វង្វេង ហើយបានជួបវិញ
ខ្ញុំដឹងថាព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាន ។ កាលគ្រួសារខ្ញុំរស់នៅប្រទេសអាល្លឺម៉ង់ យើងបានធ្វើ Volksmarch នៅក្នុងភូមិរបស់យើង ។ Volksmarch គឺជាការណ៍ដែលមិត្តភក្តិ និងអ្នកជិតខាងយើងរីករាយជាមួយគ្នាដោយការដើរកម្សាន្តកាត់ធម្មជាតិជាមួយគ្នា ។ ឪពុកខ្ញុំបាននិយាយថា ខ្ញុំអាចដើរទៅពីមុខក្រុមជាមួយនឹងមិត្តម្នាក់របស់ខ្ញុំ ហើយយើងបានចាប់ផ្តើមដើរនៅតាមផ្លូវលំមួយដ៏ឆ្ងាយ ។
បន្ទាប់ពីពីរបីនាទីក្រោយមក ខ្ញុំពុំឃើញសមាជិកណាម្នាក់ក្នុងគ្រួសារខ្ញុំឡើយ ។ ខ្ញុំបានប្រាប់មិត្តភក្តិរបស់ខ្ញុំថា ខ្ញុំនឹងនៅលើផ្លូវនេះ ហើយរង់ចាំពួកគេ ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំពុំអាចឃើញមិត្តខ្ញុំ ឬគ្រួសារនាងឡើយ ហើយឪពុកម្តាយខ្ញុំនៅតែពុំទាន់មកដល់នៅឡើយដែរ ។ ខ្ញុំនៅតែឯងក្នុងព្រៃ ហើយខ្ញុំមានអារម្មណ៍ថាភ័យខ្លាច ។ ខ្ញុំបានសម្រេចចិត្តអធិស្ឋានថា សូមឲ្យមាននរណាម្នាក់អាចរកខ្ញុំឃើញ ។
នៅផ្នែកម្ខាងទៀតនៃព្រៃនោះ ឪពុករបស់ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធប្រាប់គាត់ថា « ចូរស្វែងរកកូនប្រុសរបស់អ្នក » ។ គាត់មានអារម្មណ៍ថា ខ្ញុំពិតជាត្រូវការគាត់ខ្លាំងណាស់ ដូច្នេះគាត់បានបត់ស្តាំ ហើយប្រាប់ម្តាយខ្ញុំថា គាត់នឹងទៅរកខ្ញុំ ។ ពីរបីនាទីក្រោយមក ឪពុកខ្ញុំបានរត់ឡើងតាមផ្លូវនាកន្លែងដែលខ្ញុំបានកំពុងរង់ចាំ ហើយបានជួបខ្ញុំ ។ ខ្ញុំរីករាយណាស់ដែលបានឃើញឪពុកខ្ញុំវិញ ! ពេលគាត់បានប្រាប់ខ្ញុំអំពីការមានអារម្មណ៍ដ៏ខ្លាំងមួយថា ខ្ញុំត្រូវការជំនួយ នោះខ្ញុំដឹងថា ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
ខ្ញុំរីករាយណាស់ដែលដឹងថា ទោះខ្ញុំនៅទីណាក្តី ខ្ញុំអាចនិយាយជាមួយព្រះវរបិតាសួគ៌របស់ខ្ញុំ ។ ទ្រង់នឹងជួយខ្ញុំឲ្យរកឃើញផ្លូវរបស់ខ្ញុំ ។