២០១៨
រ៉ាកូតូម៉ាឡាឡា អាល់ហ្វូន ទីក្រុង សារូដ្រា ប្រទេស ម៉ាដាហ្គាស្ការ
April 2018


ការបង្ហាញ​អំពី​សេចក្តីជំនឿ

រ៉ាកូតូម៉ាឡាឡា អាល់ហ្វូន

ទីក្រុង សារូដ្រា ប្រទេស ម៉ាដាហ្គាស្ការ

ពេល រ៉ាកូតូម៉ាឡាឡា បាន​ចាប់​អារម្មណ៍​លើ​ដំណឹង​ល្អ ព្រះវិហារ​ដែល​ជិត​បំផុត​គឺ​នៅ អែនស៊ីរ៉ាប៊ី ជា​ទីក្រុង​មួយមាន​ចម្ងាយ ៥០ គីឡូម៉ែត្រ ( ៣០ ម៉ាយ ) ពី​ភូមិ​របស់​គាត់​នៅក្នុង​ទីក្រុង សារូដ្រា ។ រ៉ាកូតូម៉ាឡាឡា និង​មិត្តភក្តិ​ម្នាក់​ស្វែងរក​វិធី​ដើម្បី​ធ្វើដំណើរ​រៀងរាល់​ថ្ងៃ​អាទិត្យ ។

សព្វ​ថ្ងៃ​នេះ​ទីក្រុង សារូដ្រា មាន​សាលាប្រជុំ​តូច​មួយ​ដែល​មាន​សមាជិក​ជាង ១០០ នាក់​ចូលរួមរៀងរាល់​សប្តាហ៍ ។ រ៉ាកូតូម៉ាឡាឡា បាន​ឃើញ​ភូមិ​របស់​គាត់​ទទួល​យក​ដំណឹង​ល្អ ។ សមាជិក​បួន​នាក់​មកពី​ទីក្រុង សារូដ្រា បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​សាសនាចក្រ​បន្ត​រីកចម្រើន ។

ខូឌី ប៊ែល ជាង​ថត​រូប

ពេល​ជីតា​របស់​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ អែនស៊ីរ៉ាប៊ី ដើម្បី​នៅជាមួយ​គាត់ ។ អ្នក​ផ្សព្វផ្សាយ​សាសនាបាន​ទៅ​ផ្ទះ​របស់​គាត់​ជា​ច្រើន​ដង ។ ជីតា​ខ្ញុំ និង​ខ្ញុំ​ពុំ​ទាន់​ជា​សមាជិក​សាសនាចក្រ​ឡើយ ប៉ុន្តែ​គាត់​ចង់​ជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា ។ នា​យប់​មួយ​នោះ ពួកគេ​បាន​ប្រសិទ្ធពរ​ឲ្យ​ជីតា​របស់​ខ្ញុំ ហើយ​បន្ទាប់​ពី​រាត្រីជួបជុំ​ក្រុមគ្រួសារ ពួកគេ​បាន​ហុច​ព្រះគម្ពីរ​មរមន​ឲ្យ​ពួកយើង ។

ពួកគេ​និយាយ​ថា « សូម​អាន​ព្រះគម្ពីរ​នេះ ហើយ​សួរ​ព្រះ​ថា តើវា​ពិត​ដែរ​ឬ​ទេ » ។

ពេល​ខ្ញុំ​ត្រឡប់​ទៅ​ទីក្រុង សារូដ្រាវិញ ខ្ញុំ​ពុំ​ចង់​អាន​ព្រះគម្ពីរ​មរមន​ឡើយ ដោយសារ​ខ្ញុំ​គិត​ថា វា​មិន​ពិត​ទេ ។ បន្ទាប់​មក​នា​ថ្ងៃ​មួយ ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​ត្រូវ​នៅ​ដេក​ផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ ។ ពេល​ខ្ញុំ​រកមើល​អ្វី​មួយ​ធ្វើ ខ្ញុំ​បាន​ឃើញ​ព្រះ​គម្ពីរ​មរមន ហើយ​ចាប់ផ្តើម​អាន​វា ។

ក្រោយ​មក​ខ្ញុំ​បាន​ត្រឡប់​ទៅ អែនស៊ីរ៉ាប៊ី វិញ ហើយ​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​បង្រៀន​ខ្ញុំ​បន្ថែម​អំពី​ព្រះ​គម្ពីរ​មរមន និង​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា យើង​ពុំ​ត្រូវការ​ព្យាការី​ទេ ហើយ​ថា គ្មាន​ព្យាការី​ទេ​សព្វថ្ងៃ​នេះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​សូម​ឲ្យ​ខ្ញុំ​អធិស្ឋាន​ទូល​ទៅ​ព្រះ ហើយ​សួរ​ប្រសិនបើ​មាន​ព្យាការី​នា​ពេល​សព្វថ្ងៃ​នេះ ។ ពួកគេ​បានសន្យា​ថា ព្រះ​នឹង​ឆ្លើយ​តប​មក​កាន់​ខ្ញុំ ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​មាន​អារម្មណ៍​ថា អ្វី​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​និយាយ​គឺ​ជា​ការពិត ។

ខ្ញុំ​ចង់​ចូលរួម​ព្រះវិហារ ប៉ុន្តែ​ខ្ញុំ​គ្មាន​ប្រាក់​បង់​ថ្លៃ​ឡាន​ក្រុង​ឡើយ ។ ខ្ញុំ​បាននិយាយ​ជាមួយ​មិត្ត​របស់​ខ្ញុំ រ៉ាស្សាហ្វីន​ដ្រាវ៉ោណាសូឡូ ហើយ​គាត់​និយាយ​ថា យើង​អាច​ជិះ​កង់ទៅ​ជា​មួយ​គ្នា ។ យើង​ជិះ​កង់​ទៅរយៈពេល​ពីរ​ម៉ោង​ពី សារូដ្រា ទៅ អែនស៊ីរ៉ាប៊ី រៀងរាល់​ថ្ងៃ​អាទិត្យ ។ នៅពេល​ខ្ញុំ​អស់កម្លាំង​នឹង​ធាក់​កង់ ខ្ញុំ​ជិះ​នៅ​ពី​ក្រោយ ហើយ​មិត្ត​របស់​ខ្ញុំ​ចាប់ផ្តើម​ឌុប​វិញ​ម្តង ។ ពេល​គាត់​ហត់ យើង​ប្តូរ​វេន​ឌុប​គ្នា ។

ទីបំផុត ​គ្រួសារ​របស់​រ៉ាស្សាហ្វីន​ដ្រាវ៉ោណាសូឡូ និង​ខ្ញុំ​បាន​ចូលរួម​ព្រះវិហារ ។ យើង​បាន​ចូលរួម​ព្រះវិហារ​នៅ អែនស៊ីរ៉ាប៊ី រហូត​ដល់​មាន​សាខា​មួយ​បើក​នៅ សារូដ្រា ។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ពេល​យើង​អាច​ចូលរួម​ព្រះវិហារ​នៅ​ក្នុង​ភូមិ​របស់​យើង​ផ្ទាល់ !

ឪពុក​របស់​រ៉ាស្សាហ្វីន​ដ្រាវ៉ោណាសូឡូ ត្រូវបាន​ហៅ​ជា​ប្រធាន​សាខា ។ ថ្ងៃ​មួយ​គាត់​បាន​ជួប​ជាមួយ​ខ្ញុំ ហើយ​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​រៀបចំ​ខ្លួន​ទៅ​បេសកកម្ម ។ ខ្ញុំ​គិត​ថា ខ្ញុំ​ពុំ​អាច​បម្រើ​បាន​ឡើយ ប៉ុន្តែ​គាត់​បាន​អះអាង​នឹង​ខ្ញុំ​ថា ខ្ញុំ​អាច​បម្រើ​បាន ។ ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​នៅក្នុង​បេសកកម្ម ម៉ាដាហ្គាស្ការ អែនតាណាណារីវ៉ូ ។ ឥឡូវ​ខ្ញុំ​បាន​រៀបការ ហើយ​មាន​កូន​ពីរ​នាក់ ។ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​មាន​បទពិសោធន៍​កាន់តែ​ច្រើន ដែល​ខ្ញុំ​អាច​ចែកចាយ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា នេះ​ជា​សាសនាចក្រ​ពិត ។

Rakotomalala and friend

បន្ទាប់​ពី​ចូលរួម​សាសនាចក្រ រ៉ាកូតូម៉ាឡាឡា ( ខាង​ស្តាំ ) បានបម្រើ​បេសកកម្ម​នៅបេសកកម្ម ម៉ាដាហ្គាស្ការ អែនតាណាណារីវ៉ូ និង រ៉ាស្សាហ្វីន​ដ្រាវ៉ោណាសូឡូ ( ខាង​ឆ្វេង ) បម្រើ​នៅ​បេសកកម្ម សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ គីនស្សាសា ។

sitting inside the chapel

នៅក្នុង​ឆ្នាំ ២០១៣ សមាជិក​នៅក្នុងទីក្រុង សារូដ្រា បាន​សាងសង់​សាលាជំនុំ​ឈើ​តូច​មួយ​ដើម្បីថ្វាយ​បង្គំ ។ រ៉ាកូតូម៉ាឡាឡា រីករាយ​ជួយ​ធ្វើការ​ផ្លាស់ប្តូរ​ចាំបាច់​ទៅលើ​ការសាងសង់​នោះ ។

rice fields

ស្រូវ​គឺ​ជា​ដំណាំ​សំខាន់​ជាង​គេ​នៅក្នុង​ប្រទេស​ម៉ាដាហ្គាស្ការ ។ មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​នៅក្នុង សារូដ្រា ធ្វើ​ស្រែ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ ។

constructing a chapel

ដោយសារ​សាសនាចក្រ​បន្ត​រីកចម្រើន នោះ​សមាជិក​នៅ​ក្នុង​ទីក្រុង សារូដ្រា ត្រូវការ​សាលាជំនុំ​ថ្មី ។ ជាមួយ​នឹង​សាលាជំនុំ​ថ្មី​នៅ​ជិត​នោះ រ៉ាកូតូម៉ាឡាឡា និង​អ្នកផ្សេង​ទៀត​បាន​ធ្វើការ​ដើម្បី​កែច្នៃ​ឈើ​ចាស់​ពី​សាលា​ជំនុំទៅ​ជា​ថ្នាក់​រៀន និង​ការិយាល័យ​របស់​ប៊ីស្សព ។

sitting outside the chapel

ចាប់តាំង​ពី​ថ្ងៃ​ដែល​ពួកគេ​ជិះកង់​រយៈពេល ២ ម៉ោង​ទៅ​ព្រះវិហារ​រៀងរាល់​សប្តាហ៍​មក រ៉ាកូតូម៉ាឡាឡា និង រ៉ាស្សាហ្វីន​ដ្រាវ៉ោណាសូឡូ បាន​បន្ត​ធ្វើ​ជាមិត្ត​ល្អ​នឹង​គ្នា ។ ពួកគេ​មាន​អំណរគុណ​ចំពោះ​ពរជ័យនៃ​ដំណឹង​ល្អ​ដែល​បាន​ប្រទាន​ដល់​ពួកគេ និង​គ្រួសារ ។

standing in front of a new chapel

រ៉ាកូតូម៉ាឡាឡា និង រ៉ាស្សាហ្វីន​ដ្រាវ៉ោណាសូឡូ ឈរ​នៅ​ខាង​មុខ​សាលាជំនុំ​ថ្មី​នៅ​ទីក្រុង សារូដ្រា ។ សាលាជំនុំ​ដែល​ធ្វើ​ពី​ស៊ីម៉ង់តិ៍ និង​ឥដ្ឋ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​សមាជិក ។