ការរៀន ស្គាល់ ព្រះអង្គសង្គ្រោះ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ពេលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ អ្នកអញ្ជើញភាពសុខសាន្ត វត្តមានរបស់ទ្រង់ចូលមកក្នុងជីវិតរបស់អ្នក ។
សូមស្រមៃថា អាន អ្វីៗគ្រប់យ៉ាង អំពីព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរ — ព្រះគម្ពីរបរិសុទ្ធ, ព្រះគម្ពីរមរមន, ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា និងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។ ចូរនិយាយអំពីពេលវេលា និងការខិតខំដ៏ច្រើននោះ ! ប៉ុន្តែនៅខែ មករា ឆ្នាំ ២០១៧ ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការអញ្ជើញមួយឲ្យគ្រាន់តែធ្វើដូច្នេះ — គឺសិក្សាអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវគ្រីស្ទមានបន្ទូល និងបានធ្វើនៅក្នុងបទដ្ឋានព្រះគម្ពីរ ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា ការបំពេញគម្រោងនោះបានធ្វើឲ្យលោកក្លាយជា « មនុស្សផ្សេងម្នាក់ » ។ លោកពុំគ្រាន់តែរៀនកាន់តែច្រើនអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ លោកថែមទាំងមានអារម្មណ៍ថា មានភក្តីភាពជាថ្មីចំពោះទ្រង់ ។១
អ្នកក៏អាចខិតកាន់តែជិតព្រះគ្រីស្ទពេលអ្នករៀនអំពីទ្រង់ ។ ការសិក្សាអំពីជីវិត និងគោលបំណងរបស់ទ្រង់ នាំឲ្យភាពសុខសាន្តរបស់ទ្រង់មានក្នុងជីវិតរបស់អ្នក ហើយជួយអ្នកឲ្យស្គាល់ទ្រង់ និងព្រះវរបិតាសួគ៌ ។ សូមអានអំពីរបៀបដែលយុវវ័យទាំងនេះបានឆ្លើយសំណួរទាំងពីរនេះ ៖ ( ១ ) តើមានរឿងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះក្នុងព្រះគម្ពីរដែលអ្នកពេញចិត្ត ហើយដោយមូលហេតុអ្វី ? ( ២ ) ហើយតើការសិក្សាដំណឹងល្អរបស់អ្នកបាននាំឲ្យអ្នកមានភាពសុខសាន្តយ៉ាងដូចម្តេច ?
ខ្ញុំចូលចិត្តរឿងរបស់ពួកមនុស្សឃ្លង់ ១០ នាក់ដោយសារព្រះគ្រីស្ទបានបង្ហាញសេចក្តីស្រឡាញ់ដ៏ខ្លាំងដល់មនុស្សឃ្លង់ដែលបានថ្លែងអំណរគុណដល់ទ្រង់ ។ ទ្រង់មានបន្ទូលថា « សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ » ( លូកា ១៧:១៩ សូមមើល ខទី ១១–១៩ ) ។ ខ្ញុំស្រឡាញ់សេចក្តីសប្បុរសដ៏ស្មោះត្រង់ដែលទ្រង់បង្ហាញដល់មនុស្សគ្រប់គ្នា ។
ដោយសារតែសោកនាដកម្មមួយចំនួននាពេលថ្មីៗនេះនៅសាលារៀនខ្ញុំ មនុស្សគ្រប់គ្នានៅទីនោះត្រូវការភាពសុខសាន្ត និងការលួងលោមជាខ្លាំង ។ ខ្ញុំបានរកឃើញភាពរឹងមាំ និងភាពសុខសាន្តតាមរយៈការសិក្សានៅថ្នាក់សិក្ខាសាលារបស់ខ្ញុំ ។ គ្រូបង្រៀនថ្នាក់សិក្ខាសាលាធ្វើឲ្យព្រះគម្ពីរ និងដំណឹងល្អក្លាយជារឿងផ្ទាល់ខ្លួនសម្រាប់មនុស្សគ្រប់គ្នា ។ វាពិតជាអស្ចារ្យណាស់ដើម្បីឃើញពីភាពផ្ទុយគ្នានៅក្នុងថ្នាក់សិក្ខាសាលា បើប្រៀបធៀបទៅនឹងថ្នាក់រៀនធម្មតា ។ នៅទីនោះមាននូវអារម្មណ៍ប្លែកមួយកើតឡើងដែលនាំឲ្យមានភាពសុខសាន្ត ។
កាព្រីយ៉ែល អេស អាយុ ១៦ ឆ្នាំ ខាឡូរ៉ាដូ ស.រ.អា.
