« ការរកឃើញអំណរក្នុងការបង្កើតគ្រួសារដ៏រីករាយ ហើយអស់កល្បមួយ »
ជានិច្ចកាល ការងារទាមទារឲ្យយើងខិតខំ ប៉ុន្ដែក៏ផ្ដល់រង្វាន់ដល់យើងផងដែរ ។ ការប្រឈមដ៏ខ្លាំងនោះគឺត្រូវរក្សាតុល្យភាពឲ្យបានល្អរវាងគ្រួសារ ការងារ សាសនាចក្រ និងសុខុមាលភាពផ្ទាល់ខ្លួន ។ ការរៀនពីរបៀបរក្សាឲ្យបានតុល្យភាពបែបនោះគឺជាបទពិសោធន៍ដ៏សំខាន់មួយក្នុងជីវិតរមែងស្លាប់នេះ ។
នាល្ងាចថ្ងៃសុក្រមួយ ខ្ញុំបានទៅដល់ផ្ទះបន្ទាប់ពីការងារ ហើយអស់កម្លាំងខ្លាំងណាស់ ។ ភរិយារបស់ខ្ញុំ អែសធើរ មិនបាននៅផ្ទះទេ ព្រោះរវល់ហាត់សមក្រុមចម្រៀងត្រៀមទៅសម្ដែង ខណៈខ្ញុំនៅផ្ទះតែឯងមានអារម្មណ៍តានតឹងបន្ដិច ។
រំពេចនោះ កន្ដឹងទ្វារបានរោទិ៍ឡើង ។ វាចម្លែកខ្លាំងណាស់ ដោយសារខ្ញុំមិនរំពឹងថាមានអ្នកមកលេងឡើយ ។ ខ្ញុំសឹងមិនជឿភ្នែកខ្លួនឯង នៅពេលខ្ញុំបានបើកទ្វារឃើញកូនស្រីរបស់ខ្ញុំ ដែលរស់នៅសហរដ្ឋអាមេរិកមកលេងជាមួយនឹងកូនប្រុសតូចទាំងពីរនាក់របស់នាង ។ ការមកលេងរបស់ពួកគេគឺដើម្បីធ្វើឲ្យអែសធើរភ្ញាក់ផ្អើល ដើម្បីគាំទ្រការច្រៀងជាក្រុមរបស់នាងជាលើកផ្ដាច់ព្រាត់ ។ សម្រាប់ខ្ញុំ វាគឺជាអំណោយមកពីស្ថានសួគ៌មួយដែលមកដល់ចំពេលដ៏ឥតខ្ចោះ ។ នៅពេលខ្ញុំឱបពួកគេ នោះលែងមានអ្វីគួរជាបញ្ហាទៀតឡើយ ។ អ្វីៗត្រឡប់ទៅទស្សនវិស័យដ៏ត្រឹមត្រូវវិញ ។
ដំណឹងល្អបង្រៀនយើងថា កូនៗ និងចៅៗរបស់យើងគឺជាបុត្រា និងបុត្រីរបស់ព្រះ ដែលព្រះបានទុកព្រះទ័យប្រគល់ឲ្យយើងដើម្បីឲ្យយើងអាចក្លាយជាដៃគូរបស់ទ្រង់ដើម្បី « នាំ [ ពួកគេ ] ដឹក [ ពួកគេ ] ដើរនៅក្បែរ [ ពួកគេ ] ជួយ [ ពួកគេ ] ឲ្យរកផ្លូវ ។ បង្រៀន [ ពួកគេ ] អ្វីដែល [ ពួកគេ ] ត្រូវធ្វើ … » ឲ្យក្លាយជាមនុស្សដែលទ្រង់សព្វព្រះទ័យឲ្យពួកគេប្រែក្លាយ ហើយ « ដើម្បីរស់នៅនឹងទ្រង់ » ។១
វាសំខាន់ដើម្បីចាំថា ព្រះវរបិតាសួគ៌របស់យើង « មិនដែលធ្វើរឿងអ្វីដោយ ‹ ចៃដន្យ › នោះទេ ប៉ុន្ដែដោយ ‹ ការរចនាដ៏ទេវភាព › » ។២ ស៊ិស្ទើរ បូនី អិល. អូស្ការសុន ក៏បានរំឭកយើងផងដែរថា « ព្រះវរបិតាសួគ៌អាចនឹងដាក់អ្នកដែលត្រូវការយើងឲ្យនៅជិតយើងបំផុត ដោយដឹងថាយើងនឹងជាអ្នកដែលបំពេញតម្រូវការពួកគេបានល្អបំផុត » ។៣ ក្រុមគ្រួសាររបស់យើងគឺជាមនុស្សដែលត្រូវការយើងបំផុត ហើយយើងត្រូវបានដាក់មកក្នុងកន្លែងដ៏ល្អបំផុតដើម្បីផ្ដល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ គំរូ និងការបង្រៀនដែលពួកគេត្រូវការ ។
ការចិញ្ចឹមបីបាច់កូនចៅតាមរបៀបរបស់ព្រះអម្ចាស់អាចជួបការប្រឈម ជាពិសេសសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ទីមួយ ដែលខ្ញុំជាមនុស្សម្នាក់ដែរ ។ ថ្វីបើឪពុកម្ដាយរបស់យើងជាច្រើនអាចមានភាពស្មោះត្រង់ ទៀងត្រង់ ចិត្តល្អ និងជាមនុស្សល្អក្ដី ក៏យើងមិនបានដឹងជាមុនថាគ្រួសារដែលដាក់ព្រះគ្រីស្ទជាគ្រឹះត្រូវធ្វើយ៉ាងណានោះទេ ។
អ្នកជំនាញជាច្រើនត្រៀមផ្ដល់ដំបូន្មានដល់យើង ។ ដោយគ្មានមន្ទិលសង្ស័យ ដំបូន្មាននេះភាគច្រើនមានតម្លៃ ប៉ុន្ដែដំបូន្មានខ្លះមិនសមស្របនឹងការបង្រៀនដំណឹងល្អឡើយ ។
