នេះគឺជាកន្លែងត្រឹមត្រូវហើយ
ស៊ីមៀន ណា អាប៉ា ប្រទេស នីហ្សេរីយ៉ា
ឪពុករបស់ខ្ញុំគឺជាគ្រិស្តសាសនិកដ៏ស្មោះត្រង់មួយរូប បានបង្រៀនខ្ញុំឲ្យមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿនោះបានជួយខ្ញុំឲ្យរស់រានមានជីវិតក្នុងសង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំរបស់ប្រទេសនីហ្សេរីយ៉ា នៅចុងទស្សវតរ៍ឆ្នាំ ១៩៦០ កាលខ្ញុំជាកងទ័ព ។ ប៉ុន្តែក្រោយមក ខ្ញុំបានមានចិត្តស្មុគស្មាញ ហើយឈប់ចូលរួមព្រះវិហារទៀត ។
ពេលខ្ញុំទៅសហរដ្ឋឆ្នាំ ១៩៨១ ដើម្បីទទួលការអប់រំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការព្រះក្នុងជីវិតខ្ញុំ ។ អស់រយៈពេលពីរឆ្នាំខ្ញុំបានចូលរួមព្រះវិហារផ្សេងៗនៅទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ប៉ុន្តែគ្មានព្រះវិហារណាមួយធ្វើឲ្យខ្ញុំចាប់អារម្មណ៍សោះ ។ ខ្ញុំគ្មានអារម្មណ៍ពីព្រះវិញ្ញាណឡើយ ដូច្នេះខ្ញុំបានឈប់រកព្រះវិហារទៀត ។
មិនយូរប៉ុន្មានបន្ទាប់ពីភរិយាខ្ញុំ ម៉ាប៊ែល មកពីប្រទេសនីហ្សេរីយ៉ាបានចូលរួមនឹងខ្ញុំក្នុងឆ្នាំ ១៩៨៤ ខ្ញុំបានចាប់ផ្តើមមានបំណងប្រាថ្នាដ៏ខ្លាំងក្លា ដើម្បីខិតកាន់តែជិតព្រះម្តងទៀត ហើយធ្វើជាសមាជិកព្រះវិហារណាមួយ ។ មិត្តម្នាក់ពីប្រទេសនីហ្សេរីយ៉ាមកសួរសុខទុក្ខខ្ញុំដោយពុំដឹងថា ខ្ញុំកំពុងស្វែងរកព្រះវិហារមួយឡើយ ប៉ុន្តែគាត់បានប្រាប់ខ្ញុំអំពីព្រះវិហារដែលគាត់បានឮគេថាមានគម្ពីរមួយហៅថា ព្រះគម្ពីរមរមន ។
បន្ទាប់ពីនោះមក ខ្ញុំបានបន្តស្វែងរកព្រះវិហារនានា ។ ខ្ញុំបានរកឃើញព្រះវិហារមួយហៅថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពាក្យ ពួកបរិសុទ្ធ បានឆក់យកចំណាប់អារម្មណ៍ខ្ញុំ ។ ខ្ញុំមិនដឹងថា មានព្រះវិហារដែលសមាជិកនៅក្នុងនោះត្រូវបានហៅថាពួកបរិសុទ្ធឡើយ ។ នៅថ្ងៃអាទិត្យនោះ ខ្ញុំបានសម្រេចចិត្តស្វែងយល់ពីព្រះវិហារនោះ ។
នៅក្នុងការប្រជុំសាក្រាម៉ង់ដែលខ្ញុំបានចូលរួម ក្រុមជំនុំបានច្រៀងទំនុកតម្កើងមួយដែលមានគារវភាព ពួកសង្ឃប្រសិទ្ធពរនំបុ័ង និងទឹក ហើយការបម្រើត្រូវបានធ្វើឡើងដោយមានរបៀបរៀបរយ និងដោយរាបសា ។ បន្ទាប់មក ពេលខ្ញុំដើរទៅកន្លែងទទួលភ្ញៀវ ហើយខ្ញុំបានសញ្ជឹងគិតអំពីការបម្រើនោះ នោះខ្ញុំបានឮឈ្មោះរបស់ខ្ញុំ ។
សំឡេងនៃព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា « ស៊ីមៀន នេះគឺជាកន្លែងត្រឹមត្រូវហើយ » ។
នៅគ្រានោះ អ្នកផ្សព្វផ្សាយសាសនាពីរនាក់បានមកដល់ ។ ពួកគេបានណែនាំខ្លួន និងព្រះគម្ពីរមរមនដល់ខ្ញុំ ។ ខ្ញុំបានសម្លឹងមើលពួកគេ ហើយនិយាយថា « ខ្ញុំអត់ដឹងអ្វីសោះអំពីព្រះគម្ពីរមរមន ប៉ុន្តែខ្ញុំស្គាល់ព្រះគម្ពីរប៊ីប ។ ខ្ញុំត្រៀមខ្លួនរួចហើយ » ។
ពួកគេបានចាប់ផ្តើមបង្រៀនខ្ញុំអំពីផែនការនៃសេចក្តីសង្គ្រោះ ។ មិនដល់មួយខែក្រោយមក ខ្ញុំបានជ្រមុជទឹក ។ មួយរយៈពេលក្រោយមក ភរិយាខ្ញុំបានចូលរួមសាសនាចក្រដែរ ។ ពីរបីឆ្នាំបន្ទាប់មក យើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី ហើយកូនទាំងប្រាំនាក់របស់យើងបានផ្សារភ្ជាប់ជាមួយយើង ។
នៅក្នុងព្រះវិហារបរិសុទ្ធ មានអ្វីៗជាច្រើនត្រូវបានបើកសម្តែងច្រើនដល់ខ្ញុំ ប៉ុន្តែពាក្យដែលខ្ញុំបានឮនាថ្ងៃដំបូងនៅព្រះវិហារបានបញ្ជាក់ដល់ខ្ញុំជាច្រើនដងតាមរយៈវិវរណៈនៅក្នុងព្រះវិហារបរិសុទ្ធថា ៖ « នេះជាកន្លែងត្រឹមត្រូវហើយ » ។ ឥទ្ធិពលនៃសេចក្តីថ្លែងមកពីព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ និងជីវិតភរិយា និងកូនៗខ្ញុំជារៀងរហូត ។