រឿងរបស់អាលម៉ាអំពីសេចក្តីជំនឿ និងព្រះបន្ទូលព្រះ ( សូមមើល អាលម៉ា ៣២:១៨–៤៣ ) បានបង្រៀនខ្ញុំថា ពេលយើងសាបព្រួសសេចក្តីស្រឡាញ់ នោះយើងទទួលបានសេចក្តីស្រឡាញ់ ។ ដូចអាលម៉ាពន្យល់ដល់សាសន៍សូរាំ សេចក្តីជំនឿគឺដូចជាគ្រាប់ពូជ ។ វាគឺជាការជឿថា មានអ្វីមួយពិតប្រាកដដែលមើលពុំឃើញ ។ សេចក្តីជំនឿរីកចម្រើនពេលបុគ្គលម្នាក់មានបំណងប្រាថ្នាជឿ ហើយស្តាប់បន្ទូលព្រះ ។ អ្វីៗទាំងនេះបានជួយខ្ញុំឲ្យស្ងប់ចិត្ត ពង្រឹងដួងចិត្តខ្ញុំ ហើយទទួលទីបន្ទាល់ថា ព្រះវរបិតាសួគ៌ទតមកខ្ញុំដោយព្រះនេត្រនៃសេចក្តីស្រឡាញ់ និងក្តីមេត្តាករុណា ។
ពេលខ្ញុំសិក្សព្រះគម្ពីររៀងរាល់ថ្ងៃ ខ្ញុំយល់បានកាន់តែច្បាស់អំពីសេចក្តីស្រឡាញ់ដែលព្រះអង្គសង្គ្រោះមានចំពោះយើងម្នាក់ៗ ។ ចំណេះដឹងនេះជួយខ្ញុំពន្យល់មិត្តភក្តិរបស់ខ្ញុំនៅសាលារៀនថា ពួកគេពុំនៅឯកោឡើយ ពេលពួកគេមានបញ្ហា ដោយសារមានព្រះស្រឡាញ់ពួកគេ ។
ម៉ារៀ ឌី អាយុ ១៧ ឆ្នាំ ទីក្រុង ហ្គោលដាឡាចារ៉ា ប្រទេសអេស្ប៉ាញ
ខ្ញុំចូលចិត្តនីហ្វៃទី ៣ ជំពូក ១៧ ពេលព្រះអង្គសង្គ្រោះយាងទៅទ្វីបអាមេរិក ហើយអញ្ជើញក្មេងៗឲ្យទៅរកទ្រង់ ។ ទ្រង់គង់នៅជាមួយពួកគេ ហើយចំណាយពេលជាមួយពួកគេម្តងម្នាក់ៗ ។ នោះគឺជារឿងដ៏អស្ចារ្យមួយចំពោះខ្ញុំដែលបង្ហាញថា ព្រះយេស៊ូវគ្រីស្ទគឺជានរណា និងក្តីស្រឡាញ់ដ៏ធំធេងដែលទ្រង់មានចំពោះពួកយើងម្នាក់ៗ ។ ខ្ញុំជឿថា ទ្រង់នឹងគង់នៅជាមួយពួកយើងម្នាក់ៗផងដែរ ពេលយើងត្រូវការជំនួយទ្រង់ ។
ឆ្នាំនេះខ្ញុំបានអញ្ជើញខ្លួនឯងឲ្យអានព្រះគម្ពីរមួយទំព័ររៀងរាល់ថ្ងៃ ។ ពេលខ្ញុំបានធ្វើបែបនោះ ខ្ញុំបានបង្កើនការទន្ទឹងចង់អានព្រះគម្ពីររៀងរាល់ថ្ងៃ ។ ខ្ញុំបានរៀនច្រើនមកពីព្រះបន្ទូល និងរឿងនានានៅក្នុងព្រះគម្ពីរ ពេលខ្ញុំបានព្យាយាមចំណាយពេលយល់ពីបទគម្ពីរនោះ ហើយខ្ញុំបានខិតកាន់តែជិតព្រះវរបិតាសួគ៌របស់ខ្ញុំ និងព្រះអង្គសង្គ្រោះ ពេលខ្ញុំបានរៀនអំពីពួកទ្រង់ផងដែរ ។ ការធ្វើបែបនោះបាននាំឲ្យមានភាពសុខសាន្តក្នុងជីវិតខ្ញុំយ៉ាងខ្លាំង ។
អាណា ស៊ី អាយុ ១៧ ឆ្នាំ រដ្ឋ ម៉នថាណា ស.រ.អា.
