២០១៨
មាន​អារម្មណ៍ដូចនៅ​ផ្ទះ​ម្តង​ទៀត
April 2018


មាន​អារម្មណ៍ដូចនៅ​ផ្ទះ​ម្តង​ទៀត

ជូឌី រ៉ាសឆើ រដ្ឋ ខូឡូរ៉ាដូ ស.រ.អា

ខ្ញុំ​ពុំ​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ទូរសព្ទ​មក​ពី​ប្អូន​ប្រុស​ខ្ញុំ​ឡើយ ។ គាត់​បាន​និយាយ​ថា « ម៉ាក់​ទើបតែបាន​ស្លាប់​អំបាញ់​មិញ​នេះ ។ គាត់​បាន​ដួល ហើយ​បោក​ចំ​ក្បាល » ។

ខ្ញុំ​មាន​ការតក់ស្លុត​ជា​ខ្លាំង ។ ម្តាយ​ខ្ញុំ​បាន​ទៅ​បាត់ហើយ ហើយ​ខ្ញុំ​ទើប​តែ​និយាយ​ជាមួយ​គាត់កាល​ពី​មួយ​យប់​មុន​នោះ ។ ខ្ញុំ​បាន​បន្ត​សួរ​ខ្លួន​ឯងថា ហេតុអ្វី​រឿង​នេះ​បាន​កើត​ឡើង ។ ខ្ញុំ​មិន​យល់​ពី​មូលហេតុ​ដែល​គាត់​បាន​ចាក​ចេញ​ពី​ខ្ញុំ​ឡើយ ។ ខ្ញុំ​មាន​កំហឹង ! ខ្ញុំ​បន្ត​មាន​កំហឹង​អស់​ជា​ច្រើន​សប្តាហ៍ ។

ទីបំផុត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា តើ​ខ្ញុំ​ត្រូវ​បន្ទោស​នរណា ? វាជា​កំហុស​របស់​ព្រះ ។ ទ្រង់​បាន​ដកយក​គាត់​ចេញ​ពី​ខ្ញុំ​លឿន​ពេក​ហើយ ។ ម្តាយ​ខ្ញុំ​ខកខាន​ពុំ​បាន​ឃើញ​ព្រឹត្តិការណ៍​យ៉ាង​សំខាន់ជា​ច្រើន​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​គិត​ថា បញ្ហា​នោះ​គឺមក​ពី​ទ្រង់ ។ ខ្ញុំ​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ​នៅ​គ្រា​នោះ តែ​ខ្ញុំ​គឺ​ជា​គ្រិស្តសាសនិក​ដ៏​ស្មោះត្រង់​ម្នាក់ ។ ជំនួស​ឲ្យ​ការពឹងផ្អែក​លើ​ព្រះ​ក្នុង​ការ​ផ្តល់​កម្លាំង​ដល់​ខ្ញុំ ខ្ញុំបាន​ងាក​បែរ​ចេញពី​ទ្រង់ ហើយ​បិទ​ទ្រង់​ពី​ជីវិត​ខ្ញុំ ។

ខ្ញុំ​នឹកម្តាយ​ខ្ញុំ​ខ្លាំង​ណាស់ ។ ពេលខ្ញុំធំដឹងក្ដីឡើង ផ្ទះ​ដែល​មាន​ឪពុកម្តាយ​ខ្ញុំ​គឺ​ជា​កន្លែង​មាន​សុវត្ថិភាព​ណាស់ ។ មិន​ថា​ខ្ញុំ​នៅ​ទីណា ឬ​ខ្ញុំ​កំពុងតែធ្វើ​អ្វី​ឡើយ គ្រប់​ពេល​ដែល​ខ្ញុំ​និយាយ​ជាមួយ​ម្តាយ​ខ្ញុំ ឬ​ចំណាយ​ពេល​ជាមួយ​គាត់ នោះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ​អញ្ចឹង ។ ឥឡូវ​អារម្មណ៍ « ដូច​នៅ​ផ្ទះ » ​ដែល​ខ្ញុំ​ស្រឡាញ់​នោះ​បាន​បាត់​អស់​ហើយ ។

ជាច្រើន​ឆ្នាំបាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​បាន​បាត់​បង់​សេចក្តីជំនឿ​ស្ទើរតែ​ទាំងស្រុង ។ ខ្ញុំ​បានព្យាយាម​យល់​ពី​មូលហេតុ​ដែលម្តាយ​ខ្ញុំ​បាន​ស្លាប់ ប៉ុន្តែគ្មាន​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​ភាពសុខសាន្ត​ឡើយ ។ បន្ទាប់​មក អស់​ពេលប្រហែល​មួយ​សប្តាហ៍ អារម្មណ៍​ដូចតទៅ​នេះ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត ៖ ខ្ញុំ​ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ​ទូលសូម​ការយល់​ដឹង ។ ខ្ញុំបានប្រាប់រឿង​នេះ​ដល់​មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​ដែល​ជាសមាជិកក្នុងសាសនាចក្រ ។ គាត់​បាន​សួរ​ប្រសិនបើ​ខ្ញុំ​ចង់​រៀន​បន្ថែម​ទៀត​អំពីជំនឿ​របស់​គាត់ ។

ខ្ញុំ​ពុំ​ដឹង​ភ្លាម​ពេល​នោះ​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​បាន​ដាស់​រំជួល​ព្រលឹង​ខ្ញុំ​ឲ្យ​ក្រោក​ឡើង ។ កាល​ណា​ខ្ញុំ​រៀន​អំពី​ដំណឹង​ល្អកាន់តែច្រើន នោះ​ខ្ញុំ​កាន់តែមាន​អារម្មណ៍​ថា ខ្ញុំ​រកឃើញ​កន្លែង​ដែល​មាន​សុវត្ថិភាព​ម្តង​ទៀត ។ អារម្មណ៍​ដែល « ដូច​នៅ​ផ្ទះ » បាន​ត្រឡប់​មក​វិញ ។

ខ្ញុំ​បាន​ជ្រមុជទឹក​នៅខែ ​ឧសភា ឆ្នាំ ២០១៣ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​សេចក្តីជំនឿ​របស់​ខ្ញុំ​បាន​ត្រឡប់​មក​វិញ ។ ខ្ញុំ​នឹង​ពុំ​បែរខ្នង​ចេញ​ពី​ព្រះ​ទៀតឡើយ ។ ផ្ទុយ​ទៅវិញ ខ្ញុំ​នឹង​ឱប​ទ្រង់ ។ ខ្ញុំ​នៅ​តែ​សោកសៅ​ចំពោះ​មរណភាព​យ៉ាង​លឿន​របស់​ម្តាយ​ខ្ញុំ ប៉ុន្តែ​ដោយសារ​សេចក្តីជំនឿ​ខ្ញុំ​លើ​ព្រះ នោះ​ខ្ញុំ​ដឹង​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​នៅ « ផ្ទះ » ជាមួយ​ម្តាយ និង​គ្រួសារ​របស់​ខ្ញុំ​ជា​រៀងរហូត ។