើងវិញរបស់ទ្រង់ ។ សូមឲ្យអ្នកមានជំនឿស៊ប់ និង ការលួងលោមចិត្តពីសាក្សីដដែលនោះ » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៤ ។
ការអនុវត្តផ្ទាល់ខ្លួន ៖ ទោះបីជាយើងពុំនៅក្នុងចំណោមអស់អ្នកដែលបានឃើញព្រះកាយដ៏ល្អឥតខ្ចោះ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះប្រោសលោះក្តី ក៏យើងនៅតែអាចឈរជាសាក្សីអំពីទ្រង់នាសព្វថ្ងៃនេះបានដែរ ។ ទ្រង់អាចជាអង្គដែលយើងផ្តោតចិត្តទុកដាក់ក្នុងជីវិតយើងជានិច្ច ទោះបីជាយើងស្ថិតក្នុងកាលៈទេសៈណា ឬកន្លែងណាក៏ដោយ ។ គ្រប់ពេលដែលយើងផ្តល់ដួងចិត្ត និងដៃយើងបម្រើដល់អ្នកដទៃ សូមបង្ហាញភាពរម្យទម សេចក្តីសប្បុរស និងការគោរពដល់មនុស្សទាំងអស់ ការពារសេចក្តីពិត ហើយចែកចាយទីបន្ទាល់របស់យើងអំពីដំណឹងល្អ នោះយើងនឹងឈរជាសាក្សីដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
យើងពុំចាំបាច់ដើរតែឯងឡើយ
រូបភាពដកស្រង់ពី ដើរជាមួយខ្ញុំ ដោយ ហ្គេក អូលសិន ហាមថតចម្លង
« ការលួងលោមចិត្តដ៏មហិមាមួយនៃរដូវកាលបុណ្យអ៊ីស្ទើរនេះ គឺថា ដោយសារព្រះយេស៊ូវបានយាងនៅលើផ្លូវដ៏វែង និងឯកោដោយអង្គឯង នោះ យើង ពុំចាំបាច់ត្រូវធ្វើដូច្នោះទេ ។ ការធ្វើដំណើរតែម្នាក់ឯងរបស់ទ្រង់បាននាំអ្វីៗជាច្រើនចូលមកក្នុងផ្លូវដ៏តូចរបស់យើង — ការខ្វល់ខ្វាយដ៏មានក្តីមេត្តាករុណាពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដៃគូពិតប្រាកដនៃព្រះរាជបុត្រាជាទីស្រឡាញ់នេះ ភាពពោរពេញនៃអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ទេវតានៅលើស្ថានសួគ៌ សមាជិកគ្រួសារនៅផ្នែកសងខាងនៃវាំងនន ពួកព្យាការី និងពួកសាវក គ្រូបង្រៀន ថ្នាក់ដឹកនាំ មិត្តភក្តិ ។ ទាំងអស់នេះ និងអ្វីៗជាច្រើនទៀតត្រូវបានប្រទានដល់យើងជាដៃគូសម្រាប់ដំណើរនៃជីវិតរមែងស្លាប់របស់យើង ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ។ សំឡេងត្រែមកពីកំពូលភ្នំកាល់វ៉ារីគឺជាសេចក្តីពិតដែលយើងនឹងពុំត្រូវបានទុកចោល ឬពុំទទួលបានជំនួយឡើយ ទោះបីពេលខ្លះយើងមានអារម្មណ៍បែបនោះក្តី ។…
… ចូរយើងឈរនៅក្បែរព្រះយេស៊ូវគ្រីស្ទ ‹ គ្រប់សេចក្តី និងគ្រប់ទីកន្លែងដែល [ យើង ] នៅ រហូតដល់ពេលស្លាប់ › ដ្បិតនោះជារបៀបដែលទ្រង់បានគង់នៅក្បែរយើង ពេលវា ឈាន ដល់សេចក្តីស្លាប់ និងពេលទ្រង់គង់នៅតែអង្គឯង » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « None Were with Him » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ។
ការអនុវត្តផ្ទាល់ខ្លួន ៖ ក្នុងរដូវបុណ្យអ៊ីស្ទើរនេះ សូមចាំអំពីដំណើរចុងក្រោយ និងដ៏ឯកោរបស់ព្រះអង្គសង្គ្រោះ ។ ទ្រង់បានលះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មាន ដើម្បីឲ្យអ្នក និងមនុស្សគ្រប់គ្នានៅលើផែនដីនេះអាចបានជ្រះស្អាត និងមានជីវិតអស់កល្បជានិច្ច ។ សូមរៀនពីគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ។ សូមគិតអំពីទ្រង់ក្នុងគំនិត និងក្នុងចិត្តរបស់អ្នក ។ ហើយសូមចងចាំជានិច្ចថា អ្នកមិននៅឯកោឡើយ ។ ដោយសារទ្រង់បានស៊ូទ្រាំក្នុងដំណើរចុងក្រោយរបស់ទ្រង់តែអង្គឯងពេញលេញទាំងស្រុង នោះទ្រង់នឹងពុំបោះបង់អ្នកចោលឡើយ ។ សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់អ្នកគឺគ្មានដែនកំណត់ និងពុំប្រែប្រួលឡើយ ហើយទ្រង់ត្រៀមព្រះកាយជាស្រេចដើម្បីប្រទានភាពសុខសាន្ត ការលួងលោម និងក្តីសង្ឃឹម ពេលអ្នកបន្តធ្វើដំណើរផ្ទាល់ខ្លួនរបស់អ្នក ។ អំណោយទាននៃដង្វាយធួនរបស់ទ្រង់គឺអស់កល្បជានិច្ច ហើយវាត្រូវបានប្រទានដល់អ្នក ។