« ចូរលោតទៅក្នុងទន្លេទៅ ! »
អ៊ីលវីន ជើរ៉ុម ឡាសេដា ប៉ាមប៉ាង៉ា ប្រទេសហ្វីលីពីន
ថ្ងៃមួយជីដូនខ្ញុំបានសុំឲ្យខ្ញុំយកអាហារខ្លះដែលគាត់បានរៀបចំទៅឲ្យម្តាយមីងខ្ញុំ ។ វាជារសៀលថ្ងៃសៅរ៍ ហើយមានអាកាសធាតុក៏ក្តៅ និងមានកិច្ចការជាច្រើនទៀតដែលខ្ញុំចង់ធ្វើ ជាជាងការទៅធ្វើកិច្ចការនោះឲ្យជីដូនខ្ញុំ ។ ខ្ញុំបានប្រាប់គាត់ ឲ្យសុំបងប្អូនជីដូនមួយរបស់ខ្ញុំឲ្យទៅជំនួស ប៉ុន្តែគាត់បានទទូចថា ខ្ញុំគួរតែទៅ ។
មួយម៉ោងបានកន្លងផុតទៅ ហើយខ្ញុំបានចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំគួរតែធ្វើអ្វីដែលជីដូនខ្ញុំបានប្រើ ។ ខ្ញុំបានយកអាហារនោះ ហើយធ្វើដំណើរទៅផ្ទះរបស់ម្តាយមីងខ្ញុំ ។ ខ្ញុំបានចេញមកឆ្ងាយ ហើយពេលខ្ញុំទៅដល់ ខ្ញុំពុំបានគ្រោងថានឹងបន្តនៅយូរឡើយ ។
ខ្ញុំបានឃើញម្តាយមីង និងកូនអាយុប្រាំខែរបស់គាត់នៅក្នុងអង្រឹងចងជាប់ទៅនឹងដើមស្វាយតូចពីរដើម ។ ដើមស្វាយនោះនៅជិតទន្លេដែលហូរនៅពីក្រោយផ្ទះ ។ ខ្ញុំបានដើរទៅរកពួកគេដើម្បីឲ្យអាហារនោះ ។ រំភេចនោះខ្សែអង្រឹងបានដាច់ ។ ម្តាយមីង និងកូនតូចរបស់គាត់បានរមាលចូលទៅក្នុងទន្លេ ។ ខ្ញុំភ័យខ្លាំងណាស់ ។ ខ្ញុំមិនចេះហែលទឹកទេ ហើយគ្មាននរណាម្នាក់នៅជិតនោះដើម្បីជួយឡើយ ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ។
រំពេចនោះខ្ញុំបានឮសំឡេងនៃព្រះវិញ្ញាណ ៖ « ចូរលោតទៅ ! »
ដោយមិនរង់ចាំអ្វីឡើយ ខ្ញុំបានលោតទៅក្នុងទន្លេ ។ សំណាងណាស់ ខ្ញុំបានរកឃើញកូនតូចនោះតែក្នុងរយៈពេលពីរបីវិនាទីប៉ុណ្ណោះ ហើយម្តាយមីងខ្ញុំអាចងើបចេញពីទឹកមកបាន ។ ពេលខ្ញុំងើបចេញពីទឹកមកជាមួយកូនតូច នោះខ្ញុំស្ទើរតែមិនជឿលើអ្វីដែលទើបតែបានកើតឡើងឡើយ ។ ខ្ញុំបានលោតចូលក្នុងទន្លេនោះទោះបីខ្ញុំមិនចេះហែលទឹកក្តី ប៉ុន្តែដោយសារខ្ញុំស្តាប់តាមព្រះវិញ្ញាណ នោះកូនតូចដែលជាប្អូនជីដូនមួយរបស់ខ្ញុំ និងខ្ញុំត្រូវបានសង្គ្រោះពីការលង់ទឹក ។
ខ្ញុំបានដឹងថា វាមានសារៈសំខាន់ខ្លាំងប៉ុណ្ណា ដើម្បីទទួលស្គាល់ និងស្តាប់តាមការណែនាំ និងការបំផុសគំនិតដែលព្រះប្រទានដល់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំមានអំណរគុណដែលទីបំផុតខ្ញុំបានធ្វើអ្វីដែលជីដូនខ្ញុំបានប្រើឲ្យខ្ញុំធ្វើ ហើយយកអាហារទៅផ្ទះរបស់ម្តាយមីងខ្ញុំ ។ ខ្ញុំដឹងថា យើងត្រូវខិតខំស្តាប់តាមការបំផុសគំនិតខាងវិញ្ញាណ ទើបយើងអាចក្លាយជាព្រះហស្តរបស់ព្រះក្នុងការជួយកូនចៅរបស់ទ្រង់ ។