២០១៨
ព្រឹក​ថ្ងៃ​អាទិត្យ​ដ៏ភ្លឺ​ចែងចាំង​នោះ
April 2018


ដំណឹងល្អ​ឯក

ព្រឹក​ថ្ងៃ​អាទិត្យ​ដ៏ភ្លឺ​ចែងចាំង​នោះ

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០០៦ ។

នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញបាន​ផ្តាច់​ចំណង​នៃ​សេចក្តីស្លាប់ ។ ទ្រង់​បាន​យាង​ចេញ​ពី​ផ្នូរ ហើយ​បង្ហាញ​ព្រះកាយ​ដោយ​ជោគជ័យ​រុងរឿង ជា​ព្រះអង្គ​សង្គ្រោះ​នៃ​គ្រប់​ពូជ​មនុស្ស ។

Mary Magdalene at the tomb

យើង​ស្គាល់​អំពី​ការ​រស់​ឡើង​វិញ​ — វា​ជា​ការផ្គុំ​គ្នា​ឡើង​វិញ​នូវ​វិញ្ញាណ និង​រូបកាយ​នៅក្នុង​ទម្រង់​មួយ​ដ៏ល្អឥតខ្ចោះ ។ …

តើ​អ្នក​អាច​ស្រមៃ​គិត​អំពីរឿង​នោះ​បាន​ទេ ? តើ​ជីវិតយើង​នឹង​ទៅ​ជា​យ៉ាង​ណា ? គ្មាន​ជំងឺ គ្មាន​ការឈឺចាប់ គ្មានជាប់​បន្ទុក​ដោយសារ​តែ​ជំងឺដែល​ជារឿយៗ​រំខាន​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់នេះ ។

ការរស់​ឡើង​វិញ​គឺ​ជា​ខ្លឹម​នៃ​ជំនឿ​របស់​យើង​ក្នុងនាម​ជា​គ្រិស្តសាសនិក ។…

… ពេល​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់​ពី​ផ្នូរ​វិញ … ទ្រង់​បាន​ធ្វើកិច្ចការ​មួយ​ចំនួន​ដែល​គ្មាននរណា​ម្នាក់​ទៀត​អាច​ធ្វើ​បាន​ឡើយ ។ ទ្រង់​បាន​ផ្តាច់​ចំណង​នៃ​សេចក្តីស្លាប់ ពុំ​មែន​សម្រាប់​អង្គទ្រង់​ផ្ទាល់នោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​ —​ ទាំង​មនុស្ស​សុចរិត និង​មនុស្សទុច្ចរិត ។ …

… ទ្រង់​បាន​ធ្វើ​ឲ្យ​អំណោយ​នោះកើត​មាន​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​ដោយ​ទង្វើ​ដ៏ខ្ពង់ខ្ពស់​នោះ ទ្រង់​បាន​បន្ធូរ​បន្ថយ​ការបំផ្លិចបំផ្លាញ យក​ចេញ​នូវ​សេចក្តីទុក្ខ​ព្រួយ​ដែលអុកឡុក​រំខាន​ដល់​ព្រលឹង​នៃ​អស់​អ្នក​ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដ៏មាន​តម្លៃ ។

ខ្ញុំគិត​អំពី​ភាព​ងងឹត​នា​ថ្ងៃសុក្រ​នោះ ដែល​ព្រះគ្រីស្ទ​ត្រូវ​បាន​លើក​ឡើង​ឆ្កាង​លើ​ឈើ​ឆ្កាង ។ …

… ផែនដី​រញ្ជួយ ហើយ​ចាប់ផ្តើម​ងងឹត​ឡើង ។ …

មនុស្ស​អាក្រក់ទាំង​នោះដែល​បាន​ចង់​ធ្វើគុត​ទ្រង់​បាន​រីករាយ ។ …

នៅ​ថ្ងៃ​នោះ វាំងនន​ក្នុង​ព្រះវិហារ​ក៏​រហែក​ចំ​ពាក់​កណ្តាល ។

ទាំង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង ម៉ារា ជា​ម្តាយ​របស់​ព្រះយេស៊ូវ​បានពោរពេញ​ដោយ​ទុក្ខ​សោកសៅ ។… បុរសដ៏​អស្ចារ្យម្នាក់ ​ដែលពួកគេ​បាន​ស្រឡាញ់ និង​គោរព​ត្រូវ​បាន​ព្យួរ​ដោយគ្មានជីវិត​នៅ​លើ​ឈើឆ្កាង ។…

… ពួក​សាវក​ត្រូវបាន​គេ​តាម​សម្លាប់ ។ ព្រះយេស៊ូវ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ — ជាអ្នក​ដែល​ដើរ​លើ​ទឹក ប្រោស​មនុស្ស​ស្លាប់ឲ្យរស់ឡើងវិញ — គឺស្ថិត​នៅក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិតតែ​អង្គ​ឯង ។

វា​ជា​ថ្ងៃសុក្រ​ដែល​ពោរពេញ​ដោយ​ក្តីរន្ធត់ លេបត្របាក់ដោយ​ក្តី​សោកសៅ ។…

ខ្ញុំ​គិត​ថា ក្នុង​ចំណោម​ថ្ងៃ​ទាំងឡាយ​ចាប់តំាង​ពី​ពេល​នៃ​ការចាប់ផ្តើម​ជា​ប្រវត្តិសាស្ត្រពិភពលោក​មក មាន​តែ​ថ្ងៃ​សុក្រ​នោះ​ទេ​ដែល​ជា​ពេល​ដ៏​អាប់អួរ​បំផុត ។

[ ប៉ុន្តែ ] ភាព​អស់សង្ឃឹម​ក៏​មិន​នៅ​យូរ​ប៉ុន្មាន​ដែរ ពីព្រោះ​នៅ​ថ្ងៃ​អាទិត្យ ព្រះអម្ចាស់​បានមាន​ព្រះជន្ម​រស់​ឡើង​វិញ ស្រាយ​ចំណង​ទំាងឡាយ​នៃ​សេចក្តី​ស្លាប់ ។ ទ្រង់​បាន​យាង​ចេញ​ពី​ផ្នូរ ហើយ​បង្ហាញ​ព្រះកាយ​ដោយ​ជោគជ័យ​រុងរឿង ជា​ព្រះអង្គ​សង្គ្រោះ​នៃ​គ្រប់​ពូជ​មនុស្ស ។

ហើយ​តែមួយរំពេចប៉ុណ្ណោះ កែវ​ភ្នែក​ទំាងឡាយ​ដែល​ធ្លាប់​ពោរពេញ​ដោយ​ទឹក​ភ្នែក​ហូរឥត​ល្ហែ​នោះ​នឹង​ត្រូវ​បាន​ស្ងួត ។ បបូរ​មាត់​ដែល​ធ្លាប់​ខ្សឹប​ការអធិស្ឋាន​នៃ​ការរសាប់រសល់​ចិត្ត និង​ទុក្ខព្រួយ ឥឡូវ​នេះ​ពោរពេញ​ដោយ​ការសរសើរ​តម្កើង​ដ៏​អស្ចារ្យ សម្រាប់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់​បាន​ឈរនៅ​ខាង​មុខ​ពួកគេ ជា …​ ភស្តុតាង​ថា សេចក្តី​ស្លាប់​គឺ​គ្រាន់​តែ​ជាការចាប់ផ្តើម​នៃ​ដំណើរ​ថ្មី និង​ការរស់នៅ​ដ៏​អស្ចារ្យតែ​ប៉ុណ្ណោះ ។

យើង​ម្នាក់ៗ​នឹង​មាន​ថ្ងៃ​សុក្រ​ផ្ទាល់​ខ្លួន​របស់​យើង​ — ជា​ថ្ងៃ​ទាំងឡាយ​ដែល​សាកល​លោក ហាក់ដូចជា​ធ្លាក់​រលំ​ចុះ ហើយ​បំណែក​នៃ​ពិភព​របស់​យើង​ត្រូវ​បាន​បែក​ខ្ចាត់ខ្ចាយ​ជា​ចំណែកៗ ។…

ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​នៅក្នុង​ព្រះនាម​នៃ​ព្រះ​មួយ​អង្គ​ដែល​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់​ថា — ថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។ នៅ​ក្នុង​ភាព​ងងឹត​ងងល់​នៃ​ការ​សោកសៅ​របស់​យើង ​នោះថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។

… មិន​ថា​យើង​មាន​ភាពសោកសៅ​បែប​ណា​ទេ ថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។ នៅក្នុងជីវិត​នេះ ឬ​ជីវិត​ក្រោយ ថ្ងៃ​អាទិត្យ​នឹង​មកដល់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​អ្នក​ថា ការរស់​ឡើង​វិញ​ពុំ​មែន​ជា​រឿង​ប្រឌិត​ឡើយ ។ យើង​មានទីបន្ទាល់ផ្ទាល់ខ្លួន​អំពី​អ្នកទាំងឡាយ​ដែល​បានឃើញ​ទ្រង់ ។ មនុស្ស​រាប់ពាន់នាក់​នៅក្នុងពិភពលោកចាស់ និង​ពិភពលោក​ថ្មី​បាន​ធ្វើជា​សាក្សី​អំពី​ព្រះអង្គ​សង្គ្រោះ​ដែលមានព្រះជន្ម​រស់​ឡើ​ង​វិញ ។ ពួកគេស្ទាប​ស្នាម​របួស​នៅ​ព្រះហស្ដ ព្រះបាទា និងចំហៀងទ្រង់ ។…

បន្ទាប់​ពី​ការមានព្រះជន្ម​រស់​ឡើង​វិញ ពួកសិស្ស​បាន​ប្រែ​ជា​ស្រស់ស្រាយ ។ ពួកគេ​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក… ប្រកាស​ដោយ​អង់អាច​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ។

ពួកគេ​ជាច្រើន … បាន​ស្លាប់​ដោយ​ការធ្វើឃាត​ដោយ​សារ​សាសនា ទីបន្ទាល់​អំពី​ការរស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​នៅលើ​បបូរ​មាត់​របស់​ពួកគេ នៅពេល​ពួកគេត្រូវ​បាន​គេ​សម្លាប់ ។

ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​ដែល​បាន​ឃើញ​ការណ៍​នោះ ។ តើ​វា​ពុំ​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​ទេ​ឬ ?

យើង​ទាំងអស់​គ្នា​នឹង​ក្រោក​ឡើង​ពី​ផ្នូរ ។

ពី​ព្រោះ​តែ​ព្រះជន្ម និង​ការបូជា​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភព​លោក​នេះ នោះ​យើង​នឹង​បាន​រួបរួម​ជាមួយ​នឹង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​វិញ ។

… នៅ​ថ្ងៃ​នោះ​យើង​នឹង​រីករាយ ព្រោះ​ព្រះមែស៊ី​យក​ឈ្នះ​លើ​អ្វីៗ​ទាំងអស់ ដើម្បី​ឲ្យ​យើង​អាច​រស់នៅ​ជា​រៀង​រហូត ។

ដោយសារ​ពិធីបរិសុទ្ធ​ពិសិដ្ឋ​នានា​ដែល​យើង​ទទួល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ការចេញ​ដំណើរ​របស់​យើង​ពី​ជីវិត​រមែង​ស្លាប់​ដ៏​ខ្លី​នេះ ពុំ​អាច​បំបែក​ទំនាក់ទំនង​ដែល​ធ្លាប់​បាន​ចង​ភ្ជាប់​គ្នា​ដោយ​ខ្សែ​ដែល​ធ្វើ​មក​ពី​ខ្សែ​អស់កល្ប​ជានិច្ច​ទៀត​បាន​ឡើយ ។

វា​ជាទីបន្ទាល់​ដ៏​ឱឡារិក​របស់​ខ្ញុំ​ថា សេចក្ដី​ស្លាប់​ពុំ​បញ្ចប់​អ្វីៗ​ដែល​មាន​នោះ​ទេ ។…

សូម​ឲ្យ​យើង​យល់ ហើយ​រស់នៅ​ក្នុង​អំណរគុណ​សម្រាប់​អំណោយ​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន ដែល​កើត​មាន​ចំពោះ​យើង​ក្នុងនាម​ជា​បុត្រា និង​បុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង​សម្រាប់​ការសន្យា​នូវ​ថ្ងៃ​ដ៏​ភ្លឺ​ចែង​ចាំង​នោះ នៅពេល​យើង​ទាំងអស់​គ្នា​នឹង​ក្រោក​ឡើង​ដោយ​ជ័យជម្នះ​ពី​ផ្នូរ ។

… មិន​ថា​ថ្ងៃ​សុក្រ​របស់​យើង​មាន​ភាព​ងងឹត​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។