អាពាហ៍ពិពាហ៍ ប្រាក់ និងសេចក្តីជំនឿ
អ្នកនិពន្ធរស់នៅតំបន់អាស្សានទី ប្រទេស ហ្គាណា ។
គូដណ្តឹងខ្ញុំ និងខ្ញុំមានពេលខ្លីពីមុនការរៀបការរបស់យើង ហើយថែមទាំងមានប្រាក់តិច ប៉ុន្តែយើងមានអ្វីមួយដែលកាន់តែសំខាន់ទៅទៀត ៖ គឺសេចក្តីជំនឿ ។
ខ្ញុំបានចូលរួមកិច្ចប្រជុំមួយរបស់យុវមជ្ឈិមវ័យនៅលីវនៅទីក្រុង គូម៉ាស៊ី ប្រទេស ហ្គាណា មិនមែនដោយសារខ្ញុំត្រូវការមិត្តស្រីម្នាក់នោះទេ — ខ្ញុំបានភ្ជាប់ពាក្យរួចទៅហើយ — ប៉ុន្តែដោយសារខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការការជំរុញទឹកចិត្តបន្ថែមទៀត ហើយថាកិច្ចប្រជុំនោះនឹងក្លាយជាកន្លែងត្រឹមត្រូវដើម្បីរកការជំរុញទឹកចិត្តនោះ ។ ប្រាកដណាស់ ការអធិស្ឋានរបស់ខ្ញុំបានទទួលចម្លើយនៅកិច្ចប្រជុំនោះបន្ទាប់ពីស៊ីស្ទើរ ខល ជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងដែលបានចាត់ឲ្យធ្វើការជាមួយយុវមជ្ឈិមវ័យនៅលីវ បានថ្លែងអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ។
រហូតដល់ចុងបញ្ចប់នៃការពិភាក្សា ទឹកមុខរបស់គាត់ស្រាប់តែបានផ្លាស់ប្តូរ ហើយគាត់បាននិយាយថា « អ្នកពុំចាំបាច់ត្រូវការប្រាក់ដើម្បីរៀបការឡើយ — អ្នកគ្រាន់តែត្រូវការសេចក្តីជំនឿប៉ុណ្ណោះ » ។ ខ្ញុំមានអារម្មណ៍ថា គាត់កំពុងនិយាយប្រាប់ខ្ញុំផ្ទាល់ ប៉ុន្តែខ្ញុំពុំគិតថា វាអាចអនុវត្តចំពោះខ្ញុំឡើយ ដោយសារយើងត្រូវតែទិញឥវ៉ាន់មួយចំនួន ដើម្បីរៀបចំសម្រាប់អាពាហ៍ពិពាហ៍ ។ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា « តើខ្ញុំអាចពុំត្រូវការប្រាក់ ប៉ុន្តែត្រូវការតែសេចក្តីជំនឿបានយ៉ាងដូចម្តេច ? »
ខ្ញុំបានគិតអំពីរឿងនេះម្តងហើយម្តងទៀតពេញមួយសប្តាហ៍នោះ ។ នៅក្នុងដំណើរការនោះ ខ្ញុំសួរខ្លួនឯងថា « តើព្រះមានដែនកំណត់ចំពោះអ្វីដែលទ្រង់អាចធ្វើបានឬ ? » មុនដំបូង ខ្ញុំបានគិតថា មិនមានទេ ប៉ុន្តែបន្ទាប់ពីការគិតម្តងទៀតនោះ ខ្ញុំបានគិតថា មាន ។ ប៉ុន្តែក្រោយមកខ្ញុំកើតមានសំណួរតាមដានមួយថា « តើទ្រង់អាចមានដែនកំណត់ដូចម្តេច ប្រសិនបើទ្រង់មានគ្រប់ទាំងព្រះចេស្តានោះ ? » ព្រះវិញ្ញាណបានបង្រៀនខ្ញុំនូវចម្លើយនេះ ៖ ពរជ័យរបស់ព្រះអាស្រ័យលើការគោរពប្រតិបត្តិរបស់យើងចំពោះទ្រង់ ។ ទ្រង់គ្មានដែនកំណត់នៅក្នុងសមត្ថភាពរបស់ទ្រង់ដើម្បីប្រទានពរដល់យើងឡើយ ប៉ុន្តែយើងត្រូវអញ្ជើញពរជ័យទាំងនោះ តាមរយៈការអនុវត្តសេចក្តីជំនឿដើម្បីធ្វើអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ ។
ក្រោយមក ខ្ញុំបានទូរសព្ទទៅគូដណ្តឹងខ្ញុំ ព្រីសស៊ីឡា ដើម្បីពិភាក្សាអំពីគម្រោងអាពាហ៍ពិពាហ៍ដែលបានគិតទុករបស់យើង ។ ទោះបីជាយើងខ្វះខាតប្រាក់ក្តី យើងបានសម្រេចចិត្តជ្រើសរើសយកកាលបរិច្ឆេទរៀបការរបស់យើង ប៉ុន្តែយើងពុំអាចសម្រេចយកថ្ងៃជាក់លាក់ណាមួយឡើយ ។ យើងបានយល់ព្រមថា នាងគួរតែសួរប៊ីស្សពរបស់នាងនូវកាលបរិច្ឆេទណាមួយដែលកាលវិភាគរបស់វួដ និងស្តេកទំនេរ ។ ប៊ីស្សពបានផ្តល់កាលបរិច្ឆេទពីរ យើងបានជ្រើសយកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤ — ដែលមានន័យថា យើងមានរយៈពេលប្រាំពីរសប្តាហ៍ទៀតតែប៉ុណ្ណោះរហូតដល់ថ្ងៃរៀបការ !
ព្រីសស៊ីឡា បានសួរ « អូប៊ីម [ មានន័យថា « បងសំឡាញ់ » ជាភាសា អ៊ីគប៊ូ ] តើបងមានប្រាក់ខ្លះដែរឬទេ ? ពេលវេលាខ្លីណាស់ » ។
ខ្ញុំបានឆ្លើយតបថា « អត់ទេ ប៉ុន្តែបងមានសេចក្តីជំនឿ » ។
នាងបានសើច ហើយនិយាយថា « វាមិនអីទេ ។ ចូរយើងតមអាហារ ហើយអធិស្ឋាន ។ ដោយដកស្រង់ពី នីហ្វៃទី ១ ៣:៧ គាត់បានបន្តថា « ព្រះអម្ចាស់នឹងបើកផ្លូវមួយសម្រាប់យើង ដោយសារទ្រង់បានបញ្ជាយើងឲ្យរៀបការ » ។
នៅអំឡុងសប្តាហ៍នោះ ខ្ញុំបានទទួលប្រាក់ពីការងារខ្ញុំ ដែលខ្ញុំបានធ្វើជាច្រើនខែមុន ។ ក្រោយមក ព្រីសស៊ីឡា បានប្រាប់ខ្ញុំថា នាងចង់ចាប់ផ្តើមជំនួញមួយដើម្បីបង្កើនប្រាក់ឲ្យច្រើនឡើង ។ ជាមួយប្រាក់ដែលខ្ញុំរកបាន នោះនាងបានទិញកាបូបស្ត្រីយូរដៃជជុះមកលក់ ។ បន្ទាប់ពីទិញឥវ៉ាន់បានមួយចំនួនដែលមាននៅក្នុងបញ្ជីដែលត្រូវទិញហើយនោះ នាងនៅតែមានប្រាក់ទ្វេដងជាងពេលដែលខ្ញុំបានឲ្យទៅនាង ។
អំឡុងគ្រានេះ ខ្ញុំគ្មានការងារធ្វើឡើយ ។ គ្រប់ការងារដែលបានសន្យានោះបានបរាជ័យទាំងស្រុង ។ យើងនៅសល់ពីរសប្តាហ៍ទៀត ហើយនៅតែមានឥវ៉ាន់ដែលយើងត្រូវទិញ ។ គូដណ្តឹងខ្ញុំបានផ្តល់យោបល់ថា កាលបរិច្ឆេទនោះនឹងត្រូវពន្យារទៀត ។ អ្វីដែលខ្ញុំនិយាយនោះគឺ « អព្ភូតហេតុកំពុងតែកើតមានឡើង » ។
ពីរថ្ងៃពីមុនថ្ងៃអាពាហ៍ពិពាហ៍របស់យើង អព្ភូតហេតុបានកើតឡើង ៖ ខ្ញុំបានទទួលប្រាក់ពីការងារដែលខ្ញុំបានធ្វើកាលពីជាងពីរសប្តាហ៍មុន ។ ខ្ញុំក៏បានរៀនផងដែរថា ជាមួយនឹងសេចក្តីជំនឿ និងការខិតខំ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យសម្រេចបាននូវគោលដៅដ៏សុចរិតរបស់យើង ។
យើងបានទៅធនាគារដើម្បីប្តូរយកប្រាក់ចេញពីមូលប្បទានប័ត្រ ហើយចេញពីធនាគារទៅផ្សារទិញឥវ៉ាន់ទាំងប៉ុន្មានដែលយើងមិនទាន់បានទិញចំនឹងពេលភ្លៀងយ៉ាងខ្លាំង ដែលយើងចាត់ទុកថាជាការយល់ព្រមពីសួគ៌ាចំពោះទង្វើនៃសេចក្តីជំនឿរបស់យើង ។
មិនដល់ ២៤ ម៉ោងក្រោយមក ពួកយើងបានរៀបការ ។ នៅពេលយើងត្រូវបានស្នើសុំឲ្យប្តូរពាក្យសច្ចានឹងគ្នា អារម្មណ៍នោះគឺជាអារម្មណ៍ដែលខ្ញុំពុំធ្លាប់មាននៅក្នុងជីវិតខ្ញុំឡើយ ។ ខ្ញុំមានអារម្មណ៍ជោគជ័យថា ខ្ញុំបានជឿថា ខ្ញុំអាចធ្វើកិច្ចការទាំងអស់បានតាមរយៈសេចក្តីជំនឿចាប់តាំងពីពេលនោះមក ។ ក្រោយមកយើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ អាក្រា ហ្គាណា ។
ទោះបីអ្នកត្រូវការប្រាក់ មួយចំនួន ដើម្បីរៀបចំអាពាហ៍ពិពាហ៍ក្តី រឿងសំខាន់បំផុតដែលអ្នកត្រូវការនោះគឺសេចក្តីជំនឿ ។