ខ្ញុំមានអំណរចំពោះព្យាការីដែលនៅរស់ដែលប្រាប់ពីព្រះបន្ទូលរបស់ព្រះ ហើយជួយយើងឲ្យយល់ និងអនុវត្តតាមគោលការណ៍ដ៏មានតម្លៃទាំងនេះនៅក្នុងផ្ទះរបស់យើង ។ ការកសាងគ្រួសារដែលផ្ដោតលើព្រះគ្រីស្ទមិនតែងតែងាយស្រួលនោះទេ ជាពិសេសនៅពេលដែលជំនឿ និងគុណតម្លៃមកពីជីវិត និងវប្បធម៌របស់យើងមិនមានភាពសុខដុមទាំងស្រុងតាមរបៀបរបស់ព្រះអម្ចាស់ ។ ការអនុវត្តការផ្លាស់ប្ដូរចាំបាច់នានាតម្រូវឲ្យមានសេចក្ដីជំនឿខ្លាំង ទឹកចិត្តមោះមុត ការតស៊ូ និងអ្វីដែលសំខាន់បំផុតនោះគឺការពឹងផ្អែកទៅលើព្រះអម្ចាស់ដែល « មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ។៤
ដោយសារកូនចៅរបស់យើងម្នាក់ៗមិនដូចគ្នា នោះគ្មានដំណោះស្រាយ ឬវិធីណាមួយដែលអនុវត្តត្រូវគ្រប់ការណ៍ឡើយ ។ យើងត្រូវនៅឲ្យគៀកនឹងព្រះវិញ្ញាណដើម្បីទទួលបានការបង្រៀនពីរបៀបដ៏ល្អបំផុតក្នុងការបម្រើដល់កូនចៅរបស់យើងម្នាក់ៗ ។ ជាលទ្ធផល ការអាន និងការពិចារណាពីព្រះគម្ពីរមរមនរាល់ថ្ងៃ ការស្វែងរកការដឹកនាំពីព្រះអម្ចាស់តាមរយៈការអធិស្ឋានដ៏ស្មោះស និងការទទួលទានសាក្រាម៉ង់ដោយស្មោះត្រង់ ព្រមទាំងការរក្សាថ្ងៃឈប់សម្រាកនៅផ្ទះសុទ្ធតែមានសារៈសំខាន់យ៉ាងខ្លាំងទាំងអស់ ។ ក្នុងនាមជាឪពុកម្ដាយ យើងត្រូវតែសម្អាតផ្នែកខាងក្នុងថូរបស់យើងឲ្យស្អាត ហើយត្រៀមខ្លួនទទួលការដឹកនាំ និងកម្លាំងមកពីព្រះដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ។
ការជួយកូនចៅរបស់យើងឲ្យមានសេចក្ដីជំនឿ ហើយមានទីបន្ទាល់មួយអំពីព្រះអង្គសង្គ្រោះរបស់យើង កាលពួកគេនៅក្មេងនៅឡើយ គឺជាអំណោយទានដ៏ល្អបំផុតរបស់យើងសម្រាប់កូនចៅជាទីស្រឡាញ់ទាំងនេះ ។ ព្រះអម្ចាស់បានសន្យា ៖ « អ្នកណាដែលឆាប់ស្វែងរកយើង នោះនឹងបានជួបយើង ហើយនឹងមិនត្រូវបោះបង់ចោលឡើយ » ។៥ ការចាប់ផ្ដើមនៅថ្ងៃនេះនឹងផ្ដល់ឱកាសដ៏ល្អបំផុតដល់កូនចៅរបស់យើងឲ្យមានជោគជ័យក្នុងការសាងសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះរបស់យើងដែលមិនអាចបោះបង់បានក្នុងការស្គាល់សំឡេងដ៏តូចរហៀង ក្នុងការរក្សាបាននូវទីបន្ទាល់ដ៏រឹងមាំមួយ និងការស្ថាបនាទំនាក់ទំនងផ្ទាល់ខ្លួនមួយជាមួយនឹងព្រះអង្គសង្គ្រោះដែលពួកគេនឹងមិនដែលធ្លាក់ចេញឡើយ ។ ប្រសិនបើមានរឿងនានាដែលយើងត្រូវប្រែចិត្ត គឺថ្ងៃនេះឯងជាពេលដែលត្រូវធ្វើការផ្លាស់ប្ដូរដើម្បីឲ្យយើងអាចក្លាយជាគ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធភាពនៅក្នុងគេហដ្ឋាន ។ សេចក្ដីស្រឡាញ់ និងគំរូរបស់យើងនឹងផ្លាស់ប្ដូរជីវិតរបស់កូនចៅយើង និងកូនៗរបស់ពួកគេ និងចៅៗរបស់ពួកគេ ។
វាគឺជាសេចក្ដីសង្ឃឹម និងការអធិស្ឋានរបស់ខ្ញុំថា យើងទាំងអស់នឹងអាចធ្វើតាមសេចក្ដីថ្លែងរបស់យ៉ូស្វេថា « ចូររើសយក … ថ្ងៃនេះចុះ តែឯអញ និងពួកគ្រួអញ [ ដែលជាកូនៗ និងចៅៗរបស់ខ្ញុំ ] យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ » ។៦ នៅក្នុងព្រះនាមនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។