ខ្ញុំចូលចិត្តពេលព្រះគ្រីស្ទយាងទៅទ្វីបអាមេរិក ដោយសួរបើសិនមានអ្នកណាឈឺ និងរងទុក្ខក្នុងចំណោមពួកគេ បន្ទាប់មកទ្រង់បានព្យាបាលពួកគេ ។ ក្រោយមកទ្រង់ប្រសិទ្ធពរដល់កុមារតូចៗ ។ ( សូមមើល នីហ្វៃទី ៣ ១៧ ) ។ ខ្ញុំគិតថា វាគឺជារឿងដ៏អស្ចារ្យ និងមានអនុភាព ។ ខ្ញុំចូលចិត្តក្មេងតូចៗ ហើយខ្ញុំចូលចិត្តពេលមានមនុស្សផ្តល់ក្តីស្រឡាញ់បន្ថែមទៀតដល់ពួកគេ ដោយសារក្មេងមានភាពបរិសុទ្ធណាស់ ។ រឿងនោះបង្ហាញខ្ញុំនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកយើង ។ ដោយសារកាលនោះទ្រង់ស្រឡាញ់មនុស្សរហូតដល់ ទ្រង់បានធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើ នោះទ្រង់អាចស្រឡាញ់យើងផងដែរនាពេលបច្ចុប្បន្ននេះ ។
អេសាយ ៥៣:៣ ចែងថា ព្រះអង្គសង្គ្រោះគឺជា « មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ » ។ ពេលខ្ញុំគិតអំពីដង្វាយធួនរបស់ព្រះគ្រីស្ទ អ្វីដែលទ្រង់បានឆ្លងកាត់សម្រាប់ពួកយើង និងរបៀបដែលខ្ញុំអាចត្រូវបានអភ័យទោស ពេលខ្ញុំប្រែចិត្តពីអំពើបាបរបស់ខ្ញុំ នោះខ្ញុំពិតជាមានអារម្មណ៍សុខសាន្តយ៉ាងខ្លាំង ។ មនុស្សជាច្រើននៅក្នុងព្រះគម្ពីរមរមន — បុត្រារបស់ម៉ូសាយ, អាំម៉ូន, និងអាលម៉ាកូន — មានកំហុសកាលពីអតីតកាល ប៉ុន្តែពួកគេអាចបានការអត់ទោស ។ ពួកគេបានត្រឡប់ទៅរកព្រះគ្រីស្ទវិញ បានប្រែចិត្ត ហើយក្លាយជាគំរូដ៏អាស្ចារ្យដែលយើងអាចរៀនពីពួកគេសព្វថ្ងៃនេះ ។ វាលួងលោមខ្ញុំដោយដឹងថា ខ្ញុំអាចត្រូវបានអភ័យទោសឲ្យ ។
អាលីណា ធី អាយុ ១៨ ឆ្នាំ អូរីហ្គិន ស.រ.អា.
រឿងក្នុងគម្ពីរដែលខ្ញុំពេញចិត្តអំពីព្រះយេស៊ូវគឺ ពេលទ្រង់បានប្រែទឹកឲ្យទៅជាស្រាអំឡុងពេលមង្គលការមួយ បន្ទាប់ពីម្តាយទ្រង់បានប្រាប់ទ្រង់ ( សូមមើល យ៉ូហាន ២:១–១១ ) ។ នេះគឺជារឿងដែលខ្ញុំពេញចិត្ត ដោយសារវាបង្ហាញអំពីការគោរពរបស់ព្រះយេស៊ូវដល់ស្ត្រី និងម្តាយរបស់ទ្រង់នៅក្នុងពេលពិសេសមួយ ។ រឿងនេះជំរុញចិត្តកុមារឲ្យគោរពឪពុកម្តាយរបស់ខ្លួន ពុំមែនដោយការភ័យខ្លាចឡើយ ប៉ុន្តែដោយក្តីស្រឡាញ់ដ៏ធំមហិមាវិញ ។ គំរូរបស់ព្រះយេស៊ូវគ្រីស្ទគឺគំរូដែលមនុស្សគ្រប់គ្នាគួរព្យាយាមធ្វើតាម ។ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះម្តាយទ្រង់គឺពុំដែលឈប់សោះឡើយ ហើយសេចក្តីស្រឡាញ់របស់យើងចំពោះឪពុកម្តាយយើងក៏ដូច្នោះផងដែរ ។ វាគឺជាបទគម្ពីរដែលខ្ញុំចូលចិត្តដោយសារអព្ភូតហេតុរបស់ទ្រង់គឺជាទង្វើនៃការបម្រើ ហើយយើងក៏អាចបង្កើតអព្ភូតហេតុបានផងដែរ តាមរយៈការជួយអ្នកដទៃ ។
រឿងនេះ និងរឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរបាននាំភាពសុខសាន្តដល់ខ្ញុំ ។ វាពិតជាការលួងលោមណាស់ដែលដឹងថា ប្រសិនបើខ្ញុំព្យាយាមជានិច្ចក្នុងការរៀនអំពីព្រះគ្រីស្ទ ហើយធ្វើតាមការបង្រៀនរបស់ទ្រង់ នោះខ្ញុំអាចត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់របស់យើងនៅថ្ងៃខាងមុខ ។
អានី អ័រ អាយុ ១៧ ឆ្នាំ រស់នៅទីក្រុង វីតូរីយ៉ា អូស្ត្រាលី
ខ្ញុំចូលចិត្តរឿងមួយ ពេលព្រះគ្រីស្ទកំពុងយាងដើរលើទឹក ។ ទ្រង់យាងដើរទៅរកទូកដែលពួកសាវកទាំងអស់កំពុងជិះ ហើយទ្រង់បានអញ្ជើញឲ្យពេត្រុសដើរលើទឹក ។ ដំបូងពេត្រុសមានជំនឿ ហើយអាចដើរលើទឹកបាន ប៉ុន្តែក្រោយមកគាត់បានបាត់បង់សេចក្តីជំនឿ ហើយគាត់បានចាប់ផ្តើមលិចទៅក្នុងទឹក ។ ក្រោយមកព្រះគ្រីស្ទឈោងព្រះហស្តទ្រង់ទៅ ហើយចាប់គាត់ឡើងពីទឹកវិញ ( សូមមើល ម៉ាថាយ ១៤:២៥–៣៣) ។ ខ្ញុំចាប់អារម្មណ៍នឹងរឿងនេះដោយសារព្រះគ្រីស្ទលូកព្រះហស្តរបស់ទ្រង់មកក្នុងជីវិតរបស់យើងជានិច្ច—គឺទ្រង់ការពារយើង ។
ការសិក្សារបស់ខ្ញុំជួយខ្ញុំ ដោយសារខ្ញុំសិក្សាព្រះគម្ពីរនៅពេលព្រឹក ហើយវាធ្វើឲ្យថ្ងៃនោះប្រសើរឡើង ។ ពេលខ្ញុំពុំសិក្សា ខ្ញុំពុំសប្បាយចិត្ត និងរីករាយឡើយនៅថ្ងៃនោះ—គឺខ្ញុំគ្មានអារម្មណ៍ល្អតែម្ដង ។ នៅពេលខ្ញុំអានព្រះគម្ពីរទៀងទាត់នៅពេលព្រឹក ខ្ញុំមានអារម្មណ៍ល្អប្រសើរច្រើននៅថ្ងៃនោះ ដោយសារខ្ញុំកំពុងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅជាមួយខ្ញុំអំឡុងពេលនៃថ្ងៃនោះ ។
ជេមស៍ ខេ អាយុ ១៧ ឆ្នាំ រដ្ឋ អាឡាស្កា ស.រ.អា.
ខ្ញុំចូលចិត្តរឿងអំពីព្រះគ្រីស្ទ និងកម្លោះអ្នកមាន ( សូមមើល ម៉ាកុស ១០:១៧–២២ ) ។ រឿងនោះផ្តល់ការយល់ដឹង និងទស្សនវិស័យច្រើនដល់ខ្ញុំអំពីការដាក់ព្រះជាអាទិភាពលើអ្វីៗទាំងអស់ ។ ការត្រូវបានសុំឲ្យលក់គ្រប់ទ្រព្យសម្បត្តិទាំងអស់ដែលមានគឺជាសំណើសុំដ៏សែនពិបាកសម្រាប់មនុស្សគ្រប់គ្នា ។ ប៉ុន្តែខ្ញុំគិតថា ការមានចិត្តដាក់ព្រះនៅមុនទ្រព្យសម្បត្តិគឺជារឿងមួយដែលយើងម្នាក់ៗត្រូវរៀននៅក្នុងជីវិតនេះ ។ សេចក្តីស្រឡាញ់ឥតដែនកំណត់របស់ព្រះយេស៊ូវគ្រីស្ទសម្រាប់យើងគឺពិតជាអស្ចារ្យណាស់ ។ ប្រាកដណាស់ វាប្រសើរជាងចំនួនទឹកប្រាក់ ឬទ្រព្យសម្បត្តិដែលយើងរកបាននៅក្នុងជីវិតនេះទៅទៀត ។
ការអានព្រះគម្ពីរនាំខ្ញុំឲ្យមានភាពសុខសាន្ត និងការលួងលោម ព្រមទាំងមានប្រាជ្ញា និងការយល់ដឹងកាន់តែអស្ចារ្យ ។ ទោះបីខ្ញុំពុំអាចទទួលអារម្មណ៍នៃអនុភាពអំពីការសិក្សាព្រះគម្ពីរភ្លាមៗក្តី ខ្ញុំដឹងថាការអានព្រះគម្ពីរជះឥទ្ធិពលវិជ្ជមានដល់ជីវិតខ្ញុំ ហើយជួយខ្ញុំឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ និងស្គាល់ការបំផុសគំនិតរបស់ទ្រង់ ។
យ៉ូស្សិន ស៊ី អាយុ ១៩ ឆ្នាំ ទីក្រុង តាយឈុង តៃវ៉ាន់
ពេលព្រះគ្រីស្ទធ្វើដំណើរទៅមើលក្មេងស្រីម្នាក់ដែលស្លាប់ ស្ត្រីដែលមានបញ្ហាធ្លាក់ឈាម គ្រាន់តែប៉ះព្រះពស្តទ្រង់ ហើយបានជា ។ ព្រះគ្រីស្ទបានងាកមក ហើយនិយាយជាមួយគាត់បន្ទាប់ពីដឹងថា គាត់បានប៉ះទ្រង់ ( សូមមើល លូកា ៨:៤៣–៤៨ ) ។ ទោះបីជាកំពុងទៅជួយមនុស្សម្នាក់ទៀតក្តី ព្រះគ្រីស្ទបានចំណាយពេលជាមួយគាត់ផងដែរ ។ ព្រះគ្រីស្ទក៏ចំណាយពេលសម្រាប់ពួកយើងទាំងអស់គ្នាផងដែរ ។
ខ្ញុំមានភាពមមាញឹកក្នុងជីវិត ដោយប្រញាប់ប្រញាល់រត់ទៅសាលា ឬថ្នាក់រៀនរាំរបាំបារឡេ ឬកិច្ចការដទៃទៀត ។ អំឡុងពេលទាំងអស់នោះ ខ្ញុំគ្មានពេលស្ងាត់តែឯង ឬមានអារម្មណ៍សុខសាន្តឡើយ ។ ពេលខ្ញុំអានព្រះគម្ពីរ ឬអធិស្ឋាន ខ្ញុំពិតជាមានអារម្មណ៍សុខសាន្ត ។ វាពិតជាល្អណាស់ដែលទទួលអារម្មណ៍បែបនេះ ហើយសម្រាកពីភាពរញ៉េរញ៉ៃទាំងអស់ ។ នៅគ្រានៃភាពសុខសាន្តទាំងនោះ ខ្ញុំខិតកាន់តែជិតព្រះអង្គសង្គ្រោះ ហើយរីកចម្រើនក្នុងដំណឹងល្អ ។
ស៊ូ ប៊ី អាយុ ១៧ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.