២០១៨
សុភមង្គល ៖ លើស​ពី​អារម្មណ៍​មួយ​ទៅ​ទៀត
April 2018


សុភមង្គល ៖ លើស​ពី​អារម្មណ៍​មួយ​ទៅ​ទៀត

រូបភាព
happy breakfast plate

យើង​ត្រូវបាន​បង្រៀន​ថា ការមាន​អំណរ​គឺ​ជា​គោលបំណង​នៃ​ការមាន​យើង ( សូមមើល នីហ្វៃទី ២ ២:២៥) ។ ដូច្នេះ ហេតុអ្វី​ជួនកាល​សុភមង្គល​ហាក់ដូច​ជារឿង​ពិបាក​ទទួល​បាន ? ប្រហែល​វា​គឺ​ដោយសារ​យើង​ពុំ​យល់​ថា អ្វី​ទៅ​ជា​សុភមង្គល​ពិតប្រាកដ … និង​អ្វី​ដែល​ពុំមែន​ ។

តើ​សុភមង្គល​ជា​អ្វី ?

នៅក្នុង​កម្រិត​ដ៏​សាមញ្ញ​បំផុត សុភមង្គល​គឺ​ជាការឡើង​បណ្តោះ​អាសន្ន​នៃ​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​អ្នក ទៅកាន់​កម្រិត​មួយ​ខ្ពស់​ជាង​តុល្យភាព​ខាង​ផ្លូវ​ចិត្ត​ធម្មតា​របស់​អ្នក ។​ ម្យ៉ាង​វិញ​ទៀត វា​មានន័យ​ថាការមាន​អារម្មណ៍ល្អ ។

មាន​វិធីជាច្រើន​ដើម្បី​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ដ៏​ល្អ​នោះ—ការលេង​សើច​ជាមួយ​មិត្តភក្តិ ការលេង​ល្បែង​កម្សាន្ត ឬ​សូម្បីតែ​បរិភោគ​នំឈីស​មួយ​ចំណិតក្តី—ប៉ុន្តែ​វា​ពុំ​នៅ​យូរ​អង្វែង​ឡើយ ។ ជា​រឿយៗ​យើង​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​ពី​ប្រភពមួយ​នៃ​ភាពរីករាយ​ទៅប្រភព​មួយ​ទៀត ក្នុង​បំណង​ដើម្បី​ទទួលបាន​មក​វិញ​នូវ​អារម្មណ៍​ដ៏ល្អ​នោះ ។ ប៉ុន្តែតើ​គ្មាន​សុភមង្គល​ដែល​យូរអង្វែង​ទេ​ឬ ?

ពិតជា​មាន—ប៉ុន្តែ​វា​ខុសពីអ្វី​ដែល​អ្នក​គិត​ទៅ​ទៀត ជារឿយវា​ជា​មូលហេតុ​ដែល​យើង​មិនបាន​សម្រេច​តាម​គោលដៅ ។ លោកិយ​ប្រាប់​យើង​ថា ជីវិត​ដែល​មាន​ប្រយោជន៍​ត្រូវតែ​បានពោរពេញ​ដោយ​ការ​ផ្សង​ព្រេង ថា​ដំណើរប្រចាំថ្ងៃរបស់​អ្នក​គួរតែ​ជាជំនិះ​ដ៏​រំភើបពោរពេញ​ដោយ​ភាពងាយស្រួល និង​មាន​ភាព​រីករាយ​ឥត​ឈប់ឈរ ។ ប៉ុន្តែ​សេចក្តីពិត​គឺ​ថា អ្នក​ពុំ​ត្រូវការ​ការរំភើប​ជាប់ជានិច្ច​ដើម្បី​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ឡើយ (នីហ្វៃ​ទី ២ ៥:២៧) ។ សុភមង្គល​យូរ​អង្វែង—ជា​អ្វី​ដែល​យើង​អាច​ហៅ​ថា សុភមង្គល ពិតប្រាកដ —គឺ​ជា​ស្មារតី​នៃ​សុខុមាលភាព​ដែល​ស្ងប់ស្ងាត់ មាន​លំនឹង ជាជាង​អារម្មណ៍​រីករាយ​ជាក់ស្តែង ។ ភាពសប្បាយរីករាយនឹងរសាយបាត់ទៅ ប៉ុន្តែ​សុភមង្គលពិត​គឺពុំ​មែនជាអារម្មណ៍រសាត់អណ្តែត​នោះ​ទេ —​ វាមានភាព​យូរ​អង្វែង ។ ប្រសិនបើ​បទពិសោធន៍​នៃ​ភាពរីករាយ​កំពុង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ឡើងខ្ពស់​ជាងតុល្យភាព នោះ ការសម្រេច​បាន​សុភមង្គល​ពិតប្រាកដ​គឺ​ដូច​ជា​ការ​លើក​កម្ពស់​តុល្យភាព​នោះ​ដែរ ។

អ្នក​អាច​គិត​ថា សុភមង្គល​យូរ​អង្វែង​តម្រូវ​ឲ្យ​មាន​ការរីកចម្រើន និង​សេរីភាព​ជាប់​ជានិច្ច​ ចៀសផុត​ពី​ការឈឺចាប់ ឬ​ការសាកល្បង ។ ប៉ុន្តែ​ការសិក្សាស្រាវជ្រាវ​បង្ហាញ​ថា កាលៈទេសៈ​យ៉ាងគាប់ចិត្ត​ពុំ​ធានា​ថា​មាន​សុភមង្គល​ឡើយ ហើយ​កាលៈទេសៈ​ដែល​មិន​គាប់ចិត្ត​ក៏ពុំ​បំផ្លាញ​សុភមង្គល​ដែរ ។ ផ្ទុយ​ទៅវិញ ក្នុង​ចំណោម​កត្តា​ទាំង​អស់​ដែល​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​អ្នក ជម្រើស​របស់​អ្នក​មាន​ឥទ្ធិពលខ្លាំង​អស្ចារ្យ​បំផុត ។​ អែលឌើរ អូលីសេស សូរ៉េស ក្នុងគណៈប្រធាន​នៃ​ពួកចិតសិបនាក់ បាន​បង្រៀន​ថា​ « សុភមង្គល​ត្រូវបាន​កំណត់​ដោយ​ទម្លាប់ ឥរិយាបថ និង​លំនាំ​នៃ​គំនិត​ដែល​យើង​អាច​ដោះស្រាយ​ដោយ​ផ្ទាល់តាមរយៈ​សកម្មភាព​ដែល​មាន​ចេតនា » ។ សុភមង្គល​គឺ​វា​លើស​ពី​ការ​គ្រាន់តែ​មាន​អារម្មណ៍​ល្អ ឬ មាន​ជីវិត​មិន​ចេះ​កើត​ទុក្ខ​ទៅ​ទៀត—វា​ជា​របៀប​នៃ​ការគិត និង​ការរស់នៅ​ដែល​យើង​អាច​គ្រប់គ្រង​បាន ។ កម្រិត​នៃ​អារម្មណ៍​ទូទៅ​ត្រូវបាន​រង​ឥទ្ធិពល​ជាក់​លាក់​ពី​កត្តា​ពូជ និង​បរិយាកាស​នៃ​ក្រុមគ្រួសារ​របស់​យើង ប៉ុន្តែ​ជម្រើស​ផ្ទាល់​ខ្លួន​របស់​យើង​ដើរ​តួ​សំខាន់​ក្នុង​បញ្ហា​នេះ ។ និយាយ​ឲ្យ​ខ្លី « សុភមង្គល​គឺ​ជា​ជម្រើស​ដែល​មនុស្ស​គ្រប់គ្នា​អាច​បង្កើត​បាន » ។

តើ​ខ្ញុំ​អាច​រីករាយ​ដោយ​របៀប​ណា ?

ដូច្នេះ​តើ​យើង​ត្រូវ « ជ្រើសរើស » របៀប​ណា​ដើម្បី​មាន​ភាពរីករាយ ? តើសុភមង្គល​របស់​យើង​មាន​គ្រឿង​ផ្សំសម្ងាត់​អ្វី​ខ្លះ ? អែលឌើរ សូរ៉េស បាន​ពន្យល់​ថា សុភមង្គល​ពិតប្រាកដ​តម្រូវ​ឲ្យ​មាន « ការខិតខំ​យ៉ាង​យូរ​អង្វែង​សម្រាប់​អ្វី​មួយដែល​កាន់តែ​សំខាន់​ក្នុង​ជីវិត » ។ ស្រដៀង​គ្នា​នេះ​ផងដែរ វីកទ័រ ហ្វ្រែង អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​អគ្គីភ័យ និង​ជាវេជ្ជបណ្ឌិតចិត្ត​វិទ្យា​ដ៏​ល្បីល្បាញ​ម្នាក់​បាន​ផ្តល់​យោបល់​ថា សុភមង្គល​គឺ​ជា « ឥទ្ធិពល​នៃ​ការបូជា​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ចំពោះ​ផ្លូវ​មួយ​ដែល​ប្រសើរ​ជាង​ផ្លូវ​ខ្លួន​ឯង » ។

ហើយ​តើ​មាន​ផ្លូវ​ណា​មួយ​ដែល​ប្រសើរ​ជាង​ផ្លូវ​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​ពួកយើង​នោះ ? នៅក្នុង​ការស្វែងរក​សុភមង្គល​របស់​យើង យើង​ពុំ​ត្រូវ​មើល​ហួស​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ឡើយ ។ លើស​ពី​អ្វីៗ​ទាំងអស់ វា​ត្រូវ​បាន​ហៅ​ថា « ផែនការ​នៃ​សុភមង្គល » ដោយសារ​ហេតុផល​មួយ ! (អាលម៉ា ៤២:៨, ១៦) ។ ពី​ខគម្ពីរ​មួយ​ទៅ​ខគម្ពីរ​មួយ​ទៀត​ថ្លែង​ទីបន្ទាល់​ថា ការធ្វើ​តាម​ផែនការ​របស់​ព្រះ​នាំ​មក​នូវ​សុភមង្គល ( សូមមើល នីហ្វៃទី ២ ២:១៣; ហេលេមិន ១៣:៣៨) ។ ទោះបី​ជា​ការរស់នៅ​ដោយ​សុចរិត​នឹង​ពុំ​សង្គ្រោះ​យើងពី​គ្រប់​ទាំង​ការឈឺ​ចិត្ត​ក្តី វា​នឹង​ដាក់​យើង​ទៅក្នុង​កន្លែង​មួយ​ដែល​យើង​អាច​ទទួល​បាន​បទពិសោធន៍​នៃ​សុភមង្គល​កាន់តែ​ប្រសើរ​ឡើង​នៅក្នុង​ជីវិត​នេះ ហើយ​វា​នាំ​យើង​ឆ្ពោះ​ទៅ​កាន់​ភាពតម្កើង​ឡើង និង​អំណរ​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ពិភព​ខាង​មុខ ។

ស្រដៀងនឹង​សេចក្តីជំនឿ​ដែរ សុភមង្គល​អាច​ប្រែទៅ​ជា​ទន់ខ្សោយ ឬ​រឹងមាំ​អាស្រ័យ​ទៅលើទង្វើ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ចំណាយ​ពេលស្វែងរក​ភាព​សប្បាយ​ក្អាកក្អាយ​តែ​មួយ​រយៈពេល​ខ្លី នោះ​សុភមង្គល​របស់​អ្នក​នឹង « ​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់បោក ហើយ​ផាត់ចុះ​ឡើង » (អេភេសូរ ៤:១៤) ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ព្យាយាម​រស់នៅ​ដោយ​សុចរិត នោះ​អ្នក​នឹង​អភិវឌ្ឍ​ស្មារតី​រឹងមាំ​មួយ​នៅក្រោម​ភាពសុខសាន្ត និង​សុខុមាលភាព​ជាប់​ជានិច្ច ដែល​អាចទប់ទល់​នឹង​ព្យុះ​គ្រប់​បែប​យ៉ាង​ ។ ហើយ​ពេល​អ្នក​ដាក់អាទិភាព​ទៅលើ​សេចក្តីជំនឿ​ឲ្យខ្ពស់ជាង​ភាពរីករាយហួសហេតុ នោះ​អ្នក​អាច​រកឃើញ​អំណរ​ដ៏ពិត—ជា​អំណរ​មួយបែប​ដែល​អាច​រកឃើញ​តែ​តាមរយៈ « អ្នក​ដែល​ប្រែ​ចិត្ត​ដោយ​ពិតប្រាកដ និង​អ្នក​ដែល​ស្វែងរក​សុភមង្គល​ដ៏​សុ​ភាព​រាបសាប៉ុណ្ណោះ » (អាលម៉ា ២៧:១៨) ។

កំណត់​ចំណាំ

  1. សូមមើល Carolyn Gregoire « This Is Scientific Proof That Happiness Is a Choice » HuffPost ថ្ងៃ​ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៣ គេហំព័រ huffingtonpost.com/2013/12/09/scientific-proof-that-you_n_4384433.html ។

  2. សូមមើល Alex Lickerman « How to Reset Your Happiness Set Point » Pyschology Today ថ្ងៃ​ទី ២១ ខែ មេសា ឆ្នាំ ២០១៣ គេហំព័រ psychologytoday.com/blog/happiness-in-world/201304/how-reset-your-happiness-set-point ។

  3. សូមមើល Michael Mendelsohn « Positive Psychology: The Science of Happiness » ABC News ថ្ងៃ​ទី ១១ ខែ មករា ឆ្នាំ ២០០៨ គេហទំព័រ abcnews.go.com/Health/story?id=4115033&page=1 ។

  4. Carolyn Gregoire « This Is Scientific Proof That Happiness Is a Choice » ។

  5. Viktor E. Frankl Man’s Search for Meaning ( ឆ្នាំ ១៩៨៤ ) ទំព័រ ១៧ ។

បោះពុម